ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ទីម័រឡេស្តេ បានឯកភាពគ្នាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែល្អប្រសើរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 87
កម្ពុជា-ទីម័រឡេស្តេ បានឯកភាពគ្នាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែល្អប្រសើរ កម្ពុជា-ទីម័រឡេស្តេ បានឯកភាពគ្នាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែល្អប្រសើរ

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០​ កម្ពុជា-ទីម័រឡេស្តេ បានបង្ហាញគោលបំណងស្របគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងនោះភាគីកម្ពុជាក៏បានជំរុញឱ្យភាគីទីម័រឡេស្តេពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ ខណៈអនុស្សរណៈនេះត្រូវបានផ្ដួចផ្ដើមជាយូរមកហើយ តែមិនទាន់បានចុះហត្ថលេខា។

ការបង្ហាញគោលបំណង និងការលើកសំណើនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមួយលោក Ermeneglido Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍។

លោកឯកអគ្គរដ្ឋទូត Kupa បានបញ្ជាក់ថា ប្រជាជនទីម័រច្រើនណាស់ដែលមានគម្រោងមកលេងផ្ទះមិត្តកម្ពុជា ព្រោះកម្ពុជាបានគាំទ្រប្រទេសពួកគេឱ្យទទួលបានឯករាជ្យ និងតែងតែគាំទ្រឱ្យទីម័រឡេស្តេចូលជាសមាជិកទី១១របស់អាស៊ាន ប៉ុន្តែដោយសារកើតវិបត្តិកូវីដនេះមក ពួកគេក៏រំសាយគម្រោងសិនទៅ។ នៅពេលចប់វិបត្តិកូវីដទូទាំងពិភពលោកហើយ ប្រហែលនឹងមានប្រជាជនទីម័រមកទស្សនាកម្ពុជាច្រើន។ ដូច្នេះហើយបានជាស្ថានទូតទីម័រឡេស្តេចង់ឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាមួយមិត្តកម្ពុជាឱ្យកាន់តែទូលំ
ទូលាយ។

លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការស្វាគមន៍ចំពោះសំណើរបស់លោកឯកអគ្គរដ្ឋទូត Kupa ពីព្រោះប្រការនេះក៏ស្របទៅនឹងគំនិតរបស់លោកដែរ ដែលតែងតែចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃឱ្យបានកាន់តែច្រើន និងកាន់តែរឹងមាំ តួយ៉ាងកម្ពុជា-ទីម័រឡេស្ដេ មុន និងក្រោយក៏គង់តែក្លាយជាបងប្អូនរួមតំបន់តែមួយ។

ចំពោះបំណងប្រាថ្នារបស់ប្រជាជនមិត្តទីម័រដែលចង់មកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ក៏លោករដ្ឋមន្ត្រី ថោង ខុន បង្ហាញការស្វាគមន៍យ៉ាងពេញចិត្ត ខណៈកម្ពុជាបាននិងកំពុងខិតខំរៀបចំឱ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមខ្លួនទទួលការវិលត្រលប់របស់ភ្ញៀវទេសចរអន្តរជាតិ នៅពេលក្រោយចប់វិបត្តិកូវីដនៅទូទាំងពិភពលោក ដល់ពេលនោះកម្ពុជានឹងរង់ចាំស្វាគមន៍មិត្តទីម័រប្រកបដោយភាពកក់ក្ដៅ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើរដ្ឋាភិបាលទីម័រឡេស្តេ តាមរយៈលោកឯកអគ្គរដ្ឋទូត Kupa សូមឱ្យភាគីទីម័រឡេស្តេពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-ទីម័រឡេស្តេ ដែលបានផ្ដួចផ្ដើមធ្វើជាច្រើនយូរមកហើយ សំដៅធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត។ សំណើនេះត្រូវបានលោក Kupa ទទួលយកភ្លាមៗ ដើម្បីរាយការណ៍ជូនរដ្ឋាភិបាលរបស់ខ្លួនបន្ត។

លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានបញ្ជាក់ថា អនុស្សរណៈនេះមានផ្ដោតលើការអភិវឌ្ឍផលិតផលទេសចរណ៍ ការផ្ដល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមកលើការផ្សព្វផ្សាយ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបង្កើនការទាក់ទាញទេសចរពីគ្នាទៅវិញទៅមកឱ្យបានកាន់តែច្រើន។

លោក ទ្រី ឈីវ បានបន្តថា នៅពេលចប់វិបត្តិជំងឺកូវីដ-១៩នេះទៅ ភាគីទាំងពីរក៏នឹងពិនិត្យលើលទ្ធភាពនានាក្នុងការការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ទីម័រឡេស្តេបន្តទៀតផងដែរ៕

បញ្ចេញមតិ

អត្ថបទទាក់ទង