ព្រឹកនេះ ព្រឹទ្ធសភាបើកសម័យប្រជុំអនុម័តវិសោធនកម្មច្បាប់ដែលអាចបើកផ្លូវឱ្យថ្នាក់ដឹកនាំអតីត CNRP មានសិទ្ធិធ្វើនយោបាយឡើងវិញ
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹទ្ធសភា បានបើកសម័យប្រជុំដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ដែលតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយនោះឱ្យមានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ។ ក្រៅពីពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយក្នុងសម័យប្រជុំនេះ ព្រឹទ្ធសភា ក៏ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី បរធនបាលកិច្ច និងកំណត់របៀបវារៈ ក៏ដូចជាកាលបរិច្ឆេទសម្រាប់សម័យប្រជុំលើកទី២ នៃព្រឹទ្ធសភា នីតិកាលទី៤ ផងដែរ។
សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូបដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖ «បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។
បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។ សេចក្តីស្នើច្បាប់នេះ ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងដោយឥតកែប្រែ កាលពីថ្ងៃតី១៣ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីពិនិត្យរួចរាល់ដោយគណៈកម្មការជំនាញ។
សូមបញ្ជាក់ថា ការរៀបចំសេចក្តីស្នើច្បាប់នេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍សំខាន់មួយ សម្រួលដល់ស្ថានការណ៍អ្នកនយោបាយក្រុមប្រឆាំងដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងសហជីពជាដើម។ រាជរដ្ឋាភិបាលបានអំពាវនាវដល់តុលាការឱ្យពន្លឿននីតិវិធីចំពោះបុគ្គលដែលជាប់ពាក្យបណ្តឹងនៅតុលាការ ឬត្រូវបានគេចោទប្រកាន់ស្របតាមនីតិវិធីថែមទៀត ដើម្បីការពារសិទ្ធិពួកគេដែលធានាដោយរដ្ឋធម្មនុញ្ញ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបើកឱកាសឱ្យវិទ្យុសំឡេងសហរដ្ឋ អាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) បើកការិយាល័យនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយសម្រាប់កាសែត Cambodia Daily រាជរដ្ឋាភិបាលក៏បានបង្ហាញឆន្ទៈអនុញ្ញាតឱ្យបើកដំណើរការឡើងវិញបើសិនជាបង់ពន្ធជូនរដ្ឋរួចរាល់។
រហូតមកដល់ពេលនេះ មានអតីតតំណាងរាស្រ្តមួយចំនួនរបស់អតីតគណបក្សសង្រ្គោះជាតិ កំពុងរង់ចាំស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ នៅពេលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ ចូលជាធរមាន។
លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា យ៉ាងហោចណាស់មានអតីតតំណាងរាស្រ្តចំនួន១០រូប នឹងស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ខណៈអ្នកមួយចំនួនទៀតកំពុងពិចារណាក្នុងការទទួលយកសិទ្ធិធ្វើនយោបាយនេះ៕
ប្រភព៖ Fresh News