ខ្មែរប៉ុស្ដិ៍ Close

តើទណ្ឌកម្មរបស់លោកខាងលិចដែលបានដាក់លើប្រទេសរុស្ស៊ីមានប្រសិទ្ធភាពដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 43
តើទណ្ឌកម្មរបស់លោកខាងលិចដែលបានដាក់លើប្រទេសរុស្ស៊ីមានប្រសិទ្ធភាពដែរឬទេ? តើទណ្ឌកម្មរបស់លោកខាងលិចដែលបានដាក់លើប្រទេសរុស្ស៊ីមានប្រសិទ្ធភាពដែរឬទេ?

នៅក្រោយការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន នៅថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២២ សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងៗបាន រួមគ្នាដាក់ចេញនូវទណ្ឌកម្មសេដ្ឋកិច្ច និងការទូតជាច្រើន។ ប្រទេសរុស្ស៊ី ត្រូវបានគេផាត់ចេញពីក្រុមប្រឹក្សាអឺរ៉ុប និងត្រូវបានគេបោះឆ្នោតបណ្តេញចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ

អ្នកការទូតរុស្ស៊ីត្រូវបានបណ្តេញចេញពីបណ្តាប្រទេសលោកខាងលិចជាច្រើន ហើយបម្រាមលើការធ្វើដំណើរក៏ត្រូវបានដាក់ចេញដើម្បីទប់ស្កាត់អ្នកនយោបាយ និងពួកអភិជនរុស្ស៊ីពីការចូលទៅកាន់ ឬឆ្លងកាត់ទឹកដីរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ វិធានការដាក់ទណ្ឌកម្មក៏មានរួមបញ្ចូលទាំងការបង្កកទ្រព្យសម្បត្តិផងដែរ។

ធនាគាររុស្ស៊ីមួយចំនួនត្រូវបានដកចេញពីប្រព័ន្ធធនាគារ SWIFT ដែលមានតំណភ្ជាប់ជាមួយធនាគារនានារបស់ពិភពលោក។ បន្ថែមពីលើនេះ បណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើទុនបម្រុងបរទេស របស់រុស្ស៊ីដែលមានចំនួនប្រមាណ ៣១៥ ពាន់លានដុល្លារអាមេរិក។

ពួកគេក៏បានរឹតត្បិតយ៉ាងខ្លាំងលើការនាំចេញផងដែរ។ ជាឧទាហរណ៍ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានហាមឃាត់ការនាំចេញសម្ភារៈបច្ចេកវិទ្យាទំនើបៗ ដែលអាចត្រូវបានប្រើសម្រាប់វិស័យស៊ីវិល និងយោធា។ ការហាមឃាត់នេះក៏បានគ្របដណ្តប់លើមុខទំនិញ, គ្រឿងបន្លាស់ និងសម្ភារៈឧស្សាហកម្មជាច្រើនទៀតផងដែរ ដែលរួមមានឈើ, ដែក, សម្ភារៈដែកកែច្នៃ, កែវ និងផលិតផលគ្រឿងឈើ ក៏ដូចជាសម្ភារៈឧស្សាហកម្ម និងអេឡិចត្រូនិក។

ប៉ុន្តែនៅរយៈពេល ៦ ខែ ក្រោយការឈ្លានពានរបស់រុស្ស៊ី សង្គ្រាមនៅអ៊ុយក្រែននៅតែបន្តឆាបឆេះ។ បើទោះបីជាអ៊ុយក្រែនទើបបានរំដោះទឹកដីនៅភាគខាងកើតរបស់ខ្លួនខ្លះមកវិញក៏ដោយ ក៏ការឈានទៅបញ្ចប់ជម្លោះយោធា នឹងមិនអាចកើតមានភ្លាមៗនោះទេ។ ដូច្នេះ «តើការដាក់ទណ្ឌកម្មបានបរាជ័យឬ?»

ថ្លែងក្នុងវេទិការសេដ្ឋកិច្ចនៅទីក្រុង Vladivostok នៅដើមខែនេះ លោកប្រធានាធិបតី Vladimir Putin បានអះអាងថា «ប្រទេសរបស់លោកកំពុងប្រឈមមុខនឹងភាពកម្រោលផ្នែកសេដ្ឋកិច្ច ពីសំណាក់លោកខាងលិច»។ លោកបានព្រមានថា «ជំនួសឱ្យការបង្កផលប៉ះពាល់ដូចដែលលោកខាងលិចចង់បានទណ្ឌកម្មកំពុងទាញទម្លាក់គុណភាពនៃការរស់នៅរបស់ប្រជាជននៅអឺរ៉ុប ខណៈដែលប្រទេសក្រីក្រកំពុងជួបប្រទះនឹងបញ្ហាកង្វះខាតចំណីអាហារ»។

