កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅពេលខាងមុខ កំពុងប្រឈមមុខនឹងភារកិច្ចដ៏លំបាក
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) នៅសប្តាហ៍ក្រោយនឹងក្លាយជាការធ្វើតេស្តសាកល្បងដែលមិនធ្លាប់មានពីមុនមកលើមជ្ឈភាព និងសារៈសំខាន់របស់អាស៊ាន។ កិច្ចប្រជុំនៅក្នុងឆ្នាំនេះនឹងត្រូវជួបប្រទះនឹងបញ្ហារសើបថ្មីៗជាច្រើនដែលទាមទារឱ្យប្លុកនេះត្រូវចេះប្រើប្រាស់ភាពឆ្លាតវៃ, ការប្តេជ្ញាចិត្តនិងចក្ខុវិស័យជាសមូហភាព របស់ខ្លួន។
សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៅពេលខាងមុខ បញ្ហាដែលស្ថិតនៅខាងក្រៅតំបន់នឹងគ្របដណ្តប់លើរបៀបវារៈនៃកិច្ចប្រជុំ។ ឥទ្ធិពលនៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន, ជម្លោះនៅមីយ៉ាន់ម៉ា និងការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តគឺជាបញ្ហាដ៏ក្តៅគគុកចំនួន៣ ដែលបណ្តាប្រទេសជាសមាជិកអាស៊ាននឹងត្រូវចំណាយពេលដើម្បីធ្វើការពិភាក្សា។
ចំណុចអាទិភាពទាំង ៣៦ ដែលត្រូវបានកំណត់ដោយកម្ពុជានៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៅខេត្តសៀមរាបកាលពីខែមករាកន្លងមក នឹងនៅតែមានសារៈសំខាន់សម្រាប់អាស៊ាន។ អាស៊ានពិតជាបានបង្ហាញនូវវឌ្ឍភាព នៅក្នុងសសរស្តម្ភសំខាន់ៗមួយចំនួន ក៏ប៉ុន្តែកិច្ចការទាំងនេះមិនទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីផលប្រយោជន៍របស់អាស៊ាននៅក្នុងសហគមន៍អន្តរជាតិ ការដោះស្រាយបញ្ហាខាងក្រៅនឹងក្លាយជារឿងដ៏ចាំបាច់។ សម្រាប់ផ្នែកការទូត ប្រទេសជាសមាជិកអាស៊ានមានទស្សនៈ និងគោលជំហរផ្សេងៗគ្នាចំពោះការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយបើទោះបីជាពួកគេមានទស្សនៈខុសៗគ្នាក៏ដោយ ក៏ពួកគេនៅតែអាចចេញនូវ សេចក្តីថ្លែងការណ៍រួមចំនួន ៣ ដើម្បីបញ្ជាក់ឡើងវិញនូវគោលជំហររួមរបស់ពួកគេដែរ។
អាស៊ានកំពុងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់, ការចរចាដោយសន្តិវិធី, ការផ្តល់ជំនួយមនុស្សធម៌ និងការស៊ើបអង្កេតដោយពេញលេញទៅលើអំពើដ៏ឃោរឃៅនៅក្នុងប្រទេសអ៊ុយក្រែន។ អាស៊ានក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរក្នុងការជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព។
ប្រសិនបើសង្រ្គាមនៅតែបន្តអូសបន្លាយ វានឹងបង្កផលប៉ះពាល់កាន់តែខ្លាំងមកលើប្លុកទាំងមូល។ អាស៊ានបានអញ្ជើញប្រទេសរុស្ស៊ីនិងមេដឹកនាំរបស់រុស្ស៊ីឱ្យមកចូលរួមកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រី AMM និងកិច្ចប្រជុំកំពូលរបស់អាស៊ាន «បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់យ៉ាងចាស់ដៃទៅលើការឈ្លានពាននៅអ៊ុយក្រែនក៏ដោយ»។
