ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈ សម្ដេច​ព្រះ​សង្ឃរាជ ជួន-ណាត

ដោយ៖ ភិន សុបញ្ញារិទ្ធ ​​ | ថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 21294
ទស្សនៈ សម្ដេច​ព្រះ​សង្ឃរាជ ជួន-ណាតទស្សនៈ សម្ដេច​ព្រះ​សង្ឃរាជ ជួន-ណាត

សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ (ប្រសូត ១១ មីនា ព.ស.​២៤២៧/គ.ស.​១៨៨៣ សុគត ២៥ កញ្ញា ព.ស.​២៥១៣/គ.ស.​១៩៦៩) ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៤ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤៩២ ដល់ ព.ស.​២៥១៣ ក្នុង​រជ្ជ​សម័យ​ព្រះ​បាទ​សម្ដេច​ព្រះនរោត្ដម សីហនុ។

លុះ​សម្ដេច​មាន​ព្រះជន្មាយុ​១៤​ឆ្នាំ បាន​បួស​ជា​សាមណេរ ក្នុង​ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.​២៤៤១ គ.ស.​១៨៩៧ នៅ​បំពេញ​កិច្ច​សិក្សា​នា​វត្ត​ពោធិ​ព្រឹក្ស អស់​រយៈ​កាល​ពីរ​ឆ្នាំ ទើប​ចេញ​អំពី​វត្ត​ពោធិ​ព្រឹក្ស​ទៅ​រៀន​សូត្រ​ព្រះ​បរិយត្តិ​ធម៌ ឯ​វត្ត​ឧណ្ណាលោមក្រុង​ភ្នំពេញ ក្នុង​សំណាក់​ព្រះ​ពុទ្ធ​គ្រូ ទេព សោ នា​កុដិ​ថែវ​ប្រប​កំពែង​ខាង​ជើង​ក្នុង​កាល​ព.ស.​២៤៤៣ គ.ស.​១៨៩៩។

សម្ដេច​ព្រះសង្ឃ​រាជ មាន​សេចក្ដី​ព្យាយាម​ប្រកប​ដោយ​ថាមពល​ដ៏​ក្លៀវក្លា​ក្នុង​ការ​សិក្សា ទាំង​ផ្នែក​ភាសាបាលី ទាំង​ផ្នែក​ភាសា​ឯ​ទៀត​ៗ មាន​ភាសាបារាំងជាដើម។ ការ​សិក្សា​របស់​សម្ដេច​ព្រះសង្ឃរាជមាន​ជោគ​ជ័យ​ប្រសើរ​ណាស់ ឃើញ​មាន​តែ​សម្ដេច​សង្ឃរាជ​ដែល​រៀន​ចម្រើន​លូតលាស់ មាន​ល្បឿន​ឈ្នះ​លោក​ឯ​ទៀត​ៗ។ សម្ដេច​ចាប់​រៀន​ដំបូង​មេសូត្រ ប្រែ​មូលកច្ចាយនៈ និង​គម្ពីរ​ធម្មបទ អំពី​ព្រះពុទ្ធ​ឃោសាចារ្យព្រះនាម ម៉ា កេត ដែល​ជា​ព្រះ​ឧបជ្ឈាយ៍ នៃ​សម្ដេច​ព្រះសង្ឃរាជ។

សម្ដេច​ព្រះសង្ឃរាជ ដែល​ទ្រង់​ចាប់​រៀន​វិជ្ជា​ណា​មួយ មាន​វិជ្ជា​បាលីជា​ដើម គឺ​រៀន​ដោយ​យក​ព្រះទ័យ​ទុក​ដាក់ ខិតខំ​ប្រឹង​ប្រែង ឥត​មាន​បន្ធូរ​បន្ថយ​ក្នុង​ការ​សិក្សា​នោះ​ឡើយ។

