ខ្មែរប៉ុស្ដិ៍ Close

តើស្ថានភាពមិនអាចបង់សងបំណុលរបស់អាមេរិក អាចបង្កការបំផ្លិចបំផ្លាញកម្រិតណាដល់សេដ្ឋកិច្ចទូទាំងពិភពលោក?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 49
តើស្ថានភាពមិនអាចបង់សងបំណុលរបស់អាមេរិក អាចបង្កការបំផ្លិចបំផ្លាញកម្រិតណាដល់សេដ្ឋកិច្ចទូទាំងពិភពលោក? វិមាន Capitol របស់សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញតាមបង្អួចនៅក្នុងអគារការិយាល័យព្រឹទ្ធសភា Russell ក្នុងទីក្រុង Washington នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣។ (រូបភាពឯកសារ៖ AP Photo/J. Scott Applewhite)

ប្រសិនបើវិបត្តិបំណុលនៅទីបំផុតនឹងធ្វើឱ្យអាមេរិកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច អាមេរិកនឹងមិនធ្លាក់ចុះតែម្នាក់ឯងនោះទេ។ ផល​ប៉ះ​ពាល់​នៃ​ស្ថានភាពមិនអាចបង់សងបំណុលជា​លើក​ដំបូង​មិន​ធ្លាប់​មាន​ អាចនឹង​ជះឥទ្ធិពលយ៉ាង​ឆាប់​រហ័សនៅ​ជុំវិញ​ពិភពលោក។ ការបញ្ជាទិញគ្រឿងអេឡិចត្រូនិកពីប្រទេសចិនទៅកាន់អាមេរិក អាចនឹងធ្លាក់ចុះរហូតដល់លែងមាន។ វិនិយោគិនស្វីសដែលកាន់កាប់បណ្ណរតនាគារអាមេរិក នឹងទទួលរងការខាតបង់ ខណៈដែលក្រុមហ៊ុនស្រីលង្កានឹងមិនអាចប្រើប្រាស់ប្រាក់ដុល្លារជាជម្រើសជំនួសរូបិយបណ្ណផ្ទាល់ខ្លួនរបស់ពួកគេបានទេ។

លោក Mark Zandi ដែលជាប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Moody’s Analytics បាននិយាយថា «គ្មានជ្រុងណាមួយនៃសេដ្ឋកិច្ចពិភពលោក នឹងរួចផុតពីផលប៉ះពាល់ឡើយ ប្រសិនបើរដ្ឋាភិបាលអាមេរិកធ្លាក់ទៅក្នុងស្ថានភាពមិនអាចបង់សងបំណុលបាន ហើយវិបត្តិមិនត្រូវបានដោះស្រាយបានយ៉ាងឆាប់រហ័សនោះទេ»។ លោក Zandi និងសហការីពីរនាក់នៅក្រុមហ៊ុន Moody’s បានសន្និដ្ឋានថា «បើទោះបីជាពិដានបំណុលអាចត្រូវបានពន្យារពេលឱ្យបានមួយសប្តាហ៍ក៏ដោយ ក៏សេដ្ឋកិច្ចរបស់អាមេរិកច្បាស់ជានឹងធ្លាក់ចុះយ៉ាងខ្លាំង ហើយនឹងយ៉ាងឆាប់រហ័សដែលអាចនឹងលុបចោលការងារប្រហែល ១,៥ លានកន្លែង»។

ប្រសិនបើការខកខានសងបំណុលរបស់រដ្ឋាភិបាលបន្តអូសបន្លាយពេលកាន់តែយូរជាងនេះរហូតដល់រដូវក្តៅ ផលវិបាកនឹងកាន់តែធ្ងន់ធ្ងរ ហើយលោក Zandi និងសហការីរបស់លោក បានរកឃើញបញ្ហាមួយចំនួននៅក្នុងការវិភាគរបស់ពួកគេ។ កំណើនសេដ្ឋកិច្ចរបស់អាមេរិកនឹងធ្លាក់ចុះ, ការងារនៅអាមេរិកចំនួន ៧,៨ លាននឹងរលាយបាត់, អត្រាការប្រាក់កម្ចីនឹងកើនឡើង, អត្រាគ្មានការងារធ្វើនឹងកើនឡើងពី ៣,៤% នៅពេលបច្ចុប្បន្ន ទៅដល់ ៨% ហើយការធ្លាក់ចុះនៃទីផ្សារភាគហ៊ុននឹងលុបបំបាត់ទ្រព្យសម្បត្តិគ្រួសារចំនួន ១០ ទ្រីលានដុល្លារ។

