រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ចៅក្រមមានឆន្ទានុសិទ្ធិក្នុងការសម្រេច ប៉ុន្តែត្រូវធ្វើឱ្យត្រឹមត្រូវតាមច្បាប់
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០៖ រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌បានអះអាងថា ក្រសួងយុត្តិធម៌មិនលូកដៃចូលក្នុងកិច្ចការរបស់ចៅក្រមនោះទេ ប៉ុន្តែចៅក្រមត្រូវមានឆន្ទានុសិទ្ធិមួយឱ្យត្រឹមត្រូវតាមច្បាប់ជាធរមាន ។ នេះគឺការបញ្ជាក់របស់ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកាសដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងយុត្ដិធម៌។
ឯកឧត្ដម កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំធ្លាប់បញ្ជាក់ជូនលើកមុនហើយថា ក្រសួងយុត្តិធម៌មិនជ្រៀតជ្រែកចូលដល់ការសម្រេចក្តីរបស់ចៅក្រមនោះទេ ដែលជាអំណាចឯករាជ្យ អីច្ចឹងឆន្ទានុសិទ្ធិ គាត់ប្រើចុះ ប៉ុន្តែជាសិទ្ធិអំណាចមួយដែលគាត់ត្រូវប្រើប្រាប់ឱ្យបានត្រឹមត្រូវតាមច្បាប់”។ ឯកឧត្ដមបានលើកឡើងថា ការប្រកាសដាក់ឱ្យដំណើរការយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្តនេះ គឺបានចែកក្រុមការងារចំនួន៤ក្រុម ដែលមានរដ្ឋលេខាធិការ១រូប ដឹកនាំក្រុមការងារបូករួមទាំងសាលាដំបូងរាជធានី ខេត្ត ត្រូវប្រកាន់ខ្ជាប់ជាមួយនឹងគោលការណ៍ ដើម្បីចៀសវាងឱ្យបាននូវ«ត្រីងៀតឆ្លៀតពង» មានន័យថាត្រូវដាក់ចេញជាមួយគោលការណ៍ សុចរិតភាព ស្មោះត្រង់ និងមិនពុករលួយ។ ឯកឧត្ដមរដ្ឋមន្រ្ដីមានជំនឿយ៉ាងម៉ុតមាំថា ប្រសិនបើមានការចូលរួមដោយសុឆន្ទៈពីតូអង្គពាក់ព័ន្ធទាំងអស់ ក្នុងរយៈពេលត្រឹមតែ៦ខែ ឬក៏ឬទៅ៩ខែ ប៉ុណ្ណោះ ការបើកយុទ្ធនាការដោះស្រាយការក កស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត នឹងសម្រេចបាន៥០ភាគរយ ទៅ៧០ភាគរយ នៃផែនការដែលបានកំណត់។
តែទោះបើយ៉ាងណាក៏ដោយ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ទោះបីតួរអង្គពាក់ព័ន្ធ ដោះស្រាយសំណុំរឿងបានប៉ុន្មានភាគរយក៏ដោយ ឱ្យតែធ្វើត្រឹមត្រូវតាមច្បាប់ ដោយមិនមានបញ្ហានោះ គឺចាត់ទុកថា ជាជោគជ័យដ៏ធំមួយ នៅក្នុងយុទ្ធនាការទាំងអស់ផងដែរ។ ទន្ទឹមនេះ ឯកឧត្ដមបានអះអាងថា ក្រសួងដោះស្រាយសំណុំរឿងទាំងអស់ ដោយមិនគិតប្រភេទសំណុំរឿងណាមួយឡើយ។ ឯកឧត្ដមបានថ្លែងបញ្ជាក់ថា “យើងអត់មានការកំណត់ទេ គឺជាប្រភេទសំណុំរឿងព្រហ្មទណ្ឌទាំងអស់ អីច្ចឹងនៅក្នុងការដោះស្រាយដើម្បីពន្លឿនការស្វែងរកយុត្តិធម៌ ឱ្យបានឆាប់រហ័សយើងអត់មានថាអានេះរឿងប្រភេទនេះៗទេ។ អ្វីដែលជាទន្ទឹងរងចាំរបស់ភាគីនៅក្នុងរឿងក្ដីគឺសំណុំរឿងរបស់គាត់នីមួយៗ ហើយក្នុងរបៀបវាវៈរបស់ក្រសួងយុត្តិធម៌ ថ្វីត្បិតតែក្រសួងយុត្តិធម៌ បានលើកពីទិន្នន័យនៃសំណុំរឿងគ្រឿងញៀនក៏ពិតមែន ប៉ុន្តែក្នុងរបៀបវារៈការងារពិតប្រាកនៃយុទ្ធនាការគឺយើងធ្វើទៅលើគ្រប់បទល្មើសទាំងអស់”។
ឯកឧត្ដម កើត រិទ្ធ បានបញ្ជាក់ផងដែរថា ក្រសួងយុត្តិធម៌ មានការប្រុងប្រយ័ត្នណាស់ ដើម្បីកុំឱ្យយុទ្ធនាការនេះ ទៅជាការនិយាយថា ជាការជ្រៀតជ្រែកដល់កិច្ចការតុលាការ ដោយក្រសួង មានច្បាប់កំណត់ត្រឹមត្រូវ។ ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ ក៏បើកទ្វារស្វាគមន៍អង្គការសង្គមស៊ីវិល ចូលមកធ្វើការជាមួយយើង ហើយកន្លងមកទៅ ក្រសួងក៏បានទទួលជួបជាមួយអង្គការ UNOCHR ដោយលើកឡើងពីបញ្ហានេះ ឱ្យគាត់ចូលរួមក្នុងយុទ្ធនាការនេះដែរ។
ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់បន្ថែមថា “យើងបើកទ្វារចំហ ប៉ុន្តែយើងមិនចង់ឃើញគាត់ប្រើអំណាចរបស់គាត់ ដែលគ្មានច្បាប់ចែង លូកដៃចូលទៅក្នុងស្ថាប័នតុលាការ ហើយទៅធ្វើរបាយការណ៍មួយផ្សេង។ អីចឹងខ្ញុំលើកទឹកចិត្តថា សង្គមស៊ីវិលបើកទ្វារស្វាគមន៍ សង្គមស៊ីវិល មកទាក់ទងជាមួយក្រុមលេខាធិការដ្ឋាន ដើម្បីធ្វើការងារនេះ”៕