ខ្មែរប៉ុស្ដិ៍ Close

វៀតណាមបានតោងចាប់ខ្សែច្រវ៉ាក់តម្លៃបន្ទះឈីប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 72
វៀតណាមបានតោងចាប់ខ្សែច្រវ៉ាក់តម្លៃបន្ទះឈីប វៀតណាមបានតោងចាប់ខ្សែច្រវ៉ាក់តម្លៃបន្ទះឈីប

នាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics បានជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងបានប្រកាសអំពីការវិនិយោគចំនួន ៨៥០ លានដុល្លារអាមេរិក ដើម្បីផលិតគ្រឿងបន្លាស់ឧបករណ៍អេឡិចត្រូនិកនៅខេត្ត Thai Nguyen កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២។

ការវិនិយោគនេះនឹងធ្វើឱ្យវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤ រួមជាមួយនឹងកូរ៉េខាងត្បូង ចិន និងសហរដ្ឋអាមេរិក ដែលបានផលិតឧបករណ៍អេឡិចត្រូនិកសម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីប Memory ដ៏ធំបំផុតរបស់ពិភពលោក។ ការជ្រើសរើសយកវៀតណាមក្នុងចំណោមទីតាំងដែលមានការអភិវឌ្ឍជាច្រើននេះ បានបង្ហាញអំពីសារៈសំខាន់របស់ប្រទេសនេះនៅក្នុងខ្សែច្រវ៉ាក់តម្លៃគ្រឿងឧបករណ៍អេឡិចត្រូនិក។

វៀតណាមមិនមែនជាប្រទេសចំណូលថ្មីសម្រាប់ឧស្សាហកម្មឧបករណ៍អេឡិចត្រូនិកនោះទេ។ រោងចក្រឧបករណ៍អេឡិចត្រូនិកដំបូងបង្អស់របស់ប្រទេសនេះ គឺរោងចក្រ Z181 ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៩ ដើម្បីផលិត និងនាំចេញសមាសធាតុឧបករណ៍អេឡិចត្រូនិកទៅកាន់ប្លុកខាងកើតក្នុងអំឡុងពេលនៃសង្គ្រាមត្រជាក់។

ការដួលរលំនៃសហភាពសូវៀត និងការហ៊ុមព័ទ្ធទៅលើការធ្វើពាណិជ្ជកម្មជាបន្តបន្ទាប់ បានបញ្ចប់កិច្ចខិតខំប្រឹងប្រែងលើកដំបូងរបស់ប្រទេសនេះក្នុងការអភិវឌ្ឍសមត្ថភាពលើឧបករណ៍អេឡិចត្រូនិក។

ប៉ុន្តែបំណងប្រាថ្នាដើម្បីចូលទៅក្នុងខ្សែច្រវ៉ាក់តម្លៃឧបករណ៍អេឡិចត្រូនិកសកលនៅតែមាន។ សម្រាប់មេដឹកនាំវៀតណាម គ្រឿងឧបករណ៍អេឡិចត្រូនិកបានផ្តល់ទាំងឱកាសសេដ្ឋកិច្ច និងផលប្រយោជន៍សន្តិសុខជាតិ។

ការចូលទៅក្នុងខ្សែច្រវ៉ាក់តម្លៃឧបករណ៍អេឡិចត្រូនិក មានន័យស្មើនឹងការចូលទៅក្នុងទីផ្សារពិភពលោកដែលត្រូវបានព្យាករណ៍ថា នឹងឈានដល់ទំហំទឹកប្រាក់ ១,៤ ទ្រីលានដុល្លារនៅឆ្នាំ ២០២៩ ជាមួយនិងអត្រាកំណើនប្រចាំឆ្នាំ ១២%។ វាក៏បានជួយពង្រឹងជំនាញដល់ប្រជាជនក្នុងស្រុក និងអ្នកឯកទេស, ជំរុញការអភិវឌ្ឍផ្នែកឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ដែលពាក់ព័ន្ធ និងបង្កើនតម្លៃក្នុងស្រុកបន្ថែមនៅក្នុងការផលិតគ្រឿងអេឡិចត្រូនិក។

