ខ្មែរប៉ុស្ដិ៍ Close

ភាពប្រេះស្រាំកំពុងបង្ហាញវត្តមាននៅក្នុងអព្ភូតហេតុសេដ្ឋកិច្ចរបស់វៀតណាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 8
ភាពប្រេះស្រាំកំពុងបង្ហាញវត្តមាននៅក្នុងអព្ភូតហេតុសេដ្ឋកិច្ចរបស់វៀតណាម ហាង​លក់សម្លៀក​បំពាក់​ដែលផលិតនៅ​ក្នុង​ស្រុក​ នៅ​កណ្តាល​ក្រុង​ហាណូយ។ រូបថត៖ AFP/Hoang Dinh Nam

បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការរាំងស្ទះដោយសារវីរុសកូវីដ-១៩ បូករួមនឹងកំណើន GDP ចន្លោះពី ២% ទៅ ៣% សេដ្ឋកិច្ចរបស់វៀតណាមបានវិលត្រឡប់មកវិញយ៉ាងរឹងមាំនៅឆ្នាំ ២០២២។ ការព្យាករបាន បង្ហាញថា «វៀតណាមអាចទទួលបានកំណើន GDP ប្រហែល ៧,៥% សម្រាប់ឆ្នាំ ២០២២ ដោយបានថយចុះពីកំណើន GDP ចំនួន ៨,៨% ដែលទទួលបាននៅក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំដដែល»។

ការនាំចេញចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០២២ បានកើនឡើងច្រើនជាងការនាំចូល ជាមួយនឹងកំណើន ១៣% សម្រាប់ការនាំចេញ និង ១០% សម្រាប់ការនាំចូល ដែលជាហេតុបង្កើតឱ្យមានអតិរេកពាណិជ្ជកម្មតិចតួចប៉ុណ្ណោះ។ វិស័យទេសចរណ៍បានស្ទុះងើបឡើងវិញពីកម្រិតទាបនៅក្នុងឆ្នាំ ២០២១ ដែលបានផ្តល់ជាការគាំទ្រយ៉ាងរឹងមាំដល់វិស័យសេវាកម្ម។

ការផលិតនិងវិស័យឧស្សាហកម្មបានកើនឡើងជិត ៩% រហូតដល់ចុងខែវិច្ឆិកា។ ប៉ុន្តែការធ្លាក់ចុះនៃការបញ្ជាទិញនូវផលិតផលនាំចេញបានកើតមាន ដែលអាចធ្វើឱ្យកម្មកររោងចក្ររាប់សែននាក់ប្រឈមមុខនឹងការបាត់បង់ការងារធ្វើ (យោងតាមរបាយការណ៍ក្រៅផ្លូវការ)។ នេះគឺជាការព្រួយបារម្ភដ៏ធំ ជាពិសេសប្រសិនបើនិន្នាការនេះនៅបន្តនៅក្នុងឆ្នាំ ២០២៣។

ក្រុមហ៊ុនវៀតណាមបានផ្តល់សំណងតិចតួចប៉ុណ្ណោះដល់កម្មករ ដែលត្រូវបានបញ្ឈប់ពីការងារ ជាពិសេសសម្រាប់កម្មករដែលមានប្រវត្តិបម្រើការងារបានតិចឆ្នាំ។ មូលបត្របំណុលសាជីវកម្ម (Corporate Bond) ក៏បានជួបប្រទះនឹងបញ្ហាផងដែរ ជាពិសេសក្រុមហ៊ុនអចលនទ្រព្យ ដោយក្នុងនោះមូលបត្របំណុលរាប់ពាន់លានដុល្លារត្រូវបានកំណត់ឡើងវិញជាប្រាក់ដុងរបស់វៀតណាមនៅក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣។

ភាគច្រើននៃមូលបត្រទាំងនេះត្រូវបានលក់តាមរយៈភា្នក់ងារឯកជន ហើយបន្ទាប់មកត្រូវបានលក់បន្តទៅឱ្យអ្នកវិនិយោគក្នុងស្រុក។ ជាមួយនឹងឥណទានដ៏តឹងរ៉ឹង ដែលមួយផ្នែកបណ្ដាលមកពីការប្រើប្រាស់ទុនបម្រុង ប្តូរប្រាក់បរទេសរបស់វៀតណាម ដើម្បីផ្តល់ការគាំទ្រដល់រូបិយបណ្ណរបស់ខ្លួន វាបានបង្កការលំបាកមួយចំនួនដល់ក្រុមហ៊ុននានាក្នុងការផ្តល់ហិរញ្ញប្បទានឡើងវិញ។

វិធានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់វៀតណាមបានចាប់ផ្តើមស៊ើបអង្កេតលើការផ្ទេរដីធ្លីមួយចំនួនដោយក្រុមហ៊ុនអចលនទ្រព្យ ដែលជាហេតុបង្កឱ្យមានការសង្ស័យលើសិទ្ធិក្នុងការទទួលបានកម្មសិទ្ធិស្របច្បាប់ពេញលេញ ឬសិទ្ធិគ្រប់គ្រងលើដីធ្លីដែលមានភាពចាំបាច់សម្រាប់គម្រោងរបស់ពួកគេ។

វាក៏បានបង្កនូវការលំបាកផងដែរដល់បណ្តាធនាគារ ក្នុងការផ្តល់នូវហិរញ្ញប្បទានដល់គម្រោង ក៏ដូចជាការលំបាកសម្រាប់ជនបរទេសក្នុងការទិញអចលនទ្រព្យ។ បញ្ហានេះអាចបង្កជាសម្ពាធដល់ក្រុមហ៊ុនជាច្រើន ប្រសិនបើវាមិនមានដំណោះស្រាយឱ្យបានសមស្របទេនោះ។ ប៉ុន្តែបញ្ហាអចលនទ្រព្យទាំងនេះនឹងមិនមានទំហំធំធេងដូចនៅក្នុងប្រទេសចិនទេ ហើយវាគួរតែជាបញ្ហាដែលអាចគ្រប់គ្រង និងដោះស្រាយបាននៅក្នុងប្រទេសវៀតណាម។

វាពិតជាមានចំណុចខ្លាំងមួយចំនួនដែលអាចជួយកាត់បន្ថយបញ្ហាប្រឈមទាំងនេះ។ អត្រាអតិផរណាត្រូវបានរាយការណ៍នៅក្នុងតួលេខមួយខ្ទង់ដ៏ទាប បើទោះបីជាមនុស្សជាច្រើនបានត្អូញត្អែរថា «អត្រាអតិផរណាពិតប្រាកដអាចមានចំនួនខ្ពស់ជាងនេះ» ក៏ដោយ។ តម្លៃរូបិយបណ្ណបានធ្លាក់ចុះត្រឹមតែប្រហែល ៥% ប៉ុណ្ណោះ បើធៀបនឹងប្រាក់ដុល្លារអាមេរិក បើគិតត្រឹមដើមខែធ្នូ ឆ្នាំ ២០២២ ដែលនេះគឺជាភាគរយដែលទាបជាងប្រទេសជាច្រើន។

ប្រាក់ដុងរបស់វៀតណាមបានឡើងថ្លៃ ខណៈពេលដែលរូបិយបណ្ណអាស៊ីផ្សេងទៀតបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ 2022។ រូបភាព៖ Facebook

គោលនយោបាយសារពើពន្ធត្រូវបានរឹតបន្តឹងហើយធនាគារវៀតណាមភាគច្រើនបានបន្តស្ថិតនៅក្នុងជំហរដ៏រឹងមាំជាមួយនឹងដើមទុនគ្រប់គ្រាន់។ លំហូរចូលដ៏ខ្ពស់នៃមូលធននិងការសម្រេចបាននូវការវិនិយោគពីបរទេស បានបង្ហាញថា «នៅពេលដែលសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ លំហូរនៃកម្មករដែលមានប្រភពមកពីវិស័យកសិកម្មដែលមានផលិតភាពទាបឆ្ពោះទៅរកការផលិតដែលមានផលិតភាពខ្ពស់នឹងកើតមាននៅក្នុងប្រទេសវៀតណាម»។ បញ្ហានេះនឹងបង្កើនតម្រូវការនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងទីក្រុង បើទោះបីជាកំណើនប្រជាជននៅតែមានកម្រិតទាបក៏ដោយ។

ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងវិស័យផលិតកម្មក៏នឹងផ្តល់ការគាំទ្រដល់កំណើនផងដែរ បូករួមនឹងការផ្តល់សន្ទុះដល់ការពង្រឹងការផ្លាស់ប្តូររចនាសម្ព័ន្ធនៃសេដ្ឋកិច្ច។ ផែនការបញ្ឈប់ ឬកាត់បន្ថយការសាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្ម នឹងជួយកាត់បន្ថយការធ្លាក់ចុះនៃតម្លៃទ្រព្យសម្បត្តិ និងការបំពុលបរិស្ថាន។

ទន្ទឹមនឹងនេះដែរ ការចូលរួមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មកំពុងផ្តល់ឱ្យវៀតណាមនូវលទ្ធភាពក្នុងការចូលទៅកាន់ទីផ្សារពិភពលោក ខណៈដែលរដ្ឋាភិបាលវៀតណាមបានបន្តរំពឹងថា «ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិននិងអាមេរិក នឹងមិនបង្កការរារាំងដល់ប្រទេសវៀតណាមនោះទេ ក្នុងការទាញយកអត្ថប្រយោជន៍ពេញលេញពីតួនាទីរបស់ខ្លួនក្នុងនាមជាមូលដ្ឋានផ្គត់ផ្គងរបស់អាមេរិក ទន្ទឹមនឹងការត្រូវបន្តពឹងផ្អែកលើការនាំចូលផលិតផលពាក់កណ្តាលសម្រេចពីប្រទេសចិន»។

នៅឆ្នាំ ២០២៣ មនុស្សមួយចំនួនបានព្យាករថា «កត្តាជំរុញសេដ្ឋកិច្ចនឹងលែងពឹងផ្អែកលើការនាំចេញ ឬការចំណាយរបស់អតិថិជនទៀតហើយ»។ ផ្ទុយទៅវិញការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍នៅពេលដែលប្រទេសចិនបានបន្ធូរបន្ថយវិធានការកូវីដ-១៩ រួមជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃការវិនិយោគរបស់រដ្ឋាភិបាលនឹងជួយជំរុញសេដ្ឋកិច្ចរបស់វៀតណាមឆ្ពោះទៅរកគោលដៅកំណើន GDP ចំនួន ៦,៥%។

វាគឺជាគោលដៅប្រកបដោយមហិច្ឆតា និងជាគោលដៅមួយដែលអាចនឹងពិបាកទៅដល់ប្រសិនបើសេដ្ឋកិច្ចពិភពលោក ឬទីផ្សារនាំចេញសំខាន់ៗរបស់វៀតណាមនៅសហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និងចិនរងនូវការធ្លាក់ចុះ។

ការវិនិយោគផ្ទាល់ពីបរទេសអាចនឹងនៅតែមានភាពរឹងមាំ ប្រសិនបើក្រុមហ៊ុននានាបន្តរើចេញពីប្រទេសចិនដោយសារការព្រួយបារម្ភអំពីអស្ថិរភាពនៃគោលនយោបាយរបស់ចិន ជាពិសេសទាក់ទងនឹងការបិទខ្ទប់ដោយសារវីរុសកូវីដ-១៩ ក៏ដូចជាការព្រួយបារម្ភអំពីភាពតានតឹងរវាងចិនជាមួយនឹងបណ្តាប្រទេសសំខាន់ៗផ្សេងទៀត។

កម្មកររោងចក្រវៀតណាមធ្វើការនៅជាប់ៗគ្នាជាជួរ។ រូបភាព៖ Facebook

ជាក់ស្តែង នៅចុងទសវត្សរ៍នេះ វៀតណាមអាចនឹងជួបប្រទះនឹងកង្វះខាតកម្លាំងពលកម្មនៅតាមទីជនបទ ដោយសារមនុស្សជាច្រើននឹងចាកចេញមកកាន់ទីក្រុង ដើម្បីធ្វើការនៅក្នុងរោងចក្រ។ កម្មករនៅតាមកសិដ្ឋានមានចំនួន ២៤,៥ លាននាក់ក្នុងឆ្នាំ ២០១៤ ក៏ប៉ុន្តែបានធ្លាក់ចុះមកនៅត្រឹម ១៤,២ លាននាក់ក្នុងឆ្នាំ ២០២១ (យោងតាមទិន្នន័យពីធនាគារអភិវឌ្ឍន៍អាស៊ី)។

ប្រសិនបើនិន្នាការនេះនៅតែបន្តកើតមាននៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ កម្មករដែលនៅសេសសល់នៅក្នុងវិស័យកសិកម្មនឹងមានចំនួនកាន់តែតិចខ្លាំង ហើយភាគច្រើនអាចជាកម្មករវ័យចំណាស់ ដែលមិនចាប់អារម្មណ៍នឹងការងាររោងចក្រ។ កត្តាជំរុញកំណើនដ៏លឿននៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ អាចនឹងរងនូវការជាប់គាំង ហើយកំណើនកម្លាំងពលកម្មអាចនឹងរងនូវការថយចុះ។

នៅពេលនោះ កំណើន GDP អាចនឹងថយចុះមកនៅត្រឹម ៥% ឬតិចជាងនេះ លុះត្រាតែផលិតភាពនៅគ្រប់វិស័យនៃសេដ្ឋកិច្ចអាចកើនឡើងលឿនជាងមុន។ ទាំងនេះគឺជាបញ្ហាប្រឈមរយៈពេលមធ្យមសម្រាប់ប្រទេសវៀតណាម ដែលបង្កឡើងដោយសារការផ្លាស់ប្តូរប្រភពនៃកំណើនរបស់ខ្លួនទៅពឹងផ្អែកលើផលិតភាពជាជាងការបែងចែកកម្លាំងពលកម្មតាមរយៈការធ្វើចំណាកស្រុក។

ប៉ុន្តែនៅឆ្នាំ ២០២៣ ជាមួយនឹងការសន្មត់ថា «វានឹងមិនមានគ្រោះមហន្តរាយធម្មជាតិធំដុំណាមួយកើតឡើង» វាគួរតែអាចទៅរួចសម្រាប់ប្រទេសវៀតណាមក្នុងការរក្សាសន្ទុះសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេស ប្រសិនបើបរិយាកាសពិភពលោកមានភាពល្អប្រសើរជាងមុននៅឆ្នាំនេះ៕

Asia Times

អត្ថបទទាក់ទង