ខ្មែរប៉ុស្ដិ៍ Close

ការទប់ស្កាត់ការខូចខាតទ្រង់ទ្រាយធំ ដោយសារគោលនយោបាយរបស់អាមេរិកចំពោះប្រទេសចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 144
ការទប់ស្កាត់ការខូចខាតទ្រង់ទ្រាយធំ ដោយសារគោលនយោបាយរបស់អាមេរិកចំពោះប្រទេសចិន ការទប់ស្កាត់ការខូចខាតទ្រង់ទ្រាយធំ ដោយសារគោលនយោបាយរបស់អាមេរិកចំពោះប្រទេសចិន

ការរឹតត្បិតរបស់អាមេរិកនៅពេលថ្មីៗនេះលើការនាំចេញទំនិញរបស់ចិន និងការវិនិយោគផ្ទាល់នៅចិនអាចបង្កការខូចខាតយ៉ាងដំណំដល់សេដ្ឋកិច្ចចិន។ ប៉ុន្តែប្រសិនបើចិននិងអាមេរិកអាចយល់ស្របគ្នាលើគំនិតនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ដូចជានៅកោះហៃណាន ការខូចខាតយ៉ាងដំណំនិងហានិភ័យផ្នែកភូមិសាស្ត្រនយោបាយនឹងអាចត្រូវបានកាត់បន្ថយ។

ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី Joe Biden លោក Jake Sullivan បានប្រដូចការរឹតត្បិតរបស់អាមេរិកលើចិនទៅនឹងទីធ្លារផ្ទះតូចមួយដែលមានរបងខ្ពស់។ បើទោះបីជារដ្ឋបាលអាមេរិកមានគោលបំណងបំផ្លាញសមត្ថភាពរបស់យោធាចិនក្នុងការប្រយុទ្ធជាមួយកងកម្លាំងអាមេរិកនៅសមុទ្រចិនខាងត្បូងក៏ដោយ ក៏អ្នករៀបចំគោលនយោបាយអាមេរិកនៅតែសង្ឃឹមថា «កិច្ចសហប្រតិបត្តិការទ្វេភាគីអាចនឹងកើតមានលើបញ្ហាអន្តរជាតិ ដូចជាបម្រែបម្រួលអាកាសធាតុ, ការគ្រប់គ្រងសារធាតុ Fentanyl, ប្រព័ន្ធជីវៈចម្រុះ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»។

នេះគឺជាសារដែលត្រូវបានផ្ញើទៅកាន់ចិនដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី Janet Yellen ដែលទើបបានបញ្ចប់ទស្សនកិច្ចរបស់លោកស្រីនៅទីក្រុងប៉េកាំងកាលពីពេលថ្មីៗនេះ និងដោយរដ្ឋមន្ត្រីការបរទេស Antony Blinken ដែលបានទៅបំពេញទស្សនកិច្ចនៅចិនកាលពីខែមុន។ ការរឹតត្បិតផ្នែកពាណិជ្ជកម្មពីសំណាក់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងចិន បានផ្តោតលើការនាំចេញបន្ទះឈីបទំនើបៗ ក៏ដូចជាសម្ភារៈនិងបរិក្ខារដែលចាំបាច់ដើម្បីផលិតបន្ទះឈីប។

បច្ចុប្បន្ន ប្រទេសចិនផលិតបន្ទះឈីបប្រមាណ ២០% នៅក្នុងពិភពលោក ដែលភាគច្រើនគឺជាបន្ទះឈីបដែលមានកម្រិតមធ្យមដែលយកមកប្រើសម្រាប់រថយន្តអគ្គិសនី, បរិក្ខាវេជ្ជសាស្ត្រ, សម្ភារៈអេឡិចត្រូនិក និងសមាសធាតុឧស្សាហកម្ម។ ការរឹតត្បិតលើការនាំចេញនិងការវិនិយោគរបស់លោកខាងលិចនឹងបង្កការបំផ្លាញចំពោះឧស្សាហកម្មទាំងនេះ ដែលនឹងជះឥទ្ធិពលអវិជ្ជមាន មិនត្រឹមតែលើការប្រកួតប្រជែងជាសកលប៉ុណ្ណោះទេ តែក៏ដល់ការងារក្នុងស្រុក, ប្រាក់ចំណូលពលរដ្ឋ និងចំណូលពន្ធផងដែរ។