ជាក់ស្តែង សហភាពអឺរ៉ុបមានការយល់ឃើញផ្សេងពីនេះ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានហៅការដាក់ទណ្ឌកម្មលើរុស្ស៊ីថាជា «វិធានការដ៏តឹងរ៉ឹងបំផុតដែលពិភពលោកមិនធ្លាប់បានឃើញ»។ កាលពីសប្តាហ៍មុន លោកស្រីបានអះអាងថា «ទណ្ឌកម្មពិតជាមានប្រសិទ្ធភាព ហើយវិស័យហិរញ្ញវត្ថុរុស្ស៊ីក៏កំពុងត្រូវការការសង្គ្រោះបន្ទាន់ផងដែរ»។

ការលើកឡើងទាំងនេះអាចមានបង្កប់នូវការពិតខ្លះ។ ប៉ុន្តែនៅក្នុងដំណាក់កាលនេះ ការវាយតម្លៃឱ្យបានត្រឹមត្រូវលើប្រសិទ្ធភាពនៃការដាក់ទណ្ឌកម្មពិតជាមានភាពលំបាក ដោយសារមូលហេតុចំនួន ២ គឺ «ពេលវេលា និងការទទួលបានទិន្នន័យ»។ នៅពេលគេនិយាយដល់ការវាយតម្លៃលើផលប៉ះពាល់ដែលបង្កឡើងដោយទណ្ឌកម្មសេដ្ឋកិច្ច រយៈពេលត្រឹម ៦ ខែ គឺមិនគ្រប់គ្រាន់នោះទេ។

កត្តាប្រឈមទី២ គឺ «ការជ្រើសរើសទិន្នន័យ និងការអាចទទួលបានទិន្នន័យដែលគួរឱ្យទុកចិត្ត»។ តួលេខដែលគេបានប្រើជាទូទៅក្នុងការវាស់វែងលើផលប៉ះពាល់នៃទណ្ឌកម្ម គឺ GDP របស់ប្រទេសគោលដៅ។ នៅខែមេសា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា «GDP របស់រុស្ស៊ីនឹងធ្លាក់ចុះ ៨,៥% នៅឆ្នាំ ២០២២»។ ក៏ប៉ុន្តែក្រោយមក ស្ថាប័ននេះបានកែសម្រួលនូវការព្យាករណ៍របស់ខ្លួន ជាមួយនិងការកំណត់ថា «សេដ្ឋកិច្ចរុស្ស៊ីនឹងធ្លាក់ចុះត្រឹម ៦% ប៉ុណ្ណោះ»។

កត្តាកំណត់ស្រដៀងគ្នាមួយទៀតគឺ «អត្រាអតិផរណា»។ ប៉ុន្តែទំនាក់ទំនងរវាងការដាក់ទណ្ឌកម្មនិងអតិផរណា មិនសូវមានភាពច្បាស់លាស់នោះទេ។ ឧបនាយករដ្ឋមន្ត្រីទី១ លោក Andrei Belousov បាន និយាយថា «អតិផរណានៅរុស្ស៊ីនៅឆ្នាំ ២០២២ នឹងស្ថិតនៅចន្លោះ ១២% ទៅ ១៣%»។ ប៉ុន្តែតួលេខពិតប្រាកដអាចនឹងខ្ពស់ជាងនេះ។

ការលក់រថយន្តនៅរុស្ស៊ីបានផ្តល់នូវឧទាហរណ៍ច្បាស់មួយទៀត។ ការលក់រថយន្តនៅខែមីនា ឆ្នាំ ២០២២ មានចំនួន ៣ ដងទាបជាងនៅខែមីនា ឆ្នាំ ២០២១។ បើគិតត្រឹមខែកញ្ញា ឆ្នាំ ២០២២ ផលិតកម្មរថយន្តនៅរុស្ស៊ីបានធ្លាក់ចុះចំនួន ៣/៤ បើប្រៀបធៀបនឹងឆ្នាំមុន។ បញ្ហាស្រដៀងគ្នាមួយទៀតអាចត្រូវបានគេសង្កេតឃើញ នៅក្នុងវិស័យអាកាសចរណ៍។ ឧទាហរណ៍ ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី «Aeroflot» បាន បញ្ឈរជើងយន្តហោះ ដោយសារតែគ្មានគ្រឿងបន្លាស់។

