ខ្មែរប៉ុស្ដិ៍ Close

    ហេតុអ្វីបានជាតំបន់អាស៊ីអាគ្នេយ៍គួរខ្វល់ខ្វាយអំពីការបោះឆ្នោតឆ្នាំ ២០២៤ នៅតៃវ៉ាន់?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1533
    ហេតុអ្វីបានជាតំបន់អាស៊ីអាគ្នេយ៍គួរខ្វល់ខ្វាយអំពីការបោះឆ្នោតឆ្នាំ ២០២៤ នៅតៃវ៉ាន់?ហេតុអ្វីបានជាតំបន់អាស៊ីអាគ្នេយ៍គួរខ្វល់ខ្វាយអំពីការបោះឆ្នោតឆ្នាំ ២០២៤ នៅតៃវ៉ាន់?

    តំបន់អាស៊ីអាគ្នេយ៍នឹងមានការបោះឆ្នោតជាច្រើនដែលនឹងមកដល់នៅក្នុងពេលខាងមុខ។ ប្រទេសឥណ្ឌូណេស៊ីនឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥, កម្ពុជានឹងរៀបចំការ បោះឆ្នោតជាតិនៅខែកក្កដាខាងមុខនេះ ខណៈសិង្ហបុរីក៏នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ១៣ កញ្ញាខាងមុខនេះផងដែរ។

    ការបោះឆ្នោតទាំងនេះមានសារៈសំខាន់ណាស់ ហើយវាក៏ប្រាកដជានឹងត្រូវបានគេតាមដានយ៉ាងដិតដល់។ លើសពីនេះ តៃវ៉ាន់ក៏គ្រោងនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួននៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ ផងដែរ។ របៀបដែលការបោះឆ្នោតនេះប្រព្រឹត្តទៅ អាចនឹងជះឥទ្ធិពលលើទំនាក់ទំនងរវាងអាមេរិកនិងចិន ក៏ដូចជាការរំពឹងទុកសម្រាប់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រ។

    គូប្រកួតប្រជែងសំខាន់ៗចំនួន ៣ រួមមានលោក William Lai (Lai Ching-te ) ដែលមកពីបក្ស Democratic Progressive Party (DPP), លោកHou Yu-ih មកពីបក្ស Kuomintang (KMT) និងលោក Ko Wen-je មកពីបក្ស Taiwan’s People Party (TPP) ហើយពួកគេបានចាប់ផ្តើមធ្វើយុទ្ធនាការហើយដែរ។ សភារបស់តៃវ៉ាន់ «Yuan» ក៏កំពុងរៀបចំដំណើរការ បោះឆ្នោតនេះផងដែរ។

    យោងតាមការស្ទង់មតិរបស់ប្រធានាធិបតីកាលពីពេលថ្មីៗនេះ «លោក Lai នៅតែនាំមុខលោក Hou បន្តិច ខណៈដែលលោក Ko ស្ថិតនៅចំណាត់ថ្នាក់លេខ ៣»។ ប៉ុន្តែទស្សនវិស័យសម្រាប់ការប្រកួតប្រជែងនៅសភា Yuan របស់បក្ស DPP ហាក់ដូចជាមិនសូវមានភាពសុទិដ្ឋិនិយមទេ ខណៈដែលការព្យាករជាច្រើនបានបង្ហាញថា «វានឹងមានការពិបាកសម្រាប់គណបក្ស ក្នុងការរក្សាសំឡេងភាគច្រើន ដែលជាតំណែងដែលខ្លួនបានកាន់កាប់តាំងពីឆ្នាំ ២០១៦មក»។

    ប្រសិនបើលោក Lai ទទួលបានតំណែងជាប្រធានាធិបតីជាមួយនិងសំឡេងភាគតិចនៅក្នុងសភា Yuan វាអាចបង្កបញ្ហាប្រឈមសម្រាប់គណបក្ស ជាពិសេសក្នុងការអនុវត្តកំណែទម្រង់សំខាន់ៗ និងក្នុងការបង្កើនការចំណាយលើវិស័យយោធា នៅចំពេលកំពុងមានភាពតានតឹងកាន់តែខ្លាំងនៅច្រកសមុទ្រដែលវាអាចមានលក្ខណៈស្រដៀងគ្នាទៅនឹងការលំបាកដែលបក្ស DPP បានជួបប្រទះនៅក្រោមការគ្រប់គ្រងរបស់ Chen Shui-bian ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០៨។

    ក្នុងអំឡុងពេលនោះ រដ្ឋបាល DPP បានទទួលការយល់ព្រមពីអាមេរិកក្នុងការទិញនាវាមុជទឹកប្រើម៉ាស៊ូតចំនួន ៨ គ្រឿង។ ទោះជាយ៉ាងណាក៏ដោយ ថវិកាសម្រាប់ការទិញនេះមិនទទួលបានការអនុម័តនៅក្នុងសភាតៃវ៉ាន់នោះទេ ដោយសារតែសំឡេងភាគច្រើនដឹកនាំដោយបក្ស KMT។ ដោយសារតែទីតាំងយុទ្ធសាស្ត្ររបស់តៃវ៉ាន់ស្ថិតនៅក្នុងប្រជុំកោះទី១ (First Island Chain) និងជាទីតាំងដ៏ក្តៅគគុករវាងអាមេរិកនិងចិន លទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២៤ នៅតៃវ៉ាន់នឹងជះឥទ្ធិពលទៅលើទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្ រក៏ដូចជាការប្រកួតប្រជែងគ្នារវាងអាមេរិកនិងចិន។

