ខ្មែរប៉ុស្ដិ៍ Close

ភូមិសាស្ត្រនយោបាយ និងការជំរុញការផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 161
ភូមិសាស្ត្រនយោបាយ និងការជំរុញការផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក ភូមិសាស្ត្រនយោបាយ និងការជំរុញការផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក

កាលពីពេលថ្មីៗនេះ រោងចក្របន្ទះឈីបអាមេរិក «Intel» និងរោងចក្របន្ទះឈីបតៃវ៉ាន់ «TSMC» បានប្រកាសអំពីផែនការសាងសង់រោងចក្របន្ទះឈីបខ្នាតធំនៅរដ្ឋ Arizona សហរដ្ឋអាមេរិក។

ការបង្វែរខ្សែរសង្វាក់ផលិតកម្មបន្ទះឈីបពីតៃវ៉ាន់ទៅកាន់សហរដ្ឋអាមេរិកនឹងបង្កអោយមានការផ្លាស់ប្តូរនៅក្នុងវិស័យឧស្សាហកម្មដ៏សំខាន់នេះ ក៏ដូចជានៅក្នុងបញ្ហាភូមិសាស្ត្រនយោបាយ។

តៃវ៉ាន់គឺជាតួអង្គផ្គត់ផ្គង់បន្ទះឈីបដ៏សំខាន់មួយរបស់ពិភពលោក។ នៅឆ្នាំ ២០២០ ក្រុមហ៊ុន «TSMC» របស់តៃវ៉ាន់បានរួមចំណែកជិត ៩០% នៃទីផ្សារសម្រាប់បន្ទះឈីប ហើយបន្ទះឈីបទាំងនេះមានសារសំខាន់ណាស់សម្រាប់ឧបករណ៍បច្ចេកវិទ្យាទំនើបៗនាពេលបច្ចុប្បន្នដែលរួមមានទាំងទូរស័ព្ទទំនើប, រថយន្ត, កុំព្យូទ័រ និងឧបករណ៍ វៃឆ្លាតជាច្រើនទៀត។

ទាំងចិននិងសហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសផ្សេងៗ សុទ្ធតែបានពឹងផ្អែកលើរោងចក្របន្ទះឈីបនៅតៃវ៉ាន់។ នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ឧស្សាហកម្មបន្ទះឈីបតៃវ៉ាន់បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសនៅពេលកើតមានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន ហើយរោងចក្រតៃវ៉ាន់បានព្យាយាមចូលរួមជាមួយប្រទេសទាំង២ ដើម្បីចៀសវាងការបាត់បង់ទីផ្សារពីប្រទេសទាំង ២ នេះ។

ដើម្បីកាត់បន្ថយក្តីកង្វល់អំពីការពឹងផ្អែកខ្លាំងពេកមកលើផលិតកម្មដែលមានមូលដ្ឋាននៅតៃវ៉ាន់ ក្រុមហ៊ុន «TSMC» បានប្រកាសនៅខែឧសភា ឆ្នាំ ២០២០ ថា «ខ្លួននឹងសាងសង់រោងចក្រផលិតបន្ទះឈីបដែលមានតម្លៃ ១២ ពាន់លានដុល្លារ នៅរដ្ឋ Arizona»។

ការសម្រេចរបស់ក្រុមហ៊ុន «TSMC» ក៏បានធ្វើឡើងដើម្បីបង្កើនការចូលទៅកាន់ទីផ្សារអាមេរិក និងដើម្បីឆ្លើយតបទៅនឹងសម្ពាធនយោបាយរបស់អាមេរិក។

ចាប់ពីឆ្នាំ ២០២០ ទាំងរដ្ឋាភិបាលអាមេរិកនិងតៃវ៉ាន់បានលើកឡើងជាសាធារណៈ អំពីសង្គ្រាមដណ្តើមប្រៀបគ្នាផ្នែកបច្ចេកវិទ្យា និងការកើនឡើងនូវក្តីកង្វល់ស្តីពីខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប។

