ខ្មែរប៉ុស្ដិ៍ Close

ព្រែកជីកខ្នាតធំថ្មីរបស់ចិនមានគោលដៅតភ្ជាប់អាស៊ានឱ្យកាន់តែកៀកជិតគ្នា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 36
ព្រែកជីកខ្នាតធំថ្មីរបស់ចិនមានគោលដៅតភ្ជាប់អាស៊ានឱ្យកាន់តែកៀកជិតគ្នា ព្រែកជីកខ្នាតធំថ្មីរបស់ចិនមានគោលដៅតភ្ជាប់អាស៊ានឱ្យកាន់តែកៀកជិតគ្នា

ព្រែកជីក Pinglu ដែលមានតម្លៃ ១០,៣ ពាន់លានដុល្លារនឹងលាតសន្ធឹងចម្ងាយជាង ១៣៤ គីឡូម៉ែត្រ ចេញពីអាងស្តុកទឹក Xijin Reservoir នៅក្បែរទីក្រុង Nanning នៃខេត្ត Guangxi ទៅកាន់កំពង់ផែ Qinzhou នៅភាគខាងត្បូង ដើម្បីជួយបំពេញបន្ថែមលើផ្លូវថ្នល់និងផ្លូវដែកដែលមានស្រាប់ ក្នុងការដឹកជញ្ជូនទំនិញ។

លោក Li Xiaoxiang ដែលជាមន្ត្រីនៅការដ្ឋានសំណង់បាននិយាយកាលពីពេលថ្មីៗនេះថា «ការងារកំពុងត្រូវបានអនុវត្ត ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីអាចបញ្ចប់តាមកាលកំណត់នៅឆ្នាំ ២០២៦»។ ជាមួយនិងការចាប់ផ្តើមដំណើរការជីកកាលពីឆ្នាំមុន គម្រោងនេះបានគូសបញ្ជាក់អំពីការបង្វែរការផ្តោតអារម្មណ៍របស់ចិនមកលើការបង្កើនការតភ្ជាប់ដែនសមុទ្រនៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។

លោក Yang Jiang ដែលជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងនយោបាយចិន នៅវិទ្យាស្ថានដាណឺម៉ាកសម្រាប់ការសិក្សាអន្តរជាតិ (Danish Institute for International Studies) បានកត់សម្គាល់ថា «វាហាក់ដូចជារឿងថ្មី។ ព្រែកជីកនេះត្រូវបានលើកឡើងនៅក្នុងផែនការឆ្នាំ ២០១៩ ក្នុងគោលបំណងកសាងប្រព័ន្ធដឹកជញ្ជូនដ៏រឹងមាំសម្រាប់ប្រទេស។ កន្លងមកកិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើង និងផ្តោតតែទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកប៉ុណ្ណោះ»។

មន្ត្រីចិនមួយចំនួនបាននិយាយថា «នៅពេលសាងសង់ចប់ ព្រែកជីកនេះនឹងកាត់បន្ថយចម្ងាយដឹកជញ្ជូនពីប្រព័ន្ធទន្លេខាងក្នុងប្រទេស ទៅកាន់ផ្ទៃសមុទ្របានចំនួន ៥៦០ គីឡូម៉ែត្រ»។ លោក Li Xaoxiang ដែលជា មន្ត្រីគ្រប់គ្រងការដ្ឋានបានអះអាងថា «វានឹងជួយសន្សំប្រាក់បាន ៥,២ ពាន់លានយ័នជារៀងរាល់ឆ្នាំ»។

តាមរយៈការបង្កើតច្រកផ្លូវសេដ្ឋកិច្ចងាយស្រួល និងដែលមានតម្លៃថោកនៅកៀកជិតតំបន់អាស៊ីអាគ្នេយ៍នេះ ផ្លូវទឹកនេះក៏នឹងជួយបង្កើននូវភាពសកម្មផងដែរនៅក្នុងឧស្សាហកម្មនៅខេត្ត Guangxi និងផ្នែកដទៃទៀត នៅតំបន់ភាគខាងលិចនៃប្រទេសចិន ដែលនៅពុំសូវមានការអភិវឌ្ឍ។ ប៉ុន្តែភូមិសាស្ត្រនយោបាយអាចជាកត្តាជំរុញដ៏ខ្លាំងក្លានៅពីក្រោយការជីកព្រែកនេះ។

នៅពេលដែលអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិច បានប្តេជ្ញាចិត្តរួមគ្នាក្នុងការកាត់បន្ថយហានិភ័យដែលបង្កឡើងដោយចិន ដូចដែលត្រូវបានបង្ហាញនៅជំនួបកំពូល G7 នៅទី ក្រុង Hiroshima នៅពាក់កណ្តាលខែឧសភា ចិនក៏បានបង្ហាញអំពីបំណងចង់កាត់បន្ថយការពឹងផ្អែកផ្នែកពាណិជ្ជកម្មរបស់ខ្លួនផងដែរ។

ភាគីទាំងពីរកំពុងមានការភ័យខ្លាចដូចគ្នាថា «ភាគីម្ខាងទៀតអាចនឹងប្រើប្រាស់ការធ្វើពាណិជ្ជកម្មជាអាវុធ តាមរយៈការកាត់ផ្តាច់ការនាំចូល ឬការនាំចេញក្រោមលេសសន្តិសុខ»។ ដើម្បីទប់ទល់នឹងបញ្ហានេះ ភាគីនីមួយៗកំពុងព្យាយាមបង្កើនការធ្វើពិពិធកម្ម។ ព្រែកជីក Pinglu មានគោលដៅជំរុញការធ្វើពាណិជ្ជកម្មដែលកំពុងកើនឡើងជាមួយបណ្តាប្រទេសអាស៊ានក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី «RCEP»។

នៅពេលនេះអាស៊ាននិងចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេរបស់គ្នាទៅវិញទៅមក ដោយក្នុងនោះការធ្វើពាណិជ្ជកម្មរវាងភាគីទាំងពីរ បានកើនឡើង ៥២% នៅចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ពោលគឺមានចំនួនច្រើនជាងការកើនឡើងជាមួយសហភាពអឺរ៉ុបទៅទៀត (២០%)។ ក្រៅពីការកាត់បន្ថយការពឹងផ្អែករបស់ចិនលើការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសលោកខាងលិច មនុស្សមួយចំនួនបាននិយាយថា «ការធ្វើពាណិជ្ជកម្មកាន់តែច្រើនជាមួយតំបន់អាស៊ីអាគ្នេយ៍អាចបន្ធូរបន្ថយអរិភាពរវាងចិន និងរដ្ឋាភិបាលមួយចំនួននៅក្នុងតំបន់ ពាក់ព័ន្ធនឹងជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង»។

លោក Yang នៅឯវិទ្យាស្ថាន Danish បាននិយាយថា «មេរៀនដែលបានរៀនពីវីរុសរាតត្បាត បានជំរុញឱ្យអាជ្ញាធរងាកមកបង្កើនការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ។ ការបិទខ្ទប់នៅចិនដោយសារវីរុសកូវីដ-១៩ បានបង្កភាពរអាក់រអួលដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ នៅពេលការដឹកជញ្ជូនបានផ្តោតតែទៅលើកំពង់ផែសំខាន់ៗនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស»។

លោក Yang បាននិយាយថា «ដោយមើលឃើញអំពីផលលំបាករបស់ចិនក្នុងការដោះស្រាយបញ្ហាដឹកជញ្ជូនជាសកលនៅក្នុងអំឡុងកើតមានវីរុសរាតត្បាត វាពិតជាមានភាពចាំបាច់ក្នុងការពង្រឹងកំពង់ផែមួយចំនួននៅចិន ដើម្បីកាត់បន្ថយការពឹងផ្អែកតែទៅលើកំពង់ផែធំៗនៅទីក្រុងសៀងហៃ»។ ជាក់ស្តែងព្រែកជីកនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតារបស់ចិន ក្នុងការបង្កើតច្រករបៀងតភ្ជាប់ដីគោក និងដែនសមុទ្រ។

