ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម

ដោយ៖ Sreyleak ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 204
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។ សម្តេចតេជោ បានលើកឡើងថា សម្តេចបានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសឡាវកាលពីខែកុម្ភៈឆ្នាំ២០២៣ កាលសម្តេចនៅជានាយករដ្ឋមន្ត្រី និងបានបន្ថែមថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ត្រៀមនឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសឡាវនាខែមករា ឆ្នាំ២០២៥ នេះផងដែរ។ សម្តេចរីករាយនឹងការផ្លាស់ប្តូរទស្សនកិច្ចប្រកបដោយការចាប់ចិត្តរវាងប្រទេសទាំងពីរ។
នាឱកាសនោះ ឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវការគោរពដឹងគុណ និងអរគុណ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដល់ឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសមក្នុងឱកាសនេះ និងបានពាំនាំការសួរសុខទុក្ខ សេចក្តីនឹករលឹក និងការអញ្ជើញរបស់ឯកឧត្តម សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវជូន សម្តេចតេជោ និងគណៈប្រតិភូកម្ពុជា ទស្សនកិច្ចនៅប្រទេសឡាវ នាពេលវេលាសមស្របខាងមុខ។
ឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវការអបអរសាទរចំពោះ បុណ្យឯករាជ្យជាតិកម្ពុជា ដែលបាននាំមកនូវភាពស៊ីវិល័យ ស្ថិរភាពនយោបាយ ជីវភាពប្រជាពលរដ្ឋមានការរីកចំរើនជាជំហានៗ និងជាពិសេសកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់ សម្តេចតេជោ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានអរគុណកម្ពុជា ដែលជាបងប្អូនដ៏ស្មោះស្ម័គ្រ ដែលបានគាំទ្រកិច្ចប្រជុំអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA) នៅឡាវ រហូតទទួលបានជោគជ័យតាមគោលដៅយ៉ាងត្រចះត្រចង់។
ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីព្យុះទីហ្វុងយ៉ាហ្គីឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវសេចក្តីអំណរអរគុណដល់ប្រទេសកម្ពុជា ដែលសម្តែងនូវការយកចិត្តទុកដាក់ និងការជួយគ្នាក្នុងគ្រាអាសន្ននៃគ្រោះធម្មជាតិនេះ។ ឯកឧត្តម ក៏បានជម្រាបជូន សម្តេចតេជោ អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅ និងបានវាយត ម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសយើងទាំងពីរ តាមរយៈការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។
ឯកឧត្តម សនសៃ ស៊ីផាន់ដន បានបន្តជម្រាបជូន សម្តេចតេជោ ថា ឯកឧត្តម មានការពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការតាមព្រំដែន ដែលភាគីប្រទេសយើងទាំងពីរ បានស្តាប់ទស្សនគ្នាទៅវិញទៅមក យោគយល់គ្នាអស់ពីចិត្តអស់ពីថ្លើម និងត្រង់ទៅត្រង់មក។ ឯកឧត្តម ក៏បានស្នើឱ្យបរិយាកាសកិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អនេះ បន្តទៅមុខដើម្បីឈានទៅដោះស្រាយកិច្ចការព្រំដែនរួមគ្នា ប្រកបដោយការអភិវឌ្ឍ។ ឯកឧត្តម បានសម្តែងនូវក្តីសង្ឃឹមថា សម្តេចតេជោ នឹងបន្តពូនជ្រំ និងជំរុញកិច្ចសហប្រតិបត្តិការរវាងនាយករដ្ឋមន្រ្តីនៃប្រទេសយើងទាំងពីរ រវាងគណបក្សនិងគណបក្ស និងរវាងប្រជាជនយើងផងដែរ។
ឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវការរីករាយជាថ្មីម្តងទៀត នូវទំនាក់ទំនងមិត្តភាពប្រកបដោយផ្លែផ្កានៃសាមគ្គីភាពឡាវ-កម្ពុជា បានឈានរហូតដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម សនសៃស៊ីផាន់ដន ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជានាពេលកន្លងមក និងបានទទួលយកការអញ្ជើញរបស់ឯកឧត្តម សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ទៅទស្សនកិច្ចនៅប្រទេសឡាវ នាពេលវេលាសមស្របណាមួយនាពេលខាងមុខ។ សម្តេចតេជោ ក៏បានស្នើឱ្យទស្សនកិច្ចនេះ ជាទស្សនកិច្ចក្នុងនាមគណបក្ស និងព្រឹទ្ធសភាផងដែរ។

