ខ្មែរប៉ុស្ដិ៍ Close

សេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ ២០២៥៖ កញ្ចក់ឆ្លុះបញ្ចាំងថា តើអ្នកណាកំពុងគោរពកិច្ចព្រមព្រៀង និងអ្នកណាកំពុងដើរចេញពីផ្លូវសន្តិភាព

ដោយ៖សូ សែនឬទ្ធា | ម្សិលមិញ ម៉ោង 22:13 pm ទស្សនៈ - នយោបាយ 88
សេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ ២០២៥៖ កញ្ចក់ឆ្លុះបញ្ចាំងថា តើអ្នកណាកំពុងគោរពកិច្ចព្រមព្រៀង និងអ្នកណាកំពុងដើរចេញពីផ្លូវសន្តិភាព សេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ ២០២៥៖ កញ្ចក់ឆ្លុះបញ្ចាំងថា តើអ្នកណាកំពុងគោរពកិច្ចព្រមព្រៀង និងអ្នកណាកំពុងដើរចេញពីផ្លូវសន្តិភាព

បញ្ហាព្រំដែនដែលមានភាពរសើបខ្លាំង កិច្ចព្រមព្រៀង ឬសេចក្តីប្រកាសរួមមិនមែនគ្រាន់តែជាសារការទូត​នោះ​ទេ។ នេះជាកិច្ចសន្យានយោបាយ និងជាការប្តេជ្ញាចិត្តរួមមួយដែលតម្រូវឲ្យភាគីទាំងពីរ(កម្ពុជា-ថៃ)​គោរព និងអនុវត្តដោយភាពស្មោះត្រង់និងដែលអាចជឿទុកចិត្តបាន។ ដូច្នេះ សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ មិនគួរត្រូវបានគេមើលឃើញថាជាឯកសារធម្មតានោះឡើយ ប៉ុន្តែឯក​សារនេះបានក្លាយ​ជាផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រមួយសម្រាប់ការរក្សាសន្តិភាព និងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងស្របតាមធម្មនុញ្ញអង្គការសហប្រជាតិ។

ចំណុចទី៣ នៃសេចក្តីប្រកាសរួមនេះ បានដាក់ចេញនូវគោលការណ៍សំខាន់ចំនួនបី៖ ទី១. មិនត្រូវ​ធ្វើ​សកម្ម​ភាពណាមួយដែលប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិ។ ទី២. គណៈកម្មការ​ចម្រុះព្រំដែន JBC ត្រូវក្លាយជាយន្តការស្នូលសម្រាប់ការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន។ ទី៣. ភាគី​ទាំង​ពីរត្រូវធានាសន្តិសុខ និងផ្តល់អាទិភាពដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន។

បើពិនិត្យលើសកម្មភាពរបស់កម្ពុជាក្នុងរយៈពេលកន្លងមក គេឃើញថា កម្ពុជាបានព្យាយាម​រក្សាភាព​ស្រប​គ្នាជាមួយស្មារតីនៃសេចក្តីប្រកាសរួមនេះហើយ ដូចជាកម្ពុជាបានបន្តផ្ញើកំណត់ទូតនិងអំពាវនាវ​ជាច្រើន​លើក​ច្រើនសារឲ្យប្រើប្រាស់យន្តការ JBC ដែលជាយន្តការទ្វេភាគីផ្លូវការសម្រាប់ដោះស្រាយ​បញ្ហាព្រំដែន មិន​ត្រូវប្រើកម្លាំង មិនត្រូវបង្កើតអង្គហេតុថ្មីនៅលើដីជាក់ស្តែង (Fait Accompli) និងបន្ត​ដំណោះស្រាយ​ដោយ​ផ្អែក​ទៅលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។

ត្រង់ចំនុចនេះបង្ហាញថា កម្ពុជាចង់ឃើញបញ្ហាព្រំដែនត្រូវបានដោះស្រាយដោយសន្តិវិធី និងយន្តការដែល​ភាគីទាំងពីរបានព្រមព្រៀងគ្នានាពេលកន្លងមក មិនមែនតាមរយៈការបង្កើតសម្ពាធយោធា ឬការបង្កើត​ស្ថាន​ការណ៍ថ្មីដែលនាំឲ្យជម្លោះកាន់តែស្មុគស្មាញថែមទៀត​នោះទេ។ នេះស្របទៅតាមអ្វីដែលកម្ពុជា​មានឆន្ទៈ​ធ្វើនិងបានកំពុងធ្វើនេះ​ នោះនឹងមានសំណួរសំខាន់មួយដែលត្រូវចោទ​សួរ​ចំ​ពោះ​ភាគីថៃថា តើសកម្មភាពដែលភាគីថៃបាន​កំពុងធ្វើនៅលើទឹកដីកម្ពុជាដោយខុសច្បាប់នៅក្រោយ​បទឈប់បាញ់នេះ ពិតជាស្របទៅនិងចំនុចទី៣ដែលបានចែងនៅ​ក្នុងសេចក្តីប្រការរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែរឬទេ?