    លោក Lai បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់លោកក្នុងការប្រកាន់ខ្ជាប់នូវ «វិធីសាស្រ្តរក្សាស្ថានភាពដើម» របស់ប្រធានាធិបតី Tsai Ing-wen ចំពោះទំនាក់ទំនងឆ្លងច្រកសមុទ្រ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីក្នុងការពង្រឹងទំនាក់ទំនងរវាងអាមេរិកនិងតៃវ៉ាន់ និងការពង្រឹងទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសប្រជាធិបតេយ្យនៅទូទាំងពិភពលោក។

    លោក Lai ក៏បានបង្ហាញអំពីចេតនារបស់លោកក្នុងការពង្រឹងសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់ផងដែរ ជាមួយនិងការសង្កត់ធ្ងន់ថា «សន្តិភាពពិតប្រាកដអាចសម្រេចបាន លុះត្រាតែយើងអាចការពារខ្លួនបានយ៉ាងរឹងមាំ»។ ទោះបីជាមានការអះអាងម្តងហើយម្តងទៀតរបស់លោក Lai លើការរក្សាស្ថានភាពឱ្យនៅដូចដើមក៏ដោយ ក៏វាអាចទៅរួចដែលថា «ចិននឹងនៅតែរក្សាជំហរឈ្លានពានរបស់ខ្លួនលើតៃវ៉ាន់ នៅក្រោមអាណត្តិរបស់ប្រធានាធិបតី Lai»។

    ផ្ទុយទៅវិញ លោក Hou ទំនងជាអាចទទួលបាននូវការឆ្លើយតបជាវិជ្ជមានពីសំណាក់ប្រទេសចិន ដោយសារលោកគឺជាអ្នកតំណាងរបស់បក្ស KMT ដែលជិតស្និទ្ធនឹងចិន។ ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយការបរទេសនិងវេទិកាសន្តិសុខជាតិរបស់លោក នៅមិនទាន់មានភាពលម្អិតនៅឡើយទេ។

    បើទោះបីជាលោកបានច្រានចោលជាសាធារណៈទាំងរូបមន្ត «ប្រទេស ១ ប្រព័ន្ធ ២» និងឯករាជ្យភាពរបស់កោះតៃវ៉ាន់ក៏ដោយ ក៏លោកមិនទាន់បានធ្វើការអត្ថាធិប្បាយនៅឡើយទេ លើការមូលមតិគ្នាឆ្នាំ ១៩៩២ ដែលអតីតប្រធានាធិបតី Ma Ying- jeou (ឆ្នាំ ២០០០ ដល់ ២០០៨) បានប្តេជ្ញាចិត្តថា «ផ្នែកទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ គឺជារបស់ចិនតែមួយ»។

    ទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រក្រោមការដឹកនាំរបស់ប្រធានាធិបតី Hou នឹងត្រូវពឹងផ្អែកលើការសម្រេចចិត្តរបស់លោកក្នុងការទទួលយក ឬបដិសេធការមូលមតិគ្នាឆ្នាំ ១៩៩២។ អាមេរិកអាចមានការសង្ស័យលើឆន្ទៈរបស់លោក Hou ក្នុងការពង្រឹងសមត្ថភាពការពារជាតិ ដោយហេតុថា «មនុស្សមួយចំនួនរបស់បក្ស KMT ក៏បានចាប់ផ្តើមមានមន្ទិលសង្ស័យលើអាមេរិកកាន់តែខ្លាំងឡើងផងដែរ»។

    ឱកាសរបស់លោក Ko ក្នុងការឈ្នះតំណែងប្រធានាធិបតីអាចមានភាគរយតិចជាង ក៏ប៉ុន្តែគណបក្សរបស់លោកត្រូវបានគេរំពឹងថានឹងនៅតែអាចពង្រឹងជំហររបស់ខ្លួន ក្នុងនាមជាបក្សធំលំដាប់ទី៣ នៅក្នុងសភា Yuan ។ ពួកគេនឹងដើរតួយ៉ាងសំខាន់ក្នុងនាមជាសំឡេងភាគតិច ប្រសិនបើទាំងបក្សDPP និងបក្ស KMT បរាជ័យក្នុងការទទួលបានសំឡេងភាគច្រើននៅក្នុងសភា។

