ពិធីជួបជុំមួយ រវាងសមាជិករាជរដ្ឋាភិបាលចាស់ និងសមាជិករាជរដ្ឋាភិបាលថ្មី នៅល្ងាចថ្ងៃទី ១០សីហានេះ នឹងធ្វើឡើងក្រោមអធិបតី សម្តេចតេជោ ហ៊ុន សែន
នៅវេលាម៉ោង៤ល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នឹងមានពិធីជួបសំណេះ សំណាល ជាមួយ សមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាល អាណត្តិថ្មី នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា អាណត្តិថ្មីទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា នឹងមានសុពលភាព ចាប់ ពីថ្ងៃទី២២ ខែសីហា តទៅ បន្ទាប់ពីធ្វើពីធីស្បថចូលកាន់តំណែងរួចរាល់ ។ អាណត្តិទី៧នេះ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំងស្រុង បើយោងតាមឯកសារដែល ត្រូវបានបង្ហោះផ្សាយជាសាធារណៈក្នុងរយៈពេលថ្មីៗនេះ និងបើយោងតាមប្រសាសន៍លើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន។
អ្វីដែលគេចាប់អារម្មណ៍នោះ គឺគណបក្សប្រជាជនកម្ពុជា ធ្វើបានល្អខ្លាំងក្នុងទម្រង់នៃរបៀបការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលសម្រាប់អាណត្តិថ្មីនេះ ដោយទទួលបានការសាទរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាមួយក្តីរំពឹងថា អ្នកបន្តវេន ទាំងនាយករដ្ឋមន្ត្រីថ្មី និងរដ្ឋមន្ត្រីដែលមានវ័យក្មេងៗភាគច្រើន នឹងនាំមកនូវការរីកចំរើន អភិវឌ្ឍន៍បន្ថែមទៀត នៅកម្ពុជា ៕