ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ចាត់ទុកកម្ពុជាជាអ្នកជិតខាងល្អ និងជាបងប្អូនល្អ ហើយសន្យាបន្តទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែទទួលបានជោគជ័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 33
ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ចាត់ទុកកម្ពុជាជាអ្នកជិតខាងល្អ និងជាបងប្អូនល្អ ហើយសន្យាបន្តទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែទទួលបានជោគជ័យ ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ចាត់ទុកកម្ពុជាជាអ្នកជិតខាងល្អ និងជាបងប្អូនល្អ ហើយសន្យាបន្តទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែទទួលបានជោគជ័យ

លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានលើកឡើងថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ចិនមានការរីកចម្រើនពីដំណាក់កាលមួយទៅដំណាក់កាលមួយ ហើយនាពេលបច្ចុប្បន្នក្រោមកិច្ចប្រឹងប្រែងរួមនៃប្រមុខដឹកនាំនៃប្រទេសទាំងពីរ បានបង្កើនកម្រិតទំនាក់ទំនងជាហូរហែនិងកាន់តែល្អប្រសើរឡើង ជាពិសេសគឺកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយតំាងពីឆ្នាំ២០១០ រហូតមកដល់ពេលនេះកំពុងផ្តល់ផ្លែផ្កាជាក់ស្តែងលើគ្រប់វិស័យដល់ប្រទេសជាតិទាំងពីរ។ លោកប្រធានរដ្ឋសភា បានលើកឡើងបែបនេះ ក្នុងជំនួបមួយជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនថ្មីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។

លោក ហេង សំរិន បានគូសបញ្ជាកថា ទំនាក់ទំនងនេះពិតជាមានសារៈសំខាន់ ដើម្បីជាស្ពានក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ប្រពៃថ្លៃថ្លា ដែលមានស្រាប់នេះឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។ ទន្ទឹមនឹងនេះ លោក ក៏បានកោតសរសើរ និងពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតចិន អតីតឯកអគ្គរដ្ឋទូតចិនមុនៗប្រចំាកម្ពុជាក្នុងកិច្ចការទំនាក់ទំនងពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

លោក ហេង សំរិន បានបន្តថា សម្រាប់រដ្ឋសភាកម្ពុជានីតិកាល ទី៦នេះ នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងការទូតតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ជាពិសេសគឺបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសភាតំណាងទូទាំងប្រទេសចិន ដើម្បីបន្តគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរសភានានា និងលើកទឹកចិត្តដល់និរន្តរភាពនៃកិច្ចសហប្រតិបត្តិការរបស់បក្ស រដ្ឋ និងរដ្ឋសភាប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោក ហេង សំរិន មានជំនឿយ៉ាងមុតមាំថា ក្នុងអាណត្តិការទូតថ្មីនេះ លោកនឹងបន្តសហការជាមួយបណ្តាក្រសួង មន្ទីរ ស្ថាប័ននានារបស់កម្ពុជាដើម្បីធ្វើយ៉ាងណាឱ្យស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការវាងកម្ពុជា-ចិននេះកាន់តែល្អប្រសើរ និងស៊ីជម្រៅថែមទៀតហើយរដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសហការពេញលេញដើម្បីឱ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជាទទួលបានជោគជ័យ។

ឯកអគ្គរដ្ឋទូតចិនថ្មី លោក វ៉ាង វិនធៀន បានហៅកម្ពុជាថា ជាអ្នកជិតខាងល្អ ជាបងប្អូនល្អរបស់ចិន ហើយឆ្លងកាត់តាមបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរស់រវើកនៃប្រទេសទាំងពីរធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជាចិនកាន់តែទទួលបានជោគជ័យ ដែលទំនាក់ទំនងនេះគឺជាការគោរពគ្នា មានភាពស្មោះត្រង់នឹងគ្នា និងមានការជួយគ្នាទៅវិញទៅមក។ លោកបានបញ្ជាក់ថា ចំពោះដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវិញគឺយើងត្រូវតែធ្វើឱ្យកាន់តែមានភាពល្អប្រសើរឈានឡើងជាលំដាប់ដើម្បីប្តូរមកវិញនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ៕

អត្ថបទ៖ សាវឿន

អត្ថបទទាក់ទង