ខ្មែរប៉ុស្ដិ៍ Close

ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​ទៅ​កាន់ប្រទេសមីយ៉ាន់ម៉ា​ក្រោយរដ្ឋប្រហារ រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌា​ បាន​លើក​ឡើង​អំពី​ការ​វាយ​ប្រហារ​នៅ​រដ្ឋ Manipur

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 50
ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​ទៅ​កាន់ប្រទេសមីយ៉ាន់ម៉ា​ក្រោយរដ្ឋប្រហារ រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌា​ បាន​លើក​ឡើង​អំពី​ការ​វាយ​ប្រហារ​នៅ​រដ្ឋ Manipur ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​ទៅ​កាន់ប្រទេសមីយ៉ាន់ម៉ា​ក្រោយរដ្ឋប្រហារ រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌា​ បាន​លើក​ឡើង​អំពី​ការ​វាយ​ប្រហារ​នៅ​រដ្ឋ Manipur

រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Harsh Vardhan Shringla បានលើកឡើងអំពីស្ថានភាពសន្តិសុខនៅក្នុងរដ្ឋភាគឦសានរបស់ឥណ្ឌា រួមទាំងការវាយឆ្មក់នៅក្នុងរដ្ឋ Manipur និងបានសង្កត់ធ្ងន់លើភាពចាំបាច់នៃ «ការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ» ឡើងវិញនៅក្នុងអំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្រោយរដ្ឋប្រហារ។

បើតាមប្រភពព័ត៌មាន របបយោធាបានបដិសេធសំណើររបស់ឥណ្ឌាដែលសុំឱ្យមានជំនួបរវាងលោក Shringla និងលោក ស្រី អ៊ុងសាន ស៊ូជី។

ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក Shringla រួចមក ក្រសួងការបរទេសឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍មួយដោយបានគូសបញ្ជាក់អំពីកាលៈទេសៈមិនអំណោយផលមួយ ចំនួនជុំវិញដំណើរទស្សនកិច្ចនេះ។

សេចក្តីថ្លែងការណ៍ នោះបានបង្ហាញអត្តសញ្ញាណអ្នកសន្ទនាតែម្នាក់គត់ក្នុងចំណោមគណៈប្រតិភូដែលចាត់តាំងដោយលោក Shringla ខណៈពេលដែលអ្នកផ្សេងទៀតត្រូវបាន បញ្ជាក់ថាជា «អ្នកតំណាងជាន់ខ្ពស់» ។

សេចក្ដីថ្លែងការណ៍របស់ឥណ្ឌាក៏បានកត់សម្គាល់ផងដែរថា: លោក Shringlaបានជួបជាមួយ «សមាជិកនៃក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន រួមទាំងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD)» ផងដែរ។ ទោះ​យ៉ាង​ណា​ គេពុំឃើញមាន​ឈ្មោះ​របស់សមាជិក​បក្ស​ប្រឆាំងមីយ៉ាន់ម៉ា​នៅ ក្នុង​បញ្ជី​នោះទេ។

លោក Shringla ក៏បានជួបជាមួយឯកអគ្គរដ្ឋទូតបរទេសនានាដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា និងមន្ត្រីអង្គការសហប្រជាជាតិផងដែរ ដែលនេះជាបញ្ជីរាយនាមដៃគូសន្ទនាមិនប្រក្រតីមួយផ្សេងទៀត នៅ ក្នុងដំណើរទស្សនកិច្ចទ្វេភាគីរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌារូបនេះ។ បើយោងតាមប្រភពព័ត៌មាននានា លោក Shringla បានជួបជាមួយបេសកជនមកពីសហរដ្ឋអាមេរិក, អូស្ត្រាលី, ន័រវែស, សាធារណរដ្ឋឆែក, កម្ពុជា, ថៃ និងជប៉ុន។

ពាក្យពេជន៍នៅក្នុងសេចក្តីថ្លែងការណ៍នេះ គឺផ្ទុយគ្នាស្រឡះទៅនឹងដំណើរទស្សនកិច្ចកាលពីខែតុលាឆ្នាំ២០២០ ដែលលោក Shringla បានធ្វើទៅកាន់ប្រទេសមីយ៉ាន់ម៉ា អមដោយមេទ័ពឥណ្ឌា លោកឧត្តមសេនីយ៍ M.M. Naravane ទៅជាមួយ។ សេចក្ដីថ្លែងការណ៍កាលពីពេលមុនបាន ដាក់បញ្ចូលនូវបញ្ជីរាយនាមលម្អិតនៃតំណែងនិងឈ្មោះមេដឹកនាំជាន់ខ្ពស់ទាំងអស់ ដោយចាប់ផ្តើមពីលោកស្រី អ៊ុងសាន ស៊ូជី និងឧត្តមសេនីយ Min Aung Hlaing។

កាលពីខែកុម្ភៈ លោក Min Aung Hlaing បានធ្វើរដ្ឋប្រហារមួយក្រោមហេតុផលនៃការលួចបន្លំការបោះឆ្នោត ដោយចាប់ឃុំឃាំងសមាជិករបស់រដ្ឋាភិបាលស៊ីវិលទាំងអស់ព្រមទាំងបង្កឲ្យមានអំពើហិង្សានិងអស្ថិរភាពនៅក្នុងប្រទេសទៀតផង។

