ខ្មែរប៉ុស្ដិ៍ Close

សាកលវិទ្យាល័យនៅកម្ពុជាមានវត្តមានក្នុងតារាងចំណាត់ថ្នាក់នៃការអប់រំកម្រិតឧត្តមសិក្សាក្នុងឆាកអន្តរជាតិ​ជាលើកដំបូង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 58
សាកលវិទ្យាល័យនៅកម្ពុជាមានវត្តមានក្នុងតារាងចំណាត់ថ្នាក់នៃការអប់រំកម្រិតឧត្តមសិក្សាក្នុងឆាកអន្តរជាតិ​ជាលើកដំបូង Students of The University of Puthisastra (UP) are doing internships in hospital laboratories in Phnom Penh. UP

សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត (UP) បានក្លាយជាសាកលវិទ្យាល័យដំបូងគេនៅប្រទេសកម្ពុជាដែលមានវត្តមានក្នុងតារាងចំណាត់ថ្នាក់នៃការអប់រំកម្រិតឧត្តមសិក្សាក្នុងឆាកអន្តរជាតិ (Times Higher Education) ដែលមានចំណាត់ថ្នាក់នៅក្នុងតារាងកម្រិត ១០១-២០០ ក្នុងពិភពលោកលើ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច ក្នុងចំណោមស្ថាប័នទូទាំងពិភពលោកចំនួន ៦៨៥​។

ចំណាត់ថ្នាក់នៃការអប់រំកម្រិតឧត្តមសិក្សា (Times Higher Education)​ បានចេញផ្សាយនៅថ្ងៃទី ២១ ខែមេសា ត្រូវបានគេចាត់ទុកថាជាប្រព័ន្ធលំដាប់កំពូលរបស់ពិភពលោកដែលវាយតម្លៃសាកលវិទ្យាល័យនានាប្រឆាំងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)​ របស់អង្គការសហប្រជាជាតិក្នុងគោលបំណងផ្តល់នូវការប្រៀបធៀបដ៏ទូលំទូលាយ និងមានតុល្យភាពក្នុងការស្រាវជ្រាវ ត្រួតពិនិត្យ ផ្សព្វផ្សាយ និងការបង្រៀន។

ចំណាត់ថ្នាក់ការអប់រំកម្រិតឧត្តមសិក្សាឆ្នាំ ២០២១ គឺជាការបោះពុម្ពលើកទី ៣ ដែលរួមមានចំណាត់ថ្នាក់សាកលវិទ្យាល័យចំនួន ១ ១១៥ មកពី ៩៤ ប្រទេសឬតំបន់ ហើយឆ្នាំនេះក៏មានវត្តមានប្រទេសកម្ពុជាផងដែរ។

លោកសាស្រ្តាចារ្យ Ian Findlay សាកលវិទ្យាធិការ និងអនុអធិការបតីបានឲ្យដឹងថាលោកពិតជារំភើប និងមានមោទនភាពណាស់ដែលសាកលវិទ្យាល័យមួយនៅកម្ពុជាត្រូវបានទទួលស្គាល់ក្នុងតារាងចំណាត់ថ្នាក់នៃការអប់រំកម្រិតឧត្តមសិក្សាក្នុងឆាកអន្តរជាតិជាលើកដំបូង។

លោកនិយាយថា៖​

«ចំណាត់ថ្នាក់ទាំងនេះត្រូវបានប្រើប្រាស់ទូទាំងពិភពលោកដើម្បីវាយតម្លៃគុណភាពអប់រំ និងឥទ្ធិពលដែលនិស្សិតផ្តល់ទៅសង្គម ការសិក្សា និងអង្គការជាច្រើនទៀត។ នេះនឹងជួយទាក់ទាញនិស្សិត អ្នកជំនាញ អ្នកស្រាវជ្រាវ ក៏ដូចជាថវិកាដើម្បីកសាងសក្តានុពល និងអនាគតរបស់ប្រទេសកម្ពុជា។ UP និងកម្ពុជាបានឈានដល់ឆាកអន្តរជាតិហើយ»។

គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សរុបមានចំនួន ១៧ ដែលត្រូវបានវាយតម្លៃសាកលវិទ្យាល័យ​។ សកម្មភាពទាំងនោះរួមមានសកម្មភាពអាកាសធាតុ ទឹកស្អាត និងអនាម័យ គុណភាព​ការអប់រំ សមភាពយេនឌ័រ ទីក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព។

គណៈគ្រប់គ្រង់ UP បានចេញសេចក្តីថ្លែងការណ៍មួយនិយាយថា៖

«នេះគឺជាការទទួលស្គាល់ដ៏មានតម្លៃសម្រាប់ការបន្តឆ្ពោះទៅរកការប្រឈមនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ សមិទ្ធិផលទី ១ ដែលសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជាត្រូវបានទទួលស្គាល់នឹងជួយត្រួសត្រាយផ្លូវទៅកាន់ពិភពលោក ទៅដល់ចំណុចនៃឧត្តមសិក្សាដ៏ខ្ពស់បំផុតក្នុងវិស័យការងារ ការសិក្សា និងស្រាវជ្រាវ»។

សេចក្តីថ្លែងការណ៍បន្តថា៖

«ដោយសម្រេចបានជោគជ័យនូវការទទួលស្គាល់នៅលើឆាកអន្តរជាតិ UP នឹងបន្តការរីកចំរើនទៅមុខក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត ដើម្បីពង្រឹងទាំងកេរ្តិ៍ឈ្មោះ និងតំណែងរបស់ប្រទេសកម្ពុជានៅក្នុងចំណាត់ថ្នាក់ការអប់រំកម្រិតឧត្តមសិក្សាជាសកល និងអចិន្ត្រៃយ៍»៕

Khmer Times