ខ្មែរប៉ុស្ដិ៍ Close

ស្វែងយល់ពីដើមកំណើតជនជាតិខ្មែរ និងមជ្ឈដ្ឋាន​ភូមិសាស្ត្រ

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 226
ស្វែងយល់ពីដើមកំណើតជនជាតិខ្មែរ និងមជ្ឈដ្ឋាន​ភូមិសាស្ត្រ ស្វែងយល់ពីដើមកំណើតជនជាតិខ្មែរ និងមជ្ឈដ្ឋាន​ភូមិសាស្ត្រ

ក.មជ្ឈដ្ឋាន​ភូមិសាស្ត្រ

ក្នុង​សម័យ​ដែល​រុងរឿង​បំផុត ទឹកដី​ខ្មែរ​បាន​លាត​សន្ធឹង​ទៅ​លើ​មួយ​ភាគ​ធំ​នៃ​អាស៊ី​អាគ្នេយ៍​ដីគោក ។ ក្រៅ​ពី​ប្រទេស​ខ្មែរ​បច្ចុប្បន្ន ទឹកដី​កូសាំងស៊ីន​ទាំងមូល ផ្នែក​ខាងត្បូង និង​កណ្ដាល​នៃ​ប្រទេស​ឡាវ និង​ផ្នែក​ខាងកើត​នៃ​ប្រទេស​ថៃ ក៏​ជា​របស់​ខ្មែរ​ដែរ ។ ហើយ​មាន​ពេល​ខ្លះ អំណាច​ខ្មែរ​បាន​លាត​សន្ធឹង​រហូត​ដល់​ជ្រោយ​ម៉ាឡាយូ និង​ប្រទេស​ភូមា​ថែម​ទៀត​ផង ។

ពី​សវត្ស​ទី​១៣ ដល់​ ១៩ ទឹកដី​ខ្មែរ​ត្រូវ​រួញ​បន្តិចម្ដងៗ ដោយសារ​អំពើ​រុករាន​របស់​ជនជាតិ​សៀម និង​ជនជាតិ​យួន ដែល​មាន​បំណង​ចង់​យក​ទន្លេ​មេគង្គ​ធ្វើ​ជា​ព្រំដែន​រួម​របស់​ពួក​គេ ។ ដោយ​មាន​ការ​ស្នើ​សុំ​ពី​សំណាក់​ព្រះរាជា​ខ្មែរ ហើយ​ដោយ​ស្រប​នឹង​ប្រយោជន៍​របស់​គេ​ផង​នោះ បារាំង​បាន​ធ្វើ​អន្តរាគមន៍​ចូល​មក​ក្នុង​នយោបាយ​ខ្មែរ ហើយ​ប្រហែល​ដោយសារ​នោះ ជាតិ​ខ្មែរ​យើង​ក៏​អាច​នៅ​គង់វង្ស​រហូត​ដល់​សព្វថ្ងៃ ព្រមទាំង​អាច​ថែរក្សា​ទឹកដី​ដែល​ខ្លួន​ធ្លាប់​មាន​កាល​ពី​សតវត្ស​ទី​១៨ ប៉ុន្តែ​ជនជាតិ​ខ្មែរ​រាប់​លាន​នាក់​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​មាតុភូមិ​របស់​ខ្លួន ហើយ​ត្រូវ​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ជនបរទេស​ដែល​បាន​យក​ទឹកដី​ខ្មែរ​ធ្វើ​ជា​របស់​គេ ។

ប្រទេស​ខ្មែរ​សព្វថ្ងៃ​មាន​ផ្ទៃដី ១៨១.០៣៥ គម២ ហើយ​ស្ថិត​នៅ​ចន្លោះ​ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​វៀតណាម និង​ឈូង​សមុទ្រ​ថៃ ។ បើ​និយាយ​អំពី​សណ្ឋាន​ដី គេ​ឃើញ​មាន​ភូមិភាគ ២ ខុស​ប្លែក​គ្នា ៖ មួយ​ផ្នែក​ជា​ដី​ខ្ពស់​នៅ​ខាងជើង ឦសាន និង​និរតី មួយ​ផ្នែក​ទៀត ជា​ដី​ទំនាប​នៃ​តំបន់​បឹង​ទន្លេសាប និង​អាង​ទន្លេ​មេគង្គ ។

