ខ្មែរប៉ុស្ដិ៍ Close

    សេណារីយ៉ូ ៣ សម្រាប់ដំណាក់កាលបន្ទាប់នៃសង្រ្គាមអ៊ុយក្រែន និងអត្ថន័យនៃសេណារីយ៉ូនីមួយៗសម្រាប់ចិន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1734
    សេណារីយ៉ូ ៣ សម្រាប់ដំណាក់កាលបន្ទាប់នៃសង្រ្គាមអ៊ុយក្រែន និងអត្ថន័យនៃសេណារីយ៉ូនីមួយៗសម្រាប់ចិនSOPA/Alamy

    ចិនកំពុងត្រៀមរៀបចំខ្លួនសម្រាប់ការបង្កើនអំណាចសកលនៅក្រោយសង្រ្គាមនៅអ៊ុយក្រែនបញ្ចប់។ ប៉ុន្តែសំណួរនៅពេលនេះសម្រាប់ប្រធានាធិបតីចិន Xi Jinping គឺថា «តើសេណារីយ៉ូមួយណាដែលទំនងនឹងកើតឡើង, តើចិនអាចដើរតួនាទីអ្វីបាន ហើយតើលទ្ធផលនីមួយៗនឹងមានន័យយ៉ាងណាសម្រាប់ចិន»។

    នៅពេលដែលសង្រ្គាមនៅតែបន្តអូសបន្លាយ ភាពខ្លាំងនៃការសហការគ្នារវាងចិននិងរុស្ស៊ីនឹងត្រូវរងនូវការធ្វើតេស្តសាកល្បងដែលមិនធ្លាប់មានពីមុនមក។ មិនថារុស្ស៊ីឈ្នះឬចាញ់ ឬសង្រ្គាមនៅតែមិនអាចស្វែងរកដំណោះស្រាយបាននោះក៏ដោយ ក៏បញ្ហាទាំងអស់នេះនឹងបង្កបញ្ហាសម្រាប់ប្រទេសចិនដែលបាននិងកំពុងបង្កើនជំហររបស់ខ្លួនក្នុងនាមជាអ្នកបង្កើតសន្តិភាពនៅក្នុងអំឡុងពេលកើតមានជម្លោះ។ វាមានសេណារីយ៉ូជាច្រើនទាក់ទងនឹងសង្រ្គាមនេះ។

    សេណារីយ៉ូទី១ – អ៊ុយក្រែនឈ្នះ

    ការចាញ់របស់រុស្ស៊ីនៅអ៊ុយក្រែននឹងបញ្ជូនសញ្ញាដ៏មានអានុភាពស្តីអំពីភាពធន់របស់លោកខាងលិច និងភាពខ្សោយរបស់ជនឈ្លានពានផ្តាច់ការ។ ការវិវឌ្ឍបែបនេះនឹងបង្កផលប៉ះពាល់ដល់រឿងរ៉ាវដ៏សំខាន់មួយដែលត្រូវបានចែករំលែកនៅក្នុងបក្សកុម្មុយនីស្តចិន ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៨/២០០៩ ដែលថា «លោកខាងលិចកំពុងធ្លាក់ចុះ ហើយគូប្រជែងរបស់ខ្លួន ជាពិសេសប្រទេសចិន កំពុងកើនឡើងឥទ្ធិពល»។

    ជ័យជម្នះរបស់អ៊ុយក្រែនដែលត្រូវបានគាំទ្រដោយលោកខាងលិចនឹងធ្វើឱ្យលោក Xi ស្ថិតក្នុងស្ថានភាពមិនស្រណុក។ ទោះជាយ៉ាងណាក៏ដោយ សង្គ្រាមតែងតែបញ្ចប់ទៅជាមួយនឹងភាពរញ៉េរញ៉ៃ។ ប្រសិនបើរុស្ស៊ីត្រូវចាញ់ ហើយប្រសិនបើការបរាជ័យនេះនឹងនាំមកនូវការចាកចេញរបស់ប្រធានាធិបតី Vladimir Putin និងបក្ខពួករបស់លោកផងនោះ រដ្ឋាភិបាលរុស្ស៊ីថ្មីអាចនឹងកាត់បន្ថយទំនាក់ទំនងជាមួយចិន ហើយអាចងាកទៅស្តារទំនាក់ទំនងល្អឡើងវិញជាមួយលោកខាងលិច ដែលអាចបង្កផលប៉ះពាល់ខ្លាំងដល់ចិន។

