អ្នកជំនាញទំនាន់ទំនងអន្តរជាតិនិងសន្តិសុខថៃ៖ ទោះបីជាមានអ្វីកើតឡើងក៏ដោយ ខ្សែបន្ទាប់ព្រំដែនកម្ពុជា-ថៃ នឹងត្រូវស្ថិតក្នុងគន្លងដដែលស្របតាមផែនទីខណ្ឌសីមាព្រំដែនដែលមានស្រាប់
អ្នកជំនាញទំនាន់ទំនងអន្តរជាតិនិងសន្តិសុខថៃ៖ ទោះបីជាមានអ្វីកើតឡើងក៏ដោយ ខ្សែបន្ទាប់ព្រំដែនកម្ពុជា-ថៃ នឹងត្រូវស្ថិតក្នុងគន្លងដដែលស្របតាមផែនទីខណ្ឌសីមាព្រំដែនដែលមានស្រាប់
យោងតាមអត្ថបទរបស់លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងសន្តិសុខរបស់ប្រទេសថៃដែលមានចំណងជើងថា «រឿងចាស់ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ» ដែលត្រូវបានចែករំលែកដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា បើទោះបីជាពេលវេលាដែលកន្លងផុតទៅអាចបង្កឱ្យមាន«ភាពមិនច្បាស់លាស់» មួយចំនួនដោយសារកត្តាផ្សេងៗជាពិសេសការប្រែប្រួលនៃភូមិសាស្ត្រធម្មជាតិដែលជះឥទ្ធិពលដល់ខ្សែបន្ទាត់បែងចែកផ្លូវទឹក ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីថៃច្បាស់ជាជ្រាបហើយថា «ភាពមិនច្បាស់លាស់ទាំងនេះ គឺត្រូវពឹងផ្អែកលើយន្តការចរចាខាងបច្ចេកទេសតាមរយៈវេទិកាប្រជុំគណៈកម្មការព្រំដែនរួម(JBC) ដើម្បីដោះស្រាយនិងបង្កើតឱ្យមានភាពច្បាស់លាស់ឡើងវិញ» ហើយផលដែលទទួលបានក្នុងផ្លូវភូមិសាស្ត្រនយោបាយពីយន្តការនេះគឺការនាំមកនូវ «ភាពប្រាកដប្រជា» នៃខ្សែបន្ទាត់ព្រំដែនដូចដែលតុលាការអន្តរជាតិបានលើកឡើងជាចំណុចពិចារណាកាលពីឆ្នាំ១៩៦២។
អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងសន្តិសុខថៃ ក៏បានគូសរំលេចផងដែរថា លទ្ធផលនៃសេចក្តីសម្រេចនេះ បានប្រាប់យើងក្នុងន័យម្យ៉ាងទៀតថា «សន្ធិសញ្ញានិងផែនទីភ្ជាប់មកជាមួយ» គឺជាកត្តាសំខាន់បំផុតដែលនឹងត្រូវយកមកប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាវិវាទ។ ហេតុនេះ ទោះបីជាមានអ្វីកើតឡើងក៏ដោយ ខ្សែបន្ទាត់ព្រំដែនក៏នឹងត្រូវស្ថិតនៅក្នុងគន្លងដដែលដូចដែលបានបង្ហាញនៅក្នុងផែនទីខណ្ឌសីមាព្រំដែននិងធ្លាប់បានអនុវត្តរួចមកហើយក្នុងអតីតកាល។
