ខ្មែរប៉ុស្ដិ៍ Close

ការទូតអ្នកចម្បាំងចចករបស់ចិនកំពុងរងនូវការធ្លាក់ចុះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 67
ការទូតអ្នកចម្បាំងចចករបស់ចិនកំពុងរងនូវការធ្លាក់ចុះ ការទូតអ្នកចម្បាំងចចករបស់ចិនកំពុងរងនូវការធ្លាក់ចុះ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនទទួលបានភាពល្បីរន្ទឺ ដោយសារ «ការទូតអ្នកចម្បាំងចចក – Wolf Warrior Diplomacy» ដែលជាយុទ្ធសាស្ត្រការទូតដ៏រឹងមាំដែលរួមមានការប្រមាថ ឬការគំរាមកំហែងលើមនុស្សទាំងឡាយណាដែលហ៊ានបំពានផលប្រយោជន៍របស់ប្រទេសចិន។ ការទូតអ្នកចម្បាំងចចកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីការចាប់ផ្តើមការរាតត្បាតនៃវីរុសកូវីដ-១៩។

ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រការទូតនេះបានបង្កការខូចខាតដល់មុខមាត់របស់ចិននៅលើឆាកអន្តរជាតិ និងបានធ្វើឱ្យទំនាក់ទំនងរបស់ចិនកាន់តែមានភាពតានតឹងជាមួយបណ្តាប្រទេសនានានៅជុំវិញពិភពលោករាប់ចាប់ពីនៅតំបន់អឺរ៉ុបរហូតដល់អាស៊ី។ ដូច្នេះ ការផ្លាស់ប្តូរចាំបាច់ត្រូវតែធ្វើឡើងដើម្បីអាចធានាបាននូវផលប្រយោជន៍កាន់តែប្រសើរឡើងសម្រាប់ប្រទេសចិន។

នៅក្នុងខែឧសភា ឆ្នាំ ២០២១ ប្រធានាធិបតីចិន Xi Jinping បានប្រាប់មន្ត្រីជាន់ខ្ពស់នៅក្នុងកិច្ចប្រជុំរបស់គណបក្សកុម្មុយនិស្តចិន (CCP) ថា «វាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញនូវរូបភាពវិជ្ជមានរបស់ប្រទេសចិនដើម្បីបង្កើនមិត្ត។ វាគឺជារឿងចាំបាច់ក្នុងការបង្កើតមិត្ត, បង្រួបបង្រួម និងដណ្តើមយកសំឡេងភាគច្រើន ហើយបន្តបង្កើនមិត្តនៅពេលនិយាយដល់មតិសាធារណៈអន្តរជាតិ»។

លោកក៏បានលើកឡើងដែរថា «ប្រទេសចិនគួរតែបើកចំហ និងមានជំនឿចិត្ត ក៏ប៉ុន្តែក៏គួរមានភាពសុភាពរាបសារនៅក្នុងការធ្វើទំនាក់ទំនងរបស់ខ្លួនជាមួយពិភពលោកផងដែរ»។ សុន្ទរកថារបស់លោកមានលក្ខណៈផ្ទុយគ្នាដ៏គួរឱ្យកត់សម្គាល់ជាមួយនឹងរចនាបទនៃការទូតអ្នកចម្បាំងចចក ដែលបានអនុវត្តនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

វាគឺជាសញ្ញាដំបូងនៃការផ្លាស់ប្តូរគោលនយោបាយចេញឆ្ងាយពីការទូតអ្នកចម្បាំងចចក ដោយសារតែលោក Xi ខ្លួនឯង និងរដ្ឋបាលរបស់ចិន បានដឹងកាន់តែច្បាស់អំពីប្រតិកម្មពីសំណាក់ប្រទេសនានាចំពោះជំហរឈ្លានពានកាន់តែខ្លាំងរបស់អ្នកការទូតចិន។ ទំនាក់ទំនងរបស់ចិនបានប្រឈមមុខនឹងការរង្គោះរង្គើយ៉ាងខ្លាំងជាមួយសហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និងអូស្ត្រាលី។