ស្ថិតនៅចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីការដ្ឋាន ខ្សែផ្លូវរបស់ឡានដឹកទំនិញដែលដំណើរការដោយគ្មានមនុស្សបើក (Driverless Trucks) កំពុងដឹកជញ្ជូនទូទំនិញនៅឯផែផ្ទុកទូរទំនិញស្វ័យប្រវត្តិនៅ Qinzhou។ រថយន្តទាំងនោះធ្វើដំណើរទៅមកទៅកាន់ទីលានមួយ ដែលដងស្ទូច (ដែលដើរដោយប្រព័ន្ធកុំព្យូទ័រ) កំពុងលើកយកទូទំនិញទៅរៀបនៅលើនាវាដឹកទំនិញ។

មន្ត្រីមួយរូបនៅផែទំនិញដែលប្រតិបត្តិការដោយក្រុមហ៊ុនរដ្ឋចិន Beibu Gulf Port Group បាននិយាយថា «សូមស្វាគមន៍មកកាន់កំពង់ផែវៃឆ្លាតរបស់យើង»។ មន្ត្រីរូបនោះបានពន្យល់ថា «បរិក្ខានៅកំពង់ផែគឺកើតចេញពីការធ្វើទំនើបកម្មរយៈពេល ២២ ខែ ដែលបានបញ្ចប់នៅខែមិថុនា ឆ្នាំមុន»។

មន្ត្រីរដ្ឋាភិបាលខេត្ត Guangxi បាននិយាយថា «ច្រករបៀងដែលនឹងលេចចេញជារូបរាងនោះនឹងជួយពន្លឿនការដឹកជញ្ជូន និងបង្កើនល្បឿននៃការដឹកជញ្ជូនទំនិញពីទីក្រុង Chongqing នៅភាគខាងលិចនៃប្រទេសចិនទៅកាន់ប្រទេសសិង្ហបុរីពីចំនួន ២២ ថ្ងៃមកនៅត្រឹមតែ ៧ ថ្ងៃ»។

បើទោះបីជាមានការកែលម្អមួយចំនួនក៏ដោយ ក៏អ្នកជំនាញមួយចំនួនបាននិយាយ «ព្រែកជីកនិងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែដែលបំពាក់ដោយបច្ចេកវិទ្យាជាន់ខ្ពស់អាចនឹងមិននាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចទាំងស្រុងនោះទេ»។ លោក Stephen Olson ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមូលនិធិ Hinrich Foundation នៅសិង្ហបុរី បាននិយាយថា «ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាពគឺជាការវិវឌ្ឍដ៏គួរឱ្យសាទរ»។

តែលោកបានបន្ថែមថា «វាមិនអាចធានាបាននូវការបង្កើតទំនាក់ទំនងពាណិជ្ជកម្មនៅគ្រប់ទីកន្លែងនោះទេ ហើយវាក៏មិនអាចធានាបានដែរនូវការបង្កើតឧស្សាហកម្មដែលមានលក្ខណៈប្រកួតប្រជែងនៅអាស៊ាន ដែលមានសមត្ថភាពផលិតនូវផលិតផល ដែលអាចបំពេញតាមតម្រូវការរបស់ក្រុមហ៊ុនចិន។សេដ្ឋកិច្ចចិនមានទំហំធំជាងឆ្ងាយណាស់ បើប្រៀបធៀបនឹងសេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ានទាំងអស់ ហើយករណីនេះអាចបង្កើតឱ្យមានទំនាក់ទំនងពាណិជ្ជកម្មគ្មានតុល្យភាពនិងគ្មានចីរភាព»។

លោក Olson ក៏បានសម្តែងនូវមន្ទិលសង្ស័យផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកនិងចិន ក្នុងការទាញបណ្តាប្រទេសអាស៊ានឱ្យចូលកៀកជិតខ្លួនរបស់ពួកគេ។ លោកបាននិយាយថា «សម្រាប់ប្រទេសអាស៊ានភាគច្រើន ផលប្រយោជន៍ជាតិរបស់ពួកគេនឹងត្រូវបានរក្សាយ៉ាងល្អតាមរយៈការឈរនៅកណ្តាល និងការរក្សាទំនាក់ទំនងសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រយ៉ាងរស់រវើកជាមួយភាគីទាំងពីរ»។

