ការវិវត្តនៃទង់ជាតិខ្មែរចាប់តាំងសម័យព្រះអង្គឌួង រហូតដល់សម័យបច្ចុប្បន្ន
ប្រទេសកម្ពុជាយើងបានឆ្លងកាត់សម័យកាលជាច្រើនរាប់មិនអស់ បើគិតចាប់តាំងសម័យមុនអង្គរមកដល់សម័យបច្ចុប្បន្នយើងនេះ។ ជាពិសេសគឺនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាមានការផ្លាស់ប្ដូររបបដឹកនាំប្រទេសជាញឹកញាប់ ដែលមានទាំងការគ្រប់គ្រងប្រទេសបែបរាជានិយម ការស្ថិតនៅក្រោមអាណានិគមន៍បរទេស និងការរអិលធ្លាប់ចូលក្នុងរបបវាលពិឃាតជាដើម ទម្រាំតែប្រទេសអាចវិលមករករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដូចសូរព្វថ្ងៃនេះ។ ទន្ទឹមនឹងការផ្លាស់ប្ដររបបដឹកនាំប្រទេសជាច្រើនដងច្រើនសារបែបនេះ យើងក៏ឃើញមានការផ្លាស់ប្ដូរទង់ជាតិ ដែលទង់សញ្ញាតំណាំងឲ្យជាតិមួយនេះមានការផ្លាស់ប្ដូរជាញឹកញាប់ផងដែរ។ ខាងក្រោមនេះគឺជាទម្រង់នៃទង់ជាតិដែលកម្ពុជាយើងបានប្រើប្រាស់នៅក្នុងសម័យកាលនីមួយៗចាប់តាំងសម័យព្រះអង្គឌួង រហូតដល់សម័យបច្ចុប្បន្ន៖
ទង់ជាតិទី១៖ ទង់ជាតិតំណាងឲប្រទេសកម្ពុជាដំបូងគេ ត្រូវបានដាក់ឲប្រើប្រាស់នៅក្នុងរជ្ជកាលព្រះអង្គឌួង ពីឆ្នាំ១៨៤០ ដល់ឆ្នាំ១៨៦៣។
ទង់ជាតិទី២៖ ជាទង់ជាតិផ្លូវការដំបូងគេ របស់ប្រទេសកម្ពុជាដែលមានទម្រង់ស្រដៀងនឹងទង់ជាតិបច្ចុប្បន្ន ហើយមានពីររចនា ដំបូងឡើងទង់នេះមានរូបព្រះបរមរាជវាំងនៅចំកណ្តាល តែក្រោយមកត្រូវបានជំនួសដោយរូបប្រាសាទអង្គរវត្តវិញ ទង់ជាតិនេះត្រូវបានប្រើប្រាស់ចាប់ពីឆ្នាំ១៨៦៣ ដល់ឆ្នាំ ១៩៤៧។
ទង់ជាតិទី៣៖ ជាទង់ជាតិដែលបានប្រើប្រាស់ក្នុងរយះពេលដ៏ខ្លី ពីខែមិនា ដល់ខែ កញ្ញា ឆ្នាំ១៩៤៥ តំណាងឲប្រទេសកម្ពុជាក្នុងរដ្ឋាភិបាលលោក សឹន ង៉ុកថាញ់ ដែលគាំទ្រដោយជប៉ុន នាសម័យសង្រ្គាមលោកលើកទីពីរ។
ទង់ជាតិទី៤៖ ជាទង់ជាតិដែលអនុម័តដោយសភាជាតិក្រោយការបោះឆ្នោតជាសកលលើកដំបូង ក្នុងប្រទេសកម្ពុជានាឆ្នាំ១៩៤៧។ ទង់ជាតិនេះតំណាងឲ្យប្រទេសកម្ពុជាស្វយ័តក្នុងសហភាពបារាំង ហើយក្រោយមកក្លាយជាទង់ជាតិនៃប្រទេសកម្ពុជាឯករាជ្យ រហូតដល់រដ្ឋប្រហារឆ្នាំ១៩៧០។ ចលនាកងទ័ពជាតិសីហនុនិយមបានប្រើប្រាស់ទង់ជាតិនេះជាតំណាង ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩។ ទង់ជាតិនេះត្រូវបានប្រើប្រាស់ឡើងវិញចាប់ពីការប្រកាសព្រះរាជាណាចក្រកម្ពុជា(ទីពីរ) នាឆ្នាំ១៩៩៣ រហូតមកដល់សព្វថ្ងៃ។