សម្ដេច​ទ្រង់​ទទួល​ការ​សិក្សា​នោះ​គឺ សិក្សា​ដោយ​ឆន្ទៈ​ដ៏​មាន​កម្លាំង​មែន​ទែន ពុំ​មែន​សិក្សា​វិជ្ជា​ណា​មួយ​ដោយ​លេង​ៗ ទេ។ វិជ្ជា​ខាង​ភាសាបាលីភាសាសំស្ក្រឹត និង​ភាសាបារាំង សុទ្ធ​តែ​វិជ្ជា​ដែល​ប្រដាប់​ដោយ​វេយ្យាករណ៍​ហ្មត់ចត់ ជ្រាលជ្រៅ​លំបាក​រៀន លំបាក​យល់​ជាទី​បំផុត ប៉ុន្តែ​សម្ដេច​អាច​រៀន អាច​យល់​ច្បាស់លាស់ ដោយ​ឆាប់​រហ័ស​គួរ​ឲ្យ​កោត​សរសើរ​ពន់​ពេក​ណាស់។

សម្ដេច​ទ្រង់​ចេះ​ដឹង​យល់​ធ្លុះធ្លាយ​ចំពោះ​វេយ្យាករណ៍​គ្រប់​ភាសា ដែល​សម្ដេច​បាន​រៀន មាន​វេយ្យាករណ៍​បាលីសំស្ក្រឹត​ជាដើម ទាំង​អក្សរសាស្ត្រ​របស់​ជាតិ និង​ពាក្យ​ពេចន៍​ក្នុង​ផ្នែក​វប្បធម៌​បុរាណ​ក៏​សម្ដេច​ចេះ​ចាំ​យល់​ហេតុ​ផល​ជា​ច្រើន​ណាស់។ ភាសាសៀម និង​ភាសាបារាំង ដែល​សម្ដេច​បាន​រៀន អាច​និយាយ​ប្រាស្រ័យ​ទាក់ទង​នឹង​ជនជាតិ​សៀម ជាតិ​លាវ និង​ជាតិ​បារាំងបាន។ សម្ដេច​ឈ្លាសវៃ​ប្រសព្វ​យក​តម្រាប់​តាម​សំឡេង​ភាសា​ជាតិ​ដទៃ​ៗ​ឲ្យ​ស្រដៀង ឬ​ដូច​ភាសា​ជាតិ​ដទៃ​បាន។ ភាសាអង់គ្លេស និង​ភាសា​វៀតណាម ក៏​សម្ដេច​បាន​រៀន អាច​មើល សរសេរ​និយាយ ប្រាស្រ័យ​បាន​ច្រើន​ដែរ។

ក្នុង​សម័យ​ដែល​សម្ដេច​កំពុង​សិក្សា​វិជ្ជា​ខាង​បាលី​ក្នុង​រវាង​គ.ស.​១៩១០ ឃើញ​ថា​សម្ដេច​មាន​ព្រះ​កិត្តិស័ព្ទ​ល្បី​ថា​ ជា​ព្រះថេរៈ ស្ទាត់​ជំនាញ​ពូកែ​ខាង​ភាសាបាលី អាច​និយាយ​ភាសាបាលីបាន​ជាង​ភិក្ខុ សាមណេរ​ឯ​ទៀត ដែល​រៀន​ជាមួយ​គ្នា​ក្នុង​សម័យ​នោះ។

នៅ​ព.ស.​២៤៥៧ គ.ស.​១៩១៣ សម្ដេច​ទ្រង់​បាន​ចូល​ប្រឡង​ដេញ​ប្រយោគ​ក្នុង​ព្រះ​ឧបោសថ​រតនារាម វិហារ​ព្រះ​កែវ​មរកត ចំពោះ​ព្រះភ័ក្ត្រ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិបាន​៤​ប្រយោគ ដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ។

ព.ស.​២៤៥៩ គ.ស.​១៩១៥ សម្ដេច​ទ្រង់​បាន​ប្រឡង​ជាប់​លេខ​២ បាន​ទទួល​ការ​តែង​តាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលាបាលីជាន់ខ្ពស់ ដែល​សព្វ​ថ្ងៃ​មាន​ឈ្មោះ​ជា​ពុទ្ធិកវិទ្យាល័យសុរាម្រឹត។