    សេណារីយ៉ូទី២ – រុស្ស៊ីឈ្នះ

    ជ័យជម្នះរបស់រុស្ស៊ីនៅចំពេលការគាំទ្ររបស់លោកខាងលិចចំពោះអ៊ុយក្រែនកំពុងធ្លាក់ចុះ នឹងផ្តល់អំណាចដល់ប្រទេសចិន។ ចិនអាចនឹងត្រូវបានជំរុញឆ្ពោះទៅរកការធ្វើសកម្មភាពកាន់តែគ្រោះថ្នាក់ជាងមុន ជាពិសេសនៅក្នុងតំបន់របស់ខ្លួន។ ក្នុងកាលៈទេសៈបែបនេះ តៃវ៉ាន់អាចរងនូវសម្ពាធដ៏ធំពីសំណាក់កងកម្លាំងប្រដាប់អាវុធចិន ដែលជាហេតុនឹងបង្ខំអាមេរិកឱ្យធ្វើការសម្រេចចិត្តថា «តើខ្លួនត្រូវដាក់ចេញនូវវិធានការឆ្លើយតបផ្នែកយោធាដែរឬអត់»។

    ជាងនេះទៅទៀត ជំហររបស់ចិនចំពោះអឺរ៉ុបនឹងមានភាពកាន់តែរឹងមាំ ដែលនឹងអនុញ្ញាតឱ្យចិនអាចទទួលបានជោគជ័យក្នុងការបំបាក់ទឹកចិត្តបណ្តារដ្ឋអឺរ៉ុបឱ្យងាកចេញពីអាមេរិក។ មនុស្សមួយចំនួនអាចនឹងលើកហេតុផលថា «រុស្ស៊ីដ៏ទន់ខ្សោយឬចាញ់សង្គ្រាមអាចជារឿងល្អសម្រាប់ចិន»។ ជាឧទាហរណ៍ : ចិនអាចដើរតួនាទីកាន់តែសកម្មនៅក្នុងតំបន់អាស៊ីកណ្តាល ឬបង្ខំរុស្ស៊ីឱ្យទទួលយកការពឹងផ្អែកកាន់តែខ្លាំងលើខ្លួនទាំងក្នុងផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

    សេណារីយ៉ូទី៣ – ភាពជាប់គាំង

    វាអាចទៅរួចបំផុតដែលថា «សង្រ្គាមនឹងបន្តស្ថិតក្នុងស្ថានភាពជាប់គាំង»។ រឿងនេះអាចជាអ្វីដែលចិនចង់បាន ដោយសារតែចិននឹងអាចបន្តទទួលបាននូវអត្ថប្រយោជន៍ពីទំនិញថោកៗរបស់រុស្ស៊ី។ ការពឹងផ្អែករបស់រុស្ស៊ីលើចិនដែលបានកើនឡើងចាប់តាំងពីឆ្នាំ ២០១៤ នឹងរីកកាន់តែធំដែល នៅទីបំផុតអាចធ្វើឱ្យរុស្ស៊ីពឹងផ្អែកជាអចិន្ត្រៃយ៍លើចិនសម្រាប់វត្ថុធាតុដើម។

