ខ្មែរប៉ុស្ដិ៍ Close

ប្រទេសហ្វីលីពីនបិទក្រុមហ៊ុនល្បែងស៊ីសងនៅឯនាយសមុទ្រចំនួន ១៧៥ ទីតាំង និងធ្វើការនិរទេសជនជាតិចិនប្រហែល ៤ម៉ឺននាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 52
ប្រទេសហ្វីលីពីនបិទក្រុមហ៊ុនល្បែងស៊ីសងនៅឯនាយសមុទ្រចំនួន ១៧៥ ទីតាំង  និងធ្វើការនិរទេសជនជាតិចិនប្រហែល ៤ម៉ឺននាក់ ប្រទេសហ្វីលីពីនបិទក្រុមហ៊ុនល្បែងស៊ីសងនៅឯនាយសមុទ្រចំនួន ១៧៥ ទីតាំង និងធ្វើការនិរទេសជនជាតិចិនប្រហែល ៤ម៉ឺននាក់

មន្ត្រីក្រសួងយុត្តិធម៌បានឱ្យដឹងនៅថ្ងៃចន្ទទី ២៦ ខែកញ្ញានេះថា «ប្រទេសហ្វីលីពីននឹងបញ្ឈប់ការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនល្បែងស៊ីសងនៅឯនាយសមុទ្រចំនួន ១៧៥ ទីតាំង និងធ្វើការនិរទេសជនជាតិចិន ប្រហែល ៤ម៉ឺននាក់ ដែល នេះគឺជាផ្នែកមួយនៃការបង្ក្រាបទៅ លើឧស្សាហកម្មហ្គេមអនឡាញ» ។

វិស័យនេះបានលេចរូបរាងឡើងនៅក្នុងប្រទេសហ្វីលីពីននៅក្នុងឆ្នាំ ២០១៦ ហើយបានរីកដុះដាលយ៉ាងខ្លាំង ដោយសារតែប្រតិបត្តិករបានប្រើប្រាស់ច្បាប់របស់ហ្វីលីពីនដែលអនុញ្ញាតឱ្យមានការលេងហ្គេមដោយសេរីដើម្បីទាក់ទាញគោលដៅអតិថិជននៅក្នុងប្រទេសចិនដែលហាមឃាត់នូវការលេងល្បែងស៊ីសង។

នៅពេលដែលវិស័យនេះឈានដល់ចំណុចកំពូល ក្រុមហ៊ុនប្រតិបត្តិករល្បែងស៊ីសងនៅហ្វីលីពីន ឬហៅកាត់ថា POGOs បានជួលជនជាតិចិនជាង ៣០ម៉ឺននាក់មកបម្រើការ។ ប៉ុន្តែដោយសារតែជំងឺរាតត្បាត និងអត្រាពន្ធខ្ពស់ ក៏បានបង្ខំអោយប្រតិបត្តិករជាច្រើនផ្លាស់ប្តូរទៅធ្វើប្រតិបត្តិការនៅកន្លែងផ្សេងទៀតវិញ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក Jose Dominic Clavano បាននិយាយថា «ការបង្រ្កាបត្រូវបានធ្វើឡើងក្រោយមានរបាយការណ៍នៃករណីឃាតកម្ម, ការចាប់ជំរិត និងឧក្រិដ្ឋកម្មផ្សេងៗទៀតដែលសុទ្ធសឹងតែបានប្រព្រឹត្តដោយជនជាតិចិនប្រឆាំងនឹងជនជាតិចិនដូចគ្នា»។

លោក Clavano បាននិយាយថា ក្រុមហ៊ុន POGOs ដែលត្រូវបានគេកំណត់ជាគោលដៅដើម្បីបញ្ឈប់ប្រតិបត្តិការ គឺច្រើនតែជាក្រុមហ៊ុនដែលមានអាជ្ញាបណ្ណផុតកំណត់ ឬត្រូវបានគេដកហូតអាជ្ញាបណ្ណដោយសារតែការរំលោភបំពានដែលរួមមានការមិនបង់ប្រាក់ដល់រដ្ឋាភិបាលជាដើម។ លោក Clavano បានបន្ថែមទៀតថា «ការនិរទេសជនជាតិចិននឹងត្រូវចាប់ផ្តើមនៅខែក្រោយ»។

យោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា «រដ្ឋាភិបាលទទួលបានប្រាក់ចំណូលប្រមាណ ៧,២ ពាន់លានប៉េសូ (ឬ ១២២,២១ លានដុល្លារ) នៅក្នុងឆ្នាំ ២០២០ និង ៣,៩ ពាន់លានប៉េសូកាលពីឆ្នាំមុន សម្រាប់វិស័យ POGO តែមួយគត់»។ សេដ្ឋវិទូបានធ្វើការប៉ាន់ប្រមាណថា ចំនួនប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានគេចំណាយទៅលើការបង់ពន្ធ ការបើកប្រាក់ខែដល់បុគ្គលិក និងការជួលទីតាំងធ្វើជាការិយាល័យ។

ស្ថានទូតចិននៅទីក្រុងម៉ានីលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ទីក្រុងប៉េកាំងគាំទ្រការនិរទេស និងការបង្រ្កាបទៅលើឧក្រិដ្ឋកម្មដែលជាប់ទាក់ទងនឹងក្រុមហ៊ុន POGO ខណៈរដ្ឋាភិបាលចិនក៏កំពុងប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងបានចាត់វិធានការដ៏តឹងរ៉ឹងដើម្បីប្រយុទ្ធប្រឆាំងនឹងការលេងល្បែងស៊ីសងផងដែរ»។

និយតករហ្វីលីពីន ដែលកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន POGO មានអាជ្ញាបណ្ណចំនួន ៣០ ធៀបនឹងតួរលេខមុនពេលមានជំងឺរាតត្បាត ដែលមានរហូតដល់ ៦០ ក៏មិនបានចេញមកផ្តល់ការអត្ថាធិប្បាយពាក់ព័ន្ធនឹងបញ្ហានេះទេ។

ក្រុមហ៊ុនប្រឹក្សាវិស័យអចលនទ្រព្យ Leechiu Property Consultants បានប៉ាន់ប្រមាណថា ការចាកចេញទាំងស្រុងនៃឧស្សាហកម្ម POGO នឹងធ្វើឱ្យការិយាល័យទំហំ ១,០៥ លានម៉ែត្រការ៉េ (ឬ ២៥៩ acres) ដែលស្មើនឹងទំហំ ១/៣ នៃទំហំ Central Park របស់ទីក្រុងញូវយ៉ក ត្រូវនៅទំនេរ ហើយប្រាក់ជួលចំនួន ៨,៩ ពាន់លានប៉េសូ (ឬ ១៥១ លានដុល្លារអាមេរិក) ដែលជាថ្លៃជួលការិយាល័យប្រចាំឆ្នាំនឹងត្រូវខាតបង់។

ទិន្នន័យរបស់ក្រុមហ៊ុន Leechiu បានប៉ាន់ប្រមាណថា វិស័យនេះបានផ្តល់ការងារដល់ជនជាតិចិនចំនួន ២០១ ០០០ នាក់ និងជនជាតិហ្វីលីពីន ១១១ ០០០ នាក់ និងបានផ្តល់ប្រាក់ចំណូលប្រមាណ ១៩០ ពាន់លានប៉េសូ (ឬ 3.22 ពាន់លានដុល្លារ) ដល់សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ ដែលនេះគឺជាអត្ថប្រយោជន៍ដ៏ធំមួយសម្រាប់វិស័យអចលនទ្រព្យ និងវិស័យដែលពាក់ព័ន្ធនឹងអ្នកលក់រាយ៕

Channel News Asia

អត្ថបទទាក់ទង