ក្រៅ​ពី​ភាសាខ្មែរ ដែល​សម្ដេច​ទ្រង់​បាន​ស្រាវជ្រាវ​យល់​ឫស​គល់​ពិត​ប្រាកដ សម្ដេច​បាន​សិក្សា​ភាសាបាលី អាច​អាន ឬ​សន្ទនា​តាម​សំនៀង​ជាតិ​បរទេស​បាន​ទាំង​អស់ គឺ​សំនៀង លង្កា មន សៀម និង​លាវ ឥត​មាន​ទើស​ទាក់ភ្លាំង​ភ្លាត់​ឡើយ។

ព.ស.​២៤៦៦ និង​២៤៦៧ គ.ស.​១៩២២ និង​១៩២៣ សម្ដេច​កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃសត្ថា (ជាមួយ​នឹង​សម្ដេច​ព្រះពោធិវ័ង្ស ហួត តាត វជិរប្បញ្ញោ កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃ​វិជ្ជា) បាន​ធ្វើ​ជា​សមណៈ​សិស្ស និមន្ត​ទៅ​បំពេញ​វិជ្ជា​ខាង​ភាសាសំស្ក្រឹត និង​អក្សរ​សិលា​ចារឹក​ជាដើម នៅ​ហាណូយ (វៀតណាមខាង​ជើង) ក្នុង​សំណាក់​លោក ល្វី ហ្វឺណូត៍ (L. Finot) ជាតិ​បារាំង​សេស ជា​ចាងហ្វាង​សាលា​នេះ។

នៅអាស្រមមនោរម

ពេលព្រះសុរិយាជ្រៀងជ្រេ ហៀបអស្តង្គត នាថ្ងៃមួយ សម្តេចព្រះសង្ឃរាជ ព្រះអង្គ ទ្រង់គង់នៅក្នុង ទីលានអាស្រមមនោរម សង្កាត់រកាកោះ ស្រុកគងពិសី ខេត្ត កំពង់ ស្ពឺ ជិតវត្តកំណើតនៃព្រះអង្គ សម្តេចទ្រង់យាងសន្សឹមៗ ទតមើលដំណាំ ផ្សេងៗ  ដែល​ព្រះអង្គបានដាំពីអាទិត្យមុន។ ព្រះ​កាយ​វិការ​នេះសមដូច​ពុទ្ធភាសិត​មួយ​ចែង​ថា៖

១. អនត្ថំ បរិវជ្ជេតំ អត្ថំ តណ្ហាតិ បណ្ឌិតោ។ បណ្ឌិតរមែងវៀរការដែល​មិនមាន​ប្រយោជន៍ កាន់យក ការដែលមានប្រយោជន៍។ តាមពិត​សម្តេច តាំងពីយុវវ័យ​មិនដែលបង្ហើរពេលវេលាចោលឡើយ បើព្រះអង្គ​មិន​ធ្វើ​ធម៌ ក៍​ព្រះអង្គ​ធ្វើកិច្ចការអក្សរសាស្រ្ត ឬកិច្ចការសាធារណៈដែរ មិនមែនព្រះអង្គ​យាង​ទៅអាស្រមមនោរម ដើម្បីក្រសាលព្រះទ័យដូចជាជនធម្មតាឡើយ។ ព្រះអង្គ​តែងយកព្រះរាជហឬទ័យ​ទុកដាក់​នឹង​បញ្ហា​ទឹក សម្រាប់អ្នកស្រុកនៅទីនោះ។ អាស្រ័យដូច្នេះហើយ ទើបព្រះអង្គជីស្រះដ៍ធំល្វឹងល្វើយ គួរជាទី​ត្រេក​ត្រអាល​​នៃ​មនុស្សលោក។…

អានបន្ត ក្នុងសៀវភៅអេឡិចត្រូនិចខាងក្រោមនេះ “ទស្សនៈ សម្តេចព្រះសង្ឃរាជ ជួន-ណាត ត្រង់ទំព័រ ៣៣​:

អត្ថបទទាក់ទង