    វាគឺជាសុបិន្តដ៏អាក្រក់សម្រាប់អ្នកបង្កើតគោលនយោបាយរុស្ស៊ីនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ក៏ប៉ុន្តែសេណារីយ៉ូនេះពិតជាអាចក្លាយជាការពិត។ សេណារីយ៉ូជម្លោះដែលជាប់គាំងនឹងអនុញ្ញាតឱ្យចិនអាចបន្តនូវគោលនយោបាយអព្យាក្រឹត ទន្ទឹមនឹងការលើកកម្ពស់នូវតួនាទីរបស់ខ្លួនក្នុងនាមជា «អ្នកបង្កើតសន្តិភាព» ដោយមិនចាំបាច់ត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកណាមួយឡើយ។

    ចិនបានបន្តព្យាយាមតាំងខ្លួនជា «អ្នកបង្កើតសន្តិភាព»។ «ផែនការសន្តិភាព» របស់ចិន ដែលបានប្រកាសកាលពីខែកុម្ភៈ មើលទៅមិនដូចជាផែនការទេ តែវាដូចជាការបញ្ជាក់ឡើងវិញជាថ្មីម្តងទៀតអំពីជំហររបស់ចិន។ ទោះជាយ៉ាងណាក៏ដោយ ចំណុចទី ១២ បាននិយាយអំពី «ការផ្តល់ជំនួយជាមួយនឹងការកសាងឡើងវិញនៅក្រោយជម្លោះ» ដែលជាការរំលឹកថា «នៅឆ្នាំ ២០១៩ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់អ៊ុយក្រែន»។

    ក្រៅពីភាពជាដៃគូដ៏រឹងមាំជាមួយរុស្ស៊ី ចិនក៏កំពុងព្យាយាមជំរុញនូវតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកបង្កើតសន្តិភាព ក្នុងករណីដែលរុស្ស៊ីចាញ់ផងដែរ ដើម្បីអាចបន្តស្ថិតក្នុងតួនាទីដ៏សំខាន់ក្នុងការកេងប្រយោជន៍ពីការកសាងសេដ្ឋកិច្ចឡើងវិញរបស់អ៊ុយក្រែន។ ការអំពាវនាវនៅពេលថ្មីៗនេះរបស់លោក Xi ទៅកាន់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky អាចបញ្ជាក់កាន់តែច្បាស់អំពីរឿងនេះ។

    បើទោះបីជាផែនការសន្តិភាពមិនសូវមានភាពលម្អិតក៏ដោយ ក៏វាបានបង្ហាញឱ្យឃើញអំពីជំហរកាន់តែសកម្មរបស់ចិននៅក្នុងកិច្ចការពិភពលោកជាពិសេសគឺការរួមចំណែកកម្រិតខ្ពស់របស់ចិននៅក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិចំពោះការរក្សាសន្តិភាពទាំងផ្នែកកងទ័ព និងការរួមចំណែកផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការចូលរួមរបស់ចិននៅក្នុងទ្វីបអាហ្រ្វិកនិងនៅមជ្ឈិមបូព៌ា។

    ទាំងអស់នេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសន្តិសុខសកលរបស់លោក Xi ដែលមានគោលបំណងពង្រីកវិសាលភាពនៃកិច្ចការការទូតរបស់ចិន, គាំទ្រពហុភាគីនិយម និងតួនាទីរបស់អង្គការសហប្រជាជាតិ ទន្ទឹមនឹងការរុញច្រានប្រឆាំងនឹងគំនិតរបស់លោកខាងលិចស្តីពីសណ្តាប់ធ្នាប់អន្តរជាតិសេរីដែលផ្តោតសំខាន់លើអាមេរិក។

    ជាយុទ្ធសាស្ត្រ ការគាំទ្រជាក់ស្តែងរបស់ចិនសម្រាប់រុស្ស៊ីអាចធ្វើឱ្យអាមេរិកនិងបណ្តាប្រទេសអឺរ៉ុបកាន់តែមានភាពជិតស្និទ្ធរវាងគ្នា ហើយវាក៏អាចនាំមកនូវការពង្រឹងការរួបរួមគ្នារវាងបណ្តាប្រទេសនៅអន្តរប៉ាស៊ីហ្វិកផងដែរ ដែលនេះគឺជាអ្វីដែលចិនបានខិតខំបញ្ចៀសនៅក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ។