នៅក្នុងជំនួបនេះ សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលជាផ្លែផ្កាដែលអាស៊ានសម្រេចបាន ដែលនេះ បានឆ្លុះបញ្ចាំងអំពីសាមគ្គីភាពអាស៊ាន និងការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន ក្នុងនាមជាប្រធានអាស៊ាន។ សម្តេចតេជោ ក៏បានជម្រាបជូន ឯកឧត្តម សនសៃ ស៊ីផាន់ដន ថា ដើម្បីរក្សាបាននូវសុខសន្តិភាពជូនប្រជាជន កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក៏ប៉ុន្តែការដកខ្លួនរបស់កម្ពុជានេះ មិនមែនដកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងបីនោះទេ។ សម្តេចតេជោ បានបន្តទៀតថា ប្រទេសយើងទាំងបី កម្ពុជាឡាវ វៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការតាមយន្តការដែលបានស្រាប់ជាទូទៅ និងកម្រិតប្រទេសតែម្តង និងបន្តពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការនេះ ជាពិសេសតាមរយៈជំនួបជាទៀងទាត់នៃថ្នាក់ដឹកនាំគណបក្សកាន់អំណាច នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង កម្មវិធីអភិវឌ្ឍយុវជននៃប្រទេសយើងទាំងបី។
សម្តេចតេជោ ក៏បានផ្តាំផ្ញើការសួរសុខទុក្ខជាពិសេសជូន ឯកឧត្តម ថងលុន ស៊ីសុលីត និងបានបន្តថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អតីតអនុប្រធានទី១នៃព្រឹទ្ធសភា ត្រូវបានផ្លាស់ទៅកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ហើយ ឯកឧត្តម អ៊ុច បូររិទ្ធត្រូវបានតែងតាំងជាអនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់សម្តេច ព្រឹទ្ធសភាកម្ពុជា ផ្តោតសំខាន់លើកិច្ចការសំខាន់ពីរគឺ ការទូតសភា និងគណនេយ្យភាពរបស់សមាជិកព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត។
ជាការឆ្លើយតប ឯកឧត្តម សនសៃ ស៊ីផាន់ដន បានជម្រាបជូន សម្តេចតេជោថាឯកឧត្តម នឹងពាំនាំស្មារតីនៃជំនួបនេះរាយការណ៍ជូន ឯកឧត្តម ថងលុនស៊ីសុលីត និងឯកឧត្តម សាយសំផន ភុមវិហាន។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ផងដែរថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)ក្នុងនាមរដ្ឋាភិបាលឡាវ និងខ្លួនឯកឧត្តមផ្ទាល់ ឯកឧត្តម សូមសម្តែងនូវការយល់ចិត្តយល់ថ្លើមនៃការលំបាករបស់កម្ពុជា និងបានបញ្ជាក់ថា ឯកឧត្តម នឹងសហការយ៉ាងជិតស្និតជាមួយ សម្តេចមហាបវរធិបតី។ ឯកឧត្តម បានជូនពរ សម្តេចតេជោ សូមមានសុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ និងបន្តតាមដាន ដឹកនាំកម្ពុជាឱ្យមានភាពរុងរឿងឆ្លងឧបសគ្គនានា និងជូនពរ កិច្ចសហប្រតិបត្តិការជាប្រពៃណី ជាមិត្តភាពបងប្អូន ជាប្រទេសភូមិផងរបងតែមួយ និងដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ឱ្យគង់វង្សជារៀងរហូត។
ជាចុងក្រោយនៅចុងបញ្ចប់ សម្តេចតេជោ ជូនពរឯកឧត្តម សនសៃ ស៊ីផាន់ដន និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងបេសកកម្ម និងកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ៕

អត្ថបទទាក់ទង