ខ្មែរប៉ុស្ដិ៍ Close

សាលាវត្តបូព៌សៀមរាបល្បីរហូតដល់ក្រៅប្រទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 104
សាលាវត្តបូព៌សៀមរាបល្បីរហូតដល់ក្រៅប្រទេស សាលាវត្តបូព៌សៀមរាបល្បីរហូតដល់ក្រៅប្រទេស

បើ​និយាយ​ដល់​សាលា​បឋមសិក្សា​ដែល​ល្បី​ខ្ទរខ្ទារ​ដាច់​គេទូទាំងប្រទេស​ ទាំង​វិន័យ សណ្ដាប់​ធ្នាប់ ​បរិស្ថាន គុណភាព​ការ​បង្រៀន និង​គ្រប់​បែបយ៉ាង​ល្អ​ឥត​ខ្ចោះ រហូត​ដល់​សិស្ស​ថៃ​មិន​តិច​ជាង​រយ​នាក់​មក​ទស្សនកិច្ច​រាល់​ឆ្នាំ គេ​គ្រប់​គ្នា​ប្រាកដ​ជា​នឹក​ដល់ សាលា​ចំ​កណ្ដាល​ក្រុង​សៀមរាប គឺ​សាលា​បឋម​សិក្សា​វត្ត​បូព៌។

តើ​នៅ​ពី​ក្រោយ​ភាព​ល្បី​ល្បាញ​ទូទាំង​ប្រទេស​ រហូត​ដល់​ក្រៅ​ប្រទេស​ តើ​នរណា​ជា​បុគ្គល​ដ៏​សំខាន់?

លោក ពិន គិមឆេន គឺ​ជា​នាយក​សាលា​បឋម​សិក្សា​វត្ត​បូព៌ ដែល​ជា​បុគ្គល​ម្នាក់​បាន​ខិត​ខំ​តស៊ូ ដឹកនាំ​សាលា​រៀន​មួយ​នេះ រហូត​មាន​កេរឈ្មោះ​ល្បីល្បាញ​ដល់​សព្វ​ថ្ងៃ រក​គូរ​ប្រជែង​ពុំ​បាន។ ទម្រាំ​បាន​មក​ដូច​សព្វ​ថ្ងៃ នាយក​សាលា​ដ៏​ឆ្នើម​នេះ បាន​ឆ្លង​កាត់​ការ​លំបាក​ធំៗ​ ៤​ចំណុច​ដូច​ខាង​ក្រោម​នេះ៖


(លោក ពិន គិមឆេន នាយក​សាលា​បឋម​សិក្សា​វត្ត​បូព៌)

១. ការ​ធ្វើ​កំណែទម្រង់​ដំបូង​បំផុត

​តាំងពី​ទទួល​តំណែង​ជា​នាយក​សាលាបឋមក្នុង​ឆ្នាំ ១៩៩៤​ លោក​បាន​ធ្វើ​កំណែទម្រង់​ជាច្រើន​ដែល​មិន​ធ្លាប់​មាន​ដើម្បី​ផ្លាស់​ប្ដូរ​មុខមាត់​ថ្មី​ ផ្ដោតជាពិសេសទៅលើ​សណ្ដាប់ធ្នាប់ វិន័យ និង​ចក្ខុ​វិស័យ​សំ​ខាន់ៗ​របស់​សាលាបឋមសិក្សា​មួយ​នេះ។  ដំណើរកា​រកែ​ទម្រ​ង់​ដំ​បូ​ង​ពិតជា​មាន​ការ​លំ​បាក​ដោយសារតែ​ថ្នាក់លើ​ទាំង​ខ្សែបណ្ដោយ និង​ខ្សែទទឹង ​មិន​យល់​អំពី​ចក្ខុ​វិ​ស័​យ​របស់​សាលា​។

២. កត្តា​គ្រូ​បង្រៀន

លោក​នាយក ពិន គិមឆេន ប្រាប់​ទៀត​ថា គ្រូ​បង្រៀន​នៅ​ក្រោមបង្គាប់​ទាំងអស់ ​បានបង្ហាញ​ការមិនសប្បាយចិត្ត​ ចំ​ពោះ​ការ​រឹតបន្ដឹង​វិ​ន័​យ​ដែល​តឹងតែង​ខ្លាំង។ គ្រូ​បង្រៀន​ក្នុង​សាលា​ស្ទើរគ្រប់គ្នា​យល់ថា​ប្រាក់ខែ​គ្រូ​មាន​កម្រិត​ដូចៗ​គ្នា​ទេ ចុះ​ហេតុអ្វី​ចាំបាច់​ត្រូវធ្វើ​ឲ្យ​ល្អ​ជាងគេ​យ៉ាង​នេះ​? ដូច្នេះ​ហើយ​ទម្រាំ​ឲ្យ​គោល​បំណង និង​ចិត្ត​គំនិត​របស់​របស់​លោក ជ្រាប​ដល់​បេះដូង​អ្នក​គ្រប់​គ្នា គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ឡើយ ទម្រាំ​អ្វីៗ​ចាប់​ផ្ដើម​ដំណើរ​ការ​ទៅ​មុខ​ទៀត។

