ខ្មែរប៉ុស្ដិ៍ Close

​កសិករ ៦៦គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ ទទួលសម្ភារៈបរិក្ខា គ្រឿងយន្តកសិកម្ម​ និងប្រាក់ឧបត្ថម្ភធនពីរាជ រដ្ឋាភិបាលកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 31
​កសិករ ៦៦គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ ទទួលសម្ភារៈបរិក្ខា គ្រឿងយន្តកសិកម្ម​ និងប្រាក់ឧបត្ថម្ភធនពីរាជ រដ្ឋាភិបាលកម្ពុជា ​កសិករ ៦៦គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ ទទួលសម្ភារៈបរិក្ខា គ្រឿងយន្តកសិកម្ម​ និងប្រាក់ឧបត្ថម្ភធនពីរាជ រដ្ឋាភិបាលកម្ពុជា

នៅបរិវេណសាលាក្រុងសួង លោក ឡុង ធាម អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អមដំណើរ ដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោកអភិបាល នៃគណៈអភិបាលក្រុងសួង លោក លោកស្រី អភិបាលរងស្រុកត្បូងឃ្មុំ អូររាំងឪ និងស្រុកពញាក្រែក និងមន្ត្រីរាជការមួយចំនួន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ បានជួបសំណេះសំណាលជាមួយប្រជាកសិករ ដែលទទួលអនុវត្តគម្រោងជំរុញផលិតកម្មស្បៀង ចំនួន ៦៦គ្រួសារ និងប្រគល់សម្ភារៈ បរិក្ខា និងគ្រឿងយន្តកសិកម្ម ដែលជាហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានគម្រោងជំរុញផលិតកម្មស្បៀង ថ្នាក់ខេត្ត បានមានប្រសាសន៍ថា គម្រោងជំរុញផលិតកម្ម រៀបចំឡើងដោយប្រើហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលផ្ទាល់មានទឹកប្រាក់ប្រមាណ ២០,២៥លានដុល្លាអាមេរិក សម្រាប់រយៈពេល ៣ឆ្នាំ ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩ លើ ១១ខេត្ត។

គម្រោង​នេះធ្វើ​ឡើង​ក្នុងគោលបំណងបង្កើនផលិតកម្មស្រូវចំណី ស្រូវពូជ និងបន្លែសុវត្ថិភាព ដោយផ្សារភ្ជាប់ទៅនឹងខ្សែច្រវ៉ាក់ទីផ្សារ ដើម្បីនិរន្តរភាពផ្គត់ផ្គង់ ទីផ្សារ តម្លៃ ដែលនឹងលើកស្ទួយជីវភាពគ្រួសារកសិករ។ គម្រោង ត្រូវបានគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្ម ជាអ្នកដឹកនាំអនុវត្តនៅថ្នាក់ជាតិនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនាំអនុវត្តនៅមូលដ្ឋាន។ សម្រាប់ខេត្តត្បូងឃ្មុំ គម្រោងផ្តោតលើផលិតកម្មស្រូវចំណី ស្រូវពូជ និងបន្លែសុវត្ថិភាព គ្របដណ្តប់លើស្រុកអូររាំងឪ ត្បូងឃ្មុំ ពញាក្រែក តំបែរ ក្រូចឆ្មារ និងក្រុងសួង។

ក្នុងរយៈពេល២ឆ្នាំមកនេះ គម្រោងជំរុញផលិតកម្មស្បៀង ខេត្តត្បូងឃ្មុំ មានកសិករចូលរួមលើផលិតកម្មស្រូវ(ពូជសែនក្រអូប) ១ ៣៥០គ្រួសារ លើផ្ទៃដី ៣ ១២៧១.៧៥​ ហ.ត ទទួលបានបរិមាណផល ១១ ៣១២​ តោន ដែលមានទិន្នផលមធ្យម ៣,៥តោន/ហ.ត។ ដោយឡែកក្នុងផលិតកម្មបន្លែ កសិករត្រូវចូលរួមផលិតបន្លែសុវត្ថិភាព ដែលមាន ១៩៩គ្រួសារ លើផ្ទៃដី ៧៧,៦២ហ.ត ទទួលបានទិន្នផល ៣១,៥តោន/ហត/ឆ្នាំ។ ក្នុងផលិតកម្មបន្លែសុវត្ថិភាព នៅឆ្នាំ២០១៦ កសិករផលិតបាន១ ២៩៣ តោន ឆ្នាំ២០១៧ បាន ១៧២៥តោន ហើយនៅឆ្នាំ២០១៨នេះ គិតត្រឹមខែវិច្ឆិកា សម្រេចបាន ២១១២តោន កើនឡើងជាបន្តបន្ទាប់ ហើយមិនមានភាពជុញកកស្ទះនោះទេ។

