ខ្មែរប៉ុស្ដិ៍ Close

អានុភាពសេដ្ឋកិច្ចរបស់ចិន និងការគំរាមកំហែងមកលើកោះតៃវ៉ាន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 42
អានុភាពសេដ្ឋកិច្ចរបស់ចិន និងការគំរាមកំហែងមកលើកោះតៃវ៉ាន់ ក្រុមហ៊ុន TSMC ឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារបន្ទះឈីបកម្រិតខ្ពស់។ រូបថត៖ ផ្ដល់អោយ

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានព្យាយាមរារាំងកោះតៃវ៉ាន់ពីការបង្កើនមហិច្ឆតាទាមទារឯករាជ្យរបស់ពួកគេតាមរយៈការពង្រឹងនូវការហ៊ុមព័ទ្ធផ្នែកសេដ្ឋកិច្ច។ ប៉ុន្តែកោះតៃវ៉ាន់បានបង្កើនកម្លាំងផលិត និងភាពរឹងមាំផ្នែកសេដ្ឋកិច្ច ខណៈប្រទេសចិនបានបរាជ័យក្នុងការជំរុញឧស្សាហកម្មអេឡិចត្រូនិករបស់ខ្លួន។ វាកាន់តែច្បាស់ហើយថា សមត្ថភាពរបស់ទីក្រុងប៉េកាំងក្នុងការក្តោបក្តាប់សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ បានចុះខ្សោយយ៉ាងខ្លាំង។

នៅដើមឆ្នាំ ២០២១ ប្រទេសចិនបានហាមឃាត់ការនាំចូលផលិតផលកសិកម្មជាច្រើនពីកោះតៃវ៉ាន់។ ការខឹងសម្បាររបស់ប្រទេសចិនចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីខែសីហា ឆ្នាំ ២០២២ បាននាំឱ្យមានផលិតផលជាច្រើនផ្សេងទៀតត្រូវបានគេដាក់បញ្ចូលទៅក្នុងបញ្ជីនៃការហាមឃាត់។

សូមអាន ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់តៃវ៉ាន់ ៖ ផលប៉ះពាល់រយៈពេលវែងចំពោះតំបន់អាស៊ីអាគ្នេយ៍

ប៉ុន្តែសម្រាប់កោះតៃវ៉ាន់ ការហាមឃាត់នូវការនាំចូលរបស់ចិនបានបង្កឱ្យមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ។

វិស័យកសិកម្មបានរួមចំណែកត្រឹមតែផ្នែកតូចមួយនៃសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ ពោលគឺតិចជាង ២% នៃGDP សរុបរបស់តៃវ៉ាន់ប៉ុណ្ណោះ។ ដោយសារទំហំដ៏តូចនៃវិស័យនេះ ការហាមឃាត់មិនទំនងជាអាចបង្កនូវផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់នោះទេ។

នេះគឺជាកាយវិការនយោបាយដែលបង្ហាញអំពីកង្វល់របស់ថ្នាក់ដឹកនាំចិនចំពោះការដកកោះតៃវ៉ាន់ចេញពីចិនដីគោក។

នេះមិនមែនជាលើកទី១ ទេ ដែលប្រទេសចិនបានដាក់ទណ្ឌកម្មមកលើសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ ដោយសារតែហេតុផលនយោបាយ។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះប្រទេសចិនមិនអាច បង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ ឬបង្វែរមតិសាធារណៈឱ្យងាកមករកការបង្រួបបង្រួមឡើ វិញនោះទេ។

បន្ទាប់ពីប្រធានាធិបតីកោះតៃវ៉ាន់ លោក ស្រី Tsai Ing-wen ឡើងកាន់តំណែងក្នុងឆ្នាំ ២០១៦ មក ប្រទេសចិនបានសម្តែងការមិនសប្បាយចិត្តរបស់ខ្លួនជាមួយនឹងជ័យជម្នះរបស់លោកស្រី Tsai តាមរយៈការដាក់កម្រិតលើវិស័យទេសចរណ៍ចិនចំពោះកោះតៃវ៉ាន់។ ផលប៉ះពាល់មកលើឧស្សាហកម្មទេសចរណ៍របស់កោះតៃវ៉ាន់នៅតែមានកម្រិត ដោយសារតែការកើនឡើងនៃចំនួនភ្ញៀវទេសចរមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងអាស៊ីអាគ្នេយ៍។

ចំនួនភ្ញៀវទេសចរណ៍មកពីប្រទេសចិនបានធ្លាក់ចុះចំនួន ១,៥ លាននាក់នៅចន្លោះឆ្នាំ ២០១៧ និង ២០១៩។ នៅក្នុងអំឡុងពេលដូចគ្នានេះ ចំនួនភ្ញៀវទេសចរណ៍មកពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងអាស៊ីអាគ្នេយ៍បានកើនឡើងចំនួន ២,៣ លាននាក់។

ម្នាស់របស់តៃវ៉ាន់ដែលរងការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសចិន

