ខ្មែរប៉ុស្ដិ៍ Close

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងសន្តិសុខថៃ គូសរំលេចថា «ជម្លោះព្រំដែនរវាងថៃនិងកម្ពុជា» មានចំណុចស្នូលសំខាន់បំផុតគឺទាក់ទងនឹងសំណុំរឿងប្រាសាទព្រះវិហារ

ដោយ៖សូ សែនឬទ្ធា | ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 638
អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងសន្តិសុខថៃ គូសរំលេចថា «ជម្លោះព្រំដែនរវាងថៃនិងកម្ពុជា» មានចំណុចស្នូលសំខាន់បំផុតគឺទាក់ទងនឹងសំណុំរឿងប្រាសាទព្រះវិហារ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងសន្តិសុខថៃ គូសរំលេចថា «ជម្លោះព្រំដែនរវាងថៃនិងកម្ពុជា» មានចំណុចស្នូលសំខាន់បំផុតគឺទាក់ទងនឹងសំណុំរឿងប្រាសាទព្រះវិហារ

យោងតាមអត្ថបទរបស់លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងសន្តិសុខរបស់ប្រទេសថៃដែលមានចំណងជើងថា «រឿងចាស់ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ» ដែលត្រូវបានចែករំលែកដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២ បានចែងថា៖ «នៅពេលដែលប្រទេសពីរបានកំណត់ព្រំដែនរវាងគ្នាទៅវិញទៅមក គោលបំណងដ៏សំខាន់បំផុតមួយគឺដើម្បីសម្រេចបាននូវសន្តិសុខ ភាពប្រាកដប្រជានិងភាពច្បាស់លាស់»។ គោលបំណងនេះមិនអាចសម្រេចទៅបានឡើយ ប្រសិនបើខ្សែបន្ទាត់ព្រំដែនដែលបានកំណត់ឡើងនោះ នៅតែអាចត្រូវបានគេជជែកវែកញែកឬទាមទារឱ្យមានការកែប្រែបានគ្រប់ពេលវេលា។

អត្ថបទដដែលបានបន្ថែមថា នៅក្នុងចំណោមស្ថានភាពនៃជម្លោះរវាងថៃនិងកម្ពុជានោះ យើងស្ទើរតែភ្លេចទៅហើយថា មានចំណុចគួរឱ្យចាប់អារម្មណ៍មួយចេញពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិក្នុងឆ្នាំ១៩៦២នេះ។ ជាក់ស្តែងចំណុចនេះជារឿងដែលមេដឹកនាំថៃគួរតែទទួលដឹងឮផងដែរ ព្រោះសាលក្រមដែលតុលាការអន្តរជាតិបានបង្កើតឡើងនោះមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងបញ្ហាដែលកំពុងកើតឡើងនៅក្នុងតំបន់ព្រំដែនថៃ-កម្ពុជា ក្នុងស្ថានភាពបច្ចុប្បន្ន។ ផ្អែកលើបរិបទប្រវត្តិសាស្ត្រ វាត្រូវបានគេដឹងយ៉ាងច្បាស់ថា «ជម្លោះព្រំដែនរវាងថៃនិងកម្ពុជា» មានចំណុចស្នូលសំខាន់បំផុតគឺទាក់ទងនឹងសំណុំរឿងប្រាសាទព្រះវិហារ។ ពោលគឺថៃនិងកម្ពុជាធ្លាប់មានរឿងក្តីប្តឹងផ្តល់គ្នាអំពីប្រាសាទនេះនៅចំពោះមុខតុលាការអន្តរជាតិចំនួន២ដង រួចមកហើយគឺលើកទី១ នៅក្នុងឆ្នាំ១៩៦២ និងបានកើតឡើងសារជាថ្មីម្តងទៀតលើកទី២ នៅក្នុងឆ្នាំ២០១៣។