នៅថ្ងៃនេះ កសិករ ៦៦គ្រួសារ នឹងទទួលបានប្រាក់ឧបត្ថម្ភធន សម្ភារៈ បរិក្ខា ដើម្បីជំរុញផលិតកម្មបន្លែសុវត្ថិភាព ដោយក្នុងមួយគ្រួសារ ទទួលបាន ៖
-បំពង់ទីបជ័រ អង្កត់ផ្ចិត ៤៩មម ចំនួន ១០ដើម
-ទុយោតំណក់ ៣ ៣៥០ម , វ៉ានអង្កត់ផ្ចិត១៦មម ចំនួន ៦៧ , ប្រអប់ចម្រោះទឹក ១ , ជី 150គក្រ , ប្រាក់ឧបត្ថម្ភធន ១ ៦០០ ០០០រៀល។

លោក ឡុង ធាម បានមានប្រសាសន៍ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលតែងគិតគូរ ដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ជាពិសេសគម្រោងជំរុញផលិតកម្មស្បៀងនេះ ពិតជាមានសារៈ សំខាន់សម្រាប់ប្រជាកសិករដាំបន្លែ ដែលរាល់ការឧបត្ថម្ភទាំងឡាយ ពិតជាអាចដោះស្រាយការលំបាកទៅលើដើមទុនផលិត។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញកសិកម្ម ដែលតែងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស ហើយចុះធ្វើបង្ហាញអនុវត្តផ្ទាល់ជាមួយកសិករ ព្រមទាំងជួយកៀរគរធនធានជួយដល់កសិករថែមទៀត។ ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងខេត្ត បានផ្តល់នូវការណែនាំមួយចំនួនដូចតទៅ ៖
១-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តជួយផ្ដល់ទាំងបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដល់កសិករឱ្យកាន់តែទូលំទូលាយ ដើម្បីកាត់បន្ថយបញ្ហាប្រឈមក្នុងផលិតកម្មកសិកម្ម។ ជាពិសេស ការបណ្ដុះបណ្ដាល និងណែនាំឱ្យកសិករឱ្យឈានដល់ការទទួលបានវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ (GAP) មានស្លាកសម្គាល់ត្រឹមត្រូវ ដើម្បីបញ្ជាក់ពីគុណភាព សុវត្ថិភាពបន្លែដែលផលិតបាន ដែលបង្កលក្ខណៈងាយស្រួលដល់អ្នកទិញចំណាំ និងទទួលបាននូវតម្លៃសមរម្យបង្កើនជីវភាពគ្រួសារ។
២-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវដើរតួជាអ្នកសម្របសម្រួលរវាងក្រុមផលិតនិង អ្នកបញ្ជាទិញចុងក្រោយ។ អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ស្រុក ក្រុង ត្រូវផ្តល់កិច្ចសហការនិងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញ ក្រុមផលិត អ្នកបញ្ជាទិញចុងក្រោយ បានប្រាស្រ័យទាក់ទងគ្នាប្រកបដោយភាតរបរិស្ថាន។
៣-កសិករដែលទទួលបាននូវសម្ភារៈ បរិក្ខារកសិកម្ម ក៏ដូចជាធាតុចូលកសិកម្ម ត្រូវយកទៅពង្រីកការដាំដុះឱ្យបានច្រើនបន្ថែមទៀត និងត្រូវយកចិត្តទុកដាក់ក្នុងការដាំដុះ ងាកមកទទួលយកនូវអ្វីជាបច្ចេក ទេសដាំដុះថ្មីៗដែលមន្រ្តីជំនាញបានណែនាំ។
៤-ក្រុមកសិករ ត្រូវរៀបចំជាក្រុមផលិត ឬ សហគមន៍កសិកម្ម ហើយពិភាក្សារៀបចំផែនការដាំដុះឲ្យបានច្បាស់លាស់ តាមរយៈការសិក្សាពីតម្រូវការទីផ្សារសិន មុនធ្វើការដាំដុះ៕

អត្ថបទទាក់ទង