ខ្មែរប៉ុស្ដិ៍ Close

របៀបដែលវៀតណាមអាចទប់ទល់នឹងប្រទេសចិនទាំងផ្នែកដីគោក និងសមុទ្រ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 58
របៀបដែលវៀតណាមអាចទប់ទល់នឹងប្រទេសចិនទាំងផ្នែកដីគោក និងសមុទ្រ របៀបដែលវៀតណាមអាចទប់ទល់នឹងប្រទេសចិនទាំងផ្នែកដីគោក និងសមុទ្រ

ប្រទេសវៀតណាមបានរៀបចំពិព័រណ៍ការពារជាតិជាអន្តរជាតិលើកដំបូងរបស់ខ្លួនកាលពីសប្តាហ៍មុន ក្នុងគោលបំណងធ្វើពិពិធកម្មការផ្គត់ផ្គង់អាវុធរបស់ខ្លួនឱ្យងាកចេញឆ្ងាយពីរុស្ស៊ី។ ក្រៅពីទិដ្ឋភាពបច្ចេកទេសទាក់ទងនឹងសព្វាវុធ ការតាំងពិព័រណ៍នេះក៏ជាឱកាសសម្រាប់ដៃគូមួយចំនួនផងដែរ ដូចជាអាមេរិក ឬឥណ្ឌាក្នុងការជំរុញទំនាក់ទំនងការពារជាតិឱ្យកាន់តែជិតស្និទ្ធជាមួយទីក្រុងហាណូយ និងអាចជាសញ្ញាបង្ហាញដល់ប្រទេសចិនថា «វៀតណាមកំពុងបង្កើនការយកចិត្តទុកដាក់លើការធ្វើទំនើបកម្ម និងការធ្វើពិពិធកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន»។

«តើពិព័រណ៍នេះមានលក្ខណៈស៊ីគ្នានឹងយុទ្ធសាស្ត្រសន្តិសុខទូទៅរបស់វៀតណាមនៅត្រង់កន្លែងណា?»

ខណៈពេលដែល វៀតណាមផ្តល់អាទិភាពដល់ការរក្សាទំនាក់ទំនងល្អជាមួយប្រទេសចិន ដើម្បីចៀសវាងជម្លោះដែលមិនចាំបាច់ វៀតណាមក៏កំពុងស្វែងរកជម្រើសផ្សេងទៀតផងដែរដែលអាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃឥរិយាបថដ៏គឃ្លើនរបស់ចិន និងដែលអាចជួយឱ្យវៀតណាមត្រៀមខ្លួនសម្រាប់បញ្ហាដ៏អាក្រក់បំផុតនៅក្នុងរយៈពេលវែង។

វៀតណាមនឹងត្រូវធ្វើការថ្លឹងថ្លែងជុំវិញបញ្ហាដែលថា «តើការទប់ស្កាត់ចិននឹងបង្កផលអាក្រក់ច្រើនជាង ឬផលល្អច្រើនជាង»។ ជាក់ស្តែង ការតាំងពិព័រណ៌មានលក្ខណៈស៊ីគ្នាជាមួយនឹងគោលនយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធ «Three Nos» របស់វៀតណាម ពីព្រោះវានឹងមិនធ្វើឱ្យទីក្រុងហាណូយត្រូវពឹងផ្អែកលើមហាអំណាចណាមួយឡើយ ខណៈដែលវាបានផ្តោតសំខាន់លើការផលិត និងការធ្វើទំនើបកម្មអាវុធរបស់វៀតណាម។

សូមអាន ប្រទេសចិនបានបង្កការភ័យខ្លាចអំពីការឡោមព័ទ្ធនៅក្នុងប្រទេសវៀតណាម

ប៉ុន្តែសំណួរដ៏សំខាន់គឺថា «តើវៀតណាមអាចទប់ទល់នឹងចិនបានដោយរបៀបណា?»