ក្តីកង្វល់អំពីផលប៉ះពាល់ទាំងផ្នែកបរិស្ថាននិងហិរញ្ញវត្ថុក៏កំពុងត្រូវបានលើកឡើងផងដែរ។ ការសិក្សាមួយ ដែលត្រូវបានចេញផ្សាយកាលពីឆ្នាំមុន ដោយវិទ្យាស្ថានស្រាវជ្រាវនិងផែនការដឹកជញ្ជូន ដែលស្ថិតនៅក្រោមក្រសួងដឹកជញ្ជូនចិនបានលើកឡើងនូវផលប៉ះពាល់ជាច្រើន ដែលបង្កឡើងដោយព្រែកជីកនេះ ដែលរួមមានការបំផ្លាញជម្រកធម្មជាតិ, ការប្រែប្រួលប្រព័ន្ធជីវៈចម្រុះរបស់តំបន់, ការធ្លាក់ចុះនៃទំហំព្រៃឈើ និងការកើនឡើងនៃផ្សែងពុលពីនាវា។

ទន្ទឹមគ្នានេះដែរ ការចំណាយប្រមាណ ១០,៣ ពាន់លានដុល្លារសម្រាប់គម្រោងព្រែកជីកនេះ បានកើតចំពេលមានការឃ្លាំមើលកាន់តែខ្លាំងលើស្ថានភាពសារពើពន្ធរបស់បណ្តារដ្ឋាភិបាលថ្នាក់តំបន់របស់ចិន។ គម្រោងព្រែកជីកនេះ បានទទួលការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋនៅខេត្ត Guangxi បូករួមទាំងក្រុមហ៊ុន Beibu Gulf Investment Group ផងដែរ ដែលកាលពីខែធ្នូ បានទទួលចំណាត់ថ្នាក់ «Baa3» នៅក្នុងការវាយតម្លៃលើកដំបូងរបស់ខ្លួនដោយស្ថាប័ន Moody’s (ជាចំណាត់ថ្នាក់វិនិយោគទាបបំផុត)។

បណ្តារោងចក្របរទេសនិងរោងចក្រក្នុងស្រុកនៅទីក្រុង Quanzhou បាននិយាយថា «ពួកគេបានចាប់ផ្តើមមើលឃើញពីផលដែលកើតចេញពីការធ្វើទំនើបកម្មកំពង់ផែរ ក៏ដូចជាកិច្ចព្រមព្រៀង RCEP»។ កិច្ចព្រមព្រៀងនេះបានលុបចោល ៩០% នៃពន្ធគយលើមុខទំនិញដែលត្រូវបានជួញដូររវាងបណ្តាប្រទេសដែលចូលរួមនៅក្នុងកិច្ចព្រមព្រៀងនេះ។

លោក Zhou Ju ដែលជាមន្ត្រីនៅក្រុមហ៊ុន «Asia Pulp and Paper» នៅទីក្រុង Qinzhou ដែលមានការគាំទ្រពីក្រុមហ៊ុន Sinar Mas Group របស់ឥណ្ឌូណេស៊ីបាននិយាយថា «ការងារត្រួតពិនិត្យទាក់ទងនឹងពន្ធគយ ត្រូវបានកាត់បន្ថយពី ៣ ថ្ងៃមកនៅត្រឹមតែ ១ ទៅ ២ នាទីប៉ុណ្ណោះ»។ ក្រុមមន្ត្រីបានអះអាងថា «ព្រែកជីក Pinglu អាចនឹងជួយឱ្យចិនប្រមូលផលបានកាន់តែច្រើនពីកិច្ចព្រមព្រៀង RCEP»។

លោក Phar Kim Beng ដែលជានាយកប្រតិបត្តិនៅក្រុមហ៊ុនប្រឹក្សាយោបល់ម៉ាឡេស៊ី «Strategic Pan Indo Pacific Arena»(SPIPA) បាននិយាយថា «វាអាចមានគុណតម្លៃមួយចំនួនទាក់ទងនឹងទំនាក់ទំនងសាធារណៈទាំងសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងសម្រាប់ប្រជាជនក្នុងស្រុក។ ​ប្រទេស​កំពុង​អភិវឌ្ឍភាគច្រើន ​ត្រូវការ​គម្រោង​ល្បីៗ​ដើម្បី​អាចដណ្តើម​យកឈ្នះលើចិត្តរបស់​ប្រជាជន​ទាំង​ក្នុង​ និង​ក្រៅប្រទេស​»​៕

Nikkei Asia

អត្ថបទទាក់ទង