ខ្មែរប៉ុស្ដិ៍ Close

កសិករខេត្តត្បូងឃ្មុំមានទំនុកចិត្តខ្ពស់លើការដាំបន្លែក្នុងផ្ទះសំណាញ់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 70
កសិករខេត្តត្បូងឃ្មុំមានទំនុកចិត្តខ្ពស់លើការដាំបន្លែក្នុងផ្ទះសំណាញ់ កសិករខេត្តត្បូងឃ្មុំមានទំនុកចិត្តខ្ពស់លើការដាំបន្លែក្នុងផ្ទះសំណាញ់

កសិករខេត្តត្បូងឃ្មុំមានទំនុកចិត្តខ្ពស់លើការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ខណ:ដែលរោងសំណាញ់នេះត្រូវបានតម្លើងដោយបច្ចេកទេសកសិកម្មទំនើបជាច្រើនដែលជួយឱ្យកសិករចំណាយទុនតិច ចំណេញច្រើន ពិសេសអាចបត់បែន ការដាំដុះបានគ្រប់រដូវកាលមិនបារម្ភ ពីបញ្ហាអាកាសធាតុឡើយ។

អ្នកស្រី ស៊ុប គៀត ជាកសិកររស់នៅឃុំទួលសូភីស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំបានប្រាប់វិទ្យុជាតិថា ក្រោយពីទទួលបានផ្ទះសំណាញ់និងបច្ចេកទេសពីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំរួចមក អ្នកស្រី បានចាប់ផ្តើមដាំស្ពៃក្រញាញ់ ដោយទំនុកចិត្តមិនបារម្ភ បញ្ហាអាកាសធាតុទោះបីស្ថិតក្នុងរដូវវស្សា ក៏អាចដាំបន្លែបង្ការបាន ដូចរដូវប្រាំងដែរ។

អ្នកស្រីបន្តថា ការដាំបន្លែនៅទីវាលនិងនៅក្នុងផ្ទះសំណាញ់ផ្ទៃដីប៉ុនគ្នាតែគុណភាពនិងបរិមាណទទួលបានខុសគ្នាដោយការដាំបន្លែនៅទីវាលពិបាកថែទាំមានសត្វល្អិតបំផ្លាញជាហូរហែ ចំណាយថវិកាច្រើនក្នុងការប្រើប្រាស់ជី ហើយដាំបានតែរដូវប្រាំងដោយរដូវវស្សាភ្លៀងធ្លាក់ច្រើនធ្វើឲ្យដំណាំរលួយប្ញសមិនសូវបានផល។ ដោយឡែក ការដាំបន្លែក្នុងផ្ទះសំណាញ់វិញ មានការសិក្សាច្បាស់លាស់មុននឹងដាំ ដូចជារបៀបតប្រព័ន្ធទឹក ការធ្វើឲ្យបន្លែមានកម្ដៅគ្រប់គ្រាន់ មានដំបូលបិទ មានការហ៊ុមព័ទ្ធសំណាញ់បិទបាំងល្អ ដែលការពារសត្វល្អិតចង្រៃមិនឲ្យយាយីបាន ចំណាយកម្លាំងពលកម្មតិច ទទួលបានទិន្នផលខ្ពស់ ពិសេសដំណាំដែលបានដាំក្នុងរោងសំណាញ់ ជាបន្លែសរីរាង្គមានសុវត្ថិភាព ដោយសារកសិករប្រើប្រាស់ជីដែលផលិតតាមបែបធម្មជាតិ មិនធ្វើឲ្យប៉ះដល់ពាល់សុខភាពអ្នកផលិតនិងអ្នកបរិភោគនោះឡើយ។

អ្នកស្រីបន្តទៀតថា កាលពីដើមខែកក្កដាកន្លងទៅ អ្នកស្រីបាន ប្រមូលផលស្ពៃក្រញាញ់ម្តងរួចមកហើយលើទំហំផ្ទៃដី២០០០០ម៉ែត្រក្រឡា ទិន្នផល ទទួលបានល្អចន្លោះពី១០០គីឡូទៅ១២០គីឡូក្នុងតម្លៃជាង៣០០០រៀលក្នុង១គីឡូក្រាម។ បច្ចុប្បន្ននេះអ្នកស្រីកំពុងតែត្រៀមគ្រាប់ពូជស្ពៃក្រញាញ់ដាំបន្តទៀត ខណ:ដែលបន្លែសុវត្ថិភាពកំពុងមានការគាំទ្រច្រើនពីអ្នកបរិភោគដោយវាជាបន្លែដាំតាមបែបធម្មជាតិមានរសជាតិឆ្ងាញ់និងមិនមានជាតិគីមី។

«ខ្ញុំសម្រេចចិត្តដាំនៅក្នុងរោងសំណាញ់ដោយសារការដាំបន្លែនៅខាងក្រៅខ្ញុំមិនទុកចិត្តដូចការដាំបន្លែនៅក្នុងរោងអ៊ីចឹងខ្ញុំដាំក្នុងរោងខ្ញុំទុកចិត្តជាងទី១អត់សត្វល្អិតបំផ្លាញទី២អត់ប៉ះពាល់ទឹកភ្លៀងនៅខែវស្សា ហើយ ការដាំដំណាំនៅក្នុងរោងចំណាយទុនតិចជាងការដាំបន្លែនៅខាងក្រៅ។ក្នុងរោងបើវាកើតអ៊ីចឹងទទួលបានផលល្បាក់៥០០គីឡូតែខាងក្រៅផ្ទៃដីប៉ុនគ្នាបានប្រហែលតែ១០០ទៅ២០០គីឡូអស់ហើយព្រោះខែភ្លៀងវារលួយ»។

សូមបញ្ជាក់ថា គិតដល់ឆ្នាំ ២០២១ នេះកសិករគំរូក្នុងខេត្តត្បូងឃ្មុំទទួលបានផ្ទះសំណាញ់សម្រាប់ផលិតកម្មបន្លែពីរាជរដ្ឋាភិបាលកម្ពុជា ចំនួន២៥ខ្នងក្នុងនោះតាមរយៈកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុចំនួន២១ខ្នងនិងតាមរយៈគម្រោងជំរុញផលិតកម្មស្បៀងចំនួន៤ខ្នងផងដែរ៕

អត្ថបទទាក់ទង