វៀតណាមអាចមានវិធីសំខាន់ ២ ក្នុងការទប់ទល់នឹងការគំរាមកំហែង ដោយក្នុងនោះរួមមាន «ការរក្សាតុល្យភាពផ្ទៃក្នុងតាមរយៈការផលិតអាវុធក្នុងស្រុក និងការរក្សាតុល្យភាពខាងក្រៅតាមរយៈសម្ព័ន្ធភាពយោធា»។ គោលនយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធរបស់វៀតណាមបានបង្ហាញថា «វៀតណាមបានជ្រើសរើសយកជម្រើសទី១ ហើយនឹងរក្សាជម្រើសទី២ សម្រាប់ពេលអនាគត»។

ពាក់ព័ន្ធនឹងការជ្រើសរើសនូវជម្រើសទី១ ការមិនអើពើអំពីបញ្ហាភូមិសាស្ត្រអាចបង្កនូវផលប៉ះពាល់ដល់ការស្វែងយល់អំពីកត្តាជំរុញយុទ្ធសាស្ត្រដ៏ធំរបស់ប្រទេសវៀតណាមចាប់តាំងពីឆ្នាំ ១៩៤៥ មក។ ភូមិសាស្ត្ររបស់វៀតណាមមានអរិភាពខ្លាំង នៅពេលនិយាយដល់ការបង្កើតទំនាក់ទំនងសម្ព័ន្ធភាពជាមួយមហាអំណាចបរទេសក្រៅពីប្រទេសចិន ហើយវាគឺជាភូមិសាស្ត្រមួយដែលតម្រូវឱ្យវៀតណាមប្រកាន់យកនូវជម្រើសរក្សាតុល្យភាពផ្ទៃក្នុង។

វៀតណាមមានព្រំប្រទល់ជាប់នឹងប្រទេសចិននៅភាគខាងជើង, ជាប់នឹងប្រទេសឡាវនៅភាគខាងលិច, ជាប់ជាមួយកម្ពុជានៅភាគខាងត្បូង និងជាប់សមុទ្រដែលមានជម្លោះនៅភាគខាងកើត។ នាយឧត្តមសេនីយ៍ Vo Nguyen Giap ធ្លាប់បានលើកឡើងនៅមុនថ្ងៃនៃសង្គ្រាមឥណ្ឌូចិនលើកទី១ ថា «ឥណ្ឌូចិនគឺជាអង្គភាពយុទ្ធសាស្ត្រដែលជាទីតាំងប្រតិបត្តិការតែមួយគត់។ ដូច្នេះយើងមា ភារកិច្ចជួយរំដោះប្រទេសឥណ្ឌូចិនទាំងមូល ជាពិសេសសម្រាប់ហេតុផលភូមិសាស្ត្រយុទ្ធសាស្ត្រ វៀតណាមនឹងមិនអាចមានឯករាជ្យទាំងស្រុងនោះទេ ប្រសិនបើកម្ពុជានិងឡាវនៅតែត្រូវបានគ្រប់គ្រងដោយចក្រពត្តិនិយម»។

កង្វះភាពស៊ីជម្រៅជាយុទ្ធសាស្ត្រនឹងធ្វើឱ្យទីក្រុងហាណូយត្រូវពឹងផ្អែកលើខ្លួនឯងក្នុងករណីកើតមានការលុកលុយដ៏ធំ ពីព្រោះការជួយពីខាងក្រៅនឹងមិនអាចឆ្លើយតបបានទាន់វេលានោះទេ។ ករណីមួយគឺ «ការលុកលុយរបស់ចិនចូលវៀតណាមក្នុងឆ្នាំ ១៩៧៩»។ ព្រំដែនចិន-វៀតណាមនៅច្រកមិត្តភាព មានចម្ងាយតិចជាង ១៨០ គីឡូម៉ែត្រពីទីក្រុងហាណូយ ហើយចិនបានចំណាយពេលប្រហែល ២ សប្តាហ៍ប៉ុណ្ណោះ ក្នុងការកាន់កាប់លើទីក្រុង Lang Son មុនពេលបន្តរុលទៅមុខជាង ៥០ គីឡូម៉ែត្រទៀតទៅក្នុងទឹកដីវៀតណាម។