អ្នកជំនាញដដែលរូបនេះ ក៏បានសង្កត់ធ្ងន់ថា ប្រសិនបើមានបញ្ហាឬវិវាទកើតឡើង រដ្ឋក៏អាចយកសន្ធិសញ្ញានិងផែនទីខណ្ឌសីមាដែលទទួលបានការផ្តល់សច្ចាប័នមកធ្វើជាឯកសារយោងក្នុងការអនុវត្តការងារក្នុងរឿងនេះដោយមិនចាំបាច់គិតថាផែនទីនេះមានខ្នាតមាត្រដ្ឋានប៉ុន្មាននោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើរដ្ឋសម្រេចចិត្តប្រើប្រាស់កម្លាំងយោធាមកធ្វើជាឧបករណ៍ក្នុងការដោះស្រាយវិវាទ ទោះបីជាអាចដណ្តើមបានដែនដីដែលមានបញ្ហាមកគ្រប់គ្រងជាបណ្តោះអាសន្នក៏ដោយ ប៉ុន្តែចុងក្រោយវានឹងត្រូវនាំទៅរកការកំណត់ព្រំដែនតាមផ្លូវច្បាប់ដែលច្បាស់លាស់ដដែល។ បញ្ហាបែបនេះ អាចមិនខុសពីបញ្ហាវិវាទរឿងខ្សែរបងផ្ទះរបស់បុគ្គលម្នាក់ៗនៅក្នុងរដ្ឋ ដែលវិវាទខាងលើនោះច្បាស់ជាត្រូវបញ្ចប់ទៅដោយការធ្វើ «ការវាស់វែងដីធ្លី» ដោយគ្មានផ្ទះនរណាម្នាក់មានដីធ្លីលើសហួសពីដែនកំណត់នៃការវាស់វែងនោះឡើយ។
នៅក្នុងអត្ថបទក៏បានលើកឡើងថា គំនិត «ជាតិនិយម» របស់រដ្ឋនីមួយៗអាចនឹងមិនស៊ីសង្វាក់គ្នាជាមួយគោលការណ៍ «អន្តរជាតិនិយម» នោះទេ។ ពោលគឺ តាមគោលការណ៍អន្តរជាតិនិយមដែលគ្រប់ប្រទេស រួមទាំងប្រទេសថៃត្រូវតែប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិនោះ សហគមន៍អន្តរជាតិនឹងផ្តល់សារៈសំខាន់យ៉ាងខ្លាំងទៅលើការដែលរដ្ឋត្រូវតែមិនប្រើប្រាស់កម្លាំងយោធាក្នុងការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនដើម។ ម្យ៉ាងទៀតច្បាប់អន្តរជាតិបានចែងយ៉ាងច្បាស់ថា មិនអនុញ្ញាតឱ្យរដ្ឋមានសិទ្ធិក្នុងការកែសម្រួលឬផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនរវាងប្រទេសដោយការប្រើប្រាស់កម្លាំងឡើយ។ ដូច្នេះគោលការណ៍នេះទើបមានអត្ថន័យថា «ទោះបីជាកើតមានការប្តូរគន្លងខ្សែបន្ទាត់ព្រំដែនដោយហេតុផលឬកត្តាណាមួយក៏ដោយ ប៉ុន្តែនៅពេលដែលត្រូវមានការចរចាដើម្បីបញ្ចប់ជម្លោះ រដ្ឋក៏ត្រូវតែដកថយត្រឡប់ទៅរកខ្សែបន្ទាត់ព្រំដែនដើមដូចដែលបានបង្ហាញនៅក្នុងផែនទីខណ្ឌសីមាព្រំដែន»។ ក្នុងករណីដែលរដ្ឋគូភាគីវិវាទមិនអាចឈានទៅរកការព្រមព្រៀងគ្នាបាន ពួកគេនឹងត្រូវបង្ខំឱ្យត្រឡប់ទៅរកស្ថានភាពដើមនៃខ្សែបន្ទាត់ព្រំដែន (Status Quo) ដោយអនុលោមតាមសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ។ នៅពេលដែលយន្តការចរចាទ្វេភាគីត្រូវបរាជ័យ ផ្លូវច្បាប់តែមួយគត់ដែលនៅសល់គឺការស្វែងរកយុត្តិធម៌និងការកាត់សេចក្តីពីតុលាការ៕




