ហេតុអ្វីបានជាសហភាពសហជីព និងសហព័ន្ធសហជីពនៃកម្ពុជា ប្តឹងអង្គការ ACILS ?
សហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា ដែលតំណាងឱ្យសមាជិកភាគច្រើនក្នុងប្រទេសកម្ពុជា បានចេញលិខិតតវ៉ាប្រឆាំងទៅនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិតនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងដោយអង្គការ ACIL ដោយបានបញ្ជាក់ថា អង្គការមួយនេះបាននិងកំពុងផ្តល់ការគាំទ្រដោយផ្ទាល់និងប្រយោលផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានជាសមាជិករបស់សហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា ឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី។
លិខិតចេញដោយថ្នាក់ដឹកនាំសហភាពសហជីពនិងសហព័ន្ធសហជីពនៃកម្ពុជា
ផ្ញើទៅកាន់លោក លោក WILLIAM CONKLIN នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ចេញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានបន្តថា សកម្មភាពរបស់អង្គការ ACIL គឺជាការចូលរួមក្នុងការធ្វើឱ្យមានការបែកបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិត ដែលធ្វើឱ្យចុះទន់ខ្សោយដល់សំឡេងឯកភាពរួមរបស់សហជីព ដែលនឹងធ្វើឱ្យប៉ះពាល់និងខូចខាតផលប្រយោជន៍បច្ចុប្បន្ន និងអនាគតរបស់កម្មករនិយោជិតនៅកម្ពុជា។ លើសពីនេះសកម្មភាពទាំងនេះគឺផ្ទុយនឹងគោលការណ៍ទូទៅក្នុងការលើកកម្ពស់ចលនាកម្លាំងកម្មករនិយោជិត និងអាចឈានទៅរំលោភបំពានច្បាប់ជាធរមាន។
លិខិតដដែលបានបន្តថា សហភាពសហជីពនិងសហព័ន្ធសហជីពនៃកម្ពុជាប្រឆាំងដាច់អហង្ការចំពោះការផ្តល់ការគាំទ្រសកម្មភាពទាំងអស់នេះ ដែលបង្កប់នូវចេតនាទុច្ចរិត និងទាមទារជាដាច់ខាតឲ្យអង្គការ ACILS បញ្ឈប់ជាបន្ទាន់នូវការផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុដល់សកម្មភាពទាំងនេះ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍និងគោលដៅរួមក្នុងការលើកកម្ពស់សំឡេងនិងកម្លាំងឯកភាពគ្នានៃចលនាកម្មករនិយោជិតនៅកម្ពុជា។
ស្របពេលនឹងការទន្ទឹងរង់ចាំការបកស្រាយបំភ្លឹជុំវិញបញ្ហានេះពីអង្គការ ACIL សហភាពសហជីពនិងសហព័ន្ធសហជីពនៃកម្ពុជា នឹងបន្តតាមដានរាល់សកម្មភាពរបស់អង្គការ ACILS ហើយប្រសិនបើមិនបញ្ឈប់សកម្មភាពទុច្ចរិតទាំងនេះទេ សហភាពសហជីពនិងសហព័ន្ធសហជីពនៃកម្ពុជា នឹងចាត់វិធានការម៉ឺងម៉ាត់ដើម្បីការពារជាដាច់ខាតនូវផលប្រយោជន៍រួមរបស់ចលនាកម្មករនិយោជិតនៅកម្ពុជាដោយ៖
• បញ្ឈប់រាល់កិច្ចសហការជាមួយអង្គការ ACILS និងការចូលរួមក្នុងគម្រោងនិងសកម្មភាពបច្ចុប្បន្ននិងទៅអនាគតដែលគាំទ្រដោយអង្គការ ACILS។
• ធ្វើការប្តឹងតវ៉ាទៅក្រសួង ស្ថាប័នមានសមត្ថកិច្ចឱ្យពិនិត្យឡើងវិញលើក្របខណ្ឌកិច្ចសហប្រតិបត្តិការរបស់អង្គការ ACIL សំដៅផ្អាក ឬបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នានានាដែលបានផ្តល់ការអនុញ្ញាតឱ្យអង្គការ ACILS ធ្វើសកម្មភាពក្នុងព្រះរាជាណាចក្រកម្ពុជា។
• ចាត់វិធានការចាំបាច់ផ្សេងៗ ដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់និងបញ្ឈប់សកម្មភាពទាំងអស់នេះ៕