ពីទីក្រុង Lang Son ដែលមានចម្ងាយ ១២០ គ.ម ពីទីក្រុងហាណូយ ប្រទេសចិនអាចបើកការវាយប្រហារដោយផ្ទាល់លើរដ្ឋធានីរបស់វៀតណាម។ ប៉ុន្តែចិនបានសម្រេចចិត្តដកខ្លួនចេញវិញ (បន្ទាប់ពីបានបង្រៀនវៀតណាមនូវមេរៀនដ៏សំខាន់មួយចំនួន) ដើម្បីចៀសវាងការធ្វើអន្តរាគមន៍របស់សូវៀត។ ដោយសារតែមានចម្ងាយស្ថិតនៅឆ្ងាយពីវៀតណាម សូវៀតមិនអាចធ្វើអ្វីបានច្រើនដើម្បីជួយដល់វៀតណាមនោះទេ បើទោះបីជាមានសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការសូវៀត-វៀតណាមក៏ដោយ។

ដូច្នេះ យោធាវៀតណាមមានតួនាទីសំខាន់ណាស់ក្នុងការទប់ស្កាត់ការឈ្លានពានរបស់ចិន។ ប្រសិនបើវៀតណាមពឹងផ្អែកទាំងស្រុងលើសហភាពសូវៀត និងមិនបានយកចិត្តទុកដាក់លើកងទ័ពរបស់ខ្លួន នោះវៀតណាមច្បាស់ជាគ្មានសមត្ថភាពបការពារប្រឆាំងនឹងចិនឡើយ។ ប្រទេសចិនបានជួយពួកវៀតមិញ និងក្រោយមកវៀតណាមខាងជើងឱ្យកម្ចាត់បារាំង និងសហរដ្ឋអាមេរិក និងរដ្ឋបរិវាតូចៗប្រកបដោយជោគជ័យនៅក្នុងឆ្នាំ ១៩៥៤ និងឆ្នាំ ១៩៧៥។

ភូមិសាស្ត្រកៀកជិតគ្នារវាងចិននិងវៀតណាមបានជួយឱ្យចិនអាចប្រើប្រាស់ធនធានយ៉ាងច្រើននៅក្នុងតំបន់ឥណ្ឌូចិន ជាងមហាអំណាចដ៏ទៃទៀតហើយប្រទេសចិនតែងមានការតាំងចិត្តខ្ពស់ក្នុងការប្រឆាំងនឹងវត្តមានរបស់មហាអំណាចទាំងឡាយណាដែលនឹងមកតាំងវត្តមាននៅតាមព្រំដែនទាំងអស់របស់ខ្លួន។ វៀតណាមបានបន្តស្ថិតនៅក្រោមឥទ្ធិពលរបស់ចិន នៅមុនពេលការធ្លាក់ចុះនៃអាណាចក្រឈីង (Qing) ដែលបានបង្កផលប៉ះពាល់ដល់សមត្ថភាពរបស់ចិនក្នុងការឆ្លើយតបទៅនឹងអាណានិគមបារាំងដែលគ្រប់គ្រងវៀតណាម។

ឥឡូវនេះ ប្រទេសចិនមានភាពរឹងមាំ ហើយគ្មានមហាអំណាចខាងក្រៅណាមួយអាចចូលមកការពារទឹកដីរបស់វៀតណាមបានឡើយ។ ការបរាជ័យនៅពេលថ្មីៗនេះរបស់បារាំង អាមេរិក និងសូវៀតក្នុងការបង្កើត និងរក្សាបន្ទាយយោធានៅតំបន់ឥណ្ឌូចិន គឺជាការក្រើនរំឮកអំពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការប្រើប្រាស់កម្លាំងប្រឆាំងនឹងមហាអំណាចខាងក្រៅនៅតាមព្រំដែនរបស់ខ្លួន ក៏ដូចជាអសមត្ថភាពរបស់វៀតណាមក្នុងការពឹងផ្អែកលើការរក្សាតុល្យភាពខាងក្រៅ។

ជាងនេះទៅទៀត វៀតណាមមានលក្ខណៈខុសគ្នាពីអ៊ុយក្រែន ដែលមានព្រំប្រទល់ជាប់នឹងអង្គការ NATO ដែលបានជួយសម្រួលដល់លំហូរអាវុធឥតឈប់ឈរពីលោកខាងលិច។ វៀតណាមមិនមានព្រំដែនជាប់នឹងមហាអំណាចដ៏មានឥទ្ធិពលណាមួយឡើយ។ ភាពឯកោផ្នែកភូមិសាស្រ្តនេះមានន័យថា «វៀតណាមត្រូវពឹងផ្អែកលើឃ្លាំងអាវុធរបស់ខ្លួន ប្រសិនបើសង្គ្រាមជាមួយចិនផ្ទុះឡើង»។

