ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារដឹកជញ្ជូនថ្មទៅជួសជុលរួតបាកាណនៃប្រាសាទអង្គរវត្ត មានអារម្មណ៍ថាពួកគេដូចជាបាននៅក្នុងសម័យកាលនៃការសាងសង់ប្រាសាទ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 31
ក្រុមការងារដឹកជញ្ជូនថ្មទៅជួសជុលរួតបាកាណនៃប្រាសាទអង្គរវត្ត មានអារម្មណ៍ថាពួកគេដូចជាបាននៅក្នុងសម័យកាលនៃការសាងសង់ប្រាសាទ ក្រុមការងារដឹកជញ្ជូនថ្មទៅជួសជុលរួតបាកាណនៃប្រាសាទអង្គរវត្ត មានអារម្មណ៍ថាពួកគេដូចជាបាននៅក្នុងសម័យកាលនៃការសាងសង់ប្រាសាទ

ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកអូសថ្មភក់ឡើងទៅលើរួតបាកាណនៃប្រាសាទអង្គរវត្ត ដើម្បីជួសជុលនិងពង្រឹងឡើងវិញនៅតាមកន្លែងថ្មដែលញែកចេញពីគ្នា និងបាត់បង់ថ្មឱ្យប្រសើរឡើងវិញ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៣មក។ ដោយសារតែទីតាំងក្នុងបរិវេណប្រាសាទ មានទីធ្លាតូចចង្អៀតមិនអំណោយផលក្នុងការប្រើឧបករណ៍ទំនើបដូចជា ឡានស្ទួចសម្រាប់លើកថ្មធំៗបាន និងដើម្បីការពារកុំឱ្យប៉ះពាល់ដល់ប្រាសាទក្នុងកំឡុងពេលដឹកជញ្ជូនថ្មផង ក្រុមការងារបានរៀបចំរន្ទាធ្វើជាស្ពានសម្រាប់អូសថ្ម ចាប់ពីចំណុចកណ្តាលនៃថែវកូរសមុទ្រទឹកដោះ ដោយប្រើរទេះអូស។ ផុតពីដំណាក់កាលនេះ ក្រុមការងារត្រូវប្រើកៅឡាក់ស្ទួចយកថ្មទៅជាន់ទី២នៃប្រាសាទបន្តទៀត និងអូសដោយរទេះម្តងមួយដុំៗទៅកាន់ការដ្ឋានជួសជុលដែលត្រូវប្រើកម្លាំងមនុស្សសុទ្ធសាធ។

សកម្មភាពនេះ បានធ្វើឱ្យក្រុមការងារមានអារម្មណ៍ថា ពួកគេហាក់ដូចជាបានវិលត្រឡប់ទៅកាន់សម័យកាល ដែលកំពុងសាងសង់ប្រាសាទ ហើយគេគិតថា ខ្លួនឯងកាលពីជាតិមុនអាចជាអ្នកសាងសង់ប្រាសាទផងក៏មិនដឹង។បើទោះបីជាការអូសទាញថ្មមានការលំបាកយ៉ាងណា ក្រុមការងារជួសជុលនៅតែមានមោទនភាព ដោយសារតែពួកគេបានចូលរួមការងារដ៏មានតម្លៃមួយនេះ និងរឹតតែជំរុញទឹកចិត្តពួកគាត់មានទឹកចិត្តតស៊ូ ជំនៈនូវឧបសគ្គផ្សេងៗ ព្រមទាំងសាមគ្គីគ្នាជាកម្លាំងតែមួយក្នុងការអូសថ្មដែលមានទម្ងន់ធ្ងន់ៗឱ្យបានដល់គោលដៅ។

លោក ម៉ៅ ឡាន ក្រុមការងារអូសថ្មម្នាក់មានប្រសាសន៍ថា កន្លងមកមិនមានការដ្ឋានការងារណាមានឧបសគ្គច្រើន ត្រូវប្រើកម្លាំងមនុស្សអូសទាញដុំថ្មធំៗ ច្រើនដំណាក់កាលដូចនៅប្រាសាទអង្គរវត្តនោះទេ។ លោកមានប្រសាសន៍បន្តទៀតថា រូបលោកគឺជាអ្នកដែលមានវ័យចំណាស់ជាងគេនៅក្នុងក្រុម ដែលមានតួនាទីអូសថ្ម។ បើទោះបីជាយ៉ាងណា ក្នុងនាមជាអ្នកមានបទពិសោធន៍លើការងារជួសជុលប្រាសាទជាច្រើនឆ្នាំមកហើយ លោកតែងតែផ្តល់យោបល់ដល់ក្មេងៗជំនាន់ក្រោយជានិច្ច។ លោក ម៉ៅ ឡាន ឱ្យដឹងទៀតថា ការអូសថ្ម១ដុំៗយកទៅជួសជុលប្រាសាទបាន គឺត្រូវរៀបរន្ទាដោយប្រើដែក និងឈើធ្វើជាស្ពានជាមុន ដើម្បីការពារកុំឱ្យប៉ះពាល់ដល់ថ្មប្រាសាទ។ ចំណែកការងារទៀតសោតក៏ត្រូវមានភាពអត់ធ្មត់ និងធ្វើដោយក្តីស្រលាញ់ ពីព្រោះប្រាសាទអង្គរវត្តគឺជាដួងព្រលឹងរបស់ខ្មែរ តាំងពីបុរាណកាលដែលមិនអាចកាត់ថ្លៃបាន។

លោក ស៊ុ ស៊ីន គឺជាយុវជនម្នាក់ទៀតនៅក្នុងក្រុមការងារអូសថ្ម ដែលមានវ័យក្មេងជាងគេបានយល់ឃើញថា កាលពីជាតិមុន រូបលោកប្រហែលជាអ្នកកសាងប្រាសាទក៏មិនដឹង ទើបធ្វើឱ្យពេលនេះ មានចិត្តស្រលាញ់ប្រាសាទបុរាណ ហើយបច្ចុប្បន្ន រូបលោកក៏ពេញរួមចំណែកក្នុងការងារនេះដែរ។ យុវជន ស៊ុ ស៊ីន យល់ថា ការងារជួសជុលប្រាសាទបុរាណដោយប្រើកម្លាំងមនុស្សសុទ្ធនេះ អាចសម្រេចទៅបានដោយសារតែកម្លាំងសាមគ្គីគ្នា។

ជារៀងរាល់ថ្ងៃក្រុមការងាររបស់គាត់ពេញចិត្តនិងធ្វើការងារអូសទាញថ្មធំៗឡើងទៅជួសជុលប្រាសាទបុរាណនេះយ៉ាងខ្លាំង ដោយមិនមានសម្ពាធ និងមិនសូវហត់នឿយទេ គឺបែរជាសប្បាយទៅវិញ នៅពេលដែលបានធ្វើការងារជួយថែរក្សា និងការពារស្នាដៃរបស់ដូនតា សម្រាប់ បន្សល់ទុកឱ្យក្មេងៗជំនាន់ក្រោយបានឃើញយូរអង្វែងតទៅមុខទៀតនោះ៕

អត្ថបទ៖ យី សុថា
រូបភាព៖ ភោគជា

អត្ថបទទាក់ទង