ខ្មែរប៉ុស្ដិ៍ Close

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជួបប្រជុំជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកពិភាក្សា និងពិគ្រោះយោបល់លើបញ្ហាប្រឈមនានា

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃសុក្រ ទី៤ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 56
វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជួបប្រជុំជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកពិភាក្សា និងពិគ្រោះយោបល់លើបញ្ហាប្រឈមនានា cof

ខេត្តកំពង់ស្ពឺ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានបន្តរៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» លើកទី២១ នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធពីអាជ្ញាធរខេត្ត ក្នុងគោលបំណងស្វែងយល់អំពីបញ្ហាប្រឈមរបស់អង្គការសង្គមស៊ីវិល និងយល់ដឹងពីសុខទុក្ខរបស់ប្រជាជនមូលដ្ឋាន តាមរយៈការពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ជាមួយតំណាងអង្គការ សមាគម សហជីព និងសហគមន៍នៅទូទាំងខេត្តកំពង់ស្ពឺ។

នៅក្នុងវេទិកាសន្ទនានេះ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោកស្រី ឡុង បូណារ៉េត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅទូទាំងខេត្ត។ ដោយស្ថិតក្នុងបរិយាកាសស្និទ្ធស្នាល វ.ស.ស. អាជ្ញាធរខេត្ត និងតំណាងអង្គការ សមាគម សហជីព និងសហគមន៍ បានធ្វើកិច្ចសន្ទនាពិគ្រោះយោបល់ត្រង់ទៅត្រង់មកជាមួយគ្នាយ៉ាងផុលផុស ដោយបានលើកឡើងអំពីបញ្ហាប្រឈមជាក់ស្តែង ដែលកំពុងកើតមាន រួមទាំងសំណូមពរមួយចំនួនផងដែរ។ ជាលទ្ធផល បញ្ហាប្រឈម និងសំណូមពរជាក់ស្តែងមួយចំនួនរបស់ប្រជាពលរដ្ឋ ត្រូវបានដោះស្រាយភ្លាមៗនៅក្នុងវេទិកាកិច្ចសន្ទនានេះតែម្តង។ ចំពោះបញ្ហាប្រឈម និងសំណូមពរមួយចំនួនទៀត អាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធ បានសន្យាថានឹងលើកយកទៅពិភាក្សាលម្អិតបន្ថែម ដើម្បីបន្តស្វែងរកដំណោះស្រាយ៕

 

អត្ថបទទាក់ទង