ខ្មែរប៉ុស្ដិ៍ Close

ការបែកបាក់កំពុងលេចឡើងនៅក្នុងក្រុមចម្រុះដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅថៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 57
ការបែកបាក់កំពុងលេចឡើងនៅក្នុងក្រុមចម្រុះដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅថៃ ការបែកបាក់កំពុងលេចឡើងនៅក្នុងក្រុមចម្រុះដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅថៃ

បើក្រឡេកមើលមួយភ្លែត អ្នកឈ្នះឆ្នោតនៅថៃ គឺបក្ស Move Forward (MFP) និងបក្ស Pheu Thai (PTP) ដែលឈរនៅលេខរៀងទី២ ហាក់ដូចជាមានភាពចុះសម្រុងគ្នា។ អនាគតដៃគូចម្រុះទាំងពីរនេះបានចាត់ទុកខ្លួនពួកគេជា «កម្លាំងប្រជាធិបតេយ្យ» ដែលមានបំណងរួមគ្នាគឺ «ការផ្តួលរំលំក្រុមអភិរក្សនិយមផ្តាច់ការដែលដឹកនាំដោយឧត្តមសេនីយ៍ Prayut Chan-o-cha»។

ប៉ុន្តែនៅពីក្រោយអាកប្បកិរិយារួសរាយរាក់ទាក់ ភាពតានតឹងនិងការមិនទុកចិត្តគ្នាបាននិងកំពុងកើតមាន។ នៅប៉ុន្មានសប្តាហ៍កន្លងមកនេះ ការប្រេះឆារវាងបក្ស MFP-PTP បានបង្ហាញឱ្យឃើញកាន់តែច្បាស់ ក្នុងទម្រង់នៃជម្លោះជាសាធារណៈ ដោយក្នុងនោះភាគីទាំងពីរកំពុងប្រជែងគ្នា ដើម្បីដណ្តើមតំណែងកំពូលនៅអង្គនីតិបញ្ញត្តិ គឺតំណែង «ប្រធានសភា»។

បក្សទាំងពីរ មានហេតុផលសមស្របរៀងៗខ្លួនក្នុងការចង់បានតំណែងនេះ។ បក្ស MFP ដែលទទួលបានអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ១៤ ខែឧសភា ចំនួន ១៥១ ក្នុងចំណោម ៥០០ អាសនៈនៅក្នុងសភា បានអះអាងថា «បេក្ខជនរបស់ខ្លួនត្រូវតែធ្វើជាប្រធានសភាដើម្បីសម្រួលដល់ការអនុវតដោយរលូនក្នុងការបង្កើតច្បាប់ថ្មី»។

ជាក់ស្តែង បក្ស MFP មានសេចក្តី ព្រាងច្បាប់ចំនួន ៤៥ ដែលត្រូវបានស្នើឡើងដែលរួមមានសេចក្តីព្រាងច្បាប់នយោបាយចំនួន ១១, សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិនិងសេរីភាពចំនួន៨, សេចក្តីព្រាងច្បាប់ស្តីពីស្តីពីកំណែទម្រង់ដីធ្លីចំនួន៨, សេចក្តីព្រាងច្បាប់ស្តីពីស្តីពីកំណែទម្រង់ប្រព័ន្ធការិយាធិបតេយ្យចំនួន៦, សេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈចំនួន៤, សេចក្តីព្រាងច្បាប់សេដ្ឋកិច្ចចំនួន៤ និងសេចក្តី ព្រាងច្បាប់ចំនួន២ ទៀតស្តីពីបរិស្ថាន និងការងារដែលនឹងត្រូវបានដាក់ស្នើភ្លាមៗនៅពេលដែលសភាកោះប្រជុំនៅដើមខែកក្កដា។

ក្នុងចំណោមសេចក្តីព្រាងច្បាប់របស់បក្ស MFP ក៏មានវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ដើម្បីលុបចោលការជាប់កាតព្វកិច្ចយោធា និងដើម្បីរំលាយបទបញ្ជាប្រតិបត្តិការសន្តិសុខផ្ទៃក្នុង ដែលទទួលបន្ទុកគ្រប់គ្រងលើសន្តិសុខក្នុងស្រុក, ធ្វើវិមជ្ឈការអភិបាលកិច្ច និងកំណត់យកពន្ធច្រើនពីអ្នកមាន។ ការផ្លាស់ប្តូរទាំង នេះអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ស្ថិរភាពនយោបាយសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសថៃ។

