ខ្មែរប៉ុស្ដិ៍ Close

មន្រ្តីជំនាញកម្មវិធី Aspire ជំរុញបណ្តុំអាជីវកម្មបន្លែ និងបណ្តុំអាជីវកម្មមាន់ស្រែ បន្តចងក្រងគ្នាជាក្រុម ​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 40

ក្នុងឱកាសចុះពិនិត្យមើលពីវឌ្ឍនភាពនិងសំណេះសំណាលជាមួយបងប្អូនបណ្តុំអាជីវកម្ម បន្លែ និងបណ្តុំអាជីវកម្មមាន់ស្រែ នៅភូមិវាលវង់,ភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក វង់ ទ្រី ជំនួយការនាយកកម្មវិធី Aspire នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញបណ្តុំអាជីវកម្មបន្លែ និងបណ្តុំអាជីវកម្មមាន់ស្រែ បន្តចងក្រងគ្នា ជាបណ្តុំ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងក្រៅស្រុក។

លោក វង់ ទ្រី បានលើកឡើងថាៈរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ ដែលប្រកបមុខរបរកសិកម្ម ដូច្នេះរាជរដ្ឋា ភិបាល បានអនុវត្តន៍កម្មវិធី Aspire(អាស់ស្ប៉ាយ) ដែលមានឈ្មោះថាកម្មវិធីផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យប្រជាកសិករធ្វើអាជីវកម្មកសិកម្ម ឲ្យទទួលបានផលចំណេញ និងបានកម្រៃសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

លោកជំនួយការនាយកកម្មវិធី Aspire ក៍បានផ្តាំផ្ញើដល់បណ្តុំអាជីវករទាំងអស់ ត្រូវដាំដុះ និង ចិញ្ចឹមសត្វឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស កុំប្រើប្រាស់ជាតិគីមី ទើបតម្លៃទីផ្សាររបស់បន្លែ និងសាច់សត្វរបស់យើងមានទីផ្សារខ្ពស់ ជាពិសេសប្រជាកសិករត្រូវខិតខំពង្រីកសកម្មភាពដោយ ចិញ្ចឹមសត្វ ត្រី កង្កែប ដាំបន្លែ និងដំណាំរួមផ្សំផ្សេងៗឲ្យកាន់តែសកម្មទ្វេឡើងថែមទៀត ដើម្បីឲ្យ សមាជិកបណ្តុំគ្រប់ៗគ្រួសារមានស្បៀងអាហារហូបចុកគ្រប់គ្រាន់ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងថា៖ កន្លងមកមន្ត្រីជំនាញរបស់មន្ទីរ បានចុះផ្សព្វផ្សាយបច្ចេកទេស និងផ្តល់ជាទុន មានពូជ មានជី ហើយឆ្នាំនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនកសិករ សុវត្ថិភាព(AGRO Nature អាហ្គ្រោ ណេតឈ័រ) ដែលជាក្រុមហ៊ុនទិញបន្លែសុវត្ថិភាពចេញពី ខេត្តប៉ៃលិន ដូច្នេះបានធ្វើឱ្យកម្មវិធី Aspire នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកផលិតកម្មស្បៀង ស្របពេលដែលវិស័យមួយចំនួនកំពុងជួបបញ្ហា ដោយសារជំងឺឆ្លង កូវីដ-១៩។

លោកប្រធាន ក៏បានណែនាំបន្ថែមដល់មន្រ្តីជំនាញដែលអនុវត្តន៍កម្មវិធី និងអ្នកទទួលផលពីគម្រោង ត្រូវធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពថ្មីៗបន្ថែមទៀត ដោយធ្វើយ៉ាងណា ឲ្យស្របទៅនឹងស្ថានការណ៍ បច្ចុប្បន្ន ក្នុងការក្រសោប និងចាប់យកកាលានុវត្តភាព បង្កើនការផលិត ដើម្បីធានាដល់ការផ្គត់ផ្គង់ ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើម កាត់បន្ថយពលកម្ម ប្រើប្រាស់បច្ចេកវិទ្យាសមស្រប។

សូមបញ្ជាក់ថា៖ ការអនុវត្តកម្មវិធី Aspire (អាស់ស្ប៉ាយ) នៅខេត្តប៉ៃលិន បានចាប់អនុវត្តន៍ពីឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ ដោយគម្រោងបានធ្វើការផ្សព្វផ្សាយ និងបានចងក្រងជាបណ្តុំ បានចំនួន៣៨បណ្តុំ មានដូចជា បណ្តុំដាំបន្លែ បណ្តុំវារីវប្បកម្ម ការចិញ្ចឹមមាន់ស្រែ និងឈើហូបផ្លែ ក្នុងនោះបណ្តុំអាជីវកម្មបន្លែ បានចងក្រងចំនួន ៤បណ្តុំ មានកសិករចំនួន ៦៨នាក់ ស្ត្រី ០៦នាក់ ហើយផ្ទៃដីដាំដុះសរុបចំនួន ៦,៥៣ ហិកតា ក្នុងនោះមានផ្ទះសំណាញ់ចំនួន ០៧ទីតាំង ដែលផ្ទៃដីដាំដុះសរុប ២,០៤០ ម៉ែត្រការ៉េ ដោយឡែកបណ្តុំចិញ្ចឹមមាន់ស្រែ មានចំនួន ១៥បណ្តុំ នៅក្រុងប៉ៃលិនចំនួន ៨បណ្តុំ និងនៅស្រុកសាលាក្រៅចំនួន ០៧បណ្តុំ៕

អត្ថបទទាក់ទង