ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន មានសុទិដ្ឋិនិយមថា អ្នកវិនិយោគវៀតណាម នឹងបន្តវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 34
លោក ហ៊ុន សែន មានសុទិដ្ឋិនិយមថា អ្នកវិនិយោគវៀតណាម នឹងបន្តវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី លោក ហ៊ុន សែន មានសុទិដ្ឋិនិយមថា អ្នកវិនិយោគវៀតណាម នឹងបន្តវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញនូវសុទិដ្ឋិ និយមមួយថា អ្នកវិនិយោគវៀតណាម នឹងបន្តវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឱ្យបានកាន់តែច្រើនឡើងថែមទៀត ខណៈដែលទំហំពាណិជ្ជកម្មប្រទេសទាំងពីរបានកើនឡើងលើសការរំពឹងទុក។ លោកបានលើកឡើងដូចនេះក្នុងឱកាសអញ្ជើញចូលរួមពិសាអាហារអបអរសាទរបុណ្យ ចូលឆ្នាំថ្មីរបស់វៀតណាម នៅសណ្ឋាគារសុខាភ្នំពេញ នារាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

លោក ហ៊ុន សែន បានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាពនៃសេដ្ឋកិច្ចរបស់វៀតណាម ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានការកើនឡើងយ៉ាងខ្លាំងក្លានិងបានអបអរសាទរចំពោះការចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរី និងការការពារវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប ដែលនឹងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសវៀតណាម និងសហភាពអឺរ៉ុប។

លោកជឿជាក់ថា កំណើនសេដ្ឋកិច្ចវៀតណាម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់ដល់ប្រទេសវៀត​ណាមប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងផ្តល់ផ្លែផ្កាដល់ប្រទេសជិត​ខាងក្នុងតំបន់ រួមទាំងកម្ពុជាផងដែរ តាមរយៈលំហូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

លោក ហ៊ុន សែន មានមោទនភាពចំពោះ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នារយៈពេលកន្លងមក តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកាន់តែញឹក​ញាប់របស់ថ្នាក់ដឹកនាំជាក់ខ្ពស់ និងទំនាក់ទំនងជាប្រចាំនៃប្រជាជនប្រទេសទាំងពីរ ដែលបានបង្ហាញយ៉ាងច្បាស់ពីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហ​ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក មិនជ្រៀត​ជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ និងការទូត។ កិច្ចសហប្រតិបត្តិការ ល្អប្រពៃរវាងប្រទេសទាំងពីរបានផ្តល់នូវផ្លែផ្កាគ្រប់វិស័យ ជាអាទិ៍ កំណើនជាបន្តបន្ទាប់នៃសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ជាដើម។

ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៨ សម្រេចបានប្រមាណ៤, ៧ពាន់លានដុល្លារអាមេរិក កើនឡើង ២៤% បើធៀបនឹងឆ្នាំ២០១៧។ តាមការប៉ាខំស្មាន ក្នុងឆ្នាំ២០១៩ ពាណិជ្ជកម្មកម្ពុជា វៀតណាម មានប្រមាណ ៥,២ពាន់លានដុល្លារអាមេរិក ពោលគឺ សម្រេចបានលើលពីទំហំពាណិជ្ជកម្មដែលនាយករដ្ឋមន្ត្រីប្រទេសទាំងពីរដាក់ចេញ ក្នុងគោលដៅត្រឹម ៥ ពាន់លានដុល្លារអាមេរិក ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការសម្រេចបាននេះបង្ហាញពីជោគជ័យនៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរលើសពីការរំពឹងទុក។

ដើម្បីជំរុញពាណិជ្ជកម្មតាមព្រំដែន កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅនេះ លោក ហ៊ុន សែន បានចូលរួមជាអធិបតីជាមួយ ឧបនាយករដ្ឋមន្ត្រី ជីញ ឌិញស៊ុង ក្នុងពិធីស​ម្ពោធ និងប្រគល់-ទទួលផ្សារគម្រូដែនកម្ពុជា-វៀតណាម ផ្សារដារទៅខេត្តត្បូងឃ្មុំ។ ការបង្កើតផ្សារព្រំដែននេះ គឺជាចំណុចដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលនឹងបង្កលក្ខណៈងាយស្រលឱ្យប្រជាពលរដ្ឋប្រទេសទាំងពីររមានលទ្ធភាព ដើម្បីផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នាដោយស្របច្បាប់ និងបង្កើតបានស្ថានភាពឈ្នះ-ឈ្នះនៃទំនាក់ទំនងរវាងពាណិជកម្មតាមព្រំដែន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ក្នុងវិស័យវិនិយោគ ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ​២០១៩ កម្ពុជាបានអនុម័តគម្រោងវិនិយោគរបស់ក្រុម​ហ៊ុន​​វៀតណាម ចំនួន ៨៥គម្រោង ក្នុងទុនវិនិយោគសរុបចំនួនជាង ២,៥ពាន់លានដុល្លារអាមេរិក។ ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើ ក៏មានវត្តមាននៃការវិនិយោគពីវៀតណាមក្នុងវិស័យនានា ដូចជាវិស័យធនាគារ ធានារ៉ាប់រង សេវាកម្ម និងការលក់ដុំលក់រាយ។ល។

លោក បានបន្តថា ចំពោះវិស័យទេសចរណ៍ ក្នុងចំណោមទេសចរបរទេស ដែលបានមកទស្សនានៅកម្ពុជា ទេសចរវៀតណាមឈរនៅលំដាប់លេខរៀងទី២ ដោយក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០១៩ ទេសចរវៀតណាមមកកម្ពុជា មានចំនួនប្រមាណ ៧២ម៉ឺននាក់ ដែលតួលេខនេះមានការកើនឡើងប្រមាណ ១៦% បើធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០១៨ កន្លងទៅ។ ទន្ទឹមនឹងនេះចំនួ នភ្ញៀវទេសចរនៃប្រទេសទាំងពីរ រំពឹងថា នឹងមានកំណើ នថែមទៀត តាមរយៈសកម្មភាពផ្សព្វផ្សាយ និងការបង្កើនការតភ្ជាប់ក្នុងចំណោមគោលដៅ និងផលិតផលទេសចរណ៍។ ជាក់ស្ដែង ជើងហោះហើរត្រង់ភ្នំពេញ -ដាណាំង ទើបបានចាប់ផ្តើមដំណើរការ ពេលថ្មីៗនេះ បន្ថែមលើជើងហោះហើរ កម្ពុជា-វៀតណាម ដែលមានស្រាប់ចំនួន ១១២ជើង ក្នុង១សប្តាហ៍។

លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលដ៏ប្រពៃដែលកម្ពុជាទទួលបានកន្លងមក មិនអាចកាត់ផ្តាច់​បានពីការចូលរួមយ៉ាងសកម្មរបស់អ្នកវិនិយោគវៀតណាម។ លោក មានជំនឿថា ដើម្បីសម្រួល និងលើក ទឹកចិត្ត ឱ្យគម្រោងវិនិយោគវៀតណាមអាចរីកលូតលាស់បាន យើងត្រូវព្យាយាមជួយដោះស្រាយបញ្ហាដែលគម្រោងទាំងនោះជួបប្រទះជាយថាហេតុ ក្នុងដំណើរការរបស់ខ្លួន។

លោក ហ៊ុន សែន បានស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោតវៀតណាមដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាម និងកិច្ចសហប្រតិបត្តិការពហុភាគីនានាដែលមានកម្ពុជា និងវៀតណាមជាសមាជិក៕

អត្ថបទទាក់ទង