ចិនបណ្តេញអ្នកកាសែតធំៗជាច្រើនរបស់អាមេរិកចេញពីប្រទេស
ចិន បានសម្រេចបណ្តេញអ្នកសារព័ត៌មានអាមេរិកជាច្រើននាក់ ចេញពីប្រទេសចិន ម៉ាកាវ និងហុងកុង។ បើតាមសេចក្តីរបស់រដ្ឋអំណាចចិននៅថ្ងៃពុធ ទី១៨មីនា គឺអាជ្ញាធរចិនទុករយៈពេលកំណត់ ចំនួន១០ថ្ងៃ ឱ្យអ្នកកាសែតអាមេរិកដែលពាក់ព័ន្ធទាំងនោះ ប្រគល់ប័ណ្ណអនុញ្ញាតឱ្យយកព័ត៌មាននៅស្រុកចិន ទៅឱ្យអាជ្ញាធរវិញ ដែលនេះមានសេចក្តីស្មើនឹងការបណ្តេញតែម្តង។ ភ្លាមៗ ប្រមុខការទូតអាមេរិក បានសម្តែងការសោកស្តាយ និងបានស្នើឱ្យអាជ្ញាធរចិន «គិតពិចារណាឡើងវិញ»។
យ៉ាងហោច អ្នកកាសែតអាមេរិកចំនួន១៣នាក់ ត្រូវបណ្តេញចេញពីស្រុកចិន។ អ្នកសារព័ត៌មានទាំងនោះ កំពុងធ្វើការឱ្យប្រព័ន្ធផ្សព្វផ្សាយអាមេរិក ឈរជើងនៅលើដែនដីចិន ដូចជាកាសែត The New York Times, The Washington Post និង The Wall Street Journal។ នេះបើតាមការបញ្ជាក់របស់ក្លិបអ្នកកាសែតបរទេសប្រចាំនៅក្រុងប៉េកាំង FCCC។
ក្នុងសេចក្តីសម្រេចផ្លូវការរបស់អាជ្ញាធរចិន វិធានការបណ្តេញអ្នកកាសែតអាមេរិកនេះ គឺជាការឆ្លើយតបចំពោះចំណាត់ការរបស់អាមេរិកកាលពីខែមុន ដែលបានរឹតដ្បិតនិងកាត់បន្ថយចំនួនអ្នកកាសែតចិន ធ្វើការនៅលើទឹកដីសហរដ្ឋអាមេរិក។
ជាការកត់សម្គាល់ ចំណាត់ការរបស់អាជ្ញាធរចិននេះ ក៏ឆ្លើយតបចំពោះបណ្តាញព័ត៌មានអាមេរិក ដែលបានចុះផ្សាយរិះគន់រដ្ឋអំណាចចិន ជុំវិញបញ្ហាមេរោគផ្លូវដង្ហើមដែលផ្ទុះនៅក្រុងវូហាន។ ខែកុម្ភៈកន្លងទៅនេះ ចិនបានបណ្តេញអ្នកកាសែតអាមេរិកពីរនាក់និងអូស្ត្រាលីម្នាក់រួចមកហើយ បន្ទាប់កាសែត The Wall Street Journal ដែលពួកគេទាំងបីនាក់ធ្វើការនោះ បានចុះផ្សាយអត្ថបទចំណងជើងថា «ចិន អ្នកជំងឺនៅអាស៊ី»។ ចំពោះចិន «ការសរសេរបែបនេះ ជាការរើសអើង និងដែលមិនអាចទទួលយកបានសោះឡើយ»។
ទំនាស់ពាក្យសម្តីជុំវិញការហៅមេរោគកូរ៉ូណាថ្មី ក៏ជាចំណោទខ្លាំង រវាងរដ្ឋបាលក្រុងប៉េកាំងនិងវ៉ាស៊ីនតោន។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រមុខការទូតអាមេរិក Mike Pompeo បានហៅ Covid-19 ថាជា «វីរុសចិន» «វីរុសវូហាន» និងបានចាត់ទុកថា «ការហៅបែបនេះ ជារឿងសមហេតុផល ព្រោះមេរោគនេះ ចេញមកពីស្រុកចិនមែន»។ ក៏ប៉ុន្តែ សំនួនវោហារសាស្ត្រដូច្នេះ បានធ្វើឱ្យក្រុងប៉េកាំងខឹងរឹតតែខ្លាំងនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ អាជ្ញាធរចិន យល់ថា ជាការមាក់ងាយ ហើយអ្នកនាំពាក្យក្រសួងការបរទេសចិន បានចោទទៅវិញថា មេរោគនេះ គឺចម្លងចេញពីទាហានរបស់អាមេរិកទៅវិញទេ ដែលចំណុចនេះ ត្រូវថ្នាក់ដឹកនាំអាមេរិកច្រានចោលទៅវិញដែរ។
ទោះយ៉ាងណាក្តី ការប៉ះទង្គិចពាក្យសម្តីជាអរិភាពរវាងសហរដ្ឋអាមេរិកនិងចិន គឺមិនល្អសោះឡើយចំពោះស្ថានការណ៍វិបត្តិសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះ។ នេះជាការយល់ឃើញរបស់ ក្លិបអ្នកកាសែតបរទេសប្រចាំនៅក្រុងប៉េកាំង FCCC។ ក្លិបអ្នកកាសែតបរទេស បញ្ជាក់ទៀតថា ការយកអ្នកកាសែតជាកូនអុកការទូត ពុំមែនជារឿងល្អសម្រាប់ដោះស្រាយវិបត្តិពេលនេះទេ ហើយក៏មិនប្រសើរសោះឡើយសម្រាប់ផ្តល់ព័ត៌មានដល់ប្រជាជនលើពិភពលោក។ តាមសមាគមដដែល «អ្នកកាសែត ជួយបំភ្លឺពិភពលោក ហើយបើចិនបណ្តេញអ្នកកាសែតអន្តរជាតិចេញ គឺនាំឱ្យងងឹតក្រុងប៉េកាំងទៅវិញទេ»៕
RFI