ការហាមប្រាមរបស់ប្រទេសចិនទៅលើការនាំចូលផលិតផលកសិកម្មបានលើកទឹកចិត្តកោះតៃវ៉ាន់ឱ្យធ្វើពិពិធកម្មដៃគូនាំចេញរបស់ខ្លួន។ ប្រទេសចិនធ្លាប់ជាគោលដៅកំពូលសម្រាប់ការនាំចេញកសិផលរបស់កោះតៃវ៉ាន់។ ប៉ុន្តែគិតត្រឹមឆ្នាំ ២០២២ វាបានធ្លាក់មកចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងជប៉ុន។

នៅពេលដែលការនាំចេញកសិផលរបស់កោះតៃវ៉ាន់ ជាពិសេសទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបន្តកើនឡើង ការហាមឃាត់បន្ថែមដែលបានធ្វើឡើងក្រោយពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នឹងក្លាយ
ជាការកាត់បន្ថយសារៈសំខាន់របស់ប្រទេសចិនបន្ថែម ទៀតចំពោះការនាំចេញកសិផលរបស់តៃវ៉ាន់។

សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចេញបន្ទះឈីប ដែលមានសារៈសំខាន់សម្រាប់ការផលិតស្មាតហ្វូន, Tablet កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិក ដែលប្រើប្រាស់រួមផ្សំនឹងពាណិជ្ជកម្មផ្សេងៗទៀត។ នៅក្នុងឆ្នាំ ២០២០ ៤០% នៃការនាំចេញសរុបរបស់កោះតៃវ៉ាន់គឺបន្ទះឈីប ដោយក្នុងនោះប្រទេសចិននិងទីក្រុងហុងកុង គឺជាអ្នកនាំចូលធំបំផុតទាំងពីរ របស់ពួកគេ។

ការនាំចេញបន្ទះឈីបដ៏ធំរបស់កោះតៃវ៉ាន់ទៅកាន់ចិនដីគោក មិនដែលត្រូវបានហាមឃាត់ឡើយ។ ការពឹងផ្អែករបស់ចិនមកលើបន្ទះឈីបដែលផលិតនៅកោះតៃវ៉ាន់សម្រាប់បង្គុំផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់ គឺជាកត្តាដែលបានរារាំងពួកគេមិនឱ្យដាក់ចេញនូវការហាមឃាត់ ។

សូមអាន ប្រទេសចិនកំពុងត្រៀមខ្លួនសម្រាប់ពេលវេលាដ៏លំបាក

សេដ្ឋកិច្ចចិនដែលកំពុងធ្លាក់ចុះ ដោយសារតែលទ្ធផលនៃគោលនយោបាយ «គ្មានកូវីដ» ក៏ជាកត្តាដែលបានកាត់បន្ថយឥទ្ធិពលរបស់ចិនមកលើកោះតៃវ៉ាន់ផងដែរ។ សេដ្ឋកិច្ចរបស់ពួកគេត្រូវបានគេរំពឹងថា នឹងកើនឡើង ៣,៣% នៅក្នុងឆ្នាំ ២០២២ ដែលធ្លាក់ចុះពី ៨,១% កាលពីឆ្នាំ ២០២១។

សេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់ប្រទេសចិន នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះបានទាក់ទាញការវិនិយោគរបស់កោះតៃវ៉ាន់យ៉ាងច្រើននៅក្នុងចិនដីគោក។ ប៉ុន្តែការរីកចម្រើនទាំងនោះនៅតែមិនគ្រប់គ្រាន់សម្រាប់ការបញ្ចុះបញ្ចូលកោះតៃវ៉ាន់ឱ្យធ្វើការបង្រួបបង្រួមនោះឡើយ។

ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសចិននិងការវិនិយោគរបស់កោះតៃវ៉ាន់កំពុងតែធ្លាក់ចុះ ការជំរុញការបង្រួបបង្រួមឡើងវិញតាមរយៈការហ៊ុមព័ទ្ធសេដ្ឋកិច្ច នឹងកាន់តែបង្កឱ្យមានផលពិបាក។

ការរួមចំណែករបស់ប្រទេសចិននៅក្នុងការវិនិយោគផ្ទាល់ពីបរទេសសរុបរបស់កោះតៃវ៉ាន់បានធ្លាក់ចុះមកនៅត្រឹម ៣២% នៅក្នុងឆ្នាំ ២០២១ ខណៈកាលពីឆ្នាំ ២០១០ មានរហូតដល់ទៅ ៨០%។ បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌា បានដើរតួនាទីកាន់តែធំនៅក្នុងផលបត្រវិនិយោគបរទេសរបស់កោះតៃវ៉ាន់ដែលបានកើនឡើងពី ៨% កាលពីឆ្នាំ ២០១៨ ដល់ ៣១% នៅក្នុងឆ្នាំ ២០២១។