ការសង្កត់ធ្ងន់របស់ទីក្រុងហាណូយលើការធ្វើទំនើបកម្មវិស័យការពារជាតិរបស់ខ្លួន និងការគេចចេញពីសម្ព័ន្ធភាពបរទេស បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីជម្រើសនៅមានកម្រិតដែលត្រូវបានកំណត់ដោយភូមិសាស្ត្រនៅកៀកជិតបង្កើយជាមួយនឹងចិន។ វៀតណាមមិនអាចប្រកួតប្រជែងជាមួយចិនបានទេ ហើយវៀតណាមក៏អាចប្រឈមមុខនឹងជម្រើសដ៏លំបាកមួយទៀតផងដែរ នៅពេលនិយាយដល់ការរក្សាតុល្យភាពផ្ទៃក្នុង។

កងទ័ពវៀតណាមមិនអាចប្រៀបបាននឹងកងទ័ពចិនទេ ហើយវៀតណាមក៏មិនអាចពឹងផ្អែកលើអ្នកធានាសន្តិសុខពីខាងក្រៅបានដែរ ដោយសារភូមិសាស្ត្រប្រកបដោយអរិភាពរបស់ខ្លួន។ ដូចនេះវៀតណាមត្រូវផ្តោតអាទិភាពលើកងទ័ពរបស់ខ្លួនទាំងកងទ័ពជើងទឹក និងទ័ពអាកាស ដើម្បីធានាថា «ចិននឹងមិនអាចទាញយកផលប្រយោជន៍ពីកង្វះខាតផ្នែកយុទ្ធសាស្ត្ររបស់វៀតណាម»។

ទោះជាយ៉ាងណាក៏ដោយ វៀតណាមមិនគួរបោះបង់ចោលនូវការទាមទាររបស់ខ្លួននៅសមុទ្រចិនខាងត្បូងនោះទេ ដោយក្នុងនោះវៀតណាមនៅតែអាចពឹងផ្អែកលើមហាអំណាចខាងក្រៅសម្រាប់ការការពារនៅដែនសមុទ្រ។ តំបន់អាស៊ីបូព៌ាត្រូវបានបែកបាក់ចេញជាផ្នែក ២ ផ្សេងគ្នា ដោយក្នុងនោះឥទ្ធិពលរបស់ចិនបានគ្របដណ្តប់នៅទ្វីបអាស៊ី ខណៈដែលឥទ្ធិពលរបស់អាមេរិកបានគ្របដណ្តប់នៅដែនសមុទ្រអាស៊ី។

ផ្ទុយទៅនឹងភាពផ្តាច់មុខនៃភូមិសាស្ត្ររបស់វៀតណាម ភូមិសាស្ត្រសមុទ្ររបស់ប្រទេសនេះមានភាពបើកចំហចំពោះមហាអំណាចខាងក្រៅទាំងអស់ ដែលអាចផ្តល់ឱ្យវៀតណាមនូវការការពារ និងការគាំទ្រជាអន្តរជាតិ ក្នុងករណីកើតមានជម្លោះនៅសមុទ្រចិនខាងត្បូង ដែលនេះគឺជាអ្វីដែលចិនមិនចង់បាន។ វៀតណាមបានបន្តជំរុញទំនាក់ទំនងការពារជាតិកាន់តែជិតស្និទ្ធជាមួយមហាអំណាចផ្សេងៗ តាមរយៈការទទួលដំណើរទស្សនកិច្ចនៅកំពង់ផែ ក៏ប៉ុន្តែការធ្វើទស្សនកិច្ចនៅកំពង់ផែនឹងមិនអាចគំរាមកំហែងដល់តំបន់ផ្តាច់មុខរបស់ចិននោះទេ ហើយវាក៏មិនសូវមានលក្ខណៈបង្កហេតុដូចការតាំងមូលដ្ឋានយោធាបរទេសអចិន្ត្រៃយ៍នៅលើដីវៀតណាមដែរ។