    សម្រាប់រយៈពេលខ្លី ចិននឹងបន្តកេងចំណេញពីទណ្ឌកម្មដែលបានដាក់មកលើរុស្ស៊ី តាមរយៈការទទួលបានផលពីទំនិញថោកៗរបស់រុស្ស៊ី។ ក្រុមហ៊ុនចិនក៏បាននិងកំពុងចាប់យកឱកាសដែលកំពុងកើនឡើងនៅក្នុងទីផ្សាររុស្ស៊ីផងដែរ។ ប៉ុន្តែការអូសបន្លាយនៃសង្រ្គាម អាចបង្កការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក បូករួមទាំងការចែកចាយគ្រាប់ធញ្ញជាតិនិងជីដែលចិនកំពុងពឹងផ្អែកខ្លាំង។

    ផលប៉ះពាល់នៃសង្គ្រាមមកលើគោលនយោបាយរបស់ចិននៅតំបន់អាស៊ីខាងកើត នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយនោះទេ។ ការលុកលុយរបស់រុស្ស៊ីបានបង្វែរធនធានរបស់អាមេរិកចេញពីតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ប៉ុន្តែការគំរាមកំហែងរបស់ចិនចំពោះតៃវ៉ាន់កាន់តែមានសភាពធ្ងន់ធ្ងរនៅចំពោះមុខស្ថានភាពវិវឌ្ឍនៅអ៊ុយក្រែន។

    អាមេរិកបានឆ្លើយតបតាមរយៈការប្រមូលផ្តុំបណ្តាញសម្ព័ន្ធភាពអាស៊ីរបស់ខ្លួន និងការពង្រឹងសារៈសំខាន់របស់ក្រុមមួយចំនួន ដូចជា Quad (អូស្ត្រាលី, ឥណ្ឌា, ជប៉ុន និងអាមេរិក) និង Aukus (អូស្ត្រាលី, ចក្រភពអង់គ្លេស និងអាមេរិក)។ រដ្ឋាភិបាលតៃវ៉ាន់ក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនផងដែរ ដើម្បីពង្រឹងការការពាររបស់កោះនេះ។

    ចិនចាត់ទុកការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនជាសង្រ្គាមដោយប្រើកូនអុក (Proxy War) ដែលនោះគឺជា «សង្គ្រាមប្រឆាំងនឹងលោកខាងលិច» (និងជាពិសេសប្រឆាំងនឹងអំណាចរបស់អាមេរិក) ហើយរុស្ស៊ីក៏មានការយល់ឃើញបែបនេះដែរ។ ជ័យជម្នះឬបរាជ័យរបស់រុស្ស៊ីនៅក្នុងសង្រ្គាម នឹងមិនមែនគ្រាន់តែជាបញ្ហាសម្រាប់រុស្ស៊ីនោះទេ ក៏ប៉ុន្តែវាក៏អាចតំណាងឱ្យជ័យជម្នះឬបរាជ័យសម្រាប់សណ្តាប់ធ្នាប់អន្តរជាតិសេរីផងដែរ។

    ទោះជាយ៉ាងណាក៏ដោយ ចំណុចសំខាន់សម្រាប់ចិនគឺ «ការបញ្ចៀសការបរាជ័យទាំងស្រុងរបស់រុស្ស៊ីនៅអ៊ុយក្រែន» ដោយសារតួនាទីរបស់អ្នកបង្កើតសន្តិភាពគឺជាការទប់ស្កាត់ការវិវឌ្ឍបែបនេះ។ ប្រសិនបើរឿងនេះមិនទទួលបានជោគជ័យ ចិនអាចនឹងសម្រេចចិត្តបង្កើនការគាំទ្រចំពោះរុស្ស៊ី រាប់ចាប់ពីការផ្តល់ជំនួយហិរញ្ញវត្ថុ រហូតដល់ការផ្តល់សព្វាវុធ៕

    The Conversation

    អត្ថបទទាក់ទង