តួនាទីរបស់បន្ទះឈីបនៅក្នុងឆាកនយោបាយជាតិនៅតៃវ៉ាន់ បានកើនឡើងបន្ទាប់ពីប្រធានាធិបតី Tsai Ing-wen បានចូលកាន់តំណែងនៅឆ្នាំ ២០១៦។ នៅក្នុងអាណត្តិទី ១ របស់លោកស្រី វិស័យឧស្សាហកម្មសំខាន់ៗ បានសម្តែងនូវការព្រួយបារម្ភថា «ខ្លួនបានទទួលការគាំទ្រតិចតួចប៉ុណ្ណោះពីរដ្ឋាភិបាល»។

ហើយផែនការឧស្សាហកម្មដ៏ធំរបស់រដ្ឋាភិបាលដែលមានឈ្មោះ «ផែនការឧស្សាហកម្មនរវានុវត្ត ៥ បូក ២» (5+2 Innovative Industries Plan) ដែលបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០១៧ ក៏មិនបានបញ្ជាក់អំពីការគាំទ្រដល់បន្ទះឈីបនោះដែរ។

ប៉ុន្តែ នៅក្នុងការថ្លែងសុន្ទរកថាចូលកាន់តំណែងសម្រាប់អាណត្តិទី២ របស់លោកស្រី Tsai Ing-wen នៅខែឧសភា ឆ្នាំ ២០២០ លោកស្រីបានគូសបញ្ជាក់ថា «យើងនឹងទាញយក ប្រយោជន៍ពីភាពខ្លាំងនៅក្នុងឧស្សាហកម្មបន្ទះឈីប និងបច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មានវិទ្យា (ICT Industries) របស់តៃវ៉ាន់ ដើម្បីធានានូវតួនាទីស្នូលនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល» ក្រោយមកឧស្សាហកម្មបន្ទះឈីបក៏ត្រូវបានដាក់បញ្ចូលជាផែនការឧស្សាហកម្មយុទ្ធសាស្ត្រស្នូលរបស់រដ្ឋាបាលរបស់លោកស្រី។

ដូចគ្នានឹងក្រុមហ៊ុន «TSMC» ដែរក្រុមហ៊ុន «Intel» ក៏បានសម្តែងនូវក្តីកង្វល់អំពីភាពងាយរងគ្រោះទៅនឹងភាពរអាក់រអួលផ្នែកភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងលើទេពកោសល្យផ្នែកបច្ចេកវិទ្យាទំនើប។

នៅដើមឆ្នាំនេះ នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន «Intel» លោក Pat Gelsinger បាននិយាយថា «ការមានខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់បច្ចេកវិទ្យាសំខាន់ៗរហូតដល់ទៅ ៨០% នៅអាស៊ីមិនមែនជាការល្អនោះទេ សម្រាប់ពិភពលោក»។

សម្រាប់ក្រុមហ៊ុន «Intel» ការបង្វែរខ្សែរសង្វាក់ផលិតកម្មរបស់ខ្លួនមកក្នុងប្រទេសវិញនឹងផ្តល់នូវសារៈប្រយោជន៍ជា ច្រើន ហើយការដាក់ឱ្យដំណើរការយុទ្ធសាស្ត្រ «IDM 2.0» (Integrated Device manufacturer 2.0) របស់ក្រុមហ៊ុន Intel ក៏មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះដែរ។

រោងចក្រផលិតបន្ទះឈីបដ៏ធំនេះគ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន២០ ពាន់លានដុល្លារនៅរដ្ឋ Arizona ដើម្បីផលិតបន្ទះឈីបថ្មីៗ ហើយដំណើរការផលិតបន្ទះឈីបត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ ដែលនឹងអាចបង្កើតការងារថ្មីៗបានចំនួន ៣ ០០០ កន្លែង។

