ខ្មែរប៉ុស្ដិ៍ Close

ប្រធានរដ្ឋសភាកូរ៉េ៖ កូរ៉េ នឹងជួយកម្ពុជា ឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ ជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 123
ប្រធានរដ្ឋសភាកូរ៉េ៖ កូរ៉េ នឹងជួយកម្ពុជា ឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ ជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ ប្រធានរដ្ឋសភាកូរ៉េ៖ កូរ៉េ នឹងជួយកម្ពុជា ឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ ជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០

លោក គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានប្រកាស​ថា កូរ៉េខាងត្បូង នឹងបន្តជួយជ្រោមជ្រែងកម្ពុជាសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចក្លាយជា​ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការបង្ហាញជំហរបន្តជួយអភិវឌ្ឍន៍កម្ពុជា ដូចអ្វីដែលកូរ៉េបានធ្វើជាច្រើនមកហើយនេះ បានធ្វើ​ឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចតេជោ​ ហ៊ុន សែន ប្រធាន​ក្រុម​​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយលោក គីម ជីន ព្យូ នៅវិមាន៧មករា នាព្រឹកថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា​ នៅក្នុង​ជំនួប​នេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក គីម ជីន ព្យូ ដែលជាមិត្តចាស់ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទីមួយក្នុងនាមជាប្រធានរដ្ឋសភានៃ សាធារណរដ្ឋកូរ៉េ។

ក្នុងនាមជាស្ថាបនិក នៃការតភ្ជាប់ឡើងវិញទំនាក់ទំនងកម្ពុជា-កូរ៉េ កាលពីឆ្នាំ១៩៩៧ សម្តេច​តេជោ បានថ្លែងអំណរគុណចំពោះ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេសលោក គីម ជីន ព្យូ ដែលបានរួមចំណែកក្នុងការដាក់ឱ្យដំណើរការនូវគម្រោង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​សេដ្ឋកិច្ច តាមរយៈការផ្តល់ឥណទានកម្ចីសម្បទាន EDCF ចាប់តាំងពីឆ្នាំ២០០១។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រ និងថ្លែងអំណរ​គុណសាធារណរដ្ឋកូរ៉េ ដែលបានជួយកម្ពុជាក្នុងគ្រាលំបាក រួមទាំងការស្ដារសេដ្ឋកិច្ចសង្គម​ឡើង​វិញ ក្រោយសង្គ្រាមស៊ីវិលអស់រយៈពេលជាយូរ។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលាបណ្តុះ​បណ្តាល​បច្ចេកទេស ពិសេសស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលគ្រោងនឹងសាងសង់ ឆ្លងកាត់ទន្លេ សាប និងទន្លេមេគង្គ ដែលជានិមិត្តរូប នៃសាមគ្គីភាពដ៏អស្ចារ្យ។

លោក គីម ជីន ព្យួ ក៏បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន និងប្រទេសកម្ពុជា ដែលតែងតែគាំទ្រភាគីកូរ៉េ នៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃពិព័ណពាណិជ្ជកម្មពិភពលោក​នៅទីក្រុង​ប៊ូសាន ឆ្នាំ២០៣០ ក៏ដូចជាការគាំទ្រការរៀបចំការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) ឆ្នាំ២០០២ផងដែរ។

លោកប្រធានរដ្ឋសភាបានថ្លែងកោតសរសើរសម្តេចតេជោ អំពីភាពដឹកនាំការទូតដ៏ឈ្លាសវៃ និង​ស្នើសុំឱ្យសម្តេចតេជោ បន្តចូលរួមគិតគូរអំពីសន្តិភាពដ៏យូរអង្វែងនៅក្នុងតំបន់ និងពិភព​លោក​។

ក្នុងជំនួបនេះភាគីទាំងពីរបានផ្តល់តម្លៃលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរជឿជាក់​សម្រាប់​​កិច្ចសហ ប្រតិបត្តិការ អាស៊ាន-កូរ៉េនិងមេគង្គ-កូរ៉េ។ ភាគីទាំងពីរអបអរសាទរ​ចំពោះ​សមិទ្ធ​ផលរួម ដែលសម្រេចបានក្នុង ការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរីកម្ពុជា-កូរ៉េ ទោះក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ ភាគីទាំងពីរនឹងជំរុញឱ្យរដ្ឋាភិបាល​នៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបង្កើតឡើងនូវសមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត ដើម្បីជាប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ៕

Fresh News

អត្ថបទទាក់ទង