ក្នុងចំណោមអតីតប្រទេសទាំង៣ ដែលធ្លាប់ទទួលបានជំនួយពីអតីតសហភាពសូវៀត «កម្ពុជាហាក់មានសេរីភាពច្រើនជាងប្រទេសវៀតណាម និងឡាវ» ហើយកម្ពុជាក៏មិនសូវមានការពឹងផ្អែកទៅលើប្រទេសរុស្ស៊ីនោះដែរ នៅក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងឆ្នាំ ១៩៩១។
«ជំហររបស់កម្ពុជាចំពោះជម្លោះនេះ ហាក់មានភាពស្រដៀងគ្នាច្រើនជាមួយនឹងបណ្តាប្រទេសលោកខាងលិច»។ ប្រទេសកម្ពុជា, ឥណ្ឌូណេស៊ី និងថៃ បានចេញសេចក្តីថ្លែងការណ៍រួមកាលពីដើមខែឧសភា ដើម្បីបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចប្រជុំអន្តរជាតិ ដែលពួកគេកំពុងធ្វើជាម្ចាស់ផ្ទះនៅពេលបច្ចុប្បន្ន។ ពួកគេបានដឹងថា «ប្រទេសលោកខាងលិចនឹងនាំមកនូវជម្លោះរបស់អឺរ៉ុបមកកាន់ឆាកការទូតរបស់តំបន់អាស៊ីអាគ្នេយ៍ ហើយពួកគេក៏ចង់បានការគាំទ្រពីអាស៊ានដែរ»។
សេចក្តីថ្លែងការណ៍រួមខាងលើបានបញ្ជាក់ឡើងវិញយ៉ាងខ្លីថា «កិច្ចប្រជុំទាំងនេះនឹងផ្តល់នូវឱកាសដ៏ពិសេសមួយដែលអាចឱ្យបណ្តាប្រទេសដែលចូលរួមទាំងអស់ធ្វើការរួមគ្នា ដើម្បីជំរុញរបៀបវារៈ និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីនាំមកនូវសន្តិភាព, វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នដល់ប្រជាជនរបស់យើងទាំងអស់គ្នា»។ សរុបសេចក្តីមក សេចក្តីថ្លែងការណ៍ចង់បញ្ជាក់ថា «សូមកុំធ្វើការអុកឡុក។ សូមទុកឱ្យយើងធ្វើការងាររបស់យើង ដែលនោះគឺការលើកកម្ពស់កិច្ចសន្ទនា, កិច្ចសហប្រតិបត្តិការ និងសន្តិភាព»។
មេដឹកនាំអាស៊ានសង្ឃឹមថា «ការអំពាវនាវរបស់ពួកគេនឹងទទួលបានការស្វាគមន៍» ហើយពួកគេក៏សង្ឃឹមដែរថា «សង្រ្គាមនៅអ៊ុយក្រែននឹងអាចបញ្ចប់នៅមុនកិច្ចប្រជុំកំពូលនៅក្នុងតំបន់ដើម្បីអាចអោយពួកគេមានពេលវេលាគ្រប់គ្រាន់ដើម្បីពង្រឹងការសន្ទនា និងការផ្សះផ្សា»។ ឥណ្ឌូណេស៊ីនិងថៃបានជួបប្រទះរួចហើយនូវសង្គ្រាមការទូតកូនអុក (Diplomatic Proxy War) នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ចរបស់ក្រុមប្រទេស G20 ក៏ដូចជាកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីពាណិជ្ជកម្ម Apec ឆ្នាំ ២០២២។
នៅក្នុងកិច្ចប្រជុំខាងលើ ប្រទេសខ្លះបានដើរចេញ ហើយសេចក្តីថ្លែងការណ៍រួមក៏មិនត្រូវបានចេញនោះដែរ ដោយសារតែការធ្វើពហិការរបស់ប្រទេសលោកខាងលិចចំពោះការចូលរួមរបស់ប្រទេសរុស្ស៊ី។ ប្រសិនបើសង្រ្គាមនៅតែបន្ត កិច្ចប្រជុំកំពូលទាំង៣ នឹងត្រូវក្លាយជាចំណាប់ខ្មាំងរបស់ក្រុមប្រទេសដែលកំពុងតែមានការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន។
