ខ្មែរប៉ុស្ដិ៍ Close

McDonald’s លើកហេតុផល៣ធំៗ ថាកម្ពុជាពុំទាន់ស័ក្តិសមនឹងបើកសាខារបស់ខ្លួនបាន

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកក្កដា ឆ្នាំ២០១៨ ម្ហូប មុខរបរ 71

McDonald’s យីហោហាងប៊ឺហ្គឺដ៏ល្បីឈ្មោះបំផុតមួយនៅលើពិភពលោក ហើយក៏ត្រូវបានចាត់ទុកជាយីហោលក្ខណៈអន្តរជាតិមួយដែលពិបាកក្នុងការចរចាសុំទិញសិទ្ធិលក់បន្តបំផុត ព្រោះម៉ាកដ៏ល្បីមួយនេះមានលក្ខខណ្ឌតម្រូវជាច្រើន និងតឹងរឹងចំពោះសហគ្រិននិងប្រទេសដែលចង់ទិញសិទ្ធលក់បន្ត ត្រូវតែគោរពនិងប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួននិងគ្រប់លក្ខខណ្ឌ មិនមែនមើលឃើញលុយតែមួយមុខនោះឡើយ។

មានសហគ្រិននិងពាណិជ្ជករធំៗជាច្រើនរូប ដែលធ្លាប់បានទាក់ទងខាងក្រុមហ៊ុន McDonald’s ដើម្បីទិញសិទ្ធិបន្ត មកប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរាល់សំណើរទាំងនោះត្រូវបានគេបដិសេធ ដោយគេលើកឡើងហេតុផល៣ធំៗថាកម្ពុជានៅមិនទាន់មានលក្ខខណ្ឌគ្រប់គ្រាន់នៅឡើយ៖

ហេតុផលទី១៖ ចំណូលប្រជាជនកម្ពុជានៅមានកម្រិតទាប
មានពាណិជ្ជករខ្មែរមួយចំនួន បានជិះយន្តហោះទៅដល់សហរដ្ឋអាមេរិកដើម្បីស្នើសុំសិទ្ធិលក់បន្តនៅកម្ពុជា ប៉ុន្តែក្រុមហ៊ុនមេធំបំផុតនៅទីនោះបានស្នើសុំឲ្យទៅសុំសិទ្ធិសម្រេចពីស្នាក់ការផ្តាច់មុខបន្តក្នុងតំបន់អាស៊ាន ដែលមានទីតាំងនៅទីក្រុងបាំងកក ប្រទេសថៃ។ ផ្ទុយមកវិញ McDonald’s សម្រេចមិនទាន់លក់សិទ្ធិសម្រាប់ប្រទេសកម្ពុជានៅឡើយនោះទេ ដោយបានលើកឡើងហេតុផលទីផ្សារកម្ពុជានៅតូចចង្អៀត ព្រោះកម្រិតចំណូលជាមធ្យមរបស់ពលរដ្ឋនៅទាប។

ហេតុផលទី២៖ ចំនួនមនុស្សរស់នៅទីក្រុងមានតិចតួច
បន្ទាប់ពីហេតុផលខាងលើ យីហោល្បីដែលគិតពីកេរ្តិ៍ខ្លាំងមួយនេះ បានលើកហេតុផលទី២ថា ប្រជាជនកម្ពុជានៅមានតិចតួចនៅឡើយ ជាពិសេសគឺចំនួនប្រជាជនដែលរស់នៅរាជធានីធំបំផុតគឺភ្នំពេញ មានតែប្រហែលជាង២លាននាក់ប៉ុណ្ណោះ ខណៈនៅទីក្រុងបាំងកកនិងហូជីមិញដែលនៅជិតខាងកម្ពុជា មានមនុស្សរស់នៅជិត១០លាននាក់នៃទីក្រុងនីមួយៗ ហើយចំណូលក៏មានកម្រិតខ្ពស់ផងដែរ។

ហេតុផលទី៣៖ ស្ថានភាពនយោបាយនៅមានភាពស្រពិចស្រពិល
ហេតុផលចុងក្រោយដែលខាងយីហោ McDonald’s បានលើកឡើងថាជាបញ្ហាក្នុងការសម្រេចចិត្តសំខាន់មួយរបស់ខ្លួននោះគឺ នយោបាយនៅកម្ពុជាហាក់នៅមានភាពស្រពិចស្រពិលនៅឡើយ ដែលត្រូវការពេលវេលាបន្ថែមទៀត ក្នុងការសម្រេចចិត្តអនុញាតិ្តឲ្យមានវត្តមានយីហោរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា McDonald’s ចាប់ផ្ដើមលក់សិទ្ធិអាជីវកម្មរបស់ខ្លួន Franchise តាំងពីឆ្នាំ១៩៥៥មកម៉្លេះ រហូតមកដល់បច្ចុប្បន្នកំពុងបើកដំណើរចំនួនជាង១២០ប្រទេស និងមានសាខាប្រមាណជាង៣៣,០០០ហាងទូទាំងសកលលោក។ ដោយឡែកចំពោះ McDonald’s នៅក្នុងតំបន់អាស៊ានយើងមានបើកដំណើរចំនួន៧ប្រទេសដូចជា សឹង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន ប្រុយណេនិងចុងក្រោយគឺប្រទេសវៀតណាម។ ដោយឡែក កម្ពុជា ឡាវ និងមីយ៉ានម៉ាមិនទាន់មានវត្តមានយីហោ McDonald’s នៅឡើយទេ៕

អត្ថបទដោយ៖ សេរីនរៈវុឌ្ឍិ

ប្រភព៖business-cambodia.com