ឧបករណ៍អេឡិចត្រូនិកក៏ជាបញ្ហាសំខាន់សម្រាប់សន្តិសុខជាតិផងដែរ។ ការពឹងផ្អែកលើការនាំចូលបន្ទះឈីប គឺធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសនេះងាយរងគ្រោះទៅនឹងការរំខាននៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងហានិភ័យនៃការឆ្លងមេរោគ ។

ការហាមប្រាមប្រទេសចិនមិនឱ្យធ្វើការនាំចេញបន្ទះឈីបរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យប្រទេសវៀតណាមកាន់តែមានការព្រួយបារម្ភចំពោះបញ្ហាដែលថា តើភាពខុសគ្នាខាងផ្នែកនយោបាយរបស់ខ្លួនជាមួយលោកខាងលិច អាចនាំឱ្យពួកគេមានជោគវាសនាស្រដៀងគ្នានៅពេលអនាគតដែរឬទេ។

ទីក្រុងហាណូយបានអនុម័តយុទ្ធសាស្ត្រមុខ ២ ដើម្បីកាត់បន្ថយនូវភាពងាយរងគ្រោះរបស់ខ្លួនចំពោះការគំរាមកំហែងពីខាងក្រៅទាំងនេះ។ ពួកគេបានរក្សានូវអព្យាក្រឹតការទូត នៅចំពេលកំពុងមានជម្លោះភូមិសាស្ត្រ នយោបាយ ហើយក៏បានធ្វើការពង្រឹងសមត្ថភាពក្នុងស្រុកបន្តិចម្តងៗនៅក្នុងដំណាក់កាលទាំង៣ នៃខ្សែច្រវ៉ាក់តម្លៃឧបករណ៍អេឡិចត្រូនិក ដែលរួមមានទាំងការរចនាបន្ទះឈីប ការផលិត និងការតម្លើងផ្នែកខាងមុខនិងខាងក្រោយ និងការធ្វើការសាកល្បង។

សូមអាន តើមានអ្វីទៅនៅពីក្រោយកិច្ចពិភាក្សា «ការទូតដើមឫស្សី» របស់ប្រទេសវៀតណាម?

គោលនយោបាយឧស្សាហកម្មនិងបច្ចេកវិទ្យារបស់វៀតណាមតែងតែផ្តល់នូវការលើកទឹកចិត្តខ្ពស់បំផុតសម្រាប់គម្រោងបច្ចេកវិទ្យាខ្ពស់ ដែលរួមមានទាំងការកាត់បន្ថយពន្ធលើប្រាក់ចំណូល សាជីវកម្ម និងកាត់បន្ថយពន្ធលើការលក់ និងការលើកលែងពន្ធលើការជួលដី។

នៅឆ្នាំ ២០២០ នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាបន្តចាកចេញពីប្រទេសចិន ប្រទេសវៀតណាមបានបង្កើតក្រុមការងារពិសេសមួយ ដើម្បីបញ្ចុះបញ្ចូលចំពោះការវិនិយោគផ្នែកបច្ចេកវិទ្យាខ្ពស់ ដោយផ្តល់នូវការ លើកទឹកចិត្តច្រើនជាងអ្វីដែលមាននៅក្នុងច្បាប់ដែលមានស្រាប់។ នាយករដ្ឋមន្ត្រីវៀតណាមបានជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ខរបស់ពិភពលោក ដើម្បីលើកទឹកចិត្តឱ្យមានការវិនិយោគនៅលើ ឧបករណ៍អេឡិចត្រូនិកបន្ថែមទៀត។

ការលើកទឹកចិត្តមិនមែនជាហេតុផលតែមួយគត់ដែលធ្វើឱ្យក្រុមហ៊ុនពហុជាតិសាសន៍ បង្ហូរប្រាក់រាប់ពាន់លានដុល្លារទៅក្នុងប្រព័ន្ធអេកូឡូស៊ីឧបករណ៍អេឡិចត្រូនិករបស់វៀតណាមនោះទេ។