ជាក់ស្តែង បញ្ហាអាចនឹងមិនធ្ងន់ធ្ងរដល់ថ្នាក់នេះទេ។ សេតវិមាននិងសភារបស់បក្សសាធារណរដ្ឋ បានបញ្ចប់ការចរចាអំពីកម្រិតពិដានបំណុលកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ២១ ឧសភា) ហើយបានបន្តកិច្ចពិភាក្សានៅថ្ងៃចន្ទ ទី២២ ឧសភា។ បក្សសាធារណរដ្ឋបានគំរាមថានឹងសុខចិត្តឱ្យរដ្ឋាភិបាលធ្លាក់ទៅក្នុងស្ថានភាពមិនអាចបង់សងបំណុល (Default) ដោយបានបដិសេធមិនដំឡើងកម្រិតនៃពិដានបំណុលដែលអាចខ្ចីបាន លុះត្រាតែលោក Joe Biden និងគណបក្សប្រជាធិបតេយ្យយល់ព្រមកាត់បន្ថយការចំណាយ និងសម្បទានផ្សេងៗទៀត។

បំណុលរបស់អាមេរិកដែលត្រូវបានចាត់ទុកជាទ្រព្យសកម្មដែលមានសុវត្ថិភាពបំផុត គឺជាមូលដ្ឋានគ្រឹះនៃការធ្វើពាណិជ្ជកម្មសកលដែលបានពឹងផ្អែកលើការជឿទុកចិត្តអស់រយៈពេលជាច្រើនទសវត្សរ៍មកលើអាមេរិក។ ស្ថានភាពមិនអាចបង់សងបំណុល (Default) អាចបង្កផលប៉ះពាល់ដល់បំណុលរតនាគារក្នុងទំហំ ២៤ ទ្រីលានដុល្លារ, ធ្វើឱ្យទីផ្សារហិរញ្ញវត្ថុជាប់គាំង និងអាចបង្កឱ្យមានវិបត្តិអន្តរជាតិ។

លោក Eswar Prasad ដែលជាសាស្ត្រាចារ្យផ្នែកគោលនយោបាយពាណិជ្ជកម្មនៅសកលវិទ្យាល័យ Cornell និងជាអ្នកជំនាញជាន់ខ្ពស់នៅស្ថាប័ន Brookings បាននិយាយថា «ស្ថានភាពមិនអាចបង់សងបំណុល (Default) គឺជាព្រឹត្តិការណ៍ដ៏មហន្តរាយមួយ ជាមួយនិងរឿងមិនអាចទាយទុកជាមុនបានជាច្រើន ហើយការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុអាមេរិកនិងពិភពលោក អាចនឹងកើតមាន»។

ការគំរាមកំហែងនេះបានកើតឡើង ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងការគំរាមកំហែងជាច្រើន រាប់ចាប់ពីការកើនឡើងនៃអត្រាអតិផរណានិងអត្រាការប្រាក់រហូតដល់ផលប៉ះពាល់ជាបន្តបន្ទាប់នៃការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការបង្កើនការគ្រប់គ្រងដោយរបបផ្តាច់ការ។ លើសពីនោះ ប្រទេសជាច្រើនកាន់តែមានការសង្ស័យអំពីតួនាទីដ៏លើសលប់របស់អាមេរិកនៅក្នុងហិរញ្ញវត្ថុសកល។

