ខ្មែរប៉ុស្ដិ៍ Close

ឡាវត្រៀមចុះហត្ថលេខាជាមួយកម្ពុជា ក្នុងពេលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅដើមខែធ្នូខាងមុខនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 59
ឡាវត្រៀមចុះហត្ថលេខាជាមួយកម្ពុជា ក្នុងពេលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅដើមខែធ្នូខាងមុខនេះ ឡាវត្រៀមចុះហត្ថលេខាជាមួយកម្ពុជា ក្នុងពេលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅដើមខែធ្នូខាងមុខនេះ

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅកម្ពុជា លោក អាមផាយ គីនដាវង្ស (Amphay Kindavong) បានថ្លែងឱ្យដឹងថា រដ្ឋាភិបាលឡាវបានកំពុងរៀបចំ និងត្រៀមឯកសារមួយចំនួន ដើម្បីចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអំឡុងពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនៅដើមខែធ្នូ ឆ្នាំ២០១៨នេះ។ ការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតឡាវបានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតឡាវ បានអបអរសាទរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានឈ្នះការបោះឆ្នោត ជាប់ជានាយករដ្ឋមន្ត្រីកម្ពុជាម្តងទៀត ហើយលោកក៏បានអបអរសាទរខួបលើកទី៦៥ឆ្នាំ នៃទិវាឯករាជ្យជាតិរបស់កម្ពុជាផងដែរ។

លោកឯកអគ្គរដ្ឋទូតឡាវ បានអះអាងថា ក្នុងបេសកកម្មការងាររបស់លោកនៅកម្ពុជា លោកនឹងប្រឹងប្រែងធ្វើយ៉ាងណាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវឱ្យកាន់តែប្រសើរ។ ក្នុងជំនួបនោះឯកអគ្គរដ្ឋទូតឡាវ បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរថា រដ្ឋាភិបាលឡាវ កំពុងតែត្រៀមចាំស្វាគមន៍ទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសឡាវ នាថ្ងៃទី៥ ខែធ្នូខាងមុខនេះ។ ឡាវ ក៏កំពុងតែត្រៀមឯកសារមួយចំនួនចុះហត្ថលេខា ជាពិសេសអនុស្សារណៈទៅលើវិស័យផ្សេង រួមមានវិស័យអប់រំជាដើម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងកម្ពុជា-ឡាវ គឺមានទំនាក់ទំនងល្អ ហើយលោក បានណែនាំឱ្យខិតខំធ្វើយ៉ាងណា បន្តជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗទៀតបន្ថែមទៀត។ លោក ក៏បានស្នើឱ្យបន្តការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីនេះ ជាពិសេសធ្វើយ៉ាងណាឱ្យវិស័យឯកជន និងប្រជាពលរដ្ឋ អាចជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបន្ថែមទៀត៕

អត្ថបទទាក់ទង