ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ពន្យល់ពីកាតព្វកិច្ចដែលត្រូវធ្វើ ក្នុងកំលុងពេលដាក់ខ្លួន ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ នគរគំនិត 65
ក្រសួងសុខាភិបាល ពន្យល់ពីកាតព្វកិច្ចដែលត្រូវធ្វើ ក្នុងកំលុងពេលដាក់ខ្លួន ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្រសួងសុខាភិបាល ពន្យល់ពីកាតព្វកិច្ចដែលត្រូវធ្វើ ក្នុងកំលុងពេលដាក់ខ្លួន ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបង្ហាញនូវខិត្តប័ណ្ណ ដោយពន្យល់ពីកាតព្វកិច្ចដែលត្រូវធ្វើ ក្នុងកំលុងពេលដាក់ខ្លួន ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

កាតព្វកិច្ច១០ចំណុច ដែលអ្នកដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ត្រូវធ្វើរួមមាន៖

១៖ នៅផ្ទះគ្រប់ពេលរាល់ថ្ងៃ លើកលែងតែពេលត្រូវការសេវាព្យាបាល
* នៅផ្ទះរហូត និងតាមដានសុខភាពជារៀងរាល់ថ្ងៃ
* បើទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ត្រូវពាក់ម៉ាស់ក្នុងពេល ធ្វើដំណើរចេញពីផ្ទះ
* ហាមជួបបងប្អូន មិត្តភក្តិ ជាពិសេសជួបឬនៅជិតមនុស្សចាស់ ឬអ្នកមានជំងឺ
* ហាមប៉ះពាល់សត្វ។

២៖ តាមដានរោគសញ្ញានៃជំងឺ
* វាស់កម្ដៅជារៀងរាល់ថ្ងៃ មួយថ្ងៃពីរដង ពេលព្រឹក និងពេលល្ងាច
* បើកម្ដៅលើសពី ៣៧.៥ អង្សារសេ ឬមានរោគសញ្ញាណាមួយ ដូចជា ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវផ្តល់ព័ត៌មានដល់មណ្ឌលសុខភាព ដើម្បីពិគ្រោះយោបល់។

៣៖ នៅដាច់ដោយឡែកពីសមាជិកគ្រួសារ
* រស់នៅក្នុងបន្ទប់មួយដាច់ដោយឡែក ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ និងប្រើប្រាស់បន្ទប់ ឬបង្គន់ផ្សេងពីគ្រួសារ។ សមាជិក និងគ្រួសារដទៃទៀត ត្រូវរស់នៅក្នុងបន្ទប់ផ្សេង
* បរិភោគអាហារដាច់ដោយឡែកពីសមាជិកគ្រួសារ
* ពាក់ម៉ាស់ពេលមានសមាជិកគ្រួសារនៅក្បែរ ក្នុងបន្ទប់ជាមួយគ្នា ឬត្រូវនៅឃ្លាតពីគ្នាយ៉ាងតិច២ម៉ែត្រ។ កាត់បន្ថយការជួបសមាជិក គ្រួសារ និងការប្រើប្រាស់កន្លែងរួមគ្នា។

៤៖ ប្រើសម្ភារដាច់ដោយឡែកពីសមាជិកគ្រួសារ៖
* ចាន សម ស្លាបព្រា កែវ កន្សែង ឬក្រមា គ្រែ កន្ទេល ពូក ខ្នើយ ភួយ សម្លៀកបំពាក់ និងសម្ភារផ្សេងទៀតប្រើប្រាស់ផ្ទាល់ខ្លួន
* លាងសម្អាតសម្ភារជាមួយទឹកស្អាត និងសាប៊ូ ឱ្យបានស្អាតល្អ
* បោកគក់សម្លៀកបំពាក់ កម្រាលពូក កន្សែងឬក្រមា មុង ភួយ ជាមួយ សាប៊ូធម្មតា និងហាលឱ្យបានស្ងួតល្អ។

៥៖ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ
* លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត (លាងដៃម្ដង ត្រូវប្រើពេលយ៉ាងតិច៤០វិនាទី)
* លាងសម្អាតដៃ មុនពេល និងក្រោយពេលចម្អិនអាហារ មុនពេល និងក្រោយពេលបរិភោគអាហារ
* ហាមប៉ះ ភ្នែក ច្រមុះ មាត់ នៅពេលដៃមិនទាន់បានសម្អាតជាពិសេស ក្រោយពេលប្រើបង្គន់។

៦៖ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់
* ខ្ទប់មាត់ ច្រមុះខ្លួនឯង ដោយក្រដាសអនាម័យ ឬខ្ទប់នឹងកែងដៃ នៅពេលក្អក ឬកណ្ដាស់រួចត្រូវចោលក្រដាស ក្នុងធុងសំរាមបិទជិត ភ្លាម ហើយលាងសម្អាតដៃភ្លាមៗ។

៧៖ បរិភោគតែអាហារដែលចម្អិនបានល្អ
* ម្ហូបអាហារត្រូវចម្អិនឱ្យឆ្អិនល្អ
* បរិភោគម្ហូបអាហារមានជាតិត្រី សាច់ បន្លែ ផ្លែឈើ បន្ថយជាតិប្រៃ និងជាតិផ្អែម ដើម្បីជួយពង្រឹងប្រព័ន្ធការពារសារពាង្គកាយ។

៨៖ រក្សាអារម្មណ៍ធម្មតា និងអនាម័យល្អក្នុងកន្លែងរស់នៅ
* ហាត់ប្រាណ និងធ្វើកិច្ចការផ្សេងៗជាធម្មតា ដូចជាអានសៀវភៅ តាមដានព័ត៌មាន កម្មវិធីកម្សាន្តតាមវិទ្យុ ឬទូរទស្សន៍ ប្រើប្រាស់ អ៉ីនធឺណិត ទូរស័ព្ទ…..
* សម្អាតបន្ទប់រស់នៅផ្ទាល់ខ្លួន បន្ទប់ទឹក ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដូចជាគ្រែដេក ផ្ទៃតុ ទូ ដៃកាន់ទ្វារ ទូរស័ព្ទ។ល។ ជារៀង រាល់ថ្ងៃ។

៩៖ បញ្ចប់ការអនុវត្តលំនៅដ្ឋានចត្តាឡីស័ក
* អនុញ្ញាតឱ្យបញ្ចប់ បើសិនអ្នកបានអនុវត្តត្រឹមត្រូវ នូវវិធានការរស់នៅ ដាច់ដោយឡែក នៅផ្ទះរាល់ពេលគ្រប់កាលកំណត់១៤ថ្ងៃហើយ ក្នុងអំឡុងពេលនោះ អ្នកគ្មានចេញរោគសញ្ញាជំងឺ។

១០៖ ទំនាក់ទំនងក្នុងករណីចាំបាច់ និងបន្ទាន់
* បើអ្នកត្រូវការពិគ្រោះយោបល់ ឬជំនួយវេជ្ជសាស្ត្រ សូមទាក់ទងទៅ បុគ្គលិកមណ្ឌលសុខភាព ឬគ្រូពេទ្យដែលត្រូវបានចាត់តាំងឱ្យតាមដានសុខភាព និងទាក់ទងជាប្រចាំជាមួយអ្នក ឬទាក់ទងទៅទូរស័ព្ទ ទាន់ហេតុការណ៍115 របស់ក្រសួងសុខាភិបាល ដោយឥតគិតថ្លៃ៕

អត្ថបទទាក់ទង