កាលពីមុន មេដឹកនាំនយោបាយអាមេរិកតែងអាចចៀសផុតពីបញ្ហា និងបានបង្កើនដែនកំណត់បំណុលទាន់ពេលវេលា នៅមុនពេលដែលវាយឺតពេល។ សភាបានដំឡើង, កែសម្រួល ឬបង្កើនការខ្ចីប្រាក់ចំនួន ៧៨ លើកមកហើយ ចាប់តាំងពីឆ្នាំ ១៩៦០ មក ដែលភាគច្រើនបំផុតបានកើតឡើងនៅឆ្នាំ ២០២១។ បញ្ហាបានវិវឌ្ឍកាន់តែអាក្រក់ទៅៗ។ ការបែកបាក់គ្នារវាងគណបក្សនៅក្នុងសភាបានរីកកាន់តែធំ ខណៈដែលបំណុលក៏បានបន្តកើនឡើងបន្ទាប់ពីការបង្កើនការចំណាយអស់រយៈពេលជាច្រើនឆ្នាំ បូករួមនឹងការកាត់ពន្ធយ៉ាងសន្ធឹកសន្ធាប់។

រដ្ឋមន្ត្រីក្រសួងរតនាគារ លោកស្រី Janet Yellen បានព្រមានថា «រដ្ឋាភិបាលអាចធ្លាក់ក្នុងស្ថានភាព Default នៅថ្ងៃ ទី ១ ខែមិថុនា ប្រសិនបើសមាជិកសភានៅតែមិនព្រមព្រៀងដំឡើងដែនកំណត់បំណុល»។ លោក Maurice Obstfeld ដែលជាសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិនិងជាអតីតប្រធានសេដ្ឋវិទូនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា «ប្រសិនបើភាពគួរឱ្យទុកចិត្តបានរបស់ក្រសួងរតនាគារធ្លាក់ចុះខ្សោយដោយសារហេតុផលណាមួយ នោះវានឹងបញ្ជូនសម្ពាធទៅកាន់គ្រប់ប្រព័ន្ធទាំងអស់ និងអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងក្លាចំពោះកំណើនពិភពលោក»។

ក្រសួងរតនាគារត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាវត្ថុបញ្ចាំសម្រាប់ប្រាក់កម្ចី, ជារនាំងការពារប្រឆាំងនឹងការខាតបង់របស់ធនាគារ, ជាជម្រកនៅក្នុងគ្រាកើតមានភាពមិនប្រាកដប្រជា និងជាកន្លែងសម្រាប់ធនាគារកណ្តាលរក្សាទុនបម្រុងប្តូរប្រាក់បរទេស។ បំណុលរបស់រដ្ឋាភិបាលអាមេរិក ដែលរួមមានបណ្ណរតនាគារ និងមូលបត្របំណុល អាចប្រឈមមុខនឹងហានិភ័យ។ រដ្ឋាភិបាលបរទេសនិងអ្នកវិនិយោគឯកជន បានកាន់កាប់បំណុលជិត ៧,៦ ពាន់ពាន់លានដុល្លារ ដែលមានចំនួនស្មើនឹង ៣១% នៃមូលនិធិរបស់រតនាគារនៅក្នុងទីផ្សារហិរញ្ញវត្ថុ។

ដោយសារតែឥទ្ធិពលនៃប្រាក់ដុល្លារដែលបានក្លាយជារូបិយបណ្ណសកលចាប់តាំងពីសង្គ្រាមលោកលើកទី២ វាបានផ្តល់ភាពងាយស្រួលដល់អាមេរិកក្នុងការខ្ចីនិងផ្តល់ហិរញ្ញប្បទានដល់បំណុលរដ្ឋាភិបាល ដែលបានបន្តកើនឡើងឥតឈប់ឈរ។ តម្រូវការខ្ពស់សម្រាប់ប្រាក់ដុល្លារក៏បានធ្វើឱ្យវាមានតម្លៃខ្ពស់ជាងរូបិយបណ្ណផ្សេងទៀតផងដែរ។ ប៉ុន្តែប្រាក់ដុល្លារដ៏រឹងមាំបានធ្វើឱ្យទំនិញអាមេរិកមានតម្លៃថ្លៃ បើប្រៀបធៀបទៅនឹងគូប្រជែងបរទេសរបស់ពួកគេ ដែលជាហេតុធ្វើឱ្យអ្នកនាំចេញអាមេរិកពិបាកក្នុងការប្រកួតប្រជែង។