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងសន្តិសុខរបស់ប្រទេសថៃរូបនេះ ក៏បានក្រើនរំលឹកថា ផ្អែកលើមេរៀនប្រវត្តិសាស្ត្រទាំងនេះ ប្រទេសថៃត្រូវតែប្រុងប្រយ័ត្ននិងជៀសវាងដាច់ខាតនូវការបង្កើតលក្ខខណ្ឌដែលបង្ខំឱ្យមានការវិលត្រឡប់ទៅរកតុលាការអន្តរជាតិជាលើកទី៣។ ដូចដែលបានដឹងយ៉ាងច្បាស់ហើយថា រដ្ឋាភិបាលថៃបានយល់ព្រមទទួលយកនូវលទ្ធផលនៃសេចក្តីសម្រេចខាងលើទាំងពីរករណីរួចរាល់ហើយ។ លទ្ធផលគតិយុត្តនេះមានអត្ថន័យយ៉ាងសំខាន់ក្នុងការកំណត់លក្ខខណ្ឌនយោបាយជុំវិញការគ្រប់គ្រងតំបន់ដែលមានបញ្ហាវិវាទ។

អ្នកជំនាញដដែលបានបន្ថែមថា សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ បានចង្អុលបង្ហាញយ៉ាងច្បាស់ថា សន្ធិសញ្ញានិងផែនទីខណ្ឌសីមាដែលភ្ជាប់មកជាមួយ គឺជាកត្តាកាត់សេចក្តីលើខ្សែបន្ទាត់ព្រំដែនរបស់សៀម/ថៃ ជាមួយរដ្ឋជិតខាងដែលមានឋានៈជា «រដ្ឋអ្នកបន្តសិទ្ធិ» ពីម្ចាស់អាណានិគម។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងករណីនេះសេចក្តីសម្រេចរួមក្នុងឆ្នាំ១៩៦២ មានអត្ថបទខ្លឹមសារដែលសំខាន់បំផុតសម្រាប់ការពិចារណាលើបញ្ហាវិវាទរឿងខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជានាពេលបច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានអត្ថន័យនិងជះឥទ្ធិពលទៅលើជម្លោះព្រំដែនរបស់រដ្ឋដទៃទៀតដែលអាចនឹងកើតមានឡើងក្នុងពេលអនាគតផងដែរ។ សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ បានចែងថា៖ «ប្រសិនបើខ្សែបន្ទាត់ព្រំដែនដែលបានកំណត់ឡើង អាចត្រូវបានគេជំទាស់ឬទាមទារឱ្យមានការកែប្រែបានគ្រប់ពេលវេលាដោយគ្រាន់តែយោងលើការរកឃើញភាពមិនត្រឹមត្រូវនៃខ្លឹមសារក្នុងសន្ធិសញ្ញាដើមនោះ ដំណើរការតវ៉ាបែបនេះច្បាស់ជានឹងកើតឡើងជាបន្តបន្ទាប់ដោយគ្មានទីបញ្ចប់ឡើយ»។ ដរាបណានៅតែអាចស្វែងរកកំហុសឆ្គងឃើញ នោះការព្រមព្រៀងក៏មិនអាចសម្រេចជាស្ថាពរបានផងដែរ។ កត្តានេះក្រៅពីធ្វើឱ្យខ្សែបន្ទាត់ព្រំដែនខ្វះភាពពិតប្រាកដ និងខ្វះភាពរឹងមាំយូរអង្វែង វាថែមទាំងបង្កជាហានិភ័យយ៉ាងធ្ងន់ធ្ងរថែមទៀតផង។ តាមរយៈខ្លឹមសារនេះ សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាក់យ៉ាងច្បាស់ថា សហគមន៍អន្តរជាតិមិនចង់ឃើញជម្លោះព្រំដែនអូសបន្លាយពេលដោយគ្មានទីបញ្ចប់នោះទេ។ ហេតុនេះ ទោះបីជាមេដឹកនាំរដ្ឋក្នុងពេលបច្ចុប្បន្នជឿថា ឯកសារដើមមានចំណុចខ្វះខាតក៏ដោយ ក៏មិនអាចយកមកធ្វើជាលេសដើម្បីរុះរើឡើងវិញបានដែរ ដរាបណាឯកសារទាំងនោះធ្លាប់ត្រូវបានតំណាងនៃរដ្ឋទាំងពីរ យល់ព្រមផ្តល់សច្ចាប័នរួមគ្នាកាលពីអតីតកាលរួចទៅហើយ៕