លើសពីនេះទៅទៀត ចិនកំពុងទទួលបានការមិនពេញចិត្តពីសំណាក់ប្រទេសនៅជុំវិញពិភពលោក។ សកម្មភាពជានិមិត្តរូបមួយទៀតដែលត្រូវបានអនុវត្តដោយលោក Xi ដើម្បីផ្លាស់ប្តូរបន្តិចម្តងៗចេញពីវិធីសាស្ត្រការទូតរបស់ចិនគឺ «ការតែងតាំងឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំសហរដ្ឋអាមេរិក គឺលោក Qin Gang ដែលជាអតីតអនុរដ្ឋមន្ត្រីការបរទេសដែលធ្លាប់ទទួលខុសត្រូវលើកិច្ចការអាមេរិកខាងត្បូងនិងអឺរ៉ុប»។

អ្នកកាន់តំណែងមុនលោក Qin គឺ លោក Cui Tiankai ដែលជាអ្នកការទូតជើងចាស់ដែលមានចំណេះដឹងជ្រៅជ្រះអំពីសហរដ្ឋអាមេរិក និងមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយមន្ត្រីរដ្ឋាភិបាល និងសមាជិកសភាអាមេរិក ទាំងអ្នកកំពុងកាន់អំណាច និងទាំងអ្នកដែលបានចូលនិវត្តន៍។ កង្វះបទពិសោធន៍ការទូតរបស់ Qin ទាក់ទងនឹងកិច្ចការអាមេរិក បានធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលនៅពេលដឹងថា «លោកទទួលបានតំណែងនេះ»។

មានហេតុផលសំខាន់ ២ ដែលធ្វើឱ្យលោក Xi សម្រេចធ្វើការតែងតាំងដែលមិនគួរឱ្យនឹកស្មានដល់នេះ។

ទី១ ៖ «លោក Qin ធ្លាប់ជាអ្នកទទួលខុសត្រូវលើកាលវិភាគការទូតរបស់លោក Xi និងធ្លាប់បានអមដំណើរលោក Xi និងមន្ត្រីកំពូលៗរបស់ប្រទេសចិននៅក្នុងដំណើរទស្សនកិច្ចការទូតជាច្រើន»។ ដូច្នេះ លោកទទួលបានការជឿជាក់ពីមជ្ឈដ្ឋានអ្នកដឹកនាំរបស់ប្រទេសចិន បូករួមទាំងពីលោក Xi ផងដែរដែលតែងមានការពេញចិត្តនឹងមនុស្សដែលមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយលោកក្នុងការចាត់តាំងឱ្យកាន់បេសកកម្មការទូតដ៏សំខាន់បំផុតរបស់ប្រទេសចិន។

ទី២ ៖ «នៅពេលដែលលោកXi បានអំពាវនាវឱ្យមានការបង្កើតរូបភាពវិជ្ជមានរបស់ប្រទេសចិន លោករំពឹងថានឹងប្រើប្រាស់បទពិសោធន៍របស់លោក Qin ក្នុងនាមជាអ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋាននៃក្រសួងព័ត៌មាន ដើម្បីបង្ហាញនូវរូបភាពដ៏ល្អរបស់ប្រទេសចិន និងដើម្បីនាំមកនូវបរិយាកាសដ៏ល្អបរិសុទ្ធជាងមុនសម្រាប់សង្វៀនការទូតរវាងចិននិងអាមេរិក នៅចំពេលកំពុងកើតមានភាពតានតឹងរយៈពេលវែង»។

នៅមុនពេលឡើងកាន់តំណែងនៅទីក្រុងវ៉ាស៊ីនតោន DC ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាន ពិពណ៌នាលោក Qin Gang ថាជាអ្នកការទូតចម្បាំងចចក ក៏ប៉ុន្តែលោកមិនមែនដូច្នេះទេ។ នៅក្នុងខែសីហា ឆ្នាំ ២០២១ ប្រធានការិយាល័យ Newsweek ប្រចាំនៅទីក្រុងប៉េកាំង លោកស្រី Melinda Lu បានពណ៌នាលោក Qin ថាជា «មនុស្សទៀងត្រង់មិនលម្អៀង»។