តម្រូវការពីអាជីវកម្មកោះតៃវ៉ាន់ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន សម្រាប់ឧបករណ៍មូលធន និងទំនិញពាក់កណ្តាលឧស្សាហកម្ម ធ្លាប់ជាកត្តាជំរុញចម្បងនៃការនាំចេញរបស់កោះតៃវ៉ាន់ទៅកាន់ប្រទេសចិន។

ខណៈចំនួនអាជីវកម្មរបស់កោះតៃវ៉ាន់នៅក្នុងប្រទេសចិនមានការថយចុះ តម្រូវការពីសំណាក់ក្រុមហ៊ុនចិន ឬក្រុមហ៊ុនបរទេសដែលមានទីតាំងនៅក្នុងប្រទេសចិនកំពុងបន្តការនាំចេញដ៏ធំពីកោះតៃវ៉ាន់។ ការផ្គត់ផ្គង់គ្រឿងបង្គំសំខាន់ៗរបស់កោះតៃវ៉ាន់ដល់ផ្នែកឧស្សាហកម្ម គឺពិតជាមានសារៈសំខាន់ក្នុងការធ្វើឱ្យប្រទេសចិនអាចដើរតួនាទីក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោកបាន។

ទំនាក់ទំនងពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រអាចនឹងត្រូវបានចុះខ្សោយបន្ថែមទៀត បន្ទាប់ពីកាលពីពេលថ្មីៗនេះ អាមេរិកបានធ្វើការរឹតបន្តឹងលើការនាំចេញបន្ទះឈីបដែលប្រើប្រាស់បច្ចេកវិទ្យារបស់អាមេរិកទៅកាន់ប្រទេសចិន។ សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ Taiwan Semiconductor Manufacturing Company (TSMC) ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក ដ៏ធំបំផុតរបស់តៃវ៉ាន់ ក្នុងនោះមានប្រាក់ចំណូលតែ ១៣% ប៉ុណ្ណោះដែលពួកគេទទួលបានពីការលក់ផលិតផលទៅឱ្យប្រទេសចិននៅក្នុងត្រីមាសទី២ នៃឆ្នាំ ២០២២ ខណៈតួលេខកាលពីត្រីមាសទី៣ នៃឆ្នាំ ២០១៩ មានរហូត ដល់ ២០%។

ឡូហ្កូរបស់ក្រុមហ៊ុនផលិតបន្ទះឈីប TSMC

សូមអាន ការហាមឃាត់របស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបបានបង្កផលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍបច្ចេកវិទ្យា AI របស់ចិន, ភូមិសាស្ត្រនយោបាយ និងការជំរុញការផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក, វៀតណាមបានតោងចាប់ខ្សែច្រវ៉ាក់តម្លៃបន្ទះឈីប

ករណីខាងលើបានកើតឡើងដោយសារតែការហាមឃាត់របស់សហរដ្ឋអាមេរិកចំពោះការលក់បន្ទះឈីបរបស់ក្រុមហ៊ុន TSMC ទៅឱ្យក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកចិន Huawei។ ទោះបីជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន TSMC បានកើនឡើងដោយសារតែតម្រូវការដ៏រឹងមាំពីតំបន់អាមេរិកខាងជើង (ដែលមានចំនួនជាង ២/៣ នៃប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុន TSMC) និងបណ្តាប្រទេសនៅតំបន់អាស៊ីផ្សេងៗទៀត។

មិនខុសពីវិធីសាស្ត្រការទូតអ្នកចម្បាំងចចក ដែលបានធ្វើឱ្យទំនាក់ទំនងជាមួយបណ្តាប្រទេសអឺរ៉ុបមួយចំនួនកាន់តែយ៉ាប់យ៉ឺននោះទេ ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចនិងនយោបាយរបស់រដ្ឋាភិបាលចិនបានធ្វើឱ្យកោះតៃវ៉ាន់មានការអាក់អន់ចិត្តចំពោះប្រទេសចិន។ ជាង ៨០% នៃប្រជាជនតៃវ៉ាន់មិនយល់ស្របនឹងការហាមឃាត់របស់ប្រទេសចិនលើផលិតផលកសិកម្មរបស់កោះតៃវ៉ាន់ និងគោលនយោបាយ «ប្រទេស ១ ប្រព័ន្ធ២» នោះទេ។

សូមអាន ការទូតអ្នកចម្បាំងចចករបស់ចិនកំពុងរងនូវការធ្លាក់ចុះ

ការហាមឃាត់ការនាំចូលផលិតផលកសិកម្មរបស់កោះតៃវ៉ាន់បានបង្ហាញអំពីសមត្ថភាពមានកម្រិតរបស់ប្រទេសចិន ក្នុងការបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់។ ទន្ទឹមនឹងនេះ ប្រទេសចិនក៏មិនអាចកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយកោះតៃវ៉ាន់ ដោយដើរហួសពីផលិតផលកសិកម្ម និងឈានមកដាក់ទណ្ឌកម្មលើផ្នែកឧស្សាហកម្មផលិតកម្មរបស់តៃវ៉ាន់នោះឡើយ៕

Asia Times

អត្ថបទទាក់ទង