ពាក់ព័ន្ធនឹងបញ្ហាក្នុងតំបន់ វិបត្តិនៅមីយ៉ាន់ម៉ាក៏កំពុងតែឈានដល់ដំណាក់កាលដ៏សំខាន់មួយ។ ក្នុងរយៈពេល ៥ ខែខាងមុខ ប្រសិនបើប្រទេសមីយ៉ាន់ម៉ាមិនអាចសម្រេចបាននូវ «វឌ្ឍនភាពសំខាន់ៗ» នៅក្នុងការអនុវត្តចំណុចកុងសង់ស៊ីសទាំង ៥ ទេ ឱកាសសម្រាប់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ក្នុងការវិលត្រលប់មកកាន់គ្រួសារអាស៊ានវិញ ក៏អាចជួបប្រទះនឹងបញ្ហាផងដែរ។
ទីក្រុង Nay Pyi Taw នឹងមានឱកាសមួយផ្សេងទៀតដើម្បីបង្ហាញការឆ្លើយតបជាវិជ្ជមាន ខណៈដែលប្រេសិតពិសេសរបស់អាស៊ាននឹងទៅបំពេញទស្សនកិច្ចទៅកាន់ទីនោះនៅ ដើមខែកញ្ញាខាងមុខជាលើកទី៣។ «គេពិតជាកោតសរសើរចំពោះប្រទេសកម្ពុជានិងមេដឹកនាំកម្ពុជា ដែលបានព្យាយាមបង្កើតបរិយាកាសអំណោយផលសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមនៅ ក្នុងដំណើរការស្វែង រកសន្តិភាពតាមរយៈ ចំណុចកុងសង់ស៊ីសទាំង ៥ »។
ប៉ុន្តែការធ្វើនយោបាយជាក់ស្តែងតែងមានភាពប្រែប្រួលយ៉ាងឆាប់រហ័ស និងឃោរឃៅ ហើយរហូតមកដល់ពេលនេះ វានៅមិនទាន់មានភាគីពាក់ព័ន្ធណាមួយដែលហ៊ានលះបង់ដើម្បីចាប់ផ្តើមបង្កើតនូវកិច្ចសន្ទនានយោបាយដ៏ចាំបាច់នោះទេ។ ភាគីទាំងអស់នៅតែបន្តការប្រយុទ្ធគ្នា ដែលបានបណ្តាលឱ្យជនស៊ីវិលស្លាប់យ៉ាងច្រើន ហើយការគិតថា «ពួកគេអាចយកឈ្នះនៅក្នុងសង្រ្គាមនេះបាន» គឺជារឿងដ៏ខុសឆ្គង។
ដំណើរទស្សនកិច្ចចុងក្រោយបង្អស់របស់ប្រេសិតពិសេសអាស៊ាន មិនបានបង្កើតឱ្យមានវឌ្ឍនភាពណាមួយដែលអាចធានាបាននូវការចូលរួមរបស់រដ្ឋមន្ត្រីការបរទេស SAC គឺលោក Wunna Maung Lwin នៅ ក្នុងកិច្ចប្រជុំខាងមុខនោះទេ។ រហូតមកដល់ពេលនេះ លោកប្រាក់ សុខុន បាននិងកំពុងព្យាយាមជូនដំណឹងដល់ភាគីពាក់ព័ន្ធ និងសាធារណជនទាំងនៅក្នុងនិងក្រៅប្រទេសមីយ៉ាន់ម៉ា អំពីជំហរនិងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់អាស៊ាន។
លោកបានផ្តល់នូវព័ត៌មានលម្អិតអំពី ដំណើរទស្សនកិច្ច ២ លើកចុងក្រោយរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យសហគមន៍អន្តរជាតិអាចវិនិច្ឆ័យអំពីតម្លៃនិងតួនាទីរបស់ប្រេសិតពិសេស ក៏ដូចជាការងារដែលកំពុងតែបន្តដំណើរការ។ ជាក់ស្តែង ឋានៈរបស់ប្រេសិតពិសេសអាស៊ាននៅតែជាប្រធានបទដ៏ស្មុគស្មាញដែលអាចនឹងត្រូវបានគេលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅក្នុងខែសីហាខាងមុខ។
រដ្ឋមន្ត្រីអាស៊ានបានយល់យ៉ាងច្បាស់ថា «ការផ្លាស់ប្តូរវេនពិតជាមិនបានផ្តល់នូវពេលវេលាគ្រប់គ្រាន់ដែលជាហេតុអាចបង្កការលំបាកដល់ការគ្រប់គ្រង និងការតាមដានលើគ្រប់បញ្ហាទាំងអស់ដើម្បីឈានទៅស្វែងរក ដំណោះស្រាយចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ»។
