ខ្មែរប៉ុស្ដិ៍ Close

សហរដ្ឋអាមេរិកបាន​ជំរុញ​ឲ្យ​រៀបចំ​ផែនការ​យុទ្ធនាការ​ពង្រាយគ្រាប់មីន ដើម្បី​រារាំង​ការវាយប្រហារ​របស់​ចិន​ដីគោក​មកលើ​កោះ​តៃវ៉ាន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 74
សហរដ្ឋអាមេរិកបាន​ជំរុញ​ឲ្យ​រៀបចំ​ផែនការ​យុទ្ធនាការ​ពង្រាយគ្រាប់មីន ដើម្បី​រារាំង​ការវាយប្រហារ​របស់​ចិន​ដីគោក​មកលើ​កោះ​តៃវ៉ាន់ សហរដ្ឋអាមេរិកបាន​ជំរុញ​ឲ្យ​រៀបចំ​ផែនការ​យុទ្ធនាការ​ពង្រាយគ្រាប់មីន ដើម្បី​រារាំង​ការវាយប្រហារ​របស់​ចិន​ដីគោក​មកលើ​កោះ​តៃវ៉ាន់

យោងតាមអ្នកវិភាគជនជាតិអាមេរិកម្នាក់ខាងកងទ័ពជើងទឹក បានឱ្យដឹងថា សហរដ្ឋអាមេរិកអាចនឹងដាក់ចេញនូវយុទ្ធសាស្រ្តដ៏គឃ្លើនមួយប៉ុន្តែមានតម្លៃទាប ដោយការដាក់ពង្រាយគ្រាប់មីននៅក្នុងសមុទ្រលឿង (Yellow Sea) និងនៅតាមដីសណ្ដទន្លេ Pearl ដើម្បីបង្ខំឱ្យចិនចូលតុចរចាក្នុងករណីមានជម្លោះកើតឡើងរវាងមហាអំណាចទាំងពីរ។

អ្នកវិភាគរូបនោះបាននិយាយថា វិធានការវាយបកអាចកើតមានក្នុងទម្រង់នៃការរារាំង ឬក្នុងទម្រង់នៃសង្គ្រាមសេដ្ឋកិច្ច ដែលត្រូវបានគូសវាសឡើងដើម្បីទប់ស្កាត់ការកើនឡើងនូវភាពតានតឹង ប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តចូលធ្វើអន្តរាគមន៍ បន្ទាប់ពីមានការវាយប្រហារពីសំណាក់ចិន ដីគោកទៅលើកោះតៃវ៉ាន់។

នៅក្នុងអត្ថបទមួយដែលចេញផ្សាយដោយវិទ្យាស្ថានកងទ័ពជើងទឹកអាមេរិក (US Naval Institute) នៅក្នុងខែនេះ លោកមេបញ្ជាការ Victor Duenow បានសរសេរថា កងទ័ពរបស់សហរដ្ឋអាមេរិកនឹង «ចាញ់ប្រៀបយ៉ាងធ្ងន់ធ្ងរនិងភ្លាមៗ» នៅពេលប្រយុទ្ធជាមួយកងទ័ពរំដោះប្រជាជនចិន (PLA) ដែលគឃ្លើន និងមានសមត្ថភាពខណៈពេលដែលសមត្ថភាពយោធារបស់ប្រទេសចិនបានតាមទាន់សហរដ្ឋអាមេរិកហើយនិងថែមទាំងមានប្រៀបនៅក្នុងវិស័យជាច្រើនទៀតផង។

អត្ថបទដែលបានឈ្នះរង្វាន់លេខ១ ក្នុងការប្រលងសរសេរអត្ថបទអំពីសង្គ្រាមមីនក្រោមទឹក និងដែលឧបត្ថម្ភគាំទ្រដោយសមាគមសង្គ្រាមមីន (Mine Warfare Association) ដែលជាអង្គការមិនរកប្រាក់ ចំណេញមួយ និងដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីអាវុធយុទ្ធភណ្ឌបានណែនាំឱ្យបញ្ជាការដ្ធានអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (IndoPaCom) គួរតែ «ដាក់ចេញនូវការពង្រាយគ្រាប់មីននៅ សមុទ្រលឿង និងនៅតំបន់ដីសណ្ដទន្លេ Pearl»

លោក Duenow ដែលមានបទពិសោធន៍លើវិធានការបំផ្លាញគ្រាប់មីនក្រោម ទឹកពីលើអាកាស (Airborne Mine Countermeasures) បាននិយាយថា សមត្ថភាពរបស់កងនាវាចរណ៍រំដោះប្រជាជនចិន (PLAN) ក្នុងការឆ្លើយតបជាមួយនឹងគ្រាប់មីននៅក្រោមទឹក «នៅមានកម្រិត» ហើយបានផ្តោតសំខាន់តែទៅលើការប្រឆាំងគ្រាប់មីននៅតាមកំពង់ផែ និងនៅជិតៗច្រាំងតែប៉ុណ្ណោះ។