អត្ថប្រយោជន៍មួយរបស់វៀតណាមដែលធ្វើឱ្យពួកគេមានប្រៀបជាងបណ្តាប្រទេសជិតខាងក្នុងតំបន់ គឺការប្រមូលផ្តុំនូវប្រជាជនដែលមានទេពកោសល្យផ្នែកវិស្វកម្មវ័យក្មេង និងមានតម្លៃទាប។ ជាង ៤០% នៃនិស្សិតដែលបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ និងសកលវិទ្យាល័យនៅក្នុងប្រទេសវៀតណាម គឺបានធ្វើការសិក្សាលើផ្នែកវិទ្យាសាស្ត្រនិងវិស្វកម្ម ហើយវៀតណាមបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសទាំង ១០ ដែលមាននិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មច្រើនជាងគេ។

នៅពេលដែលហានិភ័យនៃការពឹងផ្អែកទាំងស្រុងទៅលើកំណើនរបស់ប្រទេសចិនបានកើនឡើង ក្រុមហ៊ុនឧបករណ៍អេឡិចត្រូនិកបានរកឃើញថា ប្រទេសវៀតណាមជាជម្រើសដ៏ជោគជ័យមួយសម្រាប់យុទ្ធសាស្រ្ត China Plus One របស់ពួកគេ។ ចង្កោមផលិតកម្មដែលស្ថិតនៅភាគខាងជើងរបស់ប្រទេសនេះគឺមានចម្ងាយត្រឹមតែ ១២ ម៉ោងប៉ុណ្ណោះពីទីក្រុង Shenzhen ដែលជាមជ្ឈមណ្ឌលផលិតកម្មរបស់ប្រទេសចិន ហើយវាអាចធានាបាននូវការរំខានតិចតួចបំផុតដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សម្រាប់អ្នកដែលចង់ធ្វើពិពិធកម្ម។

វៀតណាមក៏ជាប្រទេសដែលមានសេដ្ឋកិច្ចបើកចំហបំផុតមួយនៅក្នុងពិភពលោក ដោយពួកគេមានមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៥, មានបរិយាកាសធុរកិច្ចដែលល្អប្រសើរ និងមានរដ្ឋាភិបាលដែលមានស្ថិរភាព មានផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមច្បាស់លាស់។ ការមានភាពអព្យាក្រឹតលើផ្នែកភូមិសាស្ត្រនយោបាយរបស់ប្រទេសនេះ គឺជាចំណុចវិជ្ជមានមួយទៀតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាដែលកំពុងស្វែងរកទីតាំងដែលមានហានិភ័យទាបក្នុងការផលិត និងការនាំចេញ។

ឧស្សាហកម្មផ្នែកឧបករណ៍អេឡិចត្រូនិករបស់វៀតណាមកំពុងវិវត្តន៍យ៉ាងលឿននៅគ្រប់ដំណាក់កាលនៃខ្សែច្រវ៉ាក់តម្លៃ។

ក្រុមហ៊ុន Synopsys ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងការរចនាបន្ទះឈីប កំពុងធ្វើការផ្លាស់ប្តូរការវិនិយោគ និងបណ្តុះបណ្តាលផ្នែកវិស្វកម្មរបស់ខ្លួន ពីប្រទេសចិនទៅកាន់វៀតណាម។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ខរបស់កូរ៉េខាងត្បូង គឺក្រុមហ៊ុន Amkor Technology ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីឆ្នាំ ២០២១ ដើម្បីបង្កើតរោងចក្រផលិឧបករណ៍អេឡិចត្រូនិកដែលមានតម្លៃ ១,៦ ពាន់លានដុល្លារនៅក្នុងខេត្ត Bac Ninh ផងដែរ។

នៅពេលថ្មីៗនេះ ក្រុមហ៊ុន Intel បានបញ្ជូនថវិកាបន្ថែមចំនួន ៤៧៥ លានដុល្លារអាមេរិកទៅក្នុងរោងចក្រតម្លើង និងសាកល្បងរបស់ខ្លួននៅវៀតណាមដែលកំពុងផលិតផលស្នូលរបស់ខ្លួន។

