សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន៤ពាន់នាក់មកពីរោងចក្រនានានៅតំបន់ចំការដូង
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១,៤០០នាក់ មកពីរោងចក្រចំនួន២០ នៅតំបន់ចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកបានសម្រេចចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រនានាដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី និងដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់កម្មករ កម្មការិនីផងដែរ។ ជាពិសេសដើម្បីជំរុញការអនុវត្តគោលនយោបាអភិវឌ្ឍន៍វិស័យឧស្សាហកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
តាមរយ:កម្មវិធីសំណេះសំណាលនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរកឃើញបញ្ហាប្រឈមជាច្រើនរបស់កម្មករ កម្មការិនី ក្នុងការបម្រើការងាររបស់ពួកគេ ហើយក៏បានផ្តល់ដំណោះស្រាយជាបន្តបន្ទាប់។ តាមរយៈជំនួបជាបន្តបន្ទាប់នេះ សម្តេច ហ៊ុន សែន ក៏បានផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់បងប្អូនកម្មករ កម្មការិនី ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព ការរក្សានិងបង្កើតការងារជូនកម្មករ និយោជិត ការសម្រួលដល់ការវិនិយោគ ការលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត និងនិយោជកផងដែរ។
ជាការកត់សម្គាល់គ្រប់ជំនួបរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយកម្មករ កម្មការិនី ទទួលបានការគោរពស្រឡាញ់ជាខ្លាំងពីសំណាក់កម្មករ កម្មការិនី ហើយពួកគេក៏បានព្យាយាមថតរូបជាមួយលោកដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការរស់នៅ និងការបម្រើការងាររបស់ពួកគេពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមកម្មករ កម្មការិនី បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសដែលតែងតែគិតគូរយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋ៕