ខ្មែរប៉ុស្ដិ៍ Close

    នោះៗ!! អគ្គនាយកដ្ឋាន​កាំកុងត្រូល ហាម​ពលរដ្ឋ​ទិញ​ផលិតផល​អាមេរិក​ក្រោយ​រក​ឃើញ​សារជាតិ​ពុល និង​មេរោគ​

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1460

    ភ្នំពេញ៖ បន្ទាប់ពី​ទទួល​បាន​ដំណឹង​អំពី​ការ​ប្រមូល​ត្រឡប់មកវិញ ពី​ទីផ្សារ​សហរដ្ឋអាមេរិក​ដោយ​ស្ម័គ្រចិត្ត​នូវ​ផលិតផល Kellogg’s HoneySmack cereal ដោយ​ក្រុមហ៊ុន​ខេ​ឡូ​ក ខម​ផេ​នី (Kellogg Company) របស់​សហរដ្ឋអាមេរិក អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បាន​អំពាវនាវ​ដល់​សាធារណជន​សូម​កុំ​ទិញ​និង​ទទួលទាន​ផលិតផល​នេះ ក្រោយ​ក្រុមហ៊ុន​រក​ឃើញថា ​មាន​សារ​ជាតិពុល​និង​មេរោគ​ចម្លង​។​

    ​នៅក្នុង​សេចក្តី​ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូលកម្ពុជា ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានធ្វើការ​ជម្រាបជូន​ដល់​សាធារណៈ ពាណិជ្ជករ នាំចូល អាជីវករ​លក់ដុំ លក់រាយ​ជ្រាបថា រដ្ឋបាល​ឱសថ និង​ម្ហូបអាហារ​សហរដ្ឋអាមេរិក បាន​ជូនដំណឹង​អំពី​ការប្រមូល​ត្រឡប់មកវិញ ពី​ទីផ្សារ​សហរដ្ឋអាមេរិក​ដោយ​ស្ម័គ្រចិត្ត នូវ​ផលិតផល ខេ​ឡូ​ក ហាន់​នី ម្ម៉េ​ក​ហ្សឺ​រៀល បន្ទាប់ពី​រដ្ឋបាល​ឱសថ​និង​ម្ហូបអាហារ រួមជាមួយ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​ការពារ​ជម្ងឺឆ្លង​សហរដ្ឋអាមេរិក បាន​ស្រាវជ្រាវ​រកឃើញ​ប្រភព​នៃ​ការពុល​ម្ហូបអាហារ​បណ្តា​ល​មកពី​ការទទួល ទាន​ផលិតផល​ខាងលើ​ដែល​ចែកចាយ​ដោយ​ក្រុមហ៊ុន​អាមេរិក មាន​សក្តានុពល​ចម្លង​ចូល​បាក់តេរី​សាម៉ុន​ណេ​ឡា (Salmonella)​។

    ​ការទទួល​ទាន​អាហារ ដែលមាន​ការចម្លង​ចូល​បាក់តេរី​នេះ បណ្តាល​ឲ្យ​មាន​ជម្ងឺ​ប្រព័ន្ធ​រំលាយ​អាហារ គ្រុនពោះវៀន​។​ល​។ ស្ត្រី​មាន​ផ្ទៃពោះ ទារក កុមារ​តូច និង​មនុស្ស​ចាស់ គឺជា​ជនរងគ្រោះ​។​

    ​សេចក្តីជូនដំណឹង​ដដែល​បាន​បន្តថា ជុំវិញ​បញ្ហា​នេះ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​នឹង​កំពុង​ចាត់វិធានការ រួមមាន រាំងខ្ទប់​មិន​ឲ្យ​នាំចូល​ផលិតផល​ដូច​បាន​អធិប្បាយ​, ផ្តល់​ព័ត​មាន​ដល់​ក្រុមហ៊ុន​នាំចូល​ដល់​អាជីវករ​លក់ដុំ និង​រាយ​ក្នុងករណី​មាន​នាំចូល​និង​មាន​ចរាចរ​លើ​ទីផ្សារ និង​ត្រួតពិនិត្យ​នៅតាម​ទីផ្សារ​ធំ តូច ផ្សារ​ទំនើប ដើម្បី​សម្របសម្រួល និង​មាន​វិធានការ​តាម​នីតិវិធី​ប្រសិនបើ​មានការ​ដាក់តាំង​លក់​។​

    ​ដើម្បី​ទប់ស្កាត់​គ្រោះ​ថ្នា ក់​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ជាយថាហេតុ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​អំពាវនាវ​ដល់​សាធារណៈជន សូមកុំ​ទិញ​ផលិតផល​ដូច​ជម្រាបជូន​ខាងលើ និង​សូមជួយ​សហការ​ផ្តល់​ព័ត​មាន ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ​៕

    ប្រភព៖ BTV cambodia

    អត្ថបទទាក់ទង