ផលប៉ះពាល់ទាំងនេះនឹងធ្វើឱ្យចិនមានមន្ទិលសង្ស័យ ហើយនឹងមិនសូវមានឆន្ទៈក្នុងការសហការលើបញ្ហាពិភពលោកនោះទេ។ ផលប៉ះពាល់ទាំងស្រុងដែលចេញពីវិធានការទាំងនេះអាចនឹងមិនមានលក្ខណៈគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខនោះទេ ដោយហេតុថា «បណ្តាក្រុមហ៊ុនចិននៅអាចរក្សាស្តុកផលិតផលដែលស្ថិតក្នុងបញ្ជីរឹតត្បិតលើការនាំចេញ»។

ប៉ុន្តែ ប្រសិនបើគោលនយោបាយឧស្សាហកម្មក្នុងស្រុករបស់ចិនមិនអាចដោះស្រាយបញ្ហាកង្វះខាតបានទេ គម្លាតនៃគុណភាពបន្ទះឈីបដែលផលិតនៅចិន និងនៅទីកន្លែងផ្សេងអាចនឹងរីកកាន់តែធំ។ សម្មតិកម្មដែលថា «ចិនឈានដល់កម្រិតកំពូល» «Peak China» ដែលត្រូវបានប្រើនៅអាមេរិកដើម្បីបញ្ជាក់អំពីភាពសមហេតុផលនៃជំហរដ៏តឹងរ៉ឹងចំពោះចិន បានលើកឡើងថា «កំណើនសេដ្ឋកិច្ចចិនបានឈានដល់កម្រិតកំពូលរួចហើយ ហើយឱកាសដ៏ល្អសម្រាប់ចិនក្នុងការទប់ទល់ជាមួយអាមេរិកគឺស្ថិតនៅពេលនេះ ឬអាចនៅពេលអនាគតដ៏ខ្លីខាងមុខ»។

ដោយសារអត្រាកំណើនរបស់ចិន អាចនឹងមិនធ្លាក់ចុះទាបជាងអត្រាកំណើនរបស់អាមេរិកនៅពេលឆាប់ៗនេះទេសម្មតិកម្មដែលថា «ចិនឈានដល់កម្រិតកំពូល» មិនបានដើរស្របនឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចនោះទេ។ ប៉ុន្តែការរឹតត្បិតលើការនាំចេញនិងការវិនិយោគរបស់រដ្ឋបាល Biden អាចបង្កើតនូវសេណារីយ៉ូ «ចិនឈានដល់កម្រិតកំពូល»។ ការរឹតត្បិតផ្នែកបច្ចេកវិទ្យាពីសំណាក់អាមេរិកនិងលោកខាងលិចកំពុងបង្កើតនូវរនាំងទប់ស្កាត់ការរីកចម្រើនរបស់ចិន នៅក្នុងវិស័យឧស្សាហកម្មបន្ទះឈីប និងឧស្សាហកម្មជាច្រើនផ្សេងទៀតដែលប្រើប្រាស់បន្ទះឈីប។

ប្រសិនបើចិនបន្តរង់ចាំកាន់តែយូរ គំលាតផ្នែកបច្ចេកវិទ្យារវាងប្រទេសទាំងពីរ នឹងកាន់តែរីកធំ។ ដូច្នេះប្រសិនបើចិនយល់ថា «ខ្លួនមានភាពចាំបាច់ក្នុងការធ្វើសង្គ្រាមជាមួយអាមេរិក» ចិនច្បាស់ជានឹងធ្វើវា ព្រោះវានឹងគ្មានហេតុផលអ្វីក្នុងការពន្យារពេលនោះទេ។ បើនិយាយតាមបែបផ្សេង «ការរឹតត្បិតផ្នែកពាណិជ្ជកម្មរបស់អាមេរិកនឹងជំរុញការកើតមានសង្គ្រាមដែលអាមេរិកតែងសង្ឃឹមថានឹងអាចទប់ស្កាត់បាន»។

ការស្វែងរកវិធីកាត់បន្ថយការខូចខាតទ្រង់ទ្រាយធំ ដែលបង្កឡើងដោយសារការរឹតត្បិតរបស់អាមេរិកនឹងផ្តល់ផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់។ វិធីសាស្ត្រមួយអាចរួមបញ្ចូលទាំងចិននិងអាមេរិកនៅក្នុងការចរចាលើកិច្ចព្រមព្រៀងមួយ ដែលលើកលែងតំបន់សេដ្ឋកិច្ចពិសេសណាមួយចេញពីបញ្ជីរឹតត្បិត។ កិច្ចព្រមព្រៀងបែបនេះនឹងអាចឱ្យចិនប្តូរទីតាំងផលិតកម្មបន្ទះឈីបទៅកាន់តំបន់សេដ្ឋកិច្ចពិសេស ដូចជាទៅកាន់កោះហៃណានជាដើម។

