ខ្មែរប៉ុស្ដិ៍ Close

ចិនស្វាគមន៍ចំពោះទំនិញកម្ពុជា ទៅកាន់ខេត្តយូណាននៃប្រទេសចិន ជាពិសេសទំនិញម្ហូបអាហារ និងផ្លែឈើ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 23
ចិនស្វាគមន៍ចំពោះទំនិញកម្ពុជា ទៅកាន់ខេត្តយូណាននៃប្រទេសចិន ជាពិសេសទំនិញម្ហូបអាហារ និងផ្លែឈើ ចិនស្វាគមន៍ចំពោះទំនិញកម្ពុជា ទៅកាន់ខេត្តយូណាននៃប្រទេសចិន ជាពិសេសទំនិញម្ហូបអាហារ និងផ្លែឈើ

លោក DU Jiahao សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការ គណៈកម្មាធិការ បក្សកុម្មុយនីស្តចិន ខេត្តយូណាន បានថ្លែងថា ចិនស្វាគមន៍ចំពោះទំនិញកម្ពុជាដែលនាំទៅចិនជាពិសេស បន្ដគាំទ្រដល់កម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

ក្នុងជំនួប ពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក DU Jiahao បានរៀបរាប់ថា ខេត្តយូណាន មានផលិតនូវគ្រឿងចក្រ និងឧបករណ៍ល្បីៗ ដូចជា រថភ្លើងក្រោមដី រថភ្លើងល្បឿនលឿនសម្ភារៈសម្រាប់បម្រើក្នុងការកសាងរចនាសម្ព័ន្ធក៏ដូចជា ក្នុងវិស័យកសិកម្មដែលអាចសហការល្អជាមួយនឹងកម្ពុជាហើយនឹងជួយហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងវិស័យកសិកម្មនៅកម្ពុជាផងដែរ។ លោក បានមានប្រសាសន៍ថា «ស្វាគមន៍ចំពោះទំនិញកម្ពុជានាំទៅកាន់ប្រទេសចិន រួមទាំងទៅខេត្តយូណាន ពិសេសជាទំនិញម្ហូបអាហារ និងផ្លែឈើជាដើម»។

បន្ថែមពីនេះ គណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តយូណាន នឹងជួយផ្សព្វផ្សាយការរីកចម្រើនរបស់កម្ពុជាទៅដល់ប្រជាជនចិន និងខេត្តយូណាន ហើយនឹងបន្តជំរុញឲ្យខេត្តយូណានពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងកាន់តែល្អថែមទៀតព្រមទាំងបន្តជួយគាំទ្រដល់កម្ពុជាផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងដែរថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ កម្ពុជា នឹងចាប់ផ្ដើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជាដែលទាំងអស់នេះនឹងផ្ដល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជាតិនៃប្រទេសទាំងពីរ ហើយក៏មិនគ្រាន់តែជាផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេប៉ុន្តែក៏ជាផលប្រយោជន៍សម្រាប់នយោបាយនៃប្រទេសទាំងពីរផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាកន្លងមកនេះគឺជាការយកចិត្តទុកដាក់របស់សមាជិកបក្សធ្វើយ៉ាងណាឲ្យសមាជិកមានទំនុកចិត្ត មានអារម្មណ៍ល្អ សាមគ្គីភាពផ្ទៃក្នុងនិងស្មោះត្រង់ដែលបានប្រែក្លាយសមាជិកបក្សម្នាក់ជាសន្លឹកឆ្នោតមួយដល់បក្សផងដែរ៕

អត្ថបទទាក់ទង