នៅអំឡុងដំណើរទស្សនកិច្ចចុងក្រោយរបស់លោក Shringla ទិដ្ឋភាពនយោបាយនៅមីយ៉ាន់ម៉ាបានផ្លាស់ប្តូរយ៉ាងខ្លាំងដោយលោកស្រី ស៊ូជី ត្រូវបានឃុំខ្លួន ហើយមេដឹកនាំគណបក្ស NLD ភាគច្រើនត្រូវជាប់គុក ឬបានទៅ បង្កើតចលនាតស៊ូប្រឆាំងនឹងរបបយោធា។

ប្រទេសចិនរួម​ជាមួយ​រុស្ស៊ីបាន​ផ្តល់​ការ​គាំទ្រ​ផ្នែក​ការទូត​ដល់​របប​យោធាដែល​បាន​ផ្គើន​សហគមន៍​អន្តរជាតិ​យ៉ាង​ខ្លាំង។ របបយោធាបានបដិសេធមិនអនុញ្ញាតឱ្យបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ និងបេសកជន ពិសេសរបស់អាស៊ាន ធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ានោះទេ ព្រោះពួកគេទាំង 2 បានទទូចចង់ជួបជា មួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងមេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ឃុំផងដែរ។

ប្រទេស​ឥណ្ឌា​នៅ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​រិះគន់ដោយត្រង់ៗ ទៅលើរបប​យោធាមីយ៉ាន់ម៉ា។ បន្ទាប់ពីរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈមក ឥណ្ឌាបានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» និងបានអំពាវនាវឱ្យមានការ ប្រកាន់ខ្ជាប់នូវដំណើរការប្រជាធិបតេយ្យ។

នៅឯសម័យប្រជុំពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឥណ្ឌាបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនគាំទ្រដល់ការដាក់ទណ្ឌកម្មណាមួយប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ាឡើយ។

នៅមួយខែបន្ទាប់ពីការធ្វើរដ្ឋប្រហារអនុព័ន្ធយោធារបស់ឥណ្ឌាគឺជាបុគ្គលម្នាក់ក្នុងចំណោមអ្នក តំណាងមកពីប្រទេសចំនួន 8 ដែលបានចូលរួមនៅក្នុងក្បួនដង្ហែរទិវាកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាក្នុងទីក្រុង Naypyitaw។

បន្ទាប់ពីតុលាការមីយ៉ាន់ម៉ាបានកាត់ទោសលោកស្រី ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ពីបទញុះញង់ ប្រទេសឥណ្ឌាបានចេញមកបញ្ជាក់ថា ខ្លួនមានការ «រំខាន» ពីសាលក្រម នេះ ប៉ុន្តែជាថ្មីម្តងទៀត ឥណ្ឌាបានបដិសេធមិនធ្វើការថ្កោល ទោសយ៉ាងជាក់លាក់ណាមួយចំពោះរបបនេះទេ។

ខណៈពេលដែលឥណ្ឌាមិនចង់ឱ្យរបបយោធាមីយ៉ាន់ម៉ាធ្លាក់ចូលទាំងស្រុងទៅក្នុងដៃរបស់ចិន ឥណ្ឌាក៏មានការងារអាទិភាពនៅក្នុងស្រុករបស់ខ្លួនដែរ ដែលគ្រប់គ្នាបានឃើញហើយនៅក្នុងអំឡុងពេលទស្សនកិច្ចនេះ។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាដដែល ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនេះ «បានផ្តល់ឱកាសដល់ឥណ្ឌាក្នុងការលើកឡើងអំពីបញ្ហាដែលទាក់ទងនឹងសន្តិសុខរបស់ប្រទេសខ្លួន ជាពិសេសឧប្បត្តិហេតុថ្មីៗដែលបានកើតឡើងនៅក្នុងស្រុក Churachandpur ភាគខាងត្បូងរដ្ឋ Manipur» ។

កាលពីខែមុន ក្រុមបះបោរខុសច្បាប់ចំនួន២ក្រុម ដែលមានមូលដ្ឋាននៅរដ្ឋ Manipur គឺកងទ័ពរំដោះប្រជាជន Manipur (People’s Liberation Army of Manipur – PLAM) និងរណសិរ្សប្រជាជន Manipur Naga (Manipur Naga People’s Front – MNPF) បានចេញមុខទទួលខុសត្រូវចំពោះការវាយឆ្មក់ដ៏សាហាវមួយ នៅជិតភូមិ Sehkan ដែលបានសម្លាប់មេបញ្ជាការកងទ័ព Assam Rifles ព្រមទាំងក្រុមគ្រួសាររបស់គាត់ និងកងសន្តិសុខចំនួន ៤នាក់ផ្សេងទៀត។