ដូចគ្នានេះដែរ តាមសេចក្តីរាយការណ៍ «យោធារុស្ស៊ីកំពុងយកបន្ទះឈីបពីម៉ាស៊ីនបោកសម្លៀកបំពាក់និងទូរទឹកកក ដើម្បីជួសជុលសម្ភារៈយោធារបស់ពួកគេ ដោយសារតែពួកគេអស់ស្តុកបន្ទះឈីប»។ បញ្ហាទាំងនេះបានបង្ហាញថា «ប្រព័ន្ធនៃការគ្រប់គ្រងលើការនាំចេញរបស់លោកខាងលិច ពិតជាមានប្រសិទ្ធភាព»។ ជាក់ស្តែង ការប៉ាន់ប្រមាណខ្លះបានឱ្យដឹងថា «ការនាំចូលនៅខែមេសា ឆ្នាំ ២០២២ បានធ្លាក់ចុះរហូតដល់ ៧០% ទៅ ៨០% បើប្រៀបធៀបនឹងឆ្នាំមុន»។

ប៉ុន្តែ ទណ្ឌកម្មគឺជាអាវុធមុខ២។ ខណៈពេលដែលរុស្ស៊ីកំពុងចាត់វិធានការតបតវិញ អ្នកធ្វើគោលនយោបាយមួយចំនួននៅលោកខាងលិច បានបន្តមើលស្រាលលើផលវិបាកដែលអាចកើតមាន។ ឧទាហរណ៍ដ៏សំខាន់មួយគឺ «ការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃថាមពល»។ ជាមួយនិងឧស្ម័នចំនួន ៤០% នៅអឺរ៉ុប ត្រូវបាននាំចូលពីរុស្ស៊ី តម្លៃនាំចូលនិងតម្លៃឧស្ម័នបានក្លាយជាបញ្ហានយោបាយប្រចាំថ្ងៃ ជាពិសេសនៅពេលដែលទ្វីបនេះកំពុងឈានឆ្ពោះទៅរករដូវរងារ។

ផលវិបាកសេដ្ឋកិច្ចសម្រាប់សេដ្ឋកិច្ចធំៗទាំង៣ របស់អឺរ៉ុប (អាល្លឺម៉ង់ បារាំង និងអ៊ីតាលី) នឹងមានលក្ខណៈកាន់តែធ្ងន់ធ្ងរ។ នៅអាល្លឺម៉ង់ ការបញ្ឈប់ការនាំចូលឧស្ម័នរបស់រុស្ស៊ី នឹងធ្វើឱ្យ GDP ធ្លាក់ចុះចំនួន ៣%។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នពលរដ្ឋអឺរ៉ុបប្រមាណ ៧៨% នៅតែបន្តគាំទ្រការដាក់ទណ្ឌកម្មលើរុស្ស៊ី។ ប៉ុន្តែ ពួកគេជាច្រើនក៏បានទទួលស្គាល់ដែរថា «ទណ្ឌកម្មពិតជាកំពុងបង្កឱ្យមានការខាតបង់» ដោយក្នុង នោះ នៅអាល្លឺម៉ង់ «ពលរដ្ឋចំនួន ៥១% ជឿថា ទណ្ឌកម្មពិតជាកំពុងប៉ះពាល់ដល់អាល្លឺម៉ង់ ច្រើនជាងដល់រុស្ស៊ី»។

ទណ្ឌកម្មមិនបានបញ្ឈប់រុស្ស៊ីពីការធ្វើសង្គ្រាមនៅអ៊ុយក្រែននោះទេ ហើយសម្រាប់ពេលនេះ ការក្តោបក្តាប់អំណាចរបស់លោក Putin នៅរុស្ស៊ីនៅតែមានភាពរឹងមាំ។ ទោះជាយ៉ាងណាក៏ដោយ វាមានសញ្ញាមួយចំនួន ដែលបានបង្ហាញថា «សេដ្ឋកិច្ចរបស់រុស្ស៊ីពិតជាបានរងនូវសម្ពាធច្រើនគួរសម» ហើយសម្ពាធនេះអាចនឹងបន្តកើនឡើងនៅឆ្នាំ ២០២៣ និងនៅឆ្នាំខាងមុខៗទៀត។

ជាមួយនិងការចៀសវាងមិនចង់ប្រឈមមុខដាក់គ្នាដោយផ្ទាល់ផ្នែកយោធា សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និងបណ្តាសម្ព័ន្ធមិត្តរបស់ពួកគេ គ្មានជម្រើសអ្វីផ្សេងដើម្បីឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់រុស្ស៊ីនោះទេ។ ប៉ុន្តែ នៅទីបំផុតវាបានបង្ហាញកាន់តែច្បាស់ថា «មានតែវិធីសាស្ត្រការទូតប៉ុណ្ណោះដែលអាចជួយដោះស្រាយវិបត្តិនៅអ៊ុយក្រែនបាន»។ ចំណុចនេះអាចនឹងធ្វើឱ្យការដាក់ទណ្ឌកម្ម ឬការលុប ចោលទណ្ឌកម្ម ក្លាយជាសម្បទានសេដ្ឋកិច្ច និងនយោបាយដ៏ធំមួយ៕

Asia Times

អត្ថបទទាក់ទង