វិធីសាស្រ្តការទូតរបស់លោក Qin អាចនឹងមានភាពទន់ភ្លន់ជាងអ្វីដែលមនុស្សភាគច្រើនបានរំពឹងទុក ក៏ប៉ុន្តែវានឹងត្រូវគ្នាជាមួយនឹងជំហររបស់លោក Xi ក្នុងការបង្កើតរូបភាពដ៏ល្អរបស់ប្រទេសចិន។ ជាក់ស្តែង លោក Qin ធ្លាប់បានច្រានចោលនូវគោលគំនិតស្តីអំពីការទូតអ្នកចម្បាំងចចកជាច្រើនដង ចាប់តាំងពីការចូលកាន់តំណែងរបស់លោក។

ជាឧទាហរណ៍ លោកបានប្រាប់អ្នកសារព័ត៌មានថា «អ្នកការទូតចិនមិនមែនជាអ្នកចម្បាំងចចកទេ ហើយការងាររបស់អ្នកការទូតចិនគ្រប់រូបគឺជាការងារការទូតប្រកបដោយសន្តិភាព»។ ហេតុដូច្នេះហើយ បើក្រឡេកមើលការអត្ថាធិប្បាយរបស់លោក Xi, ការតែងតាំងលោក Qin និងការអត្ថាធិប្បាយជាបន្តបន្ទាប់របស់ឯកអគ្គរដ្ឋទូតថ្មីនៅអាមេរិក វាបានបង្ហាញយ៉ាងច្បាស់តាំងពីឆ្នាំ ២០២១ មកម្ល៉េះ អំពីគោលបំណងក្នុងការបញ្ឈប់ការទូតអ្នកចម្បាំងចចក។

នៅឆ្នាំនេះ សញ្ញាមួយចំនួនផ្សេងទៀតក៏បានបង្ហាញអំពីការធ្លាក់ ចុះខ្សោយនៃការទូតអ្នកចម្បាំងចចករបស់ចិនផងដែរ។ ឥឡូវនេះ ប្រទេសចិនកំពុងងាកទៅរកការបង្កើតទំនាក់ទំនងវិជ្ជមានជាមួយនឹងឥរិយាបថការទូត ដែលមានការគិតគូរហ្មត់ចត់ដើម្បីបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសផ្សេងទៀត។

កាលពីខែឧសភា លោក Wu Hongbo ដែលជាតំណាងរបស់រដ្ឋាភិបាលចិនទទួលបន្ទុកលើកិច្ចការអឺរ៉ុប បានធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបរយៈពេល ៣ សប្តាហ៍ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងរវាងចិននិងសហភាពអឺរ៉ុបដែលបានវិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ផ្ទុយគ្នាពីគោលជំហរដ៏រឹងរុះរបស់លោកចំពោះបញ្ហាមួយចំនួនក្នុងអំឡុងដំណើរទស្សនកិច្ចលើកមុនរបស់លោកទៅកាន់អឺរ៉ុបកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ លោក Wu បានប្រកាន់យកវិធីសាស្រ្តផ្សេងនៅពេលនេះ។ លោក Wu បានទទួលស្គាល់កំហុសរបស់ប្រទេសចិន បូករួមទាំងចំពោះការអនុវត្តការទូតអ្នកចម្បាំងចចក។