នេះគឺជាហេតុផលមួយដែលធ្វើឱ្យអាមេរិកមានឱនភាពពាណិជ្ជកម្មជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៧៥ មក។ ក្នុងចំណោមទុនបម្រុងប្តូរប្រាក់បរទេសទាំងអស់ដែលកាន់កាប់ដោយបណ្តាធនាគារកណ្តាលរបស់ពិភពលោក ប្រាក់ដុល្លារអាមេរិកមានចំណែក ៥៨%។ ស្ថិតនៅលេខរៀងទី២ គឺប្រាក់អឺរ៉ូ (២០%) ហើយបើយោងតាម ​​IMF «ប្រាក់យ័នរបស់ចិនមានចំនួនតិចជាង ៣%»។ អ្នកស្រាវជ្រាវនៅធនាគារកណ្តាលអាមេរិកបានគណនាថា «ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៩ ការធ្វើពាណិជ្ជកម្ម ៩៦% នៅអាមេរិក ត្រូវបានចេញវិក្កយបត្រគិតជាប្រាក់ដុល្លារអាមេរិក ខណៈ ៧៤% នៃការធ្វើពាណិជ្ជកម្មនៅអាស៊ី ក៏ត្រូវបានចេញវិក្កយបត្រគិតជាប្រាក់ដុល្លារអាមេរិកដែរ»។

នៅកន្លែងផ្សេងក្រៅពីអឺរ៉ុបដែលជាកន្លែងដែលប្រាក់អឺរ៉ូមានឥទ្ធិពលខ្លាំង ប្រាក់ដុល្លារមានចំណែក ៧៩% នៃការធ្វើពាណិជ្ជកម្ម។ រូបិយបណ្ណ​របស់​អាមេរិក​មានភាពរឹងមាំរហូតដល់ឈ្មួញ​ក្នុង​ប្រទេស​ដែល​មានសេដ្ឋកិច្ច​មិន​ស្ថិតស្ថេរ​មួយ​ចំនួន​ តម្រូវឱ្យធ្វើ​ការ​ទូទាត់​ជា​ប្រាក់​ដុល្លារជំនួស​ឲ្យ​រូបិយបណ្ណ​របស់​ប្រទេស​ខ្លួន។ សូមពិចារណាអំពីប្រទេសស្រីលង្កា ដែលបានរងគ្រោះដោយសារអតិផរណា និងការធ្លាក់ចុះដ៏គួរឱ្យកត់សម្គាល់នៃរូបិយបណ្ណក្នុងស្រុក។

កាលពីដើមឆ្នាំនេះ អ្នកដឹកជញ្ជូនបានបដិសេធមិនបញ្ចេញកុងតឺន័រចំនួន ១ ០០០ ទូ ដែលផ្ទុកនូវអាហារដែលត្រូវការជាបន្ទាន់ លុះត្រាតែការទូទាត់ត្រូវបានបង់ជាប្រាក់​ដុល្លារអាមេរិក។ ការ​នាំ​ចេញ​បានជាប់​គាំង​នៅ​កន្លែង​ចត​ក្នុង​ទីក្រុង Colombo ដោយ​សារ​តែ​អ្នក​នាំ​ចូល​មិន​អាច​រក​ប្រាក់​ដុល្លារ​ដើម្បី​បង់​​ឱ្យ​អ្នក​ផ្គត់ផ្គង់។

លោក Nihal Seneviratne ដែលជាអ្នក​នាំ​ពាក្យ​របស់មាគម​ក្រុមហ៊ុន​នាំ​ចូល និង​ជាពាណិជ្ជករនៅក្នុង​សមាគម​ក្រុមហ៊ុន​នាំ​ចូល​អាហារ​បាន​និយាយ​ថា​ «​បើ​គ្មាន​ប្រាក់​ដុល្លារ​ទេ យើង​មិន​អាច​ធ្វើ​ប្រតិបត្តិការ​បាន​ទេ។ នៅពេល​យើង​នាំចូល យើង​ត្រូវ​ប្រើ​រូបិយបណ្ណភាគច្រើន​ជា​ដុល្លារ​អាមេរិក»។ ដូចគ្នានេះដែរ ហាងនិងភោជនីយដ្ឋានជាច្រើននៅលីបង់ ដែលអតិផរណាបានកើនឡើង ហើយរូបិយបណ្ណបានធ្លាក់ចុះ ក៏កំពុងតម្រូវឱ្យធ្វើការទូទាត់ជាដុល្លារអាមេរិកផងដែរ។