បក្ស PTP ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងនយោបាយថៃអស់រយៈពេលជាយូរមកហើយ មិនយល់ស្របនឹងជំហររបស់គណបក្ស MFP ទេ។ ជាមួយបំណងចង់ផ្លាស់ប្តូរច្បាប់គ្រប់គ្រង និងដើម្បីតាមដានបក្ស MFP គណបក្ស PTP បានលើកឡើងថា «ទស្សនៈដែលថា អ្នកឈ្នះទទួលបានគ្រប់យ៉ាងគឺមិនត្រឹមត្រូវទេ ហើយបក្ស MFP ក៏មិនបានឈ្នះឆ្នោតទាំងស្រុងនោះដែរ»។

«ជាក់ស្តែង បក្ស PTP បានចាញ់បក្ស MFP ត្រឹមតែ ១០ អាសនៈ ហើយបក្ស PTP ក៏ត្រូវបានគេចាត់ទុកជាគណបក្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ផងដែរ ដោយសារតែបទពិសោធន៍កន្លងមករបស់ខ្លួន ក្នុងការដឹកនាំការប្រជុំសភា។ ជាគោលការណ៍ បក្ស PTP បានយល់ព្រមគាំទ្រមេដឹកនាំបក្ស MFP គឺលោក Pita Limjaroenrat ឱ្យឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ហេតុដូច្នេះ វាពិតជាយុត្តិធម៌ ដែលបក្ស PTP ត្រូវទទួលបានតំណែងជាប្រធានសភា»។

កាលពីសប្តាហ៍មុន ដោយសារតែមានសញ្ញាដ៏ច្បាស់ថា «បក្ស MFP នឹងមិនព្រមចុះញ៉ម» អនុប្រធានបក្ស PTP គឺលោក Phumtham Wechayachai បានចាប់ផ្តើមនិយាយអំពីការបោះបង់តំណែងប្រធានសភា និងការទទួលយកតំណែងអនុប្រធានសភាទាំង២ ជំនួសវិញ។ ការផ្លាស់ប្តូរសំឡេងភ្លាមៗរបស់បក្ស PTP បានបង្កឱ្យមានការចលាចលនៅក្នុងចំណោមសមាជិករបស់ខ្លួន។

សិក្ខាសាលាមួយត្រូវបានធ្វើឡើងនៅថ្ងៃទី ២១ ខែមិថុនា ដើម្បីពិភាក្សាអំពីបញ្ហានេះ និងត្រូវបានគេរាយការណ៍ថា «សមាជិកសភាបក្ស PTP រហូតដល់ ៩០% បានសម្តែងការមិនពេញចិត្តចំពោះជំហរដ៏ទន់ជ្រាយនេះ»។ ជាឧទាហរណ៍ : អ្នកនយោបាយជើងចាស់របស់បក្ស PTP គឺលោក Adisorn Piangket បានសង្កត់ធ្ងន់ថា «បក្ស PTP មិនមែនជាសាខារបស់គណបក្ស MFP ទេ»។

បញ្ហាផ្ទៃក្នុងរបស់បក្ស PTP អាចត្រូវបានបកស្រាយចេញជារឿង២ ដោយក្នុងនោះ ប្រតិកម្មអវិជ្ជមានខ្លាំងពីសមាជិកបក្ស PTP បានឆ្លុះបញ្ចាំងអំពីការបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរ និងកង្វះទំនាក់ទំនងនៅផ្ទៃក្នុងបក្ស។ ម្យ៉ាងវិញទៀត ការដកខ្លួនរបស់បក្សPTP ក្នុងការប្រជែងយកតំណែងប្រធានសភាដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបំបែកភាពជាប់គាំង គឺជាវិធានការប្រកបដោយការគិតគូរដើម្បីលាបពណ៌បក្ស MFP ថាជាបក្សអាត្មានិយមខ្លាំង ខណៈបក្ស PTP សមជាអ្នកដឹកនាំក្រុមចម្រុះដ៏ពិតប្រាកដ។