អ្នកដឹកនាំធុរកិច្ចអឺរ៉ុបដែលបានចូលរួមនៅក្នុងកិច្ចប្រជុំជាមួយលោក Wu បាននិយាយថា «ជនជាតិចិនចង់ផ្លាស់ប្តូររឿងរ៉ាវ ដើម្បីប៉ះប៉ូវការខូចខាត។ ពួកគេអាចនឹងយល់ថា ពួកគេបានធ្វើជ្រុលពេក»។ កាលពីខែកក្កដា អំឡុងពេលកំពុងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស G-20 នៅប្រទេសឥណ្ឌូណេស៊ី រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់និងបារាំង ក្នុងជំនួបដាច់ដោយឡែកពីគ្នា។

បើទោះបីជាមានការព្រួយបារម្ភអំពីការចូលរួមរបស់ចិនជាមួយរុស្ស៊ី ក៏ដូចជាជំហររបស់ចិនចំពោះវិបត្តិនៅអ៊ុយក្រែន និងការមិនចុះសម្រុងគ្នាពីមុនក៏ដោយ ក៏ភាគីទាំងពីរបានផ្តោតលើការឆ្ពោះទៅរកការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជំនួសឱ្យជម្លោះ។ ផ្អែកលើការផ្លាស់ប្តូរអាកប្បកិរិយារបស់លោក Wu និងពាក្យសម្តីរបស់លោក Wang នៅក្នុងជំនួបនៅពេលថ្មីៗនេះជាមួយសមភាគីអាល្លឺម៉ង់ និងបារាំង ប្រទេសចិនពិតជាកំពុងផ្លាស់ប្តូរវិធីសាស្រ្តការទូតរបស់ខ្លួនដើម្បីទទួលបានការជឿទុកចិត្តពីអឺរ៉ុបក្នុងគោលបំណងពង្រឹងទំនាក់ទំនងឡើងវិញ។

គួរកត់សម្គាល់ផងដែរថា «ប្រទេសចិនបានផ្លាស់ប្តូរវិធីសាស្រ្តការទូតរបស់ខ្លួនមិនត្រឹមតែជាមួយតំបន់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមួយបណ្តាប្រទេសជិតខាងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ»។ នៅក្នុងខែមីនា ឆ្នាំ ២០២២ លោក Xi បាននិយាយជាមួយប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង Yoon Suk Yeol ដែលបានប្តេជ្ញាបន្តគោលនយោបាយការបរទេសដែលមាននិន្នាការគាំទ្រសហរដ្ឋអាមេរិក និងដែលមានលក្ខណៈតឹងរ៉ឹងចំពោះប្រទេសចិន។

ការហៅទូរសព្ទរបស់លោក Xi ជាមួយលោក Yoon គឺជារឿងដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដោយសារលោកបានបំពានច្បាប់ដ៏យូរអង្វែងរបស់ចិន ដែលនោះគឺ «ប្រធានាធិបតីចិននឹងមិនហៅទូរសព្ទទៅកាន់ប្រធានាធិបតីទើបជាប់ឆ្នោតរបស់ប្រទេសផ្សេងទៀតនោះទេ»។ នៅពេលនោះទំនាក់ទំនងរវាងចិន នងកូរ៉េខាងត្បូងកំពុងប្រឈមមុខនឹងបញ្ហា បន្ទាប់ពីកើតមានវិវាទ។

បន្ទាប់ពីការដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីល THAAD របស់សហរដ្ឋអាមេរិកនៅកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៧ រូបភាពរបស់ចិននៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយក្នុងនោះ ប្រជាជនកូរ៉េខាងត្បូង ៨ នាក់ក្នុងចំណោម ១០ នាក់មានទស្សនៈមិនអំណោយផលចំពោះប្រទេសចិន។ ទិដ្ឋភាពមិនអំណោយផលនេះ បានវិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរនៅឯព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនៅឆ្នាំនេះ។

