ខ្មែរប៉ុស្ដិ៍ Close

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងចាប់ផ្តើមស្អែក នៅខេត្តស្វាយរៀង ដោយរំពឹងមានអ្នកចូលរួមជាង ២ម៉ឺននាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 40

ស្វាយរៀង៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងប្រារព្ធធ្វើឡើងនៅខេត្តស្វាយរៀង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា។

នៅក្នុងមហាព្រឹត្តិការណ៍ដ៏ធំរបស់ជាតិមួយនេះ ក៏មានអញ្ជើញចូលរួមពី លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោក ហេង សំរិន ប្រធានរដ្ឋសភា, លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

អាជ្ញាធរខេត្តស្វាយរៀង បានអះអាងថា រាជរដ្ឋាភិបាលសម្រេចជ្រើសយកខេត្តស្វាយរៀងជា ទីកន្លែងប្រារព្ធពិធីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែឧសភា ស្អែកនេះ ស្ថិតនៅទីព្រះស្រែ ក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ឲ្យដឹងពីរដូវធ្វើស្រែចម្ការបានមកដល់ និងដើម្បីផ្សងប្រផ្នូល ពីភោគផលកសិកម្ម នាឆ្នាំនេះផងដែរ។

បើតាមអាជ្ញាធរខេត្ត អ្នកចូលរួមនៅក្នុងព្រះរាជពិធីបុណ្យជាតិមួយនេះ នឹងមានជាង២ម៉ឺននាក់។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលជាព្រះរាជពីធីជាតិដ៏យូរលង់របស់ខ្មែរមកនោះ និងដែលតែងតែធ្វើជារៀងរាល់ឆ្នាំនៅដើមរដូវវស្សា ដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេស ជាពិសេសដើម្បីផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលកសិកម្មរបស់ប្រជានុរាស្រ្តនោះ នឹងចូលមកដល់ក្នុងរយៈពេលប្រមាណ២សប្តាហ៍ទៀតប៉ុណ្ណោះ គ្រោងប្រារព្ធឡើងនៅខេត្តស្វាយរៀង។

សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ទីព្រះស្រែបានរៀបចំចាក់ខ្សាច់បំពេញ ការតបណ្ដាញទឹក បណ្ដាញអគ្គិសនី និងដាំស្មៅរួចរាល់ ហើយក៏បានរៀបចំស្តង់ពិព័រណ៍ផលិតផលកសិកម្ម និងសិប្បកម្មផងដែរ។ នេះបើតាមការឲ្យដឹងពីមន្រ្តីសាលាខេត្តស្វាយរៀង។

ក្នុងព្រះរាជកម្មវិធីនេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជាស្តេចមាឃ និងលោកស្រី ឈុន ណារី ជាមេហូ ៕

អត្ថបទទាក់ទង