៣. កត្តា​ឪពុកម្ដាយ

នាយក​សាលា ដែល​ទទួល​បាន​ការ​វាយ​តម្លៃ​កម្រិត​ស្ដង់ដារ​ខ្ពស់ ​ប្រចាំ​ប្រទេស​​រូប​នេះ បន្ត​ថា បញ្ហា​មួយ​ទៀ​ត​នោះ​គឺ មាតាបិតា និង​អាណាព្យាបាល​របស់​សិស្ស​។ មាតាបិតា​សិស្ស​មួយ​ចំនួន​មិនទាន់​យល់ និង​មិនដែល​ជួបប្រទះ ​ចំពោះកា​ររឹតបន្ដឹង​វិ​ន័​យ សណ្ដាប់ធ្នាប់​របស់​សិស្ស​។ ដូ​ច្នេះហើយ​ទើប​ពួក​គាត់​បាន​បញ្ចេញ​នូ​វ​ប្រតិកម្ម​យ៉ាងខ្លាំង​នាពេល​នោះ​។ ប៉ុន្ដែ​នា​ពេលបច្ចុប្បន្ន​មាន​មាតាបិតា​សិស្ស​តិច​ណាស់​ ដែល​ប្រតិកម្ម ដោយភាគច្រើន​ឪពុកម្ដាយ​របស់​សិស្សានុសិស្ស​ទាំង​អស់ ​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការរៀ​ប​ចំ​របស់​សាលា​ទៅ​វិ​ញ​។

៤. កត្តាគ្រួសារ​របស់​លោក​ផ្ទាល់

ក្រោយ​មាន​ប្រតិកម្ម​ច្រើន ពី​លោកគ្រូ អ្នក​គ្រូ និង​អាណាព្យាបាល​របស់​សិស្ស គ្រួសារ​របស់​លោក​នាយក ពិន គិមឆេន មិន​ជា​សប្បាយ​ចិត្ត​ប៉ុន្មាន​នោះ​ទេ។ មួយ​វិញ​ទៀត​នោះ អ្នក​ផ្ទះ​របស់លោក​មិន​សប្បាយចិត្ត​ឡើយ ​ចំពោះ​អ្វីដែល​លោក​បាន​អនុវត្ត ព្រោះ​បាន​ចំណាយពេល​ច្រើន​លើ​ការងារ ព្រលឹម​ចេញ​ព្រលប់​ចូល​ស្ទើរ​តែ​រាល់​ថ្ងៃ តែ​ទទួលបាន​មក​វិញ​នូវ​ការ​ប្រតិកម្ម​ជាច្រើន​ទៅ​វិ​ញ​នោះ​។

ទោះ​ជា​យ៉ាង​ណា​ក្ដី នាយក​សាលា​រូប​នេះ​ឲ្យ​ដឹងថា ទោះជា​ត្រូវប្រឹង​ប្រែង​ដើរ​ទៅមុខ​ដោយ​លំ​បាក​ក្ដី ក៏ប៉ុន្ដែ​លោក​បាន​ជំនះ​លើ​ព្យុះ​ធំ​ទាំង ៤​នេះ​រួចរាល់​ហើយ​។ រហូត​មក​ដល់​បច្ចុប្បន្ន​ការ​តស៊ូ​លំបាក​ប្រឹងប្រែង​គ្រប់​បែបយ៉ាង

​​សាលាបឋមសិក្សា​វត្ត​បូព៌​ មាន​អគារសិក្សា​ចំនួន ១៤ ​ខ្នង ស្មើនឹង ៦០​ បន្ទ​ប់ រួមជាមួយ​នឹង​គ្រូ​ប​ង្រៀន​សរុប​ចំ​នួន ១១៦​ នាក់​។ គិតត្រឹមឆ្នាំ​សិក្សា ២០១៦-២០១៧ សាលា មាន​សិស្សានុសិស្ស​ចូល​សិក្សា​សរុប​ចំនួន ៦ ៣៧៦ ​នាក់ ស្រី​ចំនួន ៣ ០៧២​៕

អត្ថបទទាក់ទង