នៅឆ្នាំ ២០០០ ប្រទេសអេក្វាឌ័របានឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចតាមរយៈការជំនួសរូបិយបណ្ណផ្ទាល់ខ្លួន (Sucre) ដោយប្រាក់ដុល្លារអាមេរិក ដែលនេះគឺជាដំណើរការមួយដែលមានឈ្មោះថា «ដុល្លារូបនីយកម្ម» ហើយប្រទេសនេះក៏បានបន្តជាប់គាំងនៅក្នុងការប្រើប្រាស់ប្រាក់ដុល្លារ។ សូម្បីតែនៅពេលដែលវិបត្តិមានប្រភពកើតចេញពីអាមេរិក ក៏ប្រាក់ដុល្លារនៅតែជារូបិយបណ្ណដ៏សំខាន់របស់វិនិយោគិន។

នេះគឺជាអ្វីដែលបានកើតឡើងនៅចុងឆ្នាំ ២០០៨ នៅពេលដែលការដួលរលំនៃទីផ្សារអចលនទ្រព្យរបស់អាមេរិកបាននាំមកនូវការដួលរំលំធនាគារនិងក្រុមហ៊ុនហិរញ្ញវត្ថុរាប់រយ បូករួមទាំង Lehman Brothers ដែលធ្លាប់តែមានអំណាច។ នៅពេលនោះ «តម្លៃប្រាក់ដុល្លារបានកើនឡើងយ៉ាងគំហ៊ុក»។ លោក Clay Lowery ដែលដឹកនាំការស្រាវជ្រាវនៅវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ បាននិយាយថា «បើទោះបីជាយើងជាបញ្ហាក៏ដោយ ដុល្លារនៅតែជាស្តេច»។

ប្រសិនបើអាមេរិកមិនអាចដោះស្រាយជម្លោះ ហើយក្រសួងរតនាគារមិនអាចទូទាត់សងបំណុលបានទេនោះ លោក Zandi បាននិយាយថា «ប្រាក់ដុល្លារនឹងកើនឡើងជាថ្មីម្តងទៀត ដោយសារតែភាពមិនច្បាស់លាស់ និងការភ័យខ្លាច។ វិនិយោគិនអន្តរជាតិនឹងមិនដឹងថាត្រូវទៅទីណាទេ ក្រៅតែពីកន្លែងដែលពួកគេតែងតែទៅនៅពេលដែលមានវិបត្តិដែលនោះគឺអាមេរិក»។

ប៉ុន្តែទីផ្សាររតនាគារអាចនឹងរងនូវការជាប់គាំង ដោយក្នុងនោះប្រសិនបើការសង្ស័យបន្តកើនឡើង នោះវានឹងធ្វើឱ្យតម្លៃប្រាក់ដុល្លារធ្លាក់ចុះ ហើយនឹងបន្តធ្លាក់ចុះកាន់តែខ្លាំង។ លោក Lowery ដែលជាជំនួយការរដ្ឋមន្ត្រីក្រសួងរតនាគារក្នុងអំឡុងពេលកើតមានវិបត្តិឆ្នាំ ២០០៨ បាននិយាយថា «អាមេរិកគួរបន្តបង់ថ្លៃការប្រាក់ដល់ម្ចាស់បណ្ណបំណុលហើយត្រូវព្យាយាមបំពេញកាតព្វកិច្ចផ្សេងៗទៀតរបស់ខ្លួនដែលរួមមានជាមួយអ្នកម៉ៅការនិងអ្នកចូលនិវត្តន៍ រហូតដល់បណ្ណទាំងនោះឈានដល់កាលកំណត់ដែលអាចប្រមូលប្រាក់មកវិញបាន»។