ម្យ៉ាងវិញទៀត ប្រសិនបើតុលាការអន្តរជាតិអនុញ្ញាតឱ្យធ្វើបែបនោះមែន វានឹងនាំឱ្យមានការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនទៅវិញទៅមកមិនចេះចប់ និងបង្កជាវិវាទដណ្តើមទឹកដីគ្នានៅតំបន់ព្រំដែនឥតឈប់ឈរ។ វិបត្តិនេះនឹងរុញច្រានឱ្យវិវាទរឿងខ្សែបន្ទាត់ព្រំដែនក្លាយជាដើមហេតុនៃសង្រ្គាមរវាងរដ្ឋជិតខាងដែលមិនអាចជៀសរួច។ ករណីនេះបានបង្ហាញយ៉ាងច្បាស់ថា «គោលបំណងនៃសេចក្តីសម្រេចរបស់តុលាការគឺចង់ការពារតំបន់ព្រំដែនមិនឱ្យធ្លាក់ក្នុងស្ថានភាពសង្រ្គាមឬមិនចង់ឱ្យខ្សែបន្ទាត់ព្រំដែនក្លាយជាលក្ខខណ្ឌបង្កើតជម្លោះរហូតរាលដាលទៅជាសង្រ្គាមមិនចេះចប់ដូចជាបញ្ហាកំពុងកើតឡើងនាពេលបច្ចុប្បន្ននោះឡើយ»។
ហេតុដូច្នេះហើយ ទើបតុលាការអន្តរជាតិបានពន្យល់បន្ថែមយ៉ាងច្បាស់ថា ការធ្វើកិច្ចព្រមព្រៀងស្តីពីខ្សែបន្ទាត់ព្រំដែនគឺមានគោលបំណង «កាត់បន្ថយនិងលុបបំបាត់រាល់ស្ថានភាពតានតឹងទាំងឡាយព្រមទាំងដើម្បីសម្រេចឱ្យបាននូវស្ថិរភាពដែនដី ដោយផ្អែកលើភាពប្រាកដប្រជា និងភាពច្បាស់លាស់»។ លទ្ធផលនៃសេចក្តីសម្រេចបែបនេះអាចសន្និដ្ឋានបានថា «ការធ្វើកិច្ចព្រមព្រៀងរឿងខ្សែបន្ទាត់ព្រំដែនដែលបានបញ្ចប់ទៅហើយតាមរយៈការផ្តល់សច្ចាប័នក្នុងសន្ធិសញ្ញា និងផែនទីខណ្ឌសីមានោះមានគោលបំណងយ៉ាងច្បាស់ លាស់ក្នុងការបញ្ចប់ជម្លោះរវាងរដ្ឋ»។ វាដាច់ខាតមិនមែនជាដំណើរការបង្កើតជម្លោះដើម្បីបន្សល់ទុកជាមរតកដ៏ជូរចត់សម្រាប់មនុស្សជំនាន់ក្រោយក្នុងពេលអនាគតនោះឡើយ។ ផ្ទុយទៅវិញ សេចក្តីសម្រេចនេះគឺជាការបញ្ជាក់របស់តុលាការអន្តរជាតិដែលចង់រក្សា «ស្ថានភាពដើម» នៃខ្សែបន្ទាត់ព្រំដែន (Status Quo)៕

អត្ថបទទាក់ទង