ការហៅទូរសព្ទមិនធម្មតាពីលោក Xi ទៅកាន់ប្រធានាធិបតីជាប់ឆ្នោត Yoon ត្រូវបានធ្វើឡើងដើម្បីបង្ហាញអំពីសុច្ឆន្ទៈរបស់ប្រទេសចិនក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ការហៅទូរសព្ទរបស់លោក Xi ក៏ អាចជាសញ្ញាស្ងាត់ៗ នៃការងាកចេញពីការទូតអ្នកចម្បាំងចចកផងដែរ ពីព្រោះវាមានលក្ខណៈផ្ទុយគ្នាពីជំហរដ៏រឹងមាំ ដែលត្រូវបានធ្វើឡើងដោយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកូរ៉េខាងត្បូង គឺលោក Xing Haiming។ កាលពីខែកក្កដាកន្លងទៅ Xing និងលោក Yoon បានចូលរួមនៅក្នុងជម្លោះការទូតជុំវិញបញ្ហា THAAD ។

ឯកអគ្គរដ្ឋទូតចិនបានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហានេះ ដោយបានសរសេរអត្ថបទមួយដែលមានចំណងជើងថា «ទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងចិន មិនមែនជាគ្រឿងលម្អសម្រាប់ទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងអាមេរិកទេ»។ ការអធិប្បាយរបស់លោកដែលបានវាយប្រហារលើបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងមួយរូបនៅមុនការបោះឆ្នោត បានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយកូរ៉េ។

ទោះជាយ៉ាងណាក៏ដោយ អាកប្បកិរិយារបស់លោក Xing ជុំវិញបញ្ហា THAAD និងបញ្ហាផ្សេងទៀតបានផ្លាស់ប្តូរ បន្ទាប់ពីលោក Yoon បានជាប់ឆ្នោតកាលពីខែមីនា។ ការផ្លាស់ប្តូរជំហរភ្លាមៗរបស់លោក រួមជាមួយនឹងការហៅទូរសព្ទរបស់លោក Xi ជាមួយលោក Yoon កាល ពីខែមីនា បានបង្ហាញអំពីការកែលម្អនូវវិធីសាស្រ្តការទូតរបស់ចិនចំពោះកូរ៉េខាងត្បូង។ ជាថ្មីម្តងទៀត ប្រទេសចិនកំពុងងាកចេញជាបណ្តើរៗពីការទូតអ្នកចម្បាំងចចក។

ប្រទេសកូរ៉េខាងត្បូងមិនមែនជាឧទាហរណ៍តែមួយគត់នៃនិន្នាការនេះនោះទេ។ កាលពីខែមករា ឆ្នាំ ២០២២ លោក Xiao Qian ដែលជាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឥណ្ឌូណេស៊ី ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញពាក់ព័ន្ធនឹងការធ្វើទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំប្រទេសអូស្ត្រាលី ដោយបានជំនួសអ្នកការទូតមុន គឺលោក Cheng Jingye។

ចាប់តាំងពីការចូលកាន់តំណែងនៅក្នុងខែមករាមក លោក Xiao បានបន្តនិយាយអំពីការស្តារទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ជាក់ស្ដែង លោក Xiao បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយ ដែលធ្វើឡើងនៅវិទ្យាស្ថានទំនាក់ទំនងអូស្ត្រាលី-ចិន នៃសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនីថា «ទាំងនេះគឺជាផ្នែកដែលយើងគួរតែបន្តធ្វើការសន្ទនាក្នុងន័យស្ថាបនា ដើម្បីកាត់បន្ថយភាពខុសប្លែកគ្នា និងដើម្បីពង្រីកមូលដ្ឋានរួមរបស់យើង»។

តាមរយៈការជំនួសលោក Cheng ប្រទេសចិនអាចបង្ហាញអំពីឆន្ទៈរបស់ខ្លួនក្នុងការស្តារឡើងវិញនូវទំនាក់ទំនងជាមួយអូស្ត្រាលី ក៏ដូចជាការកែប្រែវិធីសាស្រ្តការទូតដ៏ឈ្លានពានរបស់ខ្លួន។ លើសពីនេះទៅ ទៀត នៅពេលដែលរដ្ឋមន្ត្រីការបរទេសចិន លោក Wang បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong នៅ ក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G-20 នៅប្រទេសឥណ្ឌូណេស៊ីក្នុងខែកក្កដា ឆ្នាំ ២០២២ លោក Wang បាននិយាយថា «ប្រទេសចិនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការត្រួតពិនិត្យឡើងវិញ និងពង្រឹងទំនាក់ទំនងទ្វេភាគីឡើងវិញក្នុងស្មារតីនៃការគោរពគ្នាទៅវិញទៅមក»។