លោក Shringla បាន​ប្រាប់​តំណាង​របស់យោធា​មីយ៉ាន់ម៉ា​ថា វា​ជា​ការ​ចាំបាច់​ក្នុង​ការ​ «បញ្ចប់​នូវរាល់អំពើ​ហិង្សា​ទាំងអស់ និង​រក្សា​សន្តិភាពនិង​ស្ថិរភាព​នៅ​តាម​តំបន់​ព្រំដែន»។

ក្រសួងការ បរទេសឥណ្ឌាបានលើកឡើងថា «ភាគី ទាំង២ បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធានាថា ទឹកដីរបស់ពួកគេរៀងៗខ្លួននឹងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដើម្បីបង្កសកម្មភាពណា មួយប្រឆាំងនឹងភាគីម្ខាងទៀតនោះទេ» ។

ការ​យោងទៅលើ​អំពើ​ហិង្សា​នៅ​តាម​បណ្តោយ​ព្រំដែន​ក៏​អាចជាការនិយាយសំដៅទៅដល់ការបង្កអសន្តិសុខ​នៅក្នុងតំបន់ដោយ​ប្រទេស​មីយ៉ាន់ម៉ាផងដែរ ​ដែល​នាំ​ឱ្យ​មាន​ការ​ជម្លៀស​ជនភៀសខ្លួន​រាប់​ពាន់​នាក់​ទៅកាន់​រដ្ឋ​ភាគ​ឦសាន​របស់​ប្រទេស​ឥណ្ឌា។

ជាផ្លូវការ ប្រទេសឥណ្ឌាមិនពេញចិត្តនឹងការមកដល់នៃជនភៀសខ្លួនមីយ៉ាន់ម៉ានោះទេ។ ប៉ុន្តែធាតុពិត ពួកគេបានស្វែងរកទីជម្រកសម្រាប់អ្នកទាំងនោះនៅតាមភូមិដ្ឋានរបស់សមាជិកនៃក្រុមជនជាតិភាគតិចនៅទូទាំងតំបន់ព្រំដែន។

បើតាមសេចក្ដីថ្លែងការណ៍ដដែល «ប្រទេសឥណ្ឌា​មាន​ព្រំដែន​ប្រវែង​ប្រហែល ១៧០០គីឡូម៉ែត្រ​ជាមួយប្រទេស​មីយ៉ាន់ម៉ា។ ដូចនេះ រាល់ការវិវត្តណាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ានឹងបង្កនូវផលប៉ះពាល់ដោយផ្ទាល់ទៅលើតំបន់ព្រំដែនរបស់ ប្រទេសឥណ្ឌា។ សន្តិភាពនិងស្ថិរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែមានសារៈសំខាន់បំផុតសម្រាប់ឥណ្ឌា ជាពិសេសចំពោះតំបន់ភាគឦសានរបស់ខ្លួន»។

សេចក្ដីថ្លែងការណ៍ដដែលនោះបានលើកឡើងថា «នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងលោក Shringla ជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ រដ្ឋមន្ត្រីការបរទេសរូបនេះបានសង្កត់ធ្ងន់ទៅលើការចង់បានរបស់ឥណ្ឌាដើម្បីឱ្យប្រទេសមីយ៉ាន់ម៉ាវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យដូចនៅក្នុងដំណាក់ កាលដំបូងវិញដោយដោះលែងអ្នក ដែលបានជាប់ឃុំ និងអ្នកទោសក្នុងពន្ធនាគារ, ដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងបញ្ឈប់ទាំងស្រុងនូវរាល់អំពើហិង្សាទាំងអស់»។

គួររំលឹកថា ប្រទេសឥណ្ឌាបានចូលរួមនៅក្នុងការកសាងសមត្ថភាពដល់ស្ថាប័នប្រជាធិបតេយ្យនានារបស់មីយ៉ាន់ម៉ាដោយសេចក្តីថ្លែងការណ៍ នោះបានកត់សម្គាល់ថា ប្រទេសឥណ្ឌា «ស្នើឱ្យបន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះសម្រាប់ប្រទេសមីយ៉ាន់ម៉ាបន្តទៀត ដើម្បីប្រែក្លាយប្រទេសនេះឱ្យក្លាយជាសហភាពសហព័ន្ធមួយដែលមានស្ថិរភាព និងប្រជាធិបតេយ្យ ស្របតាមបំណងប្រាថ្នារបស់ប្រជាជនមីយ៉ាន់ម៉ា»។

លោក Shringla ក៏បានបញ្ជាក់សារជាថ្មីនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់អាស៊ាននិងសង្ឃឹមថា «វឌ្ឍនភាពណាមួយនឹងត្រូវបានធ្វើឡើងក្នុងលក្ខណៈជាក់ស្តែង និងប្រកបដោយការស្ថាបនាដោយផ្អែកលើគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុចនោះ»។

កាលពីខែតុលាកន្លងទៅ ប្រទេសមីយ៉ាន់ម៉ាមិនបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននោះទេ បន្ទាប់ពីមេដឹកនាំរបបយោធាត្រូវបានរារាំងមិនឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ ដោយសារកង្វះកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុច៕ The Wire India

អត្ថបទទាក់ទង