ប៉ុន្តែ អ្នកវិភាគបានលើកឡើងនូវមន្ទិលសង្ស័យលើសមត្ថភាពរបស់ក្រុមហ៊ុន «Intel» នៅក្នុងការប្រកួតប្រជែងបន្ទាប់ពីរងនូវការពន្យារពេលជាច្រើនដងនូវការផលិតកម្មវិធីណាណូម៉ែត្រកម្រិត ១០ (10-naometer) របស់ខ្លួន និងបន្ទាប់ពី បាននិយាយថា «ខ្លួនបានបាត់បង់តួនាទីនៃ ភាពជាអ្នកដឹកនាំបច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុន TSMC និង Samsung»។

ក្រុមហ៊ុន Intel អាចនឹងបន្តចូលរួមជាមួយដៃគូបរទេស បូករួមទាំងក្រុមហ៊ុន TSMC និង UMC របស់តៃវ៉ាន់ ក៏ដូចជាជាមួយនឹងក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង និងក្រុមហ៊ុនពហុជាតិអាមេរិក GlobalFountries ដើម្បីពង្រីកផែនទីបង្ហាញផ្លូវរបស់ខ្លួន ទាក់ទងនឹងតម្លៃ សកម្មភាពការងារ កាលវិភាគ និងការផ្គត់ផ្គង់។

ឧស្សាហកម្មបន្ទះឈីបគឺជារឿងដ៏ល្អមួយសម្រាប់រដ្ឋ Arizona ក៏ប៉ុន្តែវានឹងមិនធ្វើឱ្យរដ្ឋនេះក្លាយជាទីតាំងនាំមុខផ្នែកបច្ចេកវិទ្យារបស់ពិភពលោកនោះទេ។ សម្រាប់ក្រុមហ៊ុន «TSMC» វិញ ទីតាំងនាំមុខបច្ចេកវិទ្យាទំនងជានឹងនៅតែស្ថិតនៅតៃវ៉ាន់ដដែល។

ការប្រកាសរបស់ក្រុមហ៊ុន Intel និង TSMC ពាក់ព័ន្ធនឹងរោងចក្រផលិតនៅរដ្ឋ Arizona នឹងមានន័យស្មើនឹងលំហូរចេញទេព្យកោសលបច្ចេកវិទ្យាជាន់ខ្ពស់ពីតៃវ៉ាន់ទៅកាន់សហរដ្ឋអាមេរិក។

ការប្រកាសអំពីការសាងសង់រោងចក្រនៅរដ្ឋ Arizona នឹងកាត់បន្ថយក្តីកង្វល់ជុំវិញការគំរាមកំហែងពាក់ព័ន្ធនឹងការលួច បច្ចេកវិទ្យា និងអាច បង្កើនភាពតានតឹងសម្រាប់សង្គ្រាមបច្ចេកវិទ្យាដែលបាននិងកំពុងបង្កបញ្ហាដល់សន្តិសុខជាតិរបស់តៃវ៉ាន់។ ជាការឆ្លើយតបរដ្ឋាភិបាលប្រធានាធិបតី Tsai បាននិងកំពុងខិតខំបង្កើតក្របខណ្ឌច្បាប់ដើម្បីដោះស្រាយបញ្ហានេះ។

រដ្ឋ Arizona កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការក្លាយជាសួនឧស្សាហកម្មដ៏ធំមួយដូចសួនឧស្សាហកម្ម «Hsinchu Science Park» របស់តៃវ៉ាន់។ ប៉ុន្តែ បញ្ហាថា «តើការផ្ទេរចំណេះដឹងអាចនឹងមានលំហូរទៅ ដោយរលូនដើម្បីឱ្យតំបន់នេះអាចក្លាយទៅជាតំបន់នរវានុវត្តដ៏រស់រវើកបានដែរឬអត់?» នៅតែជាសំណួរ ដែលមិនទាន់មានចម្លើយនៅឡើយនោះទេ៕ East Asia Forum

អត្ថបទទាក់ទង