លើសពីនេះ ប្រសិនបើក្រុមចម្រុះដឹកនាំដោយបក្ស MFP បរាជ័យក្នុងការអនុវត្តសកម្មភាព នោះបក្សនេះនឹងរងការស្តីបន្ទោស ហើយបក្ស PTP នឹងអាចរួចខ្លួន។ អ្វីដែលកាន់តែស៊ីជម្រៅទៀតនោះគឺ «ប្រធានបក្ស PTP ប្រហែលជាបានគិតទុកជាមុនអំពីការបរាជ័យដែលជៀសមិនរួចនៃក្រុមចម្រុះ ដែលដឹកនាំដោយបក្ស MFP»។

បក្ស MFP កំពុងដើរលើផ្លូវពោរពេញទៅដោយឧបសគ្គ ហើយលទ្ធភាពមានកម្រិតទាបណាស់ក្នុងការអាចទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភាចំនួន ២៥០ (ដែលមិនត្រូវបានបោះឆ្នោត) ក្នុងការបង្កើតរដ្ឋាភិបាល។ ផ្ទុយទៅវិញ បក្ស PTP មានជម្រើសក្នុងការរួមកម្លាំងជាមួយបណ្តាគណបក្សអភិរក្សនិយមក្រោមការគ្រប់គ្រងរបស់លោក Prayut ជាពិសេសគឺគណបក្ស Bhumjaithai (៧១ អាសនៈ) និងគណបក្ស Palang Pracharathដែលគាំទ្រយោធា (៤០ អាសនៈ)។

សេណារីយ៉ូបែបនេះ (ដូចដែលបានតាមដានដោយលោកស្រី Punchada Sirivunnabood នៅក្នុងអត្ថបទមួយដែលបានបោះពុម្ពផ្សាយនៅពេលថ្មីៗ នេះនៅលើបណ្តាញសារព័ត៌មាន Diplomat) មានន័យថា «បក្ស PTP អាចបាត់បង់ការគាំទ្រពីអ្នកបោះឆ្នោតរបស់ខ្លួនដែលមាននិន្នាការគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលអាចងាកទៅបោះឆ្នោតគាំទ្របក្ស MFP យ៉ាងច្រើនលើសលប់ នៅក្នុងការបោះឆ្នោតនៅពេលអនាគត»។

ការវិវឌ្ឍមួយចំនួនជុំវិញបេក្ខភាពប្រធានសភាថ្មីគួរតែជារឿងដែលត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ដោយសារបញ្ហានេះអាចបង្កផលប៉ះពាល់ខ្លាំងដល់អនាគតនៃសម្ព័ន្ធភាព MFP-PTP និងអាចបង្កផលវិបាកកាន់តែធ្ងន់ធ្ងរដល់នយោបាយថៃ។ ជាមួយនឹងសម័យប្រជុំសភាលើកដំបូងដែលបានគ្រោងទុកនៅថ្ងៃទី៣ ខែកក្កដា ហើយការជ្រើសរើសប្រធានសភាដែលត្រូវបានគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃសម័យប្រជុំសភា ពេលវេលាជិតអស់ហើយសម្រាប់គណបក្ស PTP។

ទោះបីជាជម្រើសចុងក្រោយរបស់បក្សត្រូវបានសម្រេចហើយក៏ដោយ ក៏សមាជិក សភារបស់បក្ស PTP ប្រហែលជានឹងមិនបោះឆ្នោតគាំទ្រសំណើរបស់បក្សនោះទេ។ មិនដូចដំណើរការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី (ដែលឈ្មោះសមាជិកសភាទាំងអស់ និងបេក្ខភាពនាយករដ្ឋមន្ត្រី ត្រូវបានបង្ហាញ) ការបោះឆ្នោតជ្រើសរើសប្រធានសភាត្រូវបានធ្វើឡើងដោយសន្លឹកឆ្នោតសម្ងាត់។ ហេតុដូច្នេះ ភាពមិនអាចទាយទុកជាមុន បាន ពិតជាមានកម្រិតខ្ពស់ណាស់៕

The Diplomat

អត្ថបទទាក់ទង