អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធានិងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់
អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធានិងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់
យោងតាមការបង្ហោះផ្សាយរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានឱ្យដឹងថា ក្នុងជំនួបទ្វេភាគី នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីឱ្យកាន់តែស៊ីជម្រៅនិងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនិងវិបុលភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់អាស៊ាន។
ឯកឧត្តម វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដោយចាត់ទុកថា ជាការបន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ពទាំងពីរស្របពេលឆ្នាំ២០២៦ ជាខួបលើកទី៦៩ នៃទំនាក់ទំនងការទូតកម្ពុជា-ម៉ាឡេស៊ី។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ីក្នុងការរួមចំណែករក្សាសន្តិភាពនៅកម្ពុជាកាលពីឆ្នាំ១៩៩៣ ក្រោមបេសកកម្មអ៊ុនតាក់និងតួនាទីសម្របសម្រួលជម្លោះតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥រួមទាំងការផ្តួចផ្តើមបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ហើយឯកឧត្តមបានបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងពាក់ព័ន្ធដោយមិនទទួលយកការប្រើកម្លាំងដើម្បីកែប្រែព្រំដែនឡើយ។
ក្នុងជំនួបនោះ ភាគីកម្ពុជាក៏បានស្នើឱ្យភាគីម៉ាឡេស៊ីបន្តពន្លឿនការចុះអនុស្សរណៈយោគយល់លើវិស័យការពារជាតិ ពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពគ្រប់ប្រភេទ បង្កើនការបណ្តុះបណ្តាល ការធ្វើលំហាត់ហ្វឹកហ្វឺនរួម ការចែករំលែកព័ត៌មាននិងសហការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
ជាការឆ្លើយតប ឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន បានអរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា និងបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកងទ័ពប្រទេសទាំងពីរ ហើយឯកឧត្តមក៏បានកោតសរសើរកងទ័ពកម្ពុជាដែលបានបង្ហាញភាពអត់ធ្មត់ខ្ពស់ មិនផ្ទុះអាវុធបើទោះស្ថានភាពតាមព្រំដែននៅមានភាពរសើបក៏ដោយ។
ភាគីម៉ាឡេស៊ី បានបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ តាមរយៈការសន្ទនាក្រោមយន្តការ GBC ឬ JBC និងឈរលើគោលការណ៍មជ្ឈភាពអាស៊ាន ដោយអះអាងថា ការប្រើកម្លាំងមិនមែនជាជម្រើសនៃការដោះស្រាយបញ្ហានោះទេ។ ជាមួយគ្នានេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានប្រកាសគាំទ្រសំណើររបស់ភាគីកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបញ្ជាក់ថា ម៉ាឡេស៊ីនឹងបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដើម្បីធានាការអនុវត្តបទឈប់បាញ់និងរួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ និងក្នុងតំបន់អាស៊ានទាំងមូល៕