មកដល់ពេលនេះគេសង្កេតឃើញថា ភាគីថៃកំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅតាមបណ្តោយព្រំដែន​កម្ពុជា ដោយក្នុង​នោះ​មាន​ការដាក់ទូកុងទឺន័រ រាយបន្លាលួស ឈួសឆាយបំផ្លិចបំផ្លាញហេដ្ឋារេចនាសម្ព័ន្ធ​ស៊ីវិលកម្ពុជា  ធ្វើលេណដ្ឋាន បន្ថែម​កម្លាំងទ័ព យោធូបករណ៏យោធាទំនើបថ្មីៗ នៅតាមបណ្តោយព្រំដែន កសាងសំណង់រឹងនៅលើទឹកដីកម្ពុជា រួមទាំងបង្កើនសកម្មភាពនៃការគម្រាមកំហែងដល់ជនស៊ីវិល​និងយោធាកម្ពុជានៅតំបន់ដែលកំពុងប្រឈមមុខ​ដាក់​គ្នា ការធ្វើសកម្មភាពឯកតោភាគី ដោយមាន​ចេតនា​បង្កើត “អង្គហេតុថ្មីនៅលើដីជាក់ស្តែង” តើសកម្ម​ភាពទាំងនេះអាចត្រូវបានគេចាត់​ទុកថាជាការកំពុង​ដើរ​ផ្ទុយ​ទៅនិងស្មារតីនៃសេចក្តីប្រកាសរួមត្រង់ចំណុចទី៣ដែរឬទេ ដែលត្រង់ចំនុចនោះបាន​ចែងយ៉ាង​ច្បាស់​ថា មិនត្រូវធ្វើអ្វីឲ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិនោះ។

ដូចគ្នានេះដែរ ប្រសិនបើជាយន្តការ JBC ត្រូវបានគេមើលរំលង មិនគោរពឬត្រូវបានពន្យារពេលដោយ​សារ​​ហេតុ​​ផល​នយោបាយឬតាមបែបជាតិនិយមជ្រុល នោះមានន័យថា ភាគីមួយកំពុងដើរ​ចេញពីផ្លូវដែល​ខ្លួនបានឯកភាពរួមគ្នាហើយ។ ក្នុងន័យសេចក្តីប្រកាសរួម មិនបានចែងឬផ្តល់សិទ្ធិឲ្យភាគីណាមួយដោះ​ស្រាយ​បញ្ហា​ព្រំដែនតាមរបៀបឯកតោភាគីនោះឡើយ។

ចំណុចដែលគួរឲ្យកត់សម្គាល់មួយទៀតដែលភាគីទាំងពីរមិនគួរមើលរំលង គឺការការពារប្រជាពលរដ្ឋនៅ​តាម​បណ្តោយ​​តំបន់ព្រំដែន។ ក្នុងសេចក្តីប្រកាសរួមបានផ្តល់អាទិភាពខ្ពស់ណាស់ដល់ប្រជាពលរដ្ឋ​ដែល​រស់​នៅក្នុងតំបន់ងាយរងផលប៉ះពាល់ដោយសង្គ្រាម។ ដូច្នេះ សកម្មភាពណាមួយដែលបង្កឲ្យ​មាន​ការភ័យ​ខ្លាច បង្កភាពតានតឹង ឬធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាពមិនប្រកដប្រជា អាចត្រូវ​បានចាត់ទុកថា មិនស្របឬផ្ទុយទៅនឹងកាតព្វកិច្ចដែលភាគីទាំងពីរបានព្រមព្រៀងជាមួយគ្នា។

និយាយជារួម បើវាយតម្លៃតាមខ្លឹមសារនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា កំពុង​ប្រកាន់​យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃសេចក្តីប្រកាសរួមនេះ ជាពិសេសការគោរពនូវយន្តការ JBC និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ផ្ទុយទៅវិញ សកម្មភាពណាមួយរបស់ថៃដែលមាន​លក្ខណៈ​ឯកតោភាគី បង្កើតអង្គហេតុថ្មីនៅលើដីជាក់ស្តែង ឬមិនគោរពយន្តការ JBC នោះ នាំឲ្យមាន​ការ​ចោទ​សួរថា តើថៃកំពុងគោរពស្មារតីនៃសេចក្តីប្រកាសរួមដែលខ្លួនបានចុះហត្ថលេខាដែរឬទេ។
នៅទីបញ្ចប់ បញ្ហាព្រំដែនមិនត្រូវដោះស្រាយបានដោយការប្រើកម្លាំង ឬដោយការបង្កើតអង្គហេតុថ្មីនោះ​ទេ។ ដំណោះស្រាយយូរអង្វែងអាចកើតចេញផ្លែផ្កាបាន លុះត្រាតែភាគីថៃគោរពពាក្យសន្យារបស់ខ្លួន និងអនុវត្ត​សេច​ក្តី​ប្រកាសរួមដោយភាពស្មោះត្រង់ក្នុងនាមជាប្រទេសស៊ីវិល័យដែលគួរត្រូវបានគោរព។ ក្នុងន័យនេះ សេច​ក្តីប្រកាស​រួមថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ២០២៥ កំពុងក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពពិត​មួយថា តើភាគីណាកំពុង​គោរព​ស្មារតីនៃកិច្ច​ព្រម​ព្រៀង និងតើភាគីណាកំពុងរំលោភបំពាននិងកំពុងដើរ​ចេញពីផ្លូវ​នៃកិច្ច​ព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ៕

ដោយ៖ ពិន វិជ័យ
អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

អត្ថបទទាក់ទង