ភូមិភាគ​ដី​ខ្ពស់ ជា​ភូមិភាគ​សម្បូរ​ដោយ​ព្រៃឈើ ហើយ​មាន​សណ្ឋាន​ហាក់​ដូចជា​របង​ព័ទ្ធ​ជុំវិញ​ដី​ទំនាប ។ នៅ​ទិស​និរតី ជួរ​ភ្នំក្រវាញ​បាន​លាត​សន្ធឹង​តាម​មាត់​សមុទ្រ មាន​កម្ពស់​មធ្យម​មិន​ហួស​ពី ១០០០ ម ឡើយ ។ នៅ​ខាងជើង ជួរ​ភ្នំ​ដងរែក​ជា​ព្រំដែន​ធម្មជាតិ​រវាង​ប្រទេស​ខ្មែរ និង​ប្រទេស​ថៃ ។ នៅ​ខាងត្បូង​ជួរ​ភ្នំ​នេះ គេ​ឃើញ​មាន​ភ្នំ (ភ្នំដែក) និង​ខ្ពង់រាប​ខ្លះ (ភ្នំ​គូលែន) ។ នៅ​ទិស​ឦសាន ខ្ពង់រាប​ក្រានីត បាន​លាត​សន្ធឹង​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌលគីរី ហើយ​មាន​កន្លែង​ខ្លះ​មាន​កម្ពស់​រហូត​ដល់ ១០០០ ម (កន្លែង​ប្រជុំ​ព្រំដែន​បី) ។ ខ្ពង់រាប​ទាំង​នេះ​ជា​ប្រភព​នៃ​ស្ទឹង​បី​ដែល​បាន​ហូរ​ឆ្ពោះ​ទៅ​រក​ទន្លេ​មេគង្គ​គឺ ស្រែពក សេសាន និង សេកុង ។

ផ្នែក​កណ្ដាល​នៃ​ប្រទេស​ខ្មែរ មាន​សណ្ឋាន​ជា​ចានដែក​ធំ​មួយ ដែល​គេ​ឃើញ​មាន​ភ្នំ​នៅ​ត្រង់​នេះ​ខ្លះ ត្រង់​នោះ​ខ្លះ ។ គឺ​នៅ​ត្រង់​នោះ​ហើយ​ដែល​មាន​មនុស្ស​នៅ​ច្រើន​កុះករ​ជាទី​បំផុត ហើយ​ដែល​ចិញ្ចឹម​ជីវិត​ដោយ​របរ​កសិកម្ម ព្រោះ​ជា​ដី​មាន​ជីជាតិ និង​មាន​ទំហំ​ធំ​ទូលាយ​ជាង​គេ​នៅ​ឥណ្ឌូចិន​ទាំងមូល ។

ទន្លេមេគង្គ ជា​ទន្លេ​ធំ​តែ​មួយ​ដែល​បាន​ឆ្លង​កាត់​វាល​ទំនាប​ខ្មែរ​ពី​ខាងជើង​រហូត​ដល់​ចុង​ខាងត្បូង ។ ទន្លេ​នេះ​មាន​ប្រវែង​ជាង ៤០០០ គម មាន​ប្រភព​ចេញ​ពី​ខ្ពង់រាប​ទីបេ ហើយ​ហូរ​កាត់​ប្រទេស​ចិន​ខាងត្បូង ប្រទេស​ភូមា ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​ខ្មែរ និង​ប្រទេស​វៀតណាម​ខាងត្បូង ។ នៅ​ត្រង់​ខោន​ក្នុង​ប្រទេស​ឡាវ ដុំ​ថ្ម​ជាច្រើន​បាន​រាំង​ផ្លូវ​ទន្លេ​មេគង្គ​ជាប់ បង្កើត​បាន​ជា​អាងទឹក​មាន​កម្ពស់​ប្រមាណ ២០ ម ហើយ​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ល្បាក់​ទឹក មិន​អាច​ឲ្យ​កប៉ាល់​ធ្វើ​ចរាចរ​ទៅ​មក​បាន​ឡើយ ។ ដី​សណ្ដ​ទន្លេ​មេគង្គ​មាន​ដៃ​ច្រើន ខ្លះ​មាន​ទទឹង​ដល់​ទៅ ២ គម ហើយ​មាន​ទំហំ​ប្រមាណ​ជា ៦០០ គម ។

ខ. អំពី​ដើម​កំណើត​ជាតិខ្មែរ
ក្នុងការ​សិក្សា​អំពីអរិយធម៌ខ្មែរ យើងតែងតែជួបនូវបញ្ហាចោទឡើងជានិច្ច កត្តាទាំងនេះហើយដែលធ្វើអោយអ្នក សិក្សាស្រាវជ្រាវ ខិតខំដោះស្រាយដោយបញ្ចេញមតិយោបល់ប្លែក មានពេលខ្ល៖យោបល់ទាំងនោះ​មានលក្ខណៈ​ផ្ទុយគ្នាទាំងស្រុងទៀតផង​​។ ជាទូទៅគេតែងតែភ្ជាប់ជនជាតិខ្មែរទៅននឹងជនជាតិណាមួយផ្សេងទៀត ដែលមាន​អរិយធម៌ខ្ពស់ រដូវជឿនលឿនជាង ដើម្បីរក្សានូវអត្ថិភាពរបស់ខ្មែរ ​។