លក្ខណៈសម្បត្តិប្រកបដោយបរិយាប័ន្នរបស់សមុទ្រចិនខាងត្បូងបានផ្តល់ឱ្យប្រទេសវៀតណាមនូវឱកាសក្នុងការបង្វែរ សម្ពាធស្តីពីការរក្សាតុល្យភាពអំណាចរបស់ចិននៅដែនសមុទ្រ ទៅឱ្យមហាអំណាចបរទេសដែលមានផលប្រយោជន៍នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ និងបានអនុញ្ញាតឱ្យវៀតណាមមានពេលវេលាសន្សំធនធានសម្រាប់ការរក្សាតុល្យភាពផ្ទៃក្នុងនៅផ្នែកដីគោក។ សកម្មភាពនេះក៏ទទួលបាននូវការគាំទ្រពីអាមេរិកផងដែរ ដែលមិនចង់ធ្វើសង្រ្គាមដីគោកជាមួយចិននៅក្នុងតំបន់អាស៊ី។

សហរដ្ឋអាមេរិកបានអនុវត្តនូវរូបមន្តនេះដូចដែលបានឃើញនៅក្នុងការ ផ្ទេរទ្រព្យសម្បត្តិកងទ័ពជើងទឹករបស់អាមេរិកទៅកាន់វៀតណាម និងការចូលរួមរបស់អាមេរិកនៅក្នុងការប្រឆាំងនឹងការឈ្លានពានរបស់ចិន នៅដែនសមុទ្រ។ វៀតណាមនិងសហរដ្ឋអាមេរិក ក៏ដូចជាសមាជិកដទៃទៀតនៃក្រុម Quad គួរតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខដែនសមុទ្រដើម្បីជួយវៀតណាមដោះស្រាយបញ្ហាទាក់ទងនឹងកង្វះធនធានក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ និងគួរចំណាយថវិកាបន្ថែមទៀតសម្រាប់ការការពារតំបន់នេះ។

ការរក្សាតុល្យភាពផ្ទៃក្នុងនៅដីគោក និងការរក្សាតុល្យភាពខាងក្រៅនៅដែនសមុទ្រគួរ តែជាគោលការណ៍ដ៏សំខាន់ ២ នៃគោលនយោបាយសន្តិសុខរបស់វៀតណាម។ សុភាសិតវៀតណាមមួយឃ្លាបានពោលថា «Nuoc xa khong cuu duoc lua gan» ដែលវាមានន័យថា «ទឹកដែលនៅឆ្ងាយ មិនអាចពន្លត់ភ្លើងនៅក្បែរខាងបានទេ»។

សុភាសិតនេះបានសង្កត់ធ្ងន់ទៅលើបំណងប្រាថ្នារបស់វៀតណាម ក្នុងការពឹងផ្អែកលើខ្លួនឯងក្នុងការទប់ទល់នឹងប្រទេសចិន ជាជាងការពឹងពាក់មហាអំណាចដែលស្ថិតនៅឆ្ងាយ។ កង្វះយុទ្ធសាស្ត្រស៊ីជម្រៅរបស់វៀតណាមនិងភាពនៅជិតបង្កើយជាមួយចិនបានបង្កការរឹតត្បិតលើជម្រើសរបស់វៀតណាម និងបានបង្កការលំបាកដល់មហាអំណាចផ្សេងទៀតក្នុងការផ្តល់នូវការការពារដល់វៀតណាម។

ពិព័រណ៍ការពារជាតិរបស់វៀតណាមគឺជាវេទិកាមួយផ្សេងទៀតសម្រាប់វៀតណាមក្នុងការដោះស្រាយបញ្ហាអតុល្យភាពនៃអំណាចជាមួយចិន ក្រោមគោលនយោបាយសន្តិសុខស្តីពីការពឹងផ្អែកលើខ្លួនឯង ហើយវាអាចទៅរួចដែលថា «វៀតណាមនឹងបន្តដំណើរការធ្វើពិពិធកម្មអាវុធដោយសាររុស្ស៊ីលែងជាអ្នកផ្គត់ផ្គង់ដែលអាចទុកចិត្តបានទៀតហើយ»។ ប្រវត្តិសាស្ត្របានបង្ហាញថា «វៀតណាមអាចធានាបាននូវសន្តិសុខ នៅពេលដែលកងទ័ពរបស់ខ្លួនមានភាពរឹងមាំ និងនៅពេលដែលខ្លួនមានអាវុធច្រើនសន្ធឹកសន្ធាប់»៕

The Diplomat

អត្ថបទទាក់ទង