    នៅពេញមួយអាណត្តិរបស់លោកជាអភិបាលក្រុងតៃប៉ិ (ឆ្នាំ ២០១៤ ដល់ ២០២២) គោលនយោបាយរបស់លោក Ko បានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងគួរឱ្យកត់សម្គាល់។ ដំបូងឡើយ លោកមានភាពស៊ីសង្វាក់គ្នាជាមួយបក្ស DPP ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការទទួលជ័យជម្នះជាអភិបាលក្រុងលើកដំបូងរបស់លោកនៅក្នុងឆ្នាំ ២០១៤។ ប៉ុន្តែយូរៗទៅ លោក Ko បានអនុវត្តនូវគោលនយោបាយដែលមានទំនោរងាកទៅរកអ្នកគាំទ្របក្ស KMT កាន់តែខ្លាំង។

    ការផ្លាស់ប្តូរនេះក៏អាចមើលឃើញផងដែរនៅក្នុងទស្សនៈបច្ចុប្បន្នរបស់លោកស្តីអំពីទំនាក់ទំនងឆ្លងច្រកសមុទ្រ និងគោលនយោបាយការបរទេសរបស់តៃវ៉ាន់។ ជាក់ស្តែង លោកបានពិពណ៌នាបក្ស DPP ថាជា «អ្នកគាំទ្រសង្គ្រាម» និងបានចោទប្រកាន់ពួកគេអំពីបទរៀបចំ បង្កើតបញ្ហាបង្រួបបង្រួមឯករាជ្យភាព នៅតៃវ៉ាន់។ ក្នុងពេលដំណាលគ្នានោះ លោកក៏បានរិះគន់បក្ស KMT ផងដែរចំពោះការសម្របខ្លួនខ្លាំងពេកងាកទៅរកចិនក្នុងគោលបំណងទាក់ទាញអ្នកបោះឆ្នោតនៃសម្ព័ន្ធ Pan-blue ដែលមិនពេញចិត្តនឹងវិធីសាស្រ្តឆ្លងកាត់ច្រកសមុទ្ររបស់បក្ស KMT។

    បើទោះបីជាបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០ ប្រកាន់ខ្ជាប់ និងគោរពគោលនយោបាយចិនតែមួយក៏ដោយ «ក៏បញ្ហាណាមួយនៅកោះតៃវ៉ាន់នឹងវិវឌ្ឍទៅជាបញ្ហាមនុស្សធម៌យ៉ាងឆាប់រហ័សដែលអាចរួមបញ្ចូលនូវការប្រមែរប្រមូលប្រជាជនរបស់ប្រទេសរៀងៗខ្លួនទៅកាន់ប្រទេសដើមវិញ»។ បញ្ហានឹងកាន់តែស្មុគស្មាញ ដោយសារសមត្ថភាពដោះស្រាយបញ្ហាមនុស្សធម៌ និងការផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយ មានលក្ខណៈខុសៗគ្នានៅទូទាំងរដ្ឋអាស៊ីអាគ្នេយ៍។

    យោងតាមស្ថិតិខែមេសាឆ្នាំ ២០២៣ ពីក្រសួងការងាររបស់តៃវ៉ាន់ «ជនជាតិឥណ្ឌូណេស៊ីប្រហែល ២៥៦ ០០០ នាក់, វៀតណាម ២៥៧ ០០០ នាក់ និងហ្វីលីពីន ១៥៤ ០០០ នាក់គឺជាពលករចំណាកស្រុកនៅតៃវ៉ាន់»។ នេះតំណាងឱ្យចំនួនដ៏ច្រើននៃប្រជាជនអាស៊ីអាគ្នេយ៍ដែលគេត្រូវគិតគូរដល់នៅក្នុងករណីដែលឧប្បត្តិហេតុណាមួយកើតឡើង។ ក្រៅពីវត្តមានដ៏ច្រើនរបស់ជនជាតិអាស៊ីអាគ្នេយ៍នៅតៃវ៉ាន់ បណ្តាប្រទេសក្នុងតំបន់នឹងត្រូវបង្កើនការប្រុងប្រយ័ត្នរវាងសំណើរបស់អាមេរិកក្នុងការផ្តល់ជំនួយនិងសម្ពាធរបស់ចិន ដើម្បីឱ្យមានការរក្សាអព្យាក្រឹត។

    បើទោះជាបណ្តាប្រទេសអាស៊ីអាគ្នេយ៍មិនមានឥទ្ធិពលអ្វីចំពោះលទ្ធផលនៃការបោះឆ្នោតរបស់តៃវ៉ាន់នៅខែមករា ឆ្នាំ ២០២៤ ក៏ ដោយ ក៏ពួកគេនឹងត្រូវកំណត់ការឆ្លើយតបរបស់ពួកគេចំពោះឥទ្ធិពលរបស់វាដែលនឹងកើតមានចំពោះទំនាក់ទំនងរវាងអាមេរិកនិងចិន និងសន្តិសុខនៅក្នុងតំបន់។ ទន្ទឹមនឹងនេះដែរ បណ្តារដ្ឋអាស៊ានត្រូវតែធានាថា «តំបន់នេះនឹងនៅតែបើកចំហប្រកបដោយបរិយាប័ន្ន និងត្រូវបន្តចូលរួមនៅក្នុងបណ្តាបញ្ហាដែលធ្លាប់ត្រូវបានចាត់ទុកថាមានអាទិភាពទាប៕

    Channel News Asia

    អត្ថបទទាក់ទង