១ មតិទី១ ​​ស្ដីពីរដើមកំណើតជាតិខ្មែរ ​

តាមមតិទី១នេះគេបានទទួលស្គាល់ថា ខ្មែរជាជាតិអន្តោប្រវេសន៍ចេញពីប្រទេសឥណ្ឌា​។ហើយបានចូល​មករាតត្បាតដណ្ដើមទឹកដីរបស់ជនជាតិដើមមួយ​។ ជាតិដើមនោះគឺជនជាតិក្នុងអំបូរម៉ាឡាយួប៉ួលីណេស៊ីយែន ឬអួស្រ្តួណេស៊ីយែន គឺស្ថិតក្នុងអំបូរភាសារនិយាយរបស់ជនជាតិដែលរស់នៅលើកោះនៃមហាសមុទ្រឥណ្ឌា និង មហាសមុទ្រប៉ាស៊ីភិច (នេះគឺជាទស្សនះរបស់លោក ហេនដ្រឹកគែរ ) ។ មានអ្នកប្រាជ្ញមួយចំនួនទៀត ដូចជា​លោក អាដេម៉ាឡឺក្លែរ និងលោក ព្បែរគួរួ ក៏ទទួលស្គាល់នូវទស្សនះខាងលើនេះផងដែរ ។

លោកព្បែរគួរួថែមទាំងបានបញ្ជាក់ទៀតថា ជាជាតិខ្មែរ មនប្រហែលជាត្រូវពួក ឌ្រាថិទ រឺ​អារ្យ័ន បានច្រាន​អោយចេញពីប្រទេសឥណ្ឌា ក្នុងនោះមានមួយចំនួនបានចូលមកលុកលុយប្រទេសភូមា ប្រទេសសៀម និងប្រទេសកម្ពុជាសព្វថ្ងៃ ។

២ មតិទី២ ស្ដីពីដើមកំណើតជាតិខ្មែរ

តាមមតិទី២នេះបានសន្និដ្ឋានថា ខ្មែរជាជនជាតិពិសេសមួយដែលស្ថិតនៅក្នុងក្រុមខ្មែរ មន ដែលបានមក​កកើតឡើង និងរស់នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ តាំងពីបុរេប្រវត្តិមកម្ល៉េះ (នេះគឺជាយោបល់របស់លោក ប៊ែរណា​ហ្វ៊ីលីពក្រោសឺ លឹយេ អតីតអភិរក្សអង្គរ និងលោកម៉ាសែលតាឡាបួ ) ។ លោកទាំងពីរបានយល់ឃើញថា ក្នុង​សម័យបុរេប្រវត្តិសាស្រ្ដ មានហ្វូងមនុស្សជាច្រើនក្រុមបានចេញដំណើរពភូមិភាគខាងជើងហើយចូលមកតាំងលំនៅ​ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ គឺពួកអូស្រ្ដូ ឡូអ៊ីត ពួកមេឡាណេស៊ីយ៉ាង ។

អំបូរមន ខ្មែរគឺជាពូជកាត់ផ្សំរវាងពួកឥណ្ឌូណេស៊ីយ៉ាង និងពួកមេឡាស៊ីយ៉ាង ហើយបានមករស់នៅរាយ​ប៉ាយលើទឹកដី ដែលលាតសន្ធឹងលើជ្រោយឥណ្ឌូចិន ​ជ្រោយម៉ាឡាយួ រហូតដល់ព្រំប្រទល់នៃប្រទេសឥណ្ឌា ។
តាមទស្សនះទាំងពីរខាងលើយើងឃើញថា ហាក់ដូចជាសមស្របនិងទស្សនះរបស់ខ្មែរភាគច្រើនដោយផ្អែក​តាមរយះ ​នៃរឿងព្រេងនិទាននានា ពិសេសរឿងព្រះថោងនាងនាគ ខ្មែរតែងចាត់ទុកខ្លួនឯងថា ខ្មែរគឺជាជនជាតិមួ​យដែលមានប្រពភ ចេញពីស្រុកខ្មែរនេះឯង ។

ដូចនេះមានន័យថា​ប្រសិនបើគ្មាននាងនាគ ដែលជាម្ចាស់ស្រុកខ្មែរនោះទេ បព្រះថោង ឬ កៅណ្ឌិន្យ ដែលមានប្រភព មកពីឥណ្ឌា គឺពុំមានលទ្ធភាពមកទាក់ទងជាមួយនាងនាគ ដែលជារាជបុត្រីនៃនគរហ្វូណន ឬកោះគោកធ្លកនេះបានដែរ ។ ពោលគឺបើគ្មានខ្មែរជាម្ចាស់ស្រុកនៅលើកោះគោកធ្លកនេះទេ ពួកឥណ្ឌាក៏មិនអាច​មានលទ្ធភាពមកធ្វើការផ្សព្វផ្សាយ អរិយធម៌របស់ខ្លួននៅលើទឹកដីខ្មែរនោះដែរ ។
សរុបសេចក្ដីមកយើងសង្កេតឃើញថាបញ្ហាដើមកំណើតជាតិខ្មែរគឺមានសម្មតិកម្មជាច្រើនហើយប្លែកៗគ្នា​ទៀតផង​។​ តែមតិទាំងនោះក៏មានចំនុចរមមួយគឺថា ខ្មែរជាជនជាតិដែលស្ថិតក្នុងអំបូរពិសេសមួយគឺអំបូរខ្មែរ មន​ឬជាជនជាតិ ខម​នេះឯង ដែលមានដើមកំណើតនៅលើទឹកដីខ្មែរពិតប្រាកដ ។

អត្ថបទទាក់ទង