សាជីវកម្មបច្ចេកវិជ្ជាក្នុងស្រុកក៏បានបើកដំណើរការបណ្តាញឧបករណ៍អេឡិចត្រូនិកកម្រិតទាបរបស់ពួកគេសម្រាប់កម្មវិធីជាច្រើនផងដែរ ហើយគម្រោងបែបនេះកំពុងក្លាយជាការចាក់គ្រឹះសម្រាប់ធ្វើឱ្យមានការវិនិយោគបន្ថែមទៀត។

ជំហានបន្ទាប់សម្រាប់វៀតណាមគឺត្រូវឈានទៅហួសពីអ្វីដែលជាការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសដើម្បីធ្វើសមាហរណកម្មពហុជាតិចូលទៅក្នុងសេដ្ឋកិច្ចរបស់ខ្លួន។ ភាពទន់ខ្សោយនៅក្នុងបរិយាកាសនៃការវិនិយោគរបស់ប្រទេសនេះ ដែលរួមមានទាំងការដើរថយក្រោយនៃផ្នែកហេដ្ឋារចនាសម្ព័ន្ធ, ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាទន់ខ្សោយ, នីតិវិធីដ៏ស្មុគស្មាញ, បណ្តាញអ្នកផ្គត់ផ្គង់ដែលមិនទាន់អភិវឌ្ឍន៍ និងកង្វះជំនាញក្នុងស្រុក គឺជាបញ្ហាដែលពួកគេត្រូវតែធ្វើការដោះស្រាយជាបន្ទាន់។

វៀតណាមគួរតែប្រើប្រាស់ធនធាននិងជំនាញរបស់វិនិយោគិនបរទេស ដើម្បីជំរុញការកែលម្អនៅក្នុងប្រព័ន្ធអេកូឡូស៊ីឧបករណ៍អេឡិចត្រូនិករបស់ខ្លួន។ កិច្ចព្រមព្រៀងស្តីពីការបណ្តុះបណ្តាលការរចនាបន្ទះឈីប នៅពេលថ្មីៗនេះ រវាងក្រុមហ៊ុន Synopsys និង Saigon Hi-Tech Park គឺជាជំហានដែលគួរឱ្យសាទរនៅក្នុងទិសដៅនេះ។

អ្វីដែលជាឧទាហរណ៍មួយទៀតនោះ គឺកម្មវិធីអភិវឌ្ឍន៍អ្នកផ្គត់ផ្គង់ក្នុងស្រុករបស់ក្រុមហ៊ុន Samsung ដែលត្រូវបានរៀបចំរួមគ្នាជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសថៃ ដែលបានអនុញ្ញាតឱ្យអ្នកផ្គត់ផ្គង់ក្នុងស្រុកជាច្រើនអាចធ្វើការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិបាន។

អ្វីដែលវៀតណាមមិនគួរធ្វើនោះ គឺការព្យាយាមជ្រើសរើសអ្នកឈ្នះដើម្បីទទួលបានសមត្ថភាពឯករាជ្យក្នុងវិស័យឧបករណ៍អេឡិចត្រូនិក។

ការការពារសហគ្រាសក្នុងស្រុកពីការប្រកួតប្រជែងពីបរទេសហើយនិងការផ្តល់នូវការឧបត្ថម្ភធនចំពោះប្រតិបត្តិការរបស់ពួកគេ គឺគ្រាន់តែជាការបន្តប្រើប្រាស់ធនធានក្នុងស្រុកដោយគ្មានប្រសិទ្ធភាពតែប៉ុណ្ណោះ។ គោលនយោបាយគួរតែត្រូវបានផ្តោតទៅលើការបង្កើតបរិយាកាសធុរកិច្ច ដែលអាចធ្វើឱ្យគ្រប់ភាគីទាំងអស់ ទាំងក្រុមហ៊ុនបរទេសនិងក្រុមហ៊ុនក្នុងស្រុក អាចរីកចម្រើនបាន៕

East Asia Forum

អត្ថបទទាក់ទង