មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ថា មេដឹកនាំសហជីពចំនួន ៤ កំពុងធ្វើសកម្មភាពខុសលក្ខន្តិកៈរបស់ខ្លួន
មេដឹកនាំសហជីពចំនួន៤ផ្សេងគ្នា ផ្តើមគំនិតដោយលោក រ៉ុង ឈុន បានដាក់លិខិតមួយថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយសុំឲ្យព្រះអង្គប្រើបុព្វសិទ្ធិពិសេស ធ្វើជាព្រះរាជអធិបតីអង្គប្រជុំសម្របសម្រួលអ្នកនយោបាយទាំងភាគីគណបក្សប្រជាជនកម្ពុជា និងភាគីគណបក្សសង្គ្រោះជាតិ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងធានាប្រក្រតីភាពរបស់កម្ពុជាឡើងវិញ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានអះអាងថា មេដឹកនាំសហជីពទាំងនោះ កំពុងធ្វើសកម្មភាពខុសលក្ខន្តិកៈរបស់ខ្លួន។
យោងតាមលិខិតរបស់លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា រួមជាមួយសហជីពចំនួន៣ផ្សេង ដែលបានដាក់ថ្វាយព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា កម្ពុជាបានទទួលរងការគាបសង្កត់ និងការព្រមានដាក់ទណ្ឌកម្មនានា ពីសំណាក់សហគមន៍អន្តរជាតិ ពោលគឺ យន្តការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក ចាប់តាំងពីលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ត្រូវបានចាប់ឃុំខ្លួនយ៉ាងអយុត្តិធម៌ និងការរំលាយគណបក្សសង្គ្រោះជាតិ កាលចុងពីឆ្នាំ២០១៧។ លិខិតបន្តថា ដោយនៅតែមានក្តីកង្វល់ថា បើសិនករណី EBA និង GSP នឹងត្រូវបានកាត់ផ្តាច់ដោយសារក្រុមអ្នកនយោបាយ មិនព្រមបន្ទន់ឥរិយាបថរកគ្នា និងមិនព្រមស្វែងរកដំណោះស្រាយបញ្ហាជាតិរួមគ្នាមែននោះ កម្មករខ្មែរជាង ៧០ ម៉ឺននាក់ នឹងត្រូវប្រឈមការបាត់បង់ការងារ ហើយពលរដ្ឋរាប់លាននាក់ទៀត នឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនយោបាយនេះ រួមទាំងអាជីវករ អ្នកលក់ដូរ អ្នករត់រ៉ឺម៉ក អ្នករត់ឡានឈ្នួល និងញាតិមិត្តរបស់ក្រុមកម្មករផង។ ពេលនោះរាជរដ្ឋាភិបាលកម្ពុជា គឺជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះមុខជាតិ ពលរដ្ឋ និងប្រវត្តិសាស្ត្រខ្មែរ។
មេដឹកនាំសហជីពទាំងនោះយល់ឃើញថា ដើម្បីបញ្ចៀសវិបត្តិសង្គមធ្ងន់ធ្ងរ និងភាពអាប់អួរនយោបាយរ៉ាំរ៉ៃទៀត អ្នកនយោបាយខ្មែរគ្រប់ភាគី រួមទាំងភាគីអ្នករងគ្រោះគប្បីងាកទៅការយោគយល់គ្នាជាថ្មី ផ្សះផ្សាការប្រេះស្រាំនានាដល់ជាតិ ដោយស្ម័គ្រចិត្តចូលតុចរចាក្នុងការការពារផលប្រយោជន៍ជាតិទាំងអស់គ្នា និងការរក្សាបាននូវប្រព័ន្ធ EBA របស់អឺរ៉ុប និង GSP របស់អាមេរិក។
ទាក់ទងបញ្ហានេះ លោក ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងកាលពីល្ងាចថ្ងៃទី០៥ កញ្ញា ថា ការភ្ជាប់ខ្លួន ដែលជាស្ថាប័នឯករាជ្យ ទៅនឹងហេតុផលនយោបាយនៅពីក្រោយ ហើយការទាមទារណាមួយដែលជាការរំលោភនីតិវិធីរបស់ប្រព័ន្ធតុលាការ អ្នកដែលទាមទារនោះគួរតែពិនិត្យអំពីភាពត្រឹមត្រូវរបស់ខ្លួន ដែលមានចែងនៅក្នុងលក្ខន្តិកៈរបស់ក្រសួងមានសមត្ថកិច្ច ដែលបានអនុញ្ញាតឲ្យបង្កើតអង្គការសមាគមនេះ។ លោកបន្តថា យើងមិនអាចប្រើប្រាស់សិទ្ធិរបស់យើង ដោយបំពាននោះទេ គ្រប់គ្នាត្រូវតែស្ថិតនៅក្រោមច្បាប់ ស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញ ត្រូវតែគោរពទាំងអស់គ្នា ជាពិសេសមិនត្រូវជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់តុលាការ ដែលជាឆន្ទានុសិទ្ធិរបស់តុលាការនោះទេ។
លោក ទិត សុធា បញ្ជាក់ទៀតថា គេមិនអាចយកព្រះមហាក្សត្រ ដើម្បីមកការពាររាល់ការទាមទារណាមួយ ដោយបំពានរដ្ឋធម្មនុញ្ញនោះទេ យើងគួរតែទុកព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់យើង មិនត្រូវទាញព្រះមហាក្សត្រ ដើម្បីបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួននោះឡើយ ដែលនេះ គឺជាភាពខុសឆ្គងរបស់សមាគម ដែលធ្វើកិច្ចការរបស់ខ្លួនប្រាស់ចាកពីគោលការណ៍ ដែលមានចែងនៅក្នុងលក្ខន្តិកៈរបស់ខ្លួន។
សូមបញ្ជាក់ថា លោក រ៉ុង ឈុន បច្ចុប្បន្នជាប្រធានសហភាពសហជីពកម្ពុជា គឺជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្លាប់បានដឹកនាំធ្វើបាតុកម្មជាច្រើនលើកច្រើនសានៅរាជធានីភ្នំពេញ លោកគឺជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប មកពីអតីតគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកបានចាកចេញពី គ.ជ.ប ដោយសារតែបញ្ហានយោបាយ គឺការប្រកាសរំលាយអតីតគណបក្សសង្គ្រោះជាតិរបស់តុលាការកំពូល ដោយលោកបានសន្យាថា បើមានការរំលាយគណបក្សសង្គ្រោះជាតិ លោកនឹងលាលែងពី គ.ជ.ប។ ជាមួយគ្នានេះ ក្រោយពីអតីតមេដឹកនាំបក្សប្រឆាំង គឺលោក កឹម សុខា ត្រូវបានចាប់ខ្លួន ក្រោមបទចោទប្រកាន់ពីបទក្បត់ជាតិ ហើយលោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ជាច្រើនករណីនោះ ហើយបានរត់គេចខ្លួនទៅបរទេសនោះ លោក រ៉ុង ឈុន ធ្លាប់បានទាមទារជាច្រើនលើកដើម្បីឲ្យដោះលែងលោក កឹម សុខា និងរំសាយចោលការចោទប្រកាន់ទៅលើលោក សម រង្ស៊ី ហើយក៏បានព្រមានធ្វើបាតុកម្មនៅមុខតុលាការទៀតផង៕