ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាដង្ហែផ្កាប្រាក់សាមគ្គីចូលរួមកសាងកុដិនិងសមិទ្ធផលនានាក្នុងវត្តប្រាសាទលលៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 61

នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០១៩ ក្រោមកិច្ចផ្តួចផ្តើមរបស់អាជ្ញាធរជាតិអប្សរា ពិសេសការចូលរួម​ពីព្រះសង្ឃដែលមានព្រះមហាវិមលធម្ម ពិន សែម សិរីសុវ​ណ្ណោ ព្រះរាជាគណៈថ្នាក់ទោ​និង​ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សាលា គណខេត្តសៀមរាប រួមនឹងអាចារ្យ គណៈកម្មការ ពុទ្ធិ​បរិស័ទ​​ជិតឆ្ងាយ បានដង្ហែផ្កាប្រាក់មហាសាមគ្គីទៅកាន់វត្តប្រាសាទលលៃ ស្ថិត​ក្នុង​ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ផ្កាប្រាក់មហាសាមគ្គីប្រព្រឹត្តឡើងពេលនេះដើម្បីកសាងកុដិ​មួយខ្នងទំហំ២០.១៥ម​x​១៦.៣៥ម កម្ពស់មួយជាន់ ធ្វើពីបេតុងប្រក់ក្បឿង សម្រាប់ព្រះសង្ឃគ​ង់​នៅ​។ ការកសាងកុដិខាងលើ គឺស្ថិតក្នុងភាពចាំបាច់បំផុតរបស់ព្រះសង្ឃ ព្រោះព្រះ​សង្ឃ​​បានសម្រេចនិមន្តពីកុដិចាស់ដែលមានទីតាំងនៅផ្នែកខាងលើនៃខឿនប្រាសាទលលៃ មកគង់ជាអចិន្ត្រៃយ៍នៅបរិវេណខាងក្រោម ដើម្បីទុកលទ្ធភាពឱ្យអាជ្ញាធរជាតិអប្សរាធ្វើការជួសជុល អភិរក្ស លើកតម្លៃ​ប្រាសាទលលៃឱ្យចាកផុតពីហានីភ័យដោយ សារធម្មជាតិ អាយុកាល និងការរស់នៅរបស់មនុស្ស។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា បានប្រកាសថា ផ្កាប្រាក់មហាសាមគ្គីដែលជាសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរាដង្ហែទៅ​កាន់វត្តប្រាសាទ​លលៃមានចំនួនសរុប១០​,៧៣២,១០០រៀល និង ២១,១៣៨ដុល្លារ ដែលក្នុងនោះលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា មានសទ្ធាជ្រះថ្លាចូលរួមចំនួន២០,០០០ម៉ឺនដុល្លារ៕