ដើម្បីឱ្យតំបន់សេដ្ឋកិច្ចពិសេសបែបនេះអាចកាត់បន្ថយការខូចខាតទ្រង់ទ្រាយធំ ចិនអាចចេញទិដ្ឋាការពិសេសដល់ក្រុមអធិការកិច្ចអន្តរជាតិ (ដោយមានការទទួលស្គាល់ពីសំណាក់ចិននិងអាមេរិក) ដែលអាចមានសិទ្ធិធ្វើដំណើរទស្សនកិច្ចញឹកញាប់និងមិនចាំបាច់ប្រកាសជាមុន ទៅកាន់ទីតាំងផលិតកម្មនៅកោះហៃណាន ដើម្បីធានាថា «ផលិតផលដែលត្រូវបានរឹតត្បិតនឹងត្រូវបានប្រើដើម្បីផលិតតែបន្ទះឈីប មិនសូវទំនើបសម្រាប់រថយន្តអគ្គិសនីនិងផលិតផលស៊ីវិលដទៃៗទៀត»។

ដើម្បីបន្ធូរក្តីកង្វល់សន្តិសុខរបស់ចិន ក្រុមអធិការកិច្ចទាំងនោះនឹងត្រូវការទិដ្ឋាការដាច់ដោយឡែកដើម្បីធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅទីកន្លែងផ្សេងទៀតនៅក្នុងប្រទេស។ តំបន់សេដ្ឋកិច្ចដែលបង្កើតឡើងថ្មីនឹងផ្តល់ឱ្យអាមេរិកនូវការធានាអះអាងបន្ថែមថា «ផលិតផលដែលត្រូវបានរឹតត្បិតនឹងមិនត្រូវបានបង្វែរទៅកាន់គោលដៅផ្សេងឡើយ»។ វាក៏នឹងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ចចិនផងដែរ។

ករណីនេះនឹងអាចជួយឱ្យចិនរក្សាបាននូវភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្មរបស់ខ្លួននៅក្នុងបណ្តាឧស្សាហកម្ម ដែលមិនជាប់ទាក់ទងនឹងវិស័យការពារជាតិ ដូចជារថយន្តអគ្គិសនីជាដើម។ យន្តការបែបនេះក៏នឹងអាចអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិករក្សាវត្តមានរបស់ខ្លួននៅចិនដីគោកផងដែរ ជាជាងការដកខ្លួនចេញពីទីផ្សារដ៏ធំបំផុតមួយ ដែលអាចបង្កឱ្យមានការធ្លាក់ចុះនៃការលក់យ៉ាងគំហ៊ុក។

ដោយសេដ្ឋកិច្ចស៊ីវិលភាគច្រើនរបស់ចិនត្រូវបានការពារយ៉ាងល្អពីបញ្ហាភូមិសាស្ត្រនយោបាយ ប្រទេសចិនអាចងាកមកផ្តោតកាន់តែខ្លាំងលើកិច្ចសហប្រតិបត្តិការជាមួយអាមេរិកលើបញ្ហាប្រែប្រួលអាកាសធាតុ, សារធាតុ Fentanyl និងបញ្ហាដទៃទៀត។ អ្វីដែលសំខាន់បំផុតនោះគឺ «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការនឹងជួយទប់ស្កាត់សេណារីយ៉ូ : ចិនឈានដល់កម្រិតកំពូល ហើយក៏អាចឈានទៅកាត់បន្ថយហានិភ័យនៃសង្គ្រាមនៅសមុទ្រចិនខាងត្បូងផងដែរ»។

ដំណោះស្រាយនេះក៏នឹងផ្តល់ប្រយោជន៍ដល់ពិភពលោកទាំងមូលផងដែរ ដោយហេតុថា «តំបន់សេដ្ឋកិច្ចពិសេសនឹងផ្តល់នូវផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពាក់ព័ន្ធនឹងតួនាទីរបស់ចិនក្នុងនាមជាទីតាំងផលិតកម្មសកល»។ បណ្តាក្រុមហ៊ុនមកពីអឺរ៉ុបនិងទីកន្លែងដទៃទៀត អាចបន្តលក់ទំនិញទៅឱ្យចិនតាមរយៈកោះហៃណានដែលអាចផ្តល់ការគាំទ្រដល់ការងារនិងប្រាក់ចំណូលពន្ធក្នុងស្រុក និងការការពារស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ចសកល៕

Project Syndicate