ទង់ជាតិទី៥៖ ជាទង់ជាតិតំណាងឲរដ្ឋាភិបាល លន់ នល់ នៃសាធារណរដ្ឋខ្មែរ និង តំណាងឲប្រទេសកម្ពុជានៅអង្គការសហប្រជាជាតិពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ ទង់ជាតិនេះក៏ជាតំណាងឲអ្នកសាធារណរដ្ឋនិយម និង អ្នកប្រឆាំងនឹងរបបរាជានិយមខ្មែរផងដែរ។
ទង់ជាតិទី៦៖ ជាទង់ជាតិនៃរបបកម្ពុជាប្រជាធិបតេយ្យ របស់ពួកខ្មែរក្រហម ហើយជាទង់ជាតិតំណាងឲ្យប្រទេសកម្ពុជា លើឆាកអន្តរជាតិ ចាប់ពីឆ្នាំ១៩៧៦ រហូតដល់ឆ្នាំ១៩៨៩ ទោះជារបបខ្មែរក្រហមបានដួលរលំនៅឆ្នាំ១៩៧៩ ហើយយ៉ាងណាក្ដី នេះដោយសារតែអង្គការសហប្រជាជាតិបន្តគាំទ្ររដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ជារដ្ឋាភិបាលស្របច្បាប់តំណាងឲ្យប្រទេសកម្ពុជា ដល់ឆ្នាំ១៩៨៩។ ទង់ជាតិនេះមានប្រវត្តិពីដើមឡើយ ត្រូវបានប្រើប្រាស់ដំបូងជាតំណាងឲ្យចលនាខ្មែរឥស្សរក្រោមការដឹកនាំរបស់ទ្រង់នរោត្តម ចន្ទ័រង្សី នាទសវត្សរ៍ទី៥០ ហើយបន្តប្រើប្រាស់ដោយកងពលតូចទី១៣ (ទាហានសាធារណរដ្ឋខ្មែរ) របស់ទ្រង់ចន្ទ័រង្សី ក្នុងសង្រ្គាមប្រឆាំងនឹងខ្មែរក្រហមនាទស្សវត្សរ៍ទី៧០ទៀត គួរឲ្យចំឡែកណាស់ដែលខ្មែរក្រហមយកទង់របស់គូរសត្រូវខ្លួនមកប្រើប្រាស់។
ទង់ជាតិទី៧៖ ជាទង់ជាតិខ្មែរ ក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយបានប្រើប្រាស់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩។ ទង់ជាតិនេះត្រូវបានប្រើប្រាស់ជាដំបូង ដោយចលនាខ្មែររៀតមិញនៅទសវត្សរ៍ទី៥០។
ទង់ជាតិទី៨៖ ជាទង់ជាតិខ្មែរនាសម័យរដ្ឋកម្ពុជា ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣។
ទង់ជាតិទី៩៖ ជាទង់ជាតិតំណាងឲក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា និង ជាទង់ជាតិតំណាងឲអ៊ុនតាក់ ដែលបានប្រើប្រាស់ពីឆ្នាំ នាំ១៩៩២-១៩៩៣។
ទង់ជាតិទី១០៖ ទង់ជាតិនេះត្រូវបានប្រើប្រាស់រួចម្ដងមកហើយពេលដែលមានការបោះឆ្នោតជាសកលលើកដំបូង ក្នុងប្រទេសកម្ពុជានាឆ្នាំ១៩៤៧ រហូតដល់មានរដ្ឋប្រហារឆ្នាំ១៩៧០។ តែក្រោយប្រកាសព្រះរាជាណាចក្រកម្ពុជា (ទីពីរ) នាឆ្នាំ១៩៩៣ ទង់ជាតិនេះត្រូវបានយកមកប្រើប្រាស់ឡើងវិញ រហូតមកដល់សព្វថ្ងៃនេះ។
ដោយ៖ ទី និរន្ត