ពាក្យបែបនេះមានកម្រិតមិនសូវខ្លាំងក្លានោះទេ បើប្រៀបធៀបទៅនឹងការអត្ថាធិប្បាយនិងគោលនយោបាយ ដែលធ្វើឡើងដោយរដ្ឋាភិបាលចិននៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។ ជាថ្មីម្តងទៀត វាបានបង្ហាញអំពីផែនការរបស់ចិនក្នុងការកាត់បន្ថយការទូតអ្នកចម្បាំងចចក។ វាអាចជាការពិត ដែលអ្នកការទូតចម្បាំងចចកមួយចំនួនអាចនៅតែមានវត្តមាន និងបន្តប្រតិបត្តិការនៅក្នុងរដ្ឋាភិបាលចិនបច្ចុប្បន្ន ដូចជាអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ជាដើម។

ទោះជាយ៉ាងណាក៏ដោយវាច្បាស់ណាស់ថា «ការអនុវត្តការទូតអ្នកចម្បាំងចចកជាមួយប្រទេសផ្សេងទៀតកំពុងថយចុះជាលំដាប់ ហើយកំពុងត្រូវបានជំនួសដោយទំនាក់ទំនងការទូតកាន់តែវិជ្ជមាន»។ ទោះបីជាឥទ្ធិពលនៃការទូតអ្នកចម្បាំងចចកកំពុងធ្លាក់ចុះខ្សោយក៏ដោយ ក៏អ្នកការទូតចិននឹងនៅតែបន្តបញ្ជូនសារខ្លាំងៗជុំវិញបញ្ហាមួយចំនួនដូចជាតៃវ៉ាន់ ស៊ីនជាំង ហុងកុង និងសមុទ្រចិនខាងត្បូង ដើម្បីការពារផលប្រយោជន៍ស្នូលរបស់ចិន។

នៅរដូវស្លឹកឈើជ្រុះនេះ សមាជជាតិលើកទី ២០ របស់គណបក្សកុម្មុយនិស្តចិននឹងប្រព្រឹត្តទៅ នៅទីក្រុងប៉េកាំង។ អ្នកការទូតជាច្រើននាក់ត្រូវបានគេរំពឹងថានឹងត្រូវបានផ្លាស់ប្តូរពីមុខតំណែងបូករួមទាំងអ្នកការទូតកំពូល ២ នាក់របស់ប្រទេសចិន គឺនាយកការិយាល័យទូទៅនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមលោក Yang Jiechei និងរដ្ឋមន្ត្រីការបរទេស Wang Yi ។

ខណៈដែលលោក Xi ត្រូវបានគេរំពឹងថានឹងអាចបន្តកាន់តំណែងជាប្រធានគណបក្សសម្រាប់អាណត្តិទី៣ យើងអាចរំពឹងបានថា «វិធីសាស្រ្តការទូតរបស់ចិននឹងមានទំនោរងាកទៅរកបំណងប្រាថ្នារបស់លោក ក្នុងការ បង្កើតរូបភាពដ៏គួរឱ្យស្រឡាញ់របស់ប្រទេសចិន»។ ផ្អែកលើហេតុផលនេះ យើងអាចរំពឹងថា «ការទូតអ្នកចម្បាំងចចកនឹងរងនូវការធ្លាក់ចុះឥទ្ធិពលបន្ថែមទៀតបន្ទាប់ពីរដូវស្លឹកឈើជ្រុះនេះ ជាមួយនឹងវត្តមាននៃភាពជាអ្នកដឹកនាំការទូតថ្មី»៕

The Diplomat