ឧទាហរណ៍ : សម្រាប់បណ្ណដែលដល់កំណត់នៅថ្ងៃទី ៣ ខែមិថុនា រដ្ឋាភិបាលអាចនឹងបង់សងនៅថ្ងៃទី ៥ ខែមិថុនា។ ការធូរស្រាលបន្តិចនឹងមកដល់នៅថ្ងៃទី ១៥ ខែមិថុនា ដែលជាពេលដែលប្រាក់ចំណូលរបស់រដ្ឋាភិបាលនឹងហូរចូល ខណៈដែលអ្នកជាប់ពន្ធជាច្រើននឹងមកធ្វើការទូទាត់ពន្ធសម្រាប់ត្រីមាសទី២។

លោក Lowery បាននិយាយថា «រដ្ឋាភិបាលអាចនឹងត្រូវរងនូវការប្តឹងពីសំណាក់អ្នកដែលមិនទទួលបានការទូទាត់ ដែលជាអ្នកស្ថិតនៅក្រៅអត្ថប្រយោជន៍អតីតយុទ្ធជន ឬសន្តិសុខសង្គម ហើយភ្នាក់ងារវាយតម្លៃអាចនឹងទម្លាក់ចំណាត់ថ្នាក់បំណុលរបស់អាមេរិក បើទោះបីជាក្រសួងរតនាគារនៅតែបន្តបង់ការប្រាក់ដល់ម្ចាស់បណ្ណបំណុលក៏ដោយ»។

ប្រាក់ដុល្លារ ទោះបីជាវានៅតែមានភាពលេចធ្លោជាសកលក៏ដោយ ក៏វាបានបាត់បង់មូលដ្ឋានមួយចំនួននៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារបណ្តាធនាគារ, អាជីវកម្ម និងអ្នកវិនិយោគកាន់តែច្រើនបានងាកទៅរកប្រាក់អឺរ៉ូ និងប្រាក់យ័នរបស់ចិន។ ប្រទេសផ្សេងទៀតមានការមិនសប្បាយចិត្តអំពីរបៀបដែលការឡើងចុះនៃតម្លៃប្រាក់ដុល្លារបានបង្កផលប៉ះពាល់ដល់រូបិយបណ្ណ និងសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ។

ប្រាក់ដុល្លារកើនឡើងអាចបង្កឱ្យមានវិបត្តិនៅបរទេស តាមរយៈការទាញការវិនិយោគចេញពីប្រទេសផ្សេងៗ និងអាចបង្កើនការចំណាយលើការសងប្រាក់កម្ចីដែលគិតជាប្រាក់ដុល្លារ។ កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការប្រើប្រាស់អំណាចនៃប្រាក់ដុល្លារដើម្បីដាក់ទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងនឹងគូប្រជែង និងសត្រូវក៏ត្រូវបានប្រទេសមួយចំនួនសម្តែងនូវការមិនពេញចិត្តផងដែរ។

រហូត​មក​ទល់​ពេល​នេះ វានៅមិន​ទាន់​មាន​ជម្រើស​ច្បាស់​លាស់​ណា​មួយ​លេច​ឡើង​នោះទេ។ ប្រាក់អឺរ៉ូនៅតែស្ថិតនៅឆ្ងាយពីប្រាក់ដុល្លារ ហើយសូម្បីតែប្រាក់យ័នរបស់ចិនក៏ដូចគ្នាដែរ ខណៈដែលចិនបានបដិសេធមិនអនុញ្ញាតឱ្យមានការធ្វើពាណិជ្ជកម្មរូបិយបណ្ណរបស់ខ្លួនដោយសេរីនៅក្នុងទីផ្សារពិភពលោក។

បញ្ហា​បំណុល​នឹងបង្កើននូវការសង្ស័យពាក់ព័ន្ធនឹង​អំណាច​ហិរញ្ញវត្ថុ​ដ៏​សម្បើម​របស់​អាមេរិកនិង​ប្រាក់​ដុល្លារ។ លោក Obstfeld បាន​និយាយ​ថា «សេដ្ឋកិច្ច​ពិភពលោក​កំពុងស្ថិត​នៅ​ក្នុងទីតាំងដ៏​ផុយស្រួយដ៏​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ពេល​នេះ។ ​ការ​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​មួយដោយសារអាមេរិកមិនអាចបំពេញ​កាតព្វកិច្ច​របស់ខ្លួន គឺ​ជា​រឿងដែលគ្មានទំនួល​ខុស​ត្រូវជាទីបំផុត»៕

Channel News Asia