វាអាចទៅរួចដែលថា «អាស៊ាននឹងពិចារណាបង្កើតនូវរូបមន្តថ្មីដើម្បីធ្វើការជ្រើសរើសប្រេសិតពិសេសជាអចិន្ត្រៃយ៍នៅលេខាធិការដ្ឋានអាស៊ាននៅក្នុងទីក្រុងហ្សាកាតា ហើយប្រេសិតថ្មីនឹងត្រូវបន្តធ្វើការ មិនថាក្រោមការដឹកនាំរបស់ប្រធានណានោះឡើយ (ដោយមានការកំណត់អាណត្តិ) ដើម្បីតាមដានវឌ្ឍនភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
ក្នុងនាមជាប្រធានអាស៊ានបន្ទាប់ ប្រទេសឥណ្ឌូណេស៊ីនឹងមានឥទ្ធិពលក្នុងការចាត់តាំងប្រេសិតពិសេសអាស៊ាន ហើយទីក្រុងហ្សាការតាបានផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់អ្នកការទូតជើងចាស់របស់ខ្លួនគឺលោក Hassan Wirajuda សម្រាប់តំណែងនេះ។ ប្រទេសម៉ាឡេស៊ី ដែលពីមុនបានស្នើនូវគំនិតក្នុងការតែងតាំងប្រេសិតពិសេសអចិន្ត្រៃយ៍នេះ ក៏មានបេក្ខជនសំណព្វចិត្តរបស់ខ្លួនផងដែរ គឺអតីតប្រេសិតពិសេសទទួលបន្ទុកលើប្រទេសមីយ៉ាន់ម៉ា លោក Tan Sri Ismail Razali។
អ្វីដែលជាបញ្ហាមួយទៀតនោះគឺការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្ត។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រោយពីទីក្រុង Dili បានបញ្ជាក់ថា «ប្រទេសខ្លួនចង់ចូលរួមជាមួយអាស៊ាននៅក្នុងឆ្នាំ ២០០២» ទាំងគុណសម្បត្តិ និងគុណវិបត្តិនៃការបញ្ចូលប្រទេសដែលមានប្រជាធិបតេយ្យវ័យក្មេងជាងគេ និងជាប្រទេសក្រីក្របំផុតរបស់ពិភពលោក ឱ្យក្លាយជាសមាជិកអាស៊ាន ត្រូវបានលើកយកមកពិភាក្សាយ៉ាងទូលំទូលាយ។
ប៉ុន្តែ មេដឹកនាំអាស៊ានដែលបានដឹងយ៉ាងច្បាស់អំពីផលប៉ះពាល់រយៈពេលវែងនៃការបញ្ចូលសមាជិកទី ១១ នេះ មិនបានសាទរចំពោះរឿងនេះទេ ហើយពួកគេក៏កម្រនិយាយអំពីរឿងនេះដែរ។ រហូតមកដល់ថ្ងៃនេះ ជោគវាសនានៃសមាជិកភាពអាស៊ានរបស់ទីម័រឡេស្ត នៅតែមានភាពមិនប្រាកដប្រជា ជាពិសេសដោយសារភាពថយក្រោយនៃសេដ្ឋកិច្ច, ភាពក្រីក្រ, អសមត្ថភាព និងកម្រិតដ៏ទាបរបស់ប្រទេសនេះ ពាក់ព័ន្ធនឹងការត្រៀមខ្លួនចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ានរាប់រយជារៀងរាល់ឆ្នាំ។
ជាក់ស្តែង បញ្ហានេះក៏បានកើតមានដូចគ្នាផងដែរនៅក្នុងករណីនៃការបញ្ចូលប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ប៉ុន្តែសមាហរណកម្មរបស់ពួកគេជាមួយអាស៊ានបានដំណើរការទៅមុខដោយមិនមានការរំខាន។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋប្រហារកាលពីថ្ងៃទី ០១ កុម្ភៈ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការមូលមតិគ្នារបស់ប្លុកនេះ។
បញ្ហាផ្សេងទៀតដែលបានជះឥទ្ធិពលដល់សមាជិកភាពរបស់ប្រទេសទីម័រឡេស្ត គឺប្រព័ន្ធគំនិតសេរីនិយម, កេរ្តិ៍ដំណែលការទូត និងទិសដៅរបស់ប្រទេសនេះ។ សមាជិកអាស៊ានមួយចំនួនព្រួយបារម្ភថា «ការបញ្ចូលសមាជិកថ្មីនឹងនាំមកនូវភាពមិនច្បាស់លាស់កាន់តែខ្លាំង និងអាចបង្កើតជាក្រុមបក្ខពួកដែលអាចធ្វើឱ្យដំណើរការធ្វើការសម្រេចចិត្តរបស់ប្លុកកាន់តែមានភាពស្មុគស្មាញ»។
នៅក្នុងអំឡុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះទៅកាន់ទីក្រុងហ្សាកាតា លោកប្រធានាធិបតី Ramos-Horta បានប្រាប់ទៅកាន់ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo ថា «ប្រទេសរបស់លោកសង្ឃឹមថានឹងអាចចូលរួមជាមួយអាស៊ាននៅក្នុងអំឡុងពេលដែលប្រទេសឥណ្ឌូណេស៊ីធ្វើជាប្រធាននៅឆ្នាំក្រោយ»។
កាលពីពេលថ្មីៗនេះ ក្រុមស្វែងរកការពិតរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានកំពុងតែ ស្ថិតនៅទីក្រុង Dili ដើម្បីវាយតម្លៃអំពីស្ថានភាពផ្សេងៗ។ ជាមួយនឹងរបាយការណ៍ទាំងអស់ពីសំណាក់តំណាងសហគមន៍ទាំង ៣ ការសម្រេចចិត្តអាចនឹងត្រូវបានធ្វើឡើងនៅក្នុងពេលឆាប់ៗ។
ដោយវិនិច្ឆ័យ ទៅលើសេចក្តីព្រាងមុននៃសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានលើកទី ៥៥ ការយកចិត្តទុកដាក់ភាគច្រើនត្រូវបានផ្តោតទៅលើសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងប្រទេសមីយ៉ាន់ម៉ា ហើយបញ្ហាទាំងនេះនឹងត្រូវបានគេលើកយកមកធ្វើការចរចារហូតដល់នាទីចុងក្រោយ។
បញ្ហានៅក្នុងតំបន់ផ្សេងទៀត ដូចជាស្ថានភាពនៅសមុទ្រចិនខាងត្បូង និងឧបទ្វីបកូរ៉េ នឹងមិនមានអ្វីប្លែកនោះទេ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ សម្រាប់ករណីសមុទ្រចិនខាងត្បូង អាស៊ាននឹងបន្តបញ្ជាក់អំពីតម្រូវការ ក្នុងការបន្តដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់ជាសកល។
លើសពីនេះទៀត អាស៊ានរំពឹងថា «ការត្រួតពិនិត្យជាលើកទី២ ទៅលើសេចក្តីព្រាងទី១ នៃក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) នឹងអាចត្រូវបញ្ចប់នៅចុងឆ្នាំនេះ នៅក្រោមការដឹកនាំរបស់ប្រទេសកម្ពុជា»។ ប្រសិនបើដូច្នោះមែន ក្រមប្រតិបត្តិខាងលើនឹងអាចត្រូវបានបញ្ចប់ជាស្ថាពរនៅក្រោមការដឹកនាំរបស់ប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំក្រោយ។
អាស៊ានបានបន្តកែសម្រួល និងកែលម្អស្ថាប័នរបស់ខ្លួនឥតឈប់ឈរ។ ជាការត្រៀមរៀបចំសម្រាប់ពេលអនាគត ក្រុមស្រាវជ្រាវជាន់ខ្ពស់នឹងដាក់ជូននូវអ្វីដែលហៅថា «ធាតុដ៏សំខាន់ៗ» ដែលនឹងត្រូវដាក់បញ្ចូលនៅ ក្នុងចក្ខុវិស័យអាស៊ានក្រោយឆ្នាំ ២០២៥ ។ វានឹងរួមមានធាតុផ្សំដ៏គួរឱ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់មួយចំនួននៅក្នុងចក្ខុវិស័យអាស៊ានថ្មី។
ប្រទេសមួយចំនួនបានបង្ហាញនូវការមិនពេញចិត្តរួចទៅហើយថា «ចក្ខុវិស័យរយៈពេល ១០ ឆ្នាំ (២០២៥-២០៣៥) គឺមានរយៈពេលខ្លីពេក ហើយអាស៊ានគួរតែមានចក្ខុវិស័យរយៈពេល ២០ ឆ្នាំ (២០២៥-២០៤៥) ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោកដែលពោរពេញទៅដោយការប្រែប្រួល»៕
Kavi Chongkittavorn / Bangkok Post