លោកបានសរសេរថា «ការស្វែងរកមធ្យោបាយមួយដើម្បីនាំប្រទេសចិនឱ្យចូលទៅក្នុងតុចរចាការទូតលើលក្ខខណ្ឌនានាដែលអំណោយផលដល់សហរដ្ឋអាមេរិក គឺជាគោលដៅ ហើយសង្គ្រាមវាយលុកដោយប្រើគ្រាប់មីនអាចជួយឱ្យសម្រេចការងារនេះបាន»។ លោកបានន្ថែមថា សង្គ្រាមមីនក៏នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ តាមរយៈការរំខានដល់ការធ្វើពាណិជ្ជកម្ម និងការផ្គត់ផ្គង់ប្រេង។

លោកបានសរសេរថា «សហរដ្ឋអាមេរិកក៏អាចជំទាស់ទៅនឹងការគ្រប់គ្រងដែនសមុទ្ររបស់ចិនទន្ទឹមនឹងការត្រៀមខ្លួនសម្រាប់ការវាយលុកមួយផងដែរ … តាមរយៈការវិនិយោគនៅក្នុងសង្គ្រាមមីនដែល មានតម្លៃទាប, បញ្ជាការ IndoPaCom អាច រារាំងការឈ្លានពានរបស់ចិន និងអាចពន្យារពេលដើម្បីឱ្យខ្លួនអាចបង្កើនសមត្ថភាពប្រយុទ្ធក្នុងកម្រិតខ្ពស់ដើម្បីទប់ទល់នឹងប្រទេសចិនឱ្យបានកាន់តែ ប្រសើរ»។

ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈពេលដែលកងទ័ពរំដោះប្រជាជនចិន PLA បានបង្កើនប្រតិបត្តិការយោធារបស់ខ្លួនដែលជំរុញឱ្យមានការផ្តោតការ យកចិត្តទុកដាក់ជាថ្មីទៅលើអ្វីដែលជាប្រតិកម្មរបស់សហរដ្ឋអាមេរិកថា នឹងមានការវាយប្រហារមកលើកោះនេះ។

ទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយដែលបានផ្ដាច់ចេញពីខ្លួន ហើយដែលគួរតែត្រូវបានដាក់បញ្ចូលមក្នុងរង្វង់ ដៃរបស់ខ្លួនវិញ «តាមរយៈការប្រើប្រាស់កម្លាំងប្រសិន បើចាំបាច់»

លោក Li Jie អ្នកវិភាគខាងកងទ័ពជើងទឹកដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបាន និយាយថា «ការពង្រាយគ្រាប់មីននៅក្រោមទឹក គឺជាវិធានការវាយបកដ៏អាក្រក់មួយដែលនឹងធ្វើឱ្យនាវាចម្បាំង និងនាវាពាណិជ្ជកម្មរបស់ចិនមានហានិភ័យខ្ពស់» ប៉ុន្តែលោកបានអះអាងថា យុទ្ធសាស្ត្រនេះទំនងជានឹងបង្កឱ្យមានការឆ្លើយតបពីសំណាក់កងទ័ព PLA វិញ ជាជាងការបង្ខំឱ្យប្រទេសចិនចូលទៅកាន់តុចរចា។

លោកបាននិយាយថា «កងនាវាចរណ៍រំដោះប្រជាជនចិន PLAN នឹងរៀបចំយុទ្ធនាការបោសសម្អាតមីនយ៉ាងទូលំទូលាយ ដោយនឹងបិទផ្លូវទឹកទាំងអស់នៅក្នុងតំបន់។ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចង់រុញទីក្រុងប៉េកាំងឱ្យទាល់ច្រក នោះវាអាចនឹងជំរុញឱ្យកងទ័ព PLA ចាត់វិធានការតបតវិញដោយការដាក់ពង្រាយគ្រាប់មីនក្រោមទឹកនៅតាមផ្លូវទឹកមួយចំនួន ដែលប្រើប្រាស់ដោយកងនាវាអាមេរិក»។

លោក Li បាន និយាយថា កងទ័ព PLA បានមានផែនការឆ្លើយតបរួចរាល់ហើយក្នុងករណីដែលសហរដ្ឋអាមេរិក ឬកោះតៃវ៉ាន់បញ្ជូននាវាមុជទឹកទៅពង្រាយគ្រាប់មីននៅតាមឆ្នេរសមុទ្ររបស់ខ្លួន។

អ្នកសង្កេតការណ៍យោធាម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងម៉ាកាវ លោក Antony Wong Tong បាននិយាយថា សហរដ្ឋអាមេរិកអាចនឹងប្រើយន្តហោះចម្បាំងបំបាំងកាយ ដើម្បីទម្លាក់គ្រាប់បែករត់ក្រោមទឹកប្រភេទ Homing Torpedo នៅតំបន់ដីសណ្ដទន្លេ Pearl។

លោក Wong បាននិយាយថា «តំបន់ដីសណ្តទន្លេ Pearl មានរួមបញ្ចូលទាំងដងទន្លេនៅលើផ្ទៃដី និងមិនមានវត្តមាននាវាចម្បាំងទេ។ ការដាក់ពង្រាយគ្រាប់មីននៅក្នុងតំបន់នោះ គឺជាការកំណត់គោលដៅទៅលើនាវាចរណ៍ស៊ីវិល និងជាការបំពានច្បាប់អន្តរជាតិ»។

កងទ័ពជើងទឹកអាមេរិកកំពុងផលិតគ្រាប់មីនសង្គ្រាមប្រភេទថ្មីដែលអាចដាក់ពង្រាយយ៉ាងសម្ងាត់នៅបាតសមុទ្រដោយរ៉ូបូតជ្រមុជទឹកដែលបំពាក់ទៅដោយឧបករណ៍ចាប់សញ្ញា តាមរយៈការបាញ់គ្រាប់បែករត់ក្រោមទឹក Homing Torpedo។

លោក Drew Thompson អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew នៃសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា «ប្រសិនបើចិនដីគោកសម្រេចចិត្តប្រើកម្លាំងទ័ពប្រឆាំងនឹងកោះតៃវ៉ាន់ នោះនឹងមានអន្តរាគមន៍កើតឡើង ហើយភាពតានតឹងនឹងកើនឡើង»។ លោកបានបន្ថែមថា ការពង្រាយគ្រាប់មីនក្រោមទឹក អាចនឹងត្រូវបានគេមើលឃើញថា ជាទម្រង់មួយនៃសង្គ្រាមសេដ្ឋកិច្ច។

លោកបាននិយាយថា «សង្គ្រាមសេដ្ឋកិច្ចគឺជាអាវុធដ៏សំខាន់មួយនៅក្នុងចំណោមយុទ្ធសាស្ត្រសំខាន់ៗរបស់ចិនដូចជាការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច [ប្រឆាំងនឹងការធ្វើធុរកិច្ចរបស់កោះតៃវ៉ាន់] ដែលដូចគ្នាទៅនឹងសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិដែលប្រើប្រាស់ទណ្ឌកម្មហិរញ្ញវត្ថុដូច្នោះដែរ។ ប្រទេសចិន​បាន​ថ្កោលទោសការដាក់​ទណ្ឌកម្ម​ជាឯកតោភាគី​របស់​ប្រទេស​ផ្សេង​ទៀត បើទោះបី​ជា​ខ្លួន​អនុវត្ត​របៀបដូចគ្នានេះក្ដី។ ការ​បិទ​ខ្ទប់នានា គឺ​ជា​ការ​បន្ថែមទម្ងន់ទៅលើការ​ធ្វើ​សង្គ្រាម»។

លោក Collin Koh អ្នកស្រាវជ្រាវ នៅសាលា S Rajaratnam School of International Studies នៃសាកលវិទ្យាល័យ Nanyang Technological University ក្នុងប្រទេសសិង្ហបុរី បាន និយាយថា «ការដាក់ពង្រាយមីនក្រោមសមុទ្រគឺជាយុទ្ធសាស្ត្រមួយដែលគេប្រើនៅក្នុងការបង្កសង្គ្រាមនិងនៅអំឡុង ពេលធ្វើសង្រ្គាម»។

លោកបាននិយាយថា «សន្មត់ថា ការពង្រាយគ្រាប់មីនក្រោមទឹកនៅអំឡុងពេលកើតមានភាពតានតឹងដែលអាចនឹងជំរុញឱ្យជម្លោះផ្ទុះឡើងរបៀបនេះ នឹងបង្កឱ្យភ្លើងឆាបឆេះកាន់តែខ្លាំង និងកាន់តែតានតឹងជាងមុនទៅទៀត។ ប៉ុន្តែទង្វើនេះក៏ប្រហែលជាអាចជួយធ្វើឱ្យធូរស្រាល និងធ្វើឱ្យភាគីម្ខាងទៀតពិចារណាឡើងវិញនូវជម្រើសដែលពួកគេ បានជ្រើសរើស»។

នៅក្នុងអំឡុងសង្រ្គាមវៀតណាម សហរដ្ឋអាមេរិកបានធ្វើយុទ្ធនាការដាក់ពង្រាយមីនមួយរយៈខ្លី បន្ទាប់ពីវៀតណាមខាងជើងបានចាប់ផ្តើមបើកការវាយប្រហារនៅថ្ងៃបុណ្យ Easter ក្នុងខែមីនា ឆ្នាំ 1972 ដែលនៅពេលនោះ គេឃើញមានគ្រាប់មីន រាប់ពាន់គ្រាប់ត្រូវបានគេដាក់ពង្រាយនៅក្នុងដែនទឹកនៃកំពង់ផែហៃហ្វុង និងកំពង់ផែដទៃទៀត។ ១ ឆ្នាំក្រោយមក សហរដ្ឋអាមេរិកបានដោះមីនទាំងនោះចេញវិញ តាមរយៈប្រតិបត្តិការរយៈពេល ៦ ខែមួយ ដែលបានព្រមព្រៀងគ្